ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

ហេតុអ្វី អាមេរិក​ប្រឆាំង​គម្រោង​បង្កើត​តំបន់​គ្មាន​ការហោះហើរ នៅលើ​ព្រំដែន​កូរ៉េទាំងពីរ?

ហេតុអ្វី អាមេរិក​ប្រឆាំង​គម្រោង​បង្កើត​តំបន់​គ្មាន​ការហោះហើរ នៅលើ​ព្រំដែន​កូរ៉េទាំងពីរ?
 
កងទ័ព​កូរ៉េខាងត្បូង ប្រចាំ​ការ​នៅក្បែរ​តំបន់​គ្មាន​កងទ័ព​នៅថ្ងៃទី ២​តុលា ២០១៨ © Song Kyung-Seok/Pool via REUTERS

តើសម្ព័ន្ធមិត្ត​អាមេរិក និងកូរ៉េខាងត្បូង​នៅ​តែ​ដើរ​លើ​ផ្លូវ​នយោបាយ​តែមួយ ដើម្បី​ចរចា​ឈាន​ទៅ​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង? តាម​ការចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ របស់ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែលបាន​ដកស្រង់​សំដី​របស់​មន្រ្តី​អាមេរិកាំង​ពីររូប វ៉ាស៊ីនតោន បាន​ប្រឆាំង​ដាច់ខាត​នឹង​ការបង្កើត​តំបន់​គ្មាន​ការហោះហើរ​ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀងយោធា រវាង​មេដឹកនាំ​កូរ៉េទាំងពីរ​ កាល​ពី​ខែ កញ្ញា​កន្លងទៅ និង​ដែល​ត្រូវ​ចូល​ជាធរមាន ចាប់ពី​ថ្ងៃទី ១​វិច្ឆិកា​ខាងមុខ។

 

អាមេរិក​មាន​ជំហរ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​កងទ័ព ដែលមេដឹកនាំ​កូរ៉េទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​ខែ កញ្ញា​កន្លងទៅ នៅក្នុង​ឱកាស​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន នៅទីក្រុង​ព្យុងយ៉ាង។

កិច្ច​ព្រមព្រៀង​យោធា ដែល​ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ចុះ​ហត្ថលេខា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង កាល​ពី​ខែ​កញ្ញា មាន​ចែង​ពី​ការបិទ​បញ្ចប់​រាល់​សកម្មភាព​ស្អប់ មិន​ទុកចិត្ត​គ្នា ការបោស​សម្អាត​មីន នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព ការបង្កើត​តំបន់​គ្មាន​ការហោះហើរ លុបបំបាត់​ចោល ប៉ុស្ត​កងទ័ព ហើយ​និង​សព្វាវុធ​ធុនធ្ងន់ ដែល​ភាគី​ទាំងពីរ បាន​ដាក់ពង្រាយ នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព (ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន ២៥០​គីឡូម៉ែត្រ រវាង​ប្រទេស​ទាំងពីរ)។

ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្លាប់​បាន​មាន​ប្រសាសន៍​រួចហើយថា លោក​យល់ស្រប​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង ដែល​ថា ការកាត់​បន្ថយ​វត្តមាន​ទ័ព នៅ​តាម​ព្រំដែន ជាជំហាន​មួយដើម្បី​កសាង​ទំនុកចិត្ត មុន​នឹង​ឈាន​ទៅចុះកិច្ចព្រមព្រៀង​សន្តិភាព ហើយ​និង​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

មេបញ្ជាការ​កងទ័ព​អាមេរិក ប្រចាំ​នៅ​កូរ៉េខាងត្បូង ធ្លាប់​បាន​និយាយ​ថា អាមេរិក មិន​ប្រឆាំង នឹង​នយោបាយ​ផ្សះផ្សារ​ជាតិ​របស់ប្រទេស​កូរ៉េទាំងពីរ​នោះទេ។ ប៉ុន្តែ នៅ​សប្តាហ៍មុន​នេះ មន្រ្តី​យោធា កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយ​ប្រាប់​អ្នកកាសែតថា លោក​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Mike Pompeo បាននិយាយ​ទូរស័ព្ទ​ប្រាប់​ភាគី​កូរ៉េខាងត្បូង​ថា វ៉ាស៊ីនតោន មិន​សប្បាយចិត្ត នឹង​កិច្ចព្រមព្រៀង​យោធា ដែល​កូរ៉េទាំងពីរ​បាន​ចុះ​ហត្ថលេខា នោះទេ។ ការលើកឡើង​របស់​មន្រ្តីកូរ៉េខាងត្បូង ត្រូវ​បាន​បញ្ជាក់​ដោយ​មន្រ្តីជាន់ខ្ពស់​អាមេរិក​ពីររូប ដែល​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters បាន​ដកស្រង់សំដី និង​ចុះ​ផ្សាយ​នៅថ្ងៃ​នេះ។ តាម​មន្រ្តីអាមេរិក វ៉ាស៊ីនតោន​ប្រឆាំង​ជាពិសេស នឹង​គំនិត​បង្កើត​តំបន់​គ្មាន​ការហោះហើរ តែម្តង។ តាម​កិច្ចព្រមព្រៀង​យោធា​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង តំបន់​គ្មាន​ការហោះហើរ នឹង​គ្រប​ដណ្តប់​លើ តំបន់​គ្មាន​កងទ័ព និង​លាតសន្ធឹង ចូល​ទៅលើ​ប្រទេស​ទាំងពីរ​សរុប ៤០​គីឡូម៉ែត្រ។ អាមេរិក​ប្រឆាំង​ដាច់ខាត នឹង​គម្រោង​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នេះ ព្រោះវា នឹង​ធ្វើ​ឲ្យ​អាមេរិក មិនអាច​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន ដើម្បី​ទៅ​តាមដាន សកម្មភាព​យោធា​របស់​កូរ៉េខាងជើង នៅតាម​ព្រំដែន។ ដោយ​បង្កើត​តំបន់​គ្មានការហោះហើរ នៅតាមព្រំដែន យន្តហោះ​អាមេរិក​លែង​មាន​សិទ្ធិ​ហោះ​ចូល​ទៅ ធ្វើ​អន្តរាគម ជួយ​ការពារ​កងទ័ព​ជើងគោក​អាមេរិក​ដែល​កំពុង​ប្រចាំ​ការពារ នៅតាម​ព្រំដែន​ជាមួយ ទាហាន​កូរ៉េខាងត្បូង តទៅទៀត។ មួយវិញទៀត កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មានការហោះហើរ មាន​ន័យផងដែរ​ស្មើ​នឹង​ការបិទបញ្ចប់ មិន​ឲ្យ​មាន​សមយុទ្ធ​ដែនអាកាស​តទៅទៀត។ អាមេរិក និង​កូរ៉េខាងត្បូង​តែងតែ​ធ្វើសមយុទ្ធ​រួម​គ្នា ​ជារៀងរាល់​ឆ្នាំ លើកលែង តែ​ឆ្នាំនេះ ប៉ុណ្ណោះ ដែល​អាមេរិក​បាន​ផ្អាក ដោយសារ​តែ​មាន​ជំនួប​មេដឹកនាំអាមេរិក និង​កូរ៉េខាងជើង កាល​ពី​ខែ​មិថុនា​កន្លងទៅ។

កិច្ចព្រមព្រៀង​យោធា កូរ៉េខាងជើង និង​ខាងត្បូង មិនអាច​ដាក់​ឲ្យ​អនុវត្ត បើសិន​គ្មានភ្លើងខៀវ​ពីអាមេរិក

នៅ​២​ខែ ក្រោយ​សង្រ្គាម​កូរ៉េ បិទ​បញ្ចប់​ឆ្នាំ នៅ​ឆ្នាំ ១៩៥៣ កូរ៉េខាងត្បូង និង​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ដែល​អនុញ្ញាត​ឲ្យ​អាមេរិក​បញ្ជូន​ទ័ព​ជាច្រើន​ម៉ឺននាក់ សម្រាប់​ប្រចាំការ ជួយ​កូរ៉េខាងត្បូង ពីការវាយប្រហារ​ឈ្លានពាន​ពី​កូរ៉េខាងជើង។ ដោយសារ​តែ​អាមេរិក​ជា​អ្នកចេញមុខ​មើល​ការទទួល​ខុសត្បូង​លើ​សន្តិសុខ​យោធា របស់​កូរ៉េខាងត្បូង យ៉ាងដូច្នេះ កូរ៉េខាងត្បូង ទំនង​មិនអាច​សម្រេចចិត្ត ធ្វើកិច្ចព្រមព្រៀង​យោធា​ណាមួយ ជាមួយ កូរ៉េខាងជើង ដោយ​គ្មាន​ការអនុញ្ញាត​យល់​ព្រម​ពី​អាមេរិក​បាន​នោះទេ។

ជាក់ស្តែង នៅ​ថ្ងៃ​អង្គារម្សិលម្ង៉ៃ មន្រ្តីយោធា​កូរ៉េខាងជើង កូរ៉េខាងត្បូង ហើយ​និង​មេបញ្ជាការ​កងទ័ព​អាមេរិក​ដែល​តំណាង​ឲ្យភាគី​អង្គការ​សហប្រជាជាតិ បាន​ជួប​ប្រជុំគ្នា នៅ​តំបន់កងទ័ព​រួម នៅ​ព្រំដែន​កូរ៉េទាំងពីរ​ដើម្បី​និយាយ​ពី​ការដាក់​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​យោធា រវាង​កូរ៉េទាំងពីរ។ កិច្ចប្រជុំ​ផ្តោតតែ​ទៅលើ​ខ្លឹមសារ នៃ​កិច្ច​ព្រមព្រៀង ប៉ុន្តែ មិន​បាន​ចេញ​សេចក្តីសម្រេច​ណាមួយ ដែល​បញ្ជាក់ថា នឹង​ដាក់​ឲ្យ​អនុវត្ត​ជាក់ស្តែង​នោះទេ។ ការនេះ បញ្ជាក់យ៉ាងច្បាស់​ថា បើសិន​អាមេរិក​មិន​យល់ព្រម នោះ ទោះ​ជា​កូរ៉េខាងត្បូង យល់ព្រម​ធ្វើ​សម្បទាន​យ៉ាងណា​ជាមួយ កូរ៉េខាងជើង ក៏​គ្មាន​ប្រយោជន៍ដែរ។ មកដល់​ថ្ងៃ​នេះ កូរ៉េខាងត្បូង អាច​ត្រឹម​បោស​សម្អាត​ដោះមីន នៅក្នុង​តំបន់​កងទ័ព​រួម ដែល​ប្រទេស​ទាំងពីរ ដាក់ប្រចាំ​ប៉ុស្ត យោធា នៅ​ទល់មុខ​គ្នា​តែប៉ុណ្ណោះ។ នោះ​ដោយសារ​តែ​អាមេរិក​មិនឃើញ​និយាយ​ជំទាស់អ្វី។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន​ផ្ទាល់​វិញ ធ្លាប់​បាន​និយាយ​ដែរថា កិច្ចព្រមព្រៀង​រវាង​ភាគី​កូរ៉េទាំងពីរ​មិនអាច​លម្អិត បាន​ច្រើន ដោយ​ត្រូវ​រង់ចាំ លទ្ធផល​ជំនួបកំពូល​លើក​ទី ២ រវាង​លោកដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​សិន។

សំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង៖ តើ​កូរ៉េខាងត្បូង កំពុង​ដើរចែក​ផ្លូវ​ពី​អាមេរិក?

អាមេរិក និង​កូរ៉េខាងត្បូង ជា​សម្ព័ន្ធមិត្ត ដែល​ធ្លាប់តែ​មាន​ជំហរ​ដូចគ្នា ទៅលើ​កូរ៉េខាងជើង ជាពិសេស គឺ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​ជា​ដើមចម នៃ​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ ប្រធានាធិបតី​កូរ៉េខាងត្បូង បច្ចុប្បន្ន គឺ​លោក​មូន ចៃអ៊ីន មក​ពី​ក្រុម​កណ្តាល​និយម ប៉ង​ចង់​បាន​សន្តិភាព ហើយ​និង​ការផ្សះផ្សារ​រវាង​កូរ៉េ​ទាំងពីរ​ឲ្យ​បាន​សម្រេច នៅក្នុង​អាណត្តិ​របស់ខ្លួន។ ដោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​កាត់បន្ថយ​ភាពតានតឹង​យោធា នៅ​តាមព្រំដែន​រវាង​កូរ៉េទាំងពីរ ប្រធានាធិបតី​កូរ៉េខាងត្បូង គិតថា ការកសាង​ទំនុកចិត្ត និង​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង ជា​ដំណាក់កាល​ដំបូង​មុន​នឹង​ឈាន​ទៅ​ទាមទារ​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល​ទាំងស្រុង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ គណបក្ស​ប្រឆាំង រួម​ទាំង​អ្នកវិភាគ​មួយចំនួន​វិញ បាន​រិះគន់លោក លោក​មូន ចៃអ៊ីន ដោយថា ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​សម្រេច​ឲ្យ​បាន​នយោបាយផ្សះផ្សារ​កូរ៉េទាំងពីរ ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្វើ​តាម​ខ្សែញាក់​របស់​កូរ៉េខាងជើង លែង​ផ្តោតសំខាន់​លើ​ការលុបបំបាត់​ចោល​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​តាមពិត​ជា​គន្លឹះសំខាន់ ក្នុង​ការចរចា ដែល​ភាគី​អាមេរិក​ផ្ទាល់​បាន​ទាមទារ​រហូតមក។

ក្នុងរឿង​ចរចា​ជាមួយ កូរ៉េខាងជើង អាមេរិក​និង​កូរ៉េខាងត្បូង ហាក់​មានជំហរ បញ្រ្ចាសទិសគ្នា ព្រោះ​ផ្ទុយ​ពីកូរ៉េខាងត្បូង អាមេរិក ចង់​ឲ្យ​កូរ៉េខាងជើង​បង្ហាញ​ឆន្ទៈ ពីការលុបបំបាត់​ចោល​នុយក្លេអ៊ែរជាមុន​សិន មុន​នឹង​និយាយ​ពីការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​កាត់បន្ថយ​កម្លាំងទ័ព​នោះ។ អាមេរិក ធ្លាប់​បាន​ព្រមាន​រួចហើយ​ដែរ កូរ៉េខាងត្បូង កុំ​ឲ្យ​ទាន់​ដក​ទណ្ឌកម្ម ពីកូរ៉េខាងជើង បើសិន​កូរ៉េខាងជើង គ្មាន​បង្ហាញ​សញ្ញា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ទេនោះ។ តើ​កូរ៉េខាងត្បូង នៅតែ​ស្តាប់ធ្វើ​តាម​ការប្រាប់​របស់​អាមេរិក ដូចមុនដែរឬទេ? ការប្រឹងប្រែង​របស់​ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បី​ឈាន​ទៅ​សម្របសម្រួល ផ្សះផ្សារ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ពេលនេះ បាន​ស្តែង​យ៉ាងច្បាស់ ពី​ជំហរ​របស់​កូរ៉េខាងត្បូង៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង​មិន​បោះបង់​នុយក្លេអ៊ែរ​ទេ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម

    ស្វែងយល់បន្ថែម

  • គីម ជុងអ៊ុនសុខចិត្តបិទទីតាំងសាកល្បងមីស៊ីល ហើយសុំជួបដូណាល់​ ត្រាំម្តងទៀត

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

    ស្វែងយល់បន្ថែម

  • ជំនួប​កំពូល​​អន្តរ​កូរ៉េ​លើក​ទីបី ប្រព្រឹត្ត​ទៅ​ដូចការគ្រោង​ទុក​នៅ​ព្យុងយ៉ាង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ