អានតួអត្ថបទ

ថៃប្រមាញ់​ជន​អន្តោប្រវេសន៍​ដែល​មាន​ពណ៌​សម្បុរ​ខ្មៅ

ប៉ូលិស​ថៃ បាន​បង្កើន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងអន្តោប្រវេសន៍​ខុស​ច្បាប់ កាន់​តែ​ខ្លាំងឡើងៗ​ ដោយ​ចេញ​​ប្រមាញ់​ នៅ​តាម​រង្គសាល និង​ទី​សាធារណៈ និង​ជាពិសេស​​ដៅ​ចាប់​​​បុគ្គល​ណា​ដែល​មាន​ពណ៌​ “សម្បុរ​ស្បែក​ខ្មៅៗ”។ សកម្មភាព​បែប​នេះ​បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​បាន​បង្ក​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ដល់​អន្តោប្រវេសន៍​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រក​កោន។

ថៃ​បើក​ប្រតិបត្តិការ​ប្រមាញ់​អន្តោប្រវេសន៍​ខុស​ច្បាប់​សម្បុរ​ខ្មៅ​
ថៃ​បើក​ប្រតិបត្តិការ​ប្រមាញ់​អន្តោប្រវេសន៍​ខុស​ច្បាប់​សម្បុរ​ខ្មៅ​ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ការងារ​របស់​ប៉ូលិស​ ក្នុង​ប្រតិបត្តិការ​ X-Ray Outlaw Foreigner គឺ​ត្រូវ​ចេះ​សម្គាល់​និង​បែងចែក​ ថា​​អ្នក​ដែល​មាន​ពណ៌​សម្បុរ​ស្បែកដុត “ខ្មៅ” ណា​ល្អ ណា​អាក្រក់​​អាចជា​ជន​​ប្រព្រឹត្ត​បទល្មើស។ នេះ​បើ​តាម​ប្រសាសន៍​របស់​​លោក​​ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍មកកាន់ភ្នាក់ងារ​ព័ត៌មាន​បារាំង ដែល​អះអាង​ប្រតិបត្តិការ​តាម​ចាប់​ជនបរទេស​ខុស​ច្បាប់​ បាន​ចាប់​តផ្តើម​តាំង​ពី​ពីរ​បី​សប្តាហ៍​មក​ហើយ។

បេសកកម្ម​ប្រព្រឹត្ត​ទៅ​នៅ​តាម​ផ្លូវ​​សាធារណៈ តាម​ហាង​កាហ្វេ រង្គសាល ពេល​រាត្រី។ ផ្ទាំង​ស៊ីប​នៃ​ការ​តាម​ចាប់​ ដៅ​ទៅ​លើ​ជន​ណា​ដែល​មាន​សម្បុរ​​ខ្មៅ។ មើល​មុខ​ហើយ​សង្ស័យ​ក៏​ ឃាត់​ខ្លួន​​ ឆែក​រក​លិខិត​ឆ្លង​ដែន​ និង​ធ្វើ​វិភាគ​រក​គ្រឿង​ញៀន​ទៀត។

ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស​ ថៃ​ត្រូវ​តែ​បណ្តេញ​ពួក​អាក្រក់​ចេញ ! ពួកអាក្រក់​ទាំង​នោះ​ គឺ​សំដៅ​ទៅ​លើ​ពួក​ឆបោក​ស្បែក​ខ្មៅ ជាតិ​អ៊ូហ្កង់ ឬ​នីហ្សេរីយ៉ា ឬម៉ាលី... ដែលមក​ចែចង់​ពលរដ្ឋ​ថៃ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​រួច​បោក​យក​លុយ​អស់​ពី​គណនី​ធនាគារ។ តាម​រយៈ​ប្រតិបត្តិការ​នេះ​ ជន​បរទេស​ខុស​ច្បាប់​ជាង​៦ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​បាន ដោយ​ផុត​ទិដ្ឋាការទេសចរណ៍។ នេះ​បើ​តាម​ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ដដែល។

​ប្រតិបត្តិការ​នេះ​ក៏​មាន​កម្មវត្ថុ​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​រត់​គេច​ពី​ការ​គំរាម​កំហែង​នៅ​ក្នុង​ប្រទេសរបស់​ពួក​គេ ដូច​ជា​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន បណ្តា​ប្រទេស​នៅអាហ្វ្រិក​មួយ​ចំនួន និង​ដែល​តាម​ច្បាប់​អាច​មាន​សិទ្ធិ​សុំ​ជ្រក​កោន​នយោបាយ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង មាន​ជនជាតិ​ប៉ាគីស្ថាន​កាន់​សាសនាគ្រិស្ត​​ ចំនួន​ជាង​៧០​នាក់​រួច​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន។ កា​រចាប់​ខ្លួន​ដ៏​ធំ​និង​គួរឱ្យ​កត់​សម្គាល់​នោះ ​​ជនខុស​ច្បាប់​មក​ពី​ប្រទេស​ជិត​ខាង​ដូច​ជា ភូមា កម្ពុជា​ ដែល​មក​ធ្វើ​ជា​កម្មករ​នេសាទ​ ឬបេះ​ផ្លែឈើ។​

ក្រៅ​អំពីចោទ​ប្រកាន់​ប្រតិបត្តិការ​X-Ray ថា​មាន​លក្ខណៈ​រើសអើង​ដៅ​ពូជសាសន៍ ស្បែក​ខ្មៅ អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ទាមទារ​ឱ្យ​​រដ្ឋាភិបាល​ថៃ​ ប្រើយន្តការ​ថ្មី ដែល​មិន​ចាប់​បរទេស​ ជា​ឧក្រិដ្ឋជន និង​អន្តោប្រវេសន៍​ការងារ និង​ភៀសខ្លួន ​ក្នុង​កន្ត្រក​តែមួយ។ បើ​តាម​អង្គការ​Fortify Rights ជន​​​ចាប់​ខ្លួន​បាន​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ឃាំង​ក្នុង​លក្ខខណ្ឌ​ជីវិត​យ៉ាប់យឺន និង​ពេល​ខ្លះ​រាប់​ខែ​រាប់​ឆ្នាំ​ផង​ក៏​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ