អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន​បោះឆ្នោត​សភា ក្នុងស​ភាពហិង្សា​និង​រញ៉េរញៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​អាហ្វហ្កានីស្ថាន​ចំនួន​ប្រមាណ​បួន​លាន​នាក់​បាន​ទៅ​បោះឆ្នោត​នៅ​ចុង​សប្តាហ៍​នេះ។ ជា​ការបោះឆ្នោត​សភា​ ដែល​រៀបចំ​ឡើង​ដោយ​យឺត​យ៉ាវ​ ជាង​កាល​កំណត់​ដល់​ទៅ​បី​ឆ្នាំ។ តាម​ធម្មតា​ ការបោះឆ្នោត​ឆ្នោត​គ្រោង​ប្រព្រឹត្ត​ទៅ​តែ​មួយ​ថ្ងៃ​សៅរ៍​ទី ២០​តុលា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ហេតុ​អស្ថិរភាព​និង​បញ្ហាបច្ចេកទេស​ ដំណើរការ​បោះឆ្នោត​បាន​បង្អូស​ដល់​ថ្ងៃអាទិត្យ​មួយ​ថ្ងៃ​បន្ថែម​ទៀត។ ក្នុងសភាព​បែប​នេះ តើអាហ្វហ្កានីស្ថាន​យល់​យ៉ាងណា ? ជា​ជោគជ័យ ​ឬ​បរាជ័យ ?

សកម្មភាព​ស្ត្រី​អាហ្វហ្កានីស្ថាន ចូល​បោះឆ្នោត​នៅ​ក្នុងការិយាល័យ​ ក្រុង​កាបូល
សកម្មភាព​ស្ត្រី​អាហ្វហ្កានីស្ថាន ចូល​បោះឆ្នោត​នៅ​ក្នុងការិយាល័យ​ ក្រុង​កាបូល REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​បោះឆ្នោត​សភា​ជាតិ​អាហ្វហ្កានីស្ថាន​លើក​ទី​បី គិត​ចាប់​តាំ​ងពី​របប​តាលីបង់​ដួល​រលំ​ទៅ នៅ​ឆ្នាំ​២០០១មក។ ការ​បោះឆ្នោត​លើក​ទីមួយ​ប្រព្រឹត្ត​នៅ​ឆ្នាំ ២០០៥ លើក​ទីពី​រ​នៅ​ឆ្នាំ​២០១០ ហើយ​ការ​បោះឆ្នោត​លើក​ទី​បី ត្រូវ​យឺតយ៉ាវ​អូស​ពេល​​ពន្យារ​​អស់​ដល់​ជាង​បី​ឆ្នាំ​កន្លះ​ និង​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត ម្តង​ថា​ធ្វើ​នៅ​ខែ​មេសា បន្ទាប់មក​ថា​កក្កដា ទម្រាំ​សម្រេចជា​ប្រាកដ​ជាក់ស្តែង ​នៅ​ខែ តុលា ម្សិលមិញ​នេះ។ ក្នុង​ចំណោម​អ្នកទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត​៩​លាន​នាក់ ជាង​បួនលាន​​នាក់​បាន​បង្ហាញ​វត្តមាន។

​ដូច្នេះ​ សម្រាប់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ការ​បោះឆ្នោត​សភា​ជាតិ​នេះ ជា​​ជោគជ័យ ! នៅ​ក្នុង​សារ​អាត់​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ នៅ​យប់​មិញ លោក អាស្ហ្រាហ្វ ហ្កានី បាន​ថ្លែង​អំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​​​ចូល​រួម​បោះឆ្នោត​ និង​ដែល​បង្ហាញ​ឱ្យ​ពិភពលោក​ទាំង​មូល​ឱ្យ​ឃើញ​ថា អាហ្វហ្កានីស្ថាន​ច្រានចោល​អំពើ​ហិង្សាផង និង​បង្ហាញ​ប្រាប់​ពួក​តាលីបង់​ថា​ ពលរដ្ឋ​អាហ្វហ្កានីស្ថាន​មិន​ស្ថិត​ក្រោម​បង្គាប់​នរណា​ទេ។ ទីប្រឹក្សា​សន្តិសុខ​របស់​លោកប្រធានាធិបតី​បាន​អួត​សរសើរ​អំពី​ដំណើរ​ការល្អ​នៃ​ការ​​បោះឆ្នោតដោយ​មាន​តួលេខ​របស់​គណៈកម្មការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ជា​សំអាងផងថា មាន​ការ​បោះឆ្នោត​នេះ​មាន​ឧប្បតិហេតុ​ថយ​ចុះ​អស់​ពាក់កណ្តាល បើ​ប្រៀប​ទៅ នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាលពី​បួន​ឆ្នាំកន្លះ​មុន និង​មួយ​ភាគ​បី​នៃ​អ្នក​បោះឆ្នោត​ជា​ស្ត្រី​ភេទ។

​សុន្ទរកថា​ផ្លូវការមិន​ដូច​​​ស្ថានភាព​ជាក់​ស្តែង ​​

មិន​ដូច​ទេ ! អាជ្ញាធរ​អាហ្វហ្កានីស្ថាន បាន​ផ្តល់​តុល្យការ​រងគ្រោះ​ថា​មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១៧​នាក់ និង​៨០​នាក់​រង​របួស នៅ​ក្នុងការ​វាយប្រហារ​ដាច់​ដោយ​ឡែក​ផ្សេងៗ​គ្នា ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ​។ នេះ​ជា​តួលេខ​ផ្លូវការ ! ប៉ុន្តែ​បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP រាប់​ឃើញ​មាន​ជនរងគ្រោះ​យ៉ាង​ហោច​៣០០​នាក់ ស្លាប់​៦៥​នាក់។ ពួក​តាលីបង់​វិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែរ កាលពី​ថ្ងៃ​អាទិត្យ ថា​បាន​ធ្វើ​ការ​វាយប្រហារ​រំខាន​ចំនួន ៤០៧​ករណី​ នៅ​មួយ​ចុង​សប្តាហ៍​នេះ។

អាជ្ញាធរ​បាន​លើក​សរសើរ​ពលរដ្ឋ​ដែល​បាន​ចំណាយ​ពេល​ ប្រថុយ​ជីវិត​​ ដោយ​​ឈរ​តម្រង់ជួរ​យ៉ាង​វែង​ចាំ​បោះឆ្នោត។​ តែ​​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​បាន​បក​ស្រាយ​ខុស​ពី​នេះ ! ការ​តម្រង់ជួរ​យ៉ាង​វែង​ខ្លះ​ត្រូវ​ចាំ​ដល់​ពីរ-បី​ម៉ោង ដោយ​ហេតុតែ​កង្វះ​ការ​រៀប​ចំ សម្ភារៈ​ និង​បុគ្គលិក​រៀប​ចំ​បោះឆ្នោត​ អ​សមត្ថភាព​ និង​គ្មាន​ការ​ត្រៀម​លក្ខណៈ​ជា​មុន។

មន្ត្រី​ក្នុង​ការិយាល័យ​បោះឆ្នោត​ខ្លះ មិន​ចេះ​ប្រើ​ម៉ាស៊ីនផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ផង
មន្ត្រី​ក្នុង​ការិយាល័យ​បោះឆ្នោត​ខ្លះ មិន​ចេះ​ប្រើ​ម៉ាស៊ីនផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ផង REUTERS/Mohammad Ismail

ម៉ាស៊ីនផ្ទៀងផ្ទាត់​ក្រយៅដៃ

តាម​គម្រោង​ការ​បោះឆ្នោត​មាន​តែ​មួយ​ថ្ងៃទេ ប៉ុន្តែ​ដោយ​ហេតុ​មាន​អំពើ​ហិង្សា ការិយាល័យ​បោះឆ្នោត​ជា​ច្រើន​មិន​អាច​បើក​ទ្វារ​ ទើប​ត្រូវ​បន្ថែម​ថ្ងៃអាទិត្យ​មួយ​ទៀត។ នេះ​ជា​ហេតុ​ផល​មួយភាគ តែ​មួយ​ផ្នែក​ធំ គឺ​ដើម្បី​បង្គប់​ភាព​យឺត​យ៉ាវ​និង​ការ​លំបាក​ដ៏​ធ្ងន់ធ្ងរនៃ​ដំណើរការ​បោះឆ្នោត បង្ក​ឡើង​ដោយ​​បញ្ហា​បច្ចេកទេស​និង​ចំណាត់ការ​មិន​ល្អ។ ​ អាហ្វហ្កានីស្ថាន បាន​សម្រេច​បើ​ជា​លើក​ទី​មួយម៉ាស៊ីន​ផ្ទៀងអត្តសញ្ញាណ​ក្រយៅដៃ Biometrique ​នៅ​នាទី​ចុង​ក្រោយ​តែ​ម្តង។ ការ​ប្រើ​ម៉ាស៊ីន​ផ្ទៀងផ្ទាត់អត្តសញ្ញាណ ទាមទារ​ដោយ​បក្ស​នយោបាយ​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​លួច​បន្លំ​ ដែល​មាន​ច្រើន​នៅ​អាហ្វហ្កានីស្ថាន បែរ​ជា​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​កាន់​តែ​រញ៉េរញ៉ៃ​ថែម​ទៀត។ កំហុស​និង​ការ​រិះគន់​ខ្លាំង​ធ្លាក់​ទៅលើ​គណៈកម្មការរៀប​ចំ​​បោះឆ្នោត​​ ដែល​បាន​ចេញ​មុខ​សុំ​ទោស​ តែ​បដិសេធ​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ថា​មាន​ចំណាត់ការ​មិន​ល្អ។

បាត់​ជំនឿ

ការ​បោះឆ្នោត​នេះ​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណាក់កាល​​ដ៏​ចំបង​មួយ​ មុន​ការ​រៀង​ចំ​ជំនួប​ប្រជុំ​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ ខែ​វិច្ឆិកា​ខាង​មុខ​ ដោយ​អាហ្វហ្កានីស្ថាន ត្រូវ​បង្ហាញ​ប្រទេស​ម្ចាស់​បំណុល​ទាំង​អស់​ថា​ប្រទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ក្នុង​វិថី​ប្រជាធិបតេយ្យ​ហើយ។ ព្រោះ​សូមបញ្ជាក់​ថា ការ​បោះឆ្នោត​នេះ​មាន​តម្លៃ​ជា​វិញ្ញាសាសាកល្បង សម្រាប់​ការ​បោះឆ្នោត​ដ៏​សំខាន់​បំផុត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ នោះ​គឺ​ការ​បោះឆ្នោត​ប្រធានាធិបតី។ ប៉ុន្តែ​​តាម​រយៈ​ដំណើរការ​បោះឆ្នោត​នៅចុង​សប្តាហ៍​នេះ ​ទំនុកចិត្ត ចាប់​ផ្តើម​រលេះ​បន្តិចម្តងៗ​ហើយ ! សហគម​អន្តរជាតិ ក្រោម​បេសកកម្ម​ជំនួយ​អង្គការ​សហប្រជាជាតិ​នៅ​អាហ្វហ្កានីស្ថាន (MANUA) គាំទ្រ​អ្នក​រៀប​ចំ​ការ​បោះឆ្នោត​និង​អ្នក​ដឹកនាំ​នយោបាយ​អាហ្វហ្កានីស្ថាន ចុង​ដៃ​ចុង​ជើង​បំផុត ហើយជំនឿ​ទុក​របស់​ពួក​គេ​លើ លទ្ធផល​បោះឆ្នោត​ ក៏​កាន់​តែធ្លាក់​ចុះ​ទាប​ខ្លាំង​មែនទែន។​

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ នយោបាយ​ម្នាក់ នៅ​អាហ្វហ្កានីស្ថាន​ គេ​មិន​រង់ចាំ​ការ​បោះឆ្នោត​ដែលគ្មានលួច​បន្លំ ឬ​តវ៉ា​ប្រឆាំង​ទេ ! ការ​បោះឆ្នោត​នេះ​គួរ​តែ​ត្រូវ​ចាត់ទុក​បាន​ថា​ជា​ជោគជ័យ​ បើ​មើល​ទៅ​លើ​ចំនួន​អ្នក​ចូល​រួម ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ប្រកាស​យ៉ាង​ដូច្នោះ ព្រោះ​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​ បាន​ផ្តល់​សារ​​ជាមេរៀន​ប្រាប់​ពូក​តាលី​បង់​ថា ក្រោយ​សង្គ្រាម​ជា​ច្រើន​ឆ្នាំ ដំណោះស្រាយ​មានតែ​ច្រក​មួយ នោះ​គឺ​ច្រក​នយោបាយ។ តែ​ពួក​តាលីបង់ ក៏​ជា​អ្នក​ឈ្នះ ព្រោះ​បាន​សាបព្រោះ​អំពើ​ហិង្សា​ច្រើន និង​បង្ក​ភាព​ជ្រួល​ច្របល់​ខ្លាំង​ក្នុង​ពេល​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ