អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី

លោកដូណាល់ ត្រាំ គំរាម​បង្កើន​អាវុធ​នុយក្លេអ៊ែរ

ពីរថ្ងៃ​ក្រោយ បង្ក​ឲ្យ​មាន​ប្រតិកម្ម​ការទូត ជាមួយ រុស្ស៊ី តាមរយៈ​ការប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ រយៈចម្ងាយមធ្យម លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទម្សិលមិញ បាន​គំរាម​សាជាថ្មី​ថា អាមេរិក​នឹង​អភិវឌ្ឍ បង្កើន​សព្វាវុធ នុយក្លេអ៊ែរ។ សម្រាប់​ប្រធានាធិបតី​អាមេរិក ពាក្យ​គំរាមកំហែង​មាន​សំដៅ ដល់​ចិន និង​ជាពិសេស រុស្ស៊ី ដែល​អាមេរិក​បានចោទប្រកាន់​ថា បាន​រំលោភ​កិច្ចព្រមព្រៀង​ទ្វេភាគី ដែល​អាមេរិក និង​សហភាពសូវៀត បាន​ចុះ​ហត្ថលេខា​ជាមួយ គ្នា ដើម្បី​បន្ថយភាពតានតឹង ក្នុងសម័យ​សង្រ្គាម​ត្រជាក់ កាលពី​៣០​ឆ្នាំមុន។

ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការបរទេស Mike Pompeo (ឆ្វេង) និង​ទីប្រឹក្សា​សន្តិសុខលោក John Bolton (ស្តាំ) នៅថ្ងៃទី ១១​តុលា ២០១៨
ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការបរទេស Mike Pompeo (ឆ្វេង) និង​ទីប្រឹក្សា​សន្តិសុខលោក John Bolton (ស្តាំ) នៅថ្ងៃទី ១១​តុលា ២០១៨ ©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​ក្រោយ ប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទម្សិលមិញ បាននិយាយ​គំរាម​ថា អាមេរិក​ត្រៀមខ្លួន​ដើម្បី​​អភិវឌ្ឍ បង្កើន​អាវុធ នុយក្លេអ៊ែរ របស់​ខ្លួន បើសិន​ចិន និង​រុស្ស៊ី មិនព្រម​ឈប់​ទេ​នោះ។

លោក​ដូណាល់ ត្រាំ បាន​ចោទប្រកាន់​រុស្ស៊ី ថា បាន​រំលោភ​កិច្ចព្រមព្រៀង ទ្វេភាគី ឆ្នាំ ១៩៨៧ តាមរយៈ ការលួច​ផលិត​មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម ដែល​អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ ការចោទប្រកាន់​ដែល​ទីក្រុង​ម៉ូស្គូ​បាន​បដិសេធ​ទាត់ចោល។ ឆ្លើយ​ប្រាប់​កាសែត​រុស្ស៊ី នៅថ្ងៃ​ចន្ទម្សិលមិញ លោក​ចន បុលតុន ទីប្រឹក្សា​សន្តិសុខ​របស់​លោកដូណាល់ ត្រាំ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ ដើម្បី ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ នៅ​ទីក្រុង​ម៉ូស្គូ និង​ត្រូវ​ជួប​លោក​ប្រធានាធិបតី រុស្ស៊ី ពូទីន នៅថ្ងៃ​អង្គារនេះ បាន​និយាយ​ថា គេ​ពិបាក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​មនុស្ស​ម្នាក់ គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀង ណាស់ ដរាប​គេ​នៅតែ​បដិសេធ​មិន​ទទួល​ស្គាល់​កំហុស។

​លោក​ចន បុលតុន ដែល​និយាយ​យោង​ដល់​ការគំរាមកំហែង​ពិតៗ ពី​ខាងប្រទេស​ចិន បាន​និយាយ​បន្ថែមថាមេរិក​មិន​ចង់​គោរព​កិច្ចព្រមព្រៀង​តែម្នាក់នោះទេ។ "បញ្ហា​មិនមែនមក​ពី​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នោះទេ ប៉ុន្តែ គឺ​មកពី​រុស្ស៊ី ដែល​បាន​រំលោភ​ជាមុន សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ"។

សូមអាន៖ លោកដូណាល់ ត្រាំ​ចង់​ឲ្យ​សព្វាវុធ​នុយក្លេអ៊ែរ​អាមេរិក​​ នាំមុខគេ

អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ធ្លាប់​បានព្រមាន​រួចហើយ​ថា ជំហាន​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់។ ទីក្រុង​ប៉េកាំង​វិញ បានទាមទារ​ឲ្យ​អាមេរិក​ពិចារណា​ឲ្យ​បាន​ទ្វេដង ចំណែក សហភាពអឺរ៉ុប​អំពាវនាវ​ឲ្យ​អាមេរិក និង​ម៉ូស្គូ បន្ត​ការពិភាក្សា ដើម្បី​ថែរក្សា សន្ធិសញ្ញា ដែល​ជួយ​កាត់បន្ថយ​កុំ​ឲ្យ​មាន​ការប្រកួតប្រជែង​ខាងផ្នែក​អាវុធ​នុយក្លេអ៊ែរ។ ការអំពាវនាវ​ដែល​អាមេរិក​ពិបាក​នឹង​ស្តាប់​ធ្វើតាម ដោយសារ​តែ​មិន​ចង់​ចាញ់ប្រៀប រុស្ស៊ី និង​ជាពិសេស ចិន នៅក្នុង​យុទ្ធសាស្រ្ត​យោធា នៅ​អាស៊ី ប៉ាស៊ីហ្វិក។ ចិន​ដែល​អាមេរិក​ចោទប្រកាន់​ថា បាន​ផលិត​ក្រាស់ក្រែល មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម ដោយសារ​តែ​គ្មាន​សន្ធិសញ្ញា​ចាប់ចងដៃ ដូចអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ