អានតួអត្ថបទ
ថៃ-ម៉ាឡេស៊ី

ប្រមុខ​រដ្ឋាភិបាល​ថៃ និង​ម៉ាឡេស៊ី​ជួបគ្នា​ដើម្បី​និយាយ​ពី​បញ្ហា​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ

នៅ​ថ្ងៃ​ពុធ ទី២៤ តុលា លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា និង​សមភាគី​ម៉ាឡេស៊ី​លោក​ម៉ាហាទារ ម៉ូហាម៉ាដ​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​បាងកក។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ព្យាយាម​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​អភិក្រម​សន្តិភាព​នៅ​តំបន់​ប៉ែកខាងត្បូង​ដែល​សំបូរ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ។ តាំង​ពី​ជិត ១៥ឆ្នាំ​កន្លង​ទៅ តំបន់​មួយ​នេះ​បាន​ទទួល​រង​ការ​ងើប​បះបោរ​ពី​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម និង​បណ្តាល​ឲ្យ​មាន​មនុស្ស​សម្លាប់​ជិត ៧ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល។

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី Mahathir Mohamad (រូបស្តាំ) និង​សមភាគី​ថៃ​លោក Prayuth Chan-ocha (រូបឆ្វេង) ក្នុង​ទីក្រុង​បាងកក​ថ្ងៃទី២៤ តុលា ២០១៨
ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី Mahathir Mohamad (រូបស្តាំ) និង​សមភាគី​ថៃ​លោក Prayuth Chan-ocha (រូបឆ្វេង) ក្នុង​ទីក្រុង​បាងកក​ថ្ងៃទី២៤ តុលា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បាន​ជាប់ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ក្នុង​ខែ​ឧសភា​មក នេះ​ជា​លើកទី១ ដែល​លោក​ម៉ាហាទារ ម៉ូហាម៉ាដ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ​ក្បែរ​ខាង។ តែ​កម្មវត្ថុ​អាទិភាព​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​ថៃលោក​ប្រាយុទ្ធ ចាន់អូចា គឺ​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​នៅ​តំបន់ប៉ែកខាងត្បូង​ប្រទេស​ថៃ​ជាប់​ព្រំដែន​ម៉ាឡេស៊ី។ គួរ​រម្លឹក​ថា​តាំង​ពី​ឆ្នាំ ២០០៤ តំបន់​ដែល​សំបូរ​ដោយ​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ​មួយ​នេះ​បាន​ទទួល​រង​ការ​តស៊ូប្រដាប់​អាវុធ​ពី​ក្រុម​ឧទ្ទាម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៧ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល។

តែ​គេ​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០១៤ មក អំពើភេរវកម្ម និង​ការ​វាយឆ្មក់​របស់​ពួក​ឧទ្ទាម​ហាក់​មិន​សូវ​កើត​ឡើង​ញឹកញាប់​ទេ។ នេះ​ក៏​ដោយសារ​ថា របបសឹក​បាន​ចាត់​វិធានការ​ចាស់ដៃ​មួយ​ចំនួន ដូច​យ៉ាង​ពង្រឹង​កម្លាំង​បន្ថែម និង​ការ​ដាក់​បំរាមគោចរ​នៅ​ក្នុង​តំបន់​ជា​ដើម។ គិត​ក្នុង​រយៈពេល ១០ឆ្នាំ ចំនួន​មនុស្ស​ស្លាប់​បាន​ធ្លាក់​ពី ៩០០នាក់​ក្នុង​ឆ្នាំ ២០០៧ មក​នៅ​ត្រឹម ២៣៥នាក់​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ការ​តស៊ូ និង​ការ​ទាមទារ​របស់​ពួក​ឧទ្ទាម​នៅ​បន្ត​ក្តៅ​គគុក​ដដែល។

ចំណែក​ដំណើរ​ការ​ចរចា​រវាង​រដ្ឋាភិបាល​ក្រុង​បាងកង និង​ពួកឧទ្ទាម​ក៏​កំពុង​បន្ត​ជាប់គាំង​ដោយសារ​តែ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ប្រមូល​ក្រុមឧទ្ទាម​ឲ្យ​ចូល​តុចរចា​បាន។ មួយ​វិញ​ទៀត ពួក​ឧទ្ទាម​ក៏​ត្រូវ​បាន​បំបែក​ជា​ក្រុម ឬ​ចលនា​ជា​ច្រើន​ដែល​​រដ្ឋាភិបាល​ពិបាក​នឹង​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់លាស់។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ថៃ និង​ម៉ាឡេស៊ី​បាន​បង្កើត​ក្រុម​អ្នកតំណាង​ថ្មី​ដើម្បី​ដឹកនាំ​ការ​ចរចា។

តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា ក្នុង​ពេល​ដែល​ថៃ​គ្រោង​រៀបចំ​បោះឆ្នោតជាតិ​នៅ​ដើមឆ្នាំ ២០១៩ ខាង​មុខ ពេលវេលា​ដើម្បី​ធ្វើ​ការងារ​សំខាន់ និង​រសើប ដូច​យ៉ាង​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ប្រហែល​មិន​អាច​ទៅ​រួច​ទេ។ នៅ​ខាង​ក្រុម​ឧទ្ទាម​វិញ មាន​ក្រុម​ឧទ្ទាម​ខ្លះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ចូល​តុចរចា​ទេ ដរាប​ណា​ថៃ​គ្មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ជាប់ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​ទេ​នោះ។ រី​ឯ​ក្រុម​ឧទ្ទាម​ខ្លះ​ទៀត​មិន​ត្រូវ​បាន​រដ្ឋាភិបាល​រាប់​បញ្ចូល​ជា​ភាគី​ដែល​ត្រូវ​ចរចា​ជាមួយ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ