អានតួអត្ថបទ

ព្យុងយ៉ាង នាំចូល​ផលិតផល​ប្រណិត សរុប​​៤ពាន់​លាន​ដុល្លារ​តាំងពី​២០១២​មក

កូរ៉េខាងជើង​បាន​នាំ​ចូល​ ផលិតផល​ប្រណិត ទំហំ ៦៤០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​​ និង​ ទំហំ​៤ពាន់​លាន​ដុល្លារ​អាមេរិក ប្រើ​គិត​ចាប់​តាំងពី​ គីម ជុង​អ៊ុន ឡើង​កាន់​អំណាច​ជា​ប្រមុ​ខ​ដឹក​នាំ​ប្រទេស​ នៅ​ឆ្នាំ​២០១២​មក។ នេះ​បើ​តាម​ការអះអាង​របស់​តំណាងសភា​អភិរក្ស​កូរ៉េខាង​ត្បូង តាម​រយៈ​ការ​ធ្វើ​វិភាគ​ទិន្នន័យ​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​ពន្ធគយចិន។ ការ​នាំ​ចូល​ទំនិញ​នេះ​ជា​ការ​រំលោភ​ទណ្ឌកម្ម​អន្តរជាតិ និង​ជាលេស​មួយ​សម្រាប់​គណបក្ស​ប្រឆាំង​កូរ៉េខាង​ត្បូង ក្នុង​ការ​រិះគន់​នយោបាយ​អោបក្រសោប​កូរ៉េខាង​ជើង​របស់​លោក​មូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង។

Rolls-Royce រថយន្ត​ដ៏​ប្រណិត​បំផុតត្រូវ​បាន​នាំ​ចូល​ទៅ​កូរ៉េខាង​ជើង
Rolls-Royce រថយន្ត​ដ៏​ប្រណិត​បំផុតត្រូវ​បាន​នាំ​ចូល​ទៅ​កូរ៉េខាង​ជើង PETER PARKS / AFP
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​អន្តរជាតិ​មិន​ប៉ះពាល់​ដល់​ជីវិត​ក្រុម​អ្នក​នយោបាយ​​ព្យុងយ៉ាង​ទេ ! នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​អ្នក​តំណាង​រាស្ត្រ នៃ​បក្ស​អភិរក្ស​​កូរ៉េខាង​ត្បូងលោក Yoon Sang-hyun។ បើ​តាម​ការ​គណនា​របស់​លោក កូរ៉េខាង​ជើង បាន​នាំ​ចូល​ផលិតផលប្រណិតៗ ដូច​ជា​រថយន្ត​ល្អៗ ទឹក​អប់ សុរា នាឡិកា និង​ផលិតផល​ធ្វើ​ស្បែក​សត្វ ភាគ​ច្រើន​មក​ពី​ចិន​ គិត​ជា​តម្លៃ​សរុប​ប្រមាណ​ជាង​៤ពាន់​លាន​ដុល្លារ គិត​ចាប់​ពី​ឆ្នាំ​២០១២​មក។

គីមជុងអ៊ុន ទំនង​ជា​ប្រើ​កាដូរ​​មានតម្លៃ​ទាំង​អស់​នេះ ស្រាប់​ធានា​និង​បង្ហាញ​ពី​ភាព​ជា​មេដឹក​នាំ​របស់​ខ្លួន។ ប្រសិន​បើ​លុយ​ដែល​ចំណាយ​ទិញ​ផលិតផល​ប្រណិតៗ​​កាលពី​ឆ្នាំ​ទៅ ទុក​សម្រាប់​ទិញ​អង្ករ នោះ​កូរ៉េខាង​ជើង​នឹង​អាច​កាត់​បន្ថយ​​កង្វះ​ចំណីអាហារ​បាន​ទ្វេ​មួយ​ជាពីរ។ នេះ​បើ​តាម​ប្រសាសន៍​លោក យូន សង់ហ៊ុន​ ដោយ​​ចោទ​ប៉េកាំង​ថា​មិនគោរព​ទណ្ឌកម្ម​​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ។

​ចោទប្រកាន់​ចិន ​មិនមែន​ជារឿងសំខាន់​ប៉ុន្មាន​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​កូរ៉េខាងត្បូង បាន​ឆក់​ឱកាស​យក​ព័ត៌មាន​នេះ​មក​ធ្វើ​ឧបករណ៍​ សម្រាប់​វាយប្រហារ​នយោបាយ​របស់​លោក មូន ចែអ៊ីន។ លោកប្រធានាធិបតី​ ដែល​មាន​នយោបាយ​សន្តិនិយម​ ចង់ស្តារ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង ចង់​បញ្ជូន​ជំនួយ​មនុស្សធម៌ និង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ទៀត។

ឯ​ចំណែក​ អ្នក​អភិរក្ស​និយម​វិញ ទាមទារ​ជា​បឋម​ឱ្យ​កូរ៉េខាង​ជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​​ដោយ​ពិត​ប្រាកដ​សិន​ និង​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ភាព​មិន​សូវ​ត្រូវ​រ៉ូវ​គ្នា​រវាង​សេអ៊ូល ​និង​វ៉ាស៊ីនតោន ជុំ​វិញ​​បញ្ហា​ចង់​លើក​ទណ្ឌកម្ម​ជា​យថាហេតុ​ពី​កូរ៉េខាង​ជើង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ