តើជម្លោះនៅតំបន់ប៉ែកខាងត្បូងប្រទេសថៃរវាងរដ្ឋាភិបាលថៃ និងពួកឧទ្ទាមចាប់កំណើតយ៉ាងម៉េច?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០១
នៅថ្ងៃពុធ ទី២៤ តុលា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីម៉ាហាទារ ម៉ូហាម៉ាដបានអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសថៃ។ បញ្ហានៅតំបន់ប៉ែកខាងត្បូងប្រទេសថៃ ជាប្រធានបទអាទិភាពនៃជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចាន់អូចា និងលោកម៉ាហាទារ។ គួររម្លឹកជូនថា មានខេត្តចំនួន ៣ នៅតំបន់ប៉ែកខាងត្បូងប្រទេសថៃ គឺខេត្តប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាតកំពុងបន្តគ្របដណ្តប់ដោយការតស៊ូប្រដាប់អាវុធរបស់ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយម។ អ្វីទៅជាដើមចមនៃជម្លោះមួយនេះ?
ជិត ១៥ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០០៤ មកម្ល៉េះដែលរដ្ឋាភិបាលក្រុងបាងកក និងក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកនិយមនៅតំបន់ប៉ែកខាងត្បូងបានប្រឈមមុខដាក់គ្នាផ្លូវអាវុធយ៉ាងហិង្សា។ ជម្លោះមួយនេះបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៧ ០០០នាក់ដែលភាគច្រើនជាជនស៊ីវិលស្លូតត្រង់។ ដើម្បីអាចយល់ពីជម្លោះដែលពិភពលោកហាក់មិនសូវនិយាយ និងមិនសូវចាប់អារម្មណ៍មួយនេះបាន គេត្រូវងាកក្រោយទៅមើលព្រឹត្តិការណ៍ក្នុងឆ្នាំ ១៧៧១ ពោលក្នុងពេលដែលរាជាណាចក្រប៉ាតានីកំពុងចំណុះឲ្យប្រទេសម៉ាឡេស៊ី។ តែក្នុងឆ្នាំ ១៩០៩ ប្រទេសអង់គ្លេសក្នុងនាមជាអាណាព្យាបាល និងប្រទេសសៀមជំនាន់នោះបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដោយពុះចែករាជាណាចក្រប៉ាតានីដែលសម្បូរដោយអ្នកកាន់សាសនាអ៊ីស្លាមរស់នៅជាពីរចំណែក។ នៅម្ខាងបានដាក់ភ្ជាប់ទៅឲ្យប្រទេសម៉ាឡេស៊ី និងនៅម្ខាងទៀតដែលមានខេត្តប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាតបានដាក់ភ្ជាប់ទៅឲ្យប្រទេសថៃសព្វថ្ងៃ។
ការពុះចែករាជាណាចក្រប៉ាតានីនៅតាមបណ្តោយព្រំដែនថៃ និងម៉ាឡេស៊ីជាពីរបានធ្វើឲ្យមានក្រុមគ្រួសារខ្លះបែកបាក់គ្នាដោយម្ខាងរស់នៅប៉ែកខាងម៉ាឡេស៊ី និងម្ខាងទៀតរស់នៅប៉ែកខាងថៃ នោះបើទោះបីជាពួកគេនិយាយភាសាហ្សាវីដែលជាគ្រាមភាសាក្នុងស្រុកតែមួយដូចគ្នាដ៏ដោយ។ បច្ចុប្បន្ននេះ ពលរដ្ឋក្នុងខេត្តទាំង ៣ របស់ថៃនៅប៉ែកខាងត្បូង គឺប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាតត្រូវបានរដ្ឋាភិបាលក្រុងបាងកកអនុញ្ញាតឲ្យមានសញ្ជាតិពីរ គឺថៃ និងម៉ាឡេស៊ី។ តែក្រោមភ្នែក ច្រមុះរបស់ទីក្រុងបាងកកគ្រប់ជំនាន់ទាំងអស់ គឺមិនទុកបណ្តោយ និងមិនអនុញ្ញាតឲ្យខេត្តទាំង ៣ នេះរស់នៅដោយកសាងជោគវាសនា អនាគតដោយខ្លួនឯងជាដាច់ខាត។
បន្តិចម្តងៗ រដ្ឋាភិបាលថៃបានផ្តើមសាបព្រោះនយោបាយ វប្បធម៌ និងអប់រំទៅលើពលរដ្ឋនៅក្នុងខេត្តទាំង ៣នោះ។ សិស្សសាលាមិនអាចនិយាយគ្រាមភាសារបស់ពួកគេបានទៀតទេ។ កម្មវិធីអប់រំបានធ្វើឡើងជាភាសាថៃដែលជាភាសាផ្លូវការតែមួយគត់។ រដ្ឋាភិបាលបានតែងតាំងចៅក្រមដើម្បីជំនួសឲ្យតុលាការប្រពៃណីតាមបែបសាសនាអ៊ីស្លាម ។ល។ និង។ល។ គឺការបញ្ចូលមនោគមន៍វិជ្ជាដោយបង្ខំបែបថៃសុទ្ធសាធនេះដែលបានបង្កើនសម្លេងតស៊ូ រើបម្រះពីក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមកាន់តែខ្លាំងឡើងៗ។ ក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមបានផ្តើមលេចរូបរាងច្រើនក្នុងឆ្នាំ ១៩៦០ រួមមាន អង្គការរួបរួមរំដោះប៉ាតានី រណសិរ្យអ៊ីស្លាមរំដោះប៉ាតានី ឬមួយក៏រណសិរ្យបដិវត្តជាតិជាដើម។
ចលនាទាំង ៣ នេះកំពុងបន្តមានសកម្មភាពមកដល់សព្វថ្ងៃ។ នៅដើមទសវត្សឆ្នាំ ២០០០ ការតស៊ូប្រដាប់អាវុធរបស់ពួកឧទ្ទាមបានស្ទុះកាន់តែខ្លាំង ពិសេសដើមឆ្នាំ ២០០៤ ដែលពួកឧទ្ទាមប្រមាណជា ៣០នាក់បានវាយចូលបន្ទាយទាហានរដ្ឋាភិបាលក្នុងខេត្តណារ៉ាធីវ៉ាតដោយប្រមូលយកបានអាវុធចំនួន ៤០០ដើម គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ព្រមទាំងសម្លាប់ទាហានរដ្ឋាភិបាលបានចំនួន ៤នាក់។ ទន្ទឹមគ្នានេះ និងដើម្បីបង្កឲ្យមានភាពចលាចលកាន់តែខ្លាំង ពួកឧទ្ទាមក៏បានដុតចោលសាលារៀនចំនួន ២១សាលារៀន។ ព្រឹត្តិការណ៍មួយនេះបានធ្វើឲ្យរដ្ឋាភិបាលនៅក្រុងបាងកកក្តៅស្លឹកត្រចៀក ហើយក៏បានប្រកាសដាក់ច្បាប់អាជ្ញាសឹកលើខេត្តទាំង ៣ តាំងពីនោះមក។
ជាទូទៅ ផ្ទាំងស៊ីបវាយប្រហាររបស់ពួកឧទ្ទាម គឺស្ថានប័នរបស់រដ្ឋ រួមមានស្ថាប័នយោធា និងស្ថាប័នស៊ីវិល។ គិតតាំងពីឆ្នាំ ២០០៤ មក មានគ្រូបង្រៀនមិនតិចជាង ៣០០នាក់ត្រូវបានសម្លាប់ ហើយសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋក៏មិនអាចគេចផុតពីផ្ទាំងស៊ីបរបស់ពួកគេដែរ។ មានព្រះសង្ឃប្រមាណជា ២០អង្គត្រូវបានកាត់ ក ឬដុតទាំងរស់។ គោលដៅរបស់ពួកឧទ្ទាម គឺបង្កឲ្យមានភាពវឹកវរ និងចលាចលក្រោមទ្រង់ទ្រាយធំដើម្បីប្រែក្លាយតំបន់ប៉ែកខាងត្បូងទៅជាតំបន់ដែលរដ្ឋអំណាចនៅក្រុងបាងកកមិនអាចគ្រប់គ្រងបាន។ តើការបះបោររបស់ពួកឧទ្ទាមមានលក្ខណៈនយោបាយ ឬមួយសាសនា?។ សម្រាប់ពួកឧទ្ទាមជំនាន់មុន គឺសាសនាដោយពួកគេចង់ឲ្យរដ្ឋាភិបាលថៃរក្សាទុកនូវប្រពៃណី ទំនៀមទម្លាប់របស់ពួកគេ។ តែសម្រាប់ពួកឧទ្ទាមជំនាន់ថ្មី គឺនយោបាយដោយពួកគេចង់បានស្វយ័តភាពសម្រាប់ខេត្តទាំង ៣។
តែយ៉ាងណាក៏ដោយមកទល់ពេលនេះ រដ្ឋាភិបាលនៅបាងកកបានធ្វើមិនឮ និងមិនខ្ចីយកត្រចៀកស្តាប់តាមការទាមទារនេះទេ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃក្នុងជំនាន់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ថែមទាំងចង្អុលមុខម៉ាឡេស៊ីពីបទបានគាំទ្រពួកឧទ្ទាមទៀតផង។ គេត្រូវរង់ចាំដល់ឆ្នាំ ២០០៧ ពោលក្រោយរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនទើបរដ្ឋាភិបាលក្រុងបាងកក និងក្រុងគូឡាឡាំពួរចំហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅតំបន់ប៉ែកខាងត្បូង។ ពិតណាស់ រឿងរ៉ាវមួយនេះជារឿងផ្ទៃក្នុងរបស់ថៃ តែម៉ាឡេស៊ីមិនអាចមើលនឹងភ្នែកបានឡើយចំពោះភាពវឹកវរនៅជាប់ព្រំដែនខ្លួន។
មែនទែនទៅ រដ្ឋាភិបាលថៃក៏ចង់ដោះស្រាយបញ្ហាតាមផ្លូវចរចាជាមួយពួកឧទ្ទាមដែរ តែហាក់បានទទួលស្គាល់ថា ខ្លួនបានទុកបណ្តោយឲ្យវិបត្តិមួយនេះអូសបន្លាយ និងទុំជោរខ្លាំងពេក។ សព្វថ្ងៃ ក្រុមឧទ្ទាមត្រូវបានបែកខ្ញែកជាច្រើនក្រុមដែលរដ្ឋាភិបាលពិបាកកំណត់ថា តើត្រូវចរចាជាមួយក្រុម ឬចលនាណា ហើយនរណាជាមេកើយដៃគូចរចាពិតប្រាកដ។ យ៉ាងណាក៏ដោយ ដំណោះស្រាយតាមផ្លូវចរចា ឬតាមផ្លូវផ្សេងមិនអាស្រ័យលើភាគីម៉ាឡេស៊ីទេ តែវាអាស្រ័យទាំងស្រុងលើឆន្ទៈរបស់ភាគីថៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ