ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

តើ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​រវាង​រដ្ឋាភិបាល​ថៃ និង​ពួក​ឧទ្ទាម​ចាប់​កំណើត​យ៉ាង​ម៉េច?

តើ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​រវាង​រដ្ឋាភិបាល​ថៃ និង​ពួក​ឧទ្ទាម​ចាប់​កំណើត​យ៉ាង​ម៉េច?
 
លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ម៉ាហាទារ ម៉ូហាម៉ាត (រូបស្តាំ) និង​សម​ភាគី​ថៃ​លោក​ចាន់ អូចា ក្នុង​ទីក្រុង​បាងកក ថ្ងៃទី២៤ តុលា ២០១៨ AFP

នៅ​ថ្ងៃ​ពុធ ទី២៤ តុលា លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ម៉ាហាទារ ម៉ូហាម៉ាដ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ។ បញ្ហា​នៅ​តំបន់ប៉ែកខាងត្បូង​ប្រទេស​ថៃ ជា​ប្រធានបទ​អាទិភាព​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា និង​លោក​ម៉ាហាទារ។ គួរ​រម្លឹក​ជូន​ថា មាន​ខេត្ត​ចំនួន ៣ នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ គឺ​ខេត្ត​ប៉ាតានី យ៉ាឡា និង​ខេត្ត​ណារ៉ាធីវ៉ាត​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ការ​តស៊ូប្រដាប់អាវុធ​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម។ អ្វី​ទៅ​ជា​ដើមចម​នៃ​ជម្លោះ​មួយ​នេះ?

ជិត ១៥ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ឆ្នាំ ២០០៤ មក​ម្ល៉េះ​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុមឧទ្ទាម​អ្នកទាមទារ​ផ្តាច់ទឹកនិយម​នៅ​តំបន់​ប៉ែកខាងត្បូង​បាន​ប្រឈម​មុខ​ដាក់​គ្នា​ផ្លូវអាវុធ​យ៉ាង​ហិង្សា។ ជម្លោះ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិលស្លូតត្រង់។ ដើម្បី​អាច​យល់​ពី​ជម្លោះ​ដែល​ពិភពលោក​ហាក់​មិន​សូវ​និយាយ និង​មិន​សូវ​ចាប់​អារម្មណ៍​មួយ​នេះ​បាន គេ​ត្រូវ​ងាក​ក្រោយ​ទៅ​មើល​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ១៧៧១ ពោល​ក្នុង​ពេល​ដែល​រាជាណាចក្រ​ប៉ាតានី​កំពុង​ចំណុះ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី។ តែ​ក្នុង​ឆ្នាំ ១៩០៩ ប្រទេស​អង់គ្លេស​ក្នុង​នាម​ជា​អាណាព្យាបាល និង​ប្រទេស​សៀម​ជំនាន់​នោះ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ដោយ​ពុះ​ចែក​រាជាណាចក្រ​ប៉ាតានី​ដែល​សម្បូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ​ជា​ពីរ​ចំណែក។ នៅ​ម្ខាង​បាន​ដាក់​ភ្ជាប់​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​ម្ខាង​ទៀត​ដែល​មាន​ខេត្ត​ប៉ាតានី យ៉ាឡា និង​ខេត្ត​ណារ៉ាធីវ៉ាត​បាន​ដាក់​ភ្ជាប់​ទៅ​ឲ្យ​ប្រទេស​ថៃ​សព្វថ្ងៃ។

ការ​ពុះចែក​រាជាណាចក្រ​ប៉ាតានី​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ និង​ម៉ាឡេស៊ី​ជា​ពីរ​បាន​ធ្វើ​ឲ្យ​មាន​ក្រុម​គ្រួសារ​ខ្លះ​បែកបាក់​គ្នា​ដោយ​ម្ខាង​រស់នៅ​ប៉ែក​ខាង​ម៉ាឡេស៊ី និង​ម្ខាង​ទៀត​រស់នៅ​ប៉ែក​ខាង​ថៃ នោះ​បើ​ទោះ​បី​ជា​ពួក​គេ​និយាយ​ភាសា​ហ្សាវី​ដែល​ជា​គ្រាមភាសា​ក្នុង​ស្រុក​តែ​មួយ​ដូច​គ្នា​ដ៏​ដោយ។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៣ របស់​ថៃ​នៅ​ប៉ែកខាងត្បូង គឺ​ប៉ាតានី យ៉ាឡា និង​ខេត្ត​ណារ៉ាធីវ៉ាត​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​បាងកក​អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​ពីរ គឺ​ថៃ និង​ម៉ាឡេស៊ី។ តែ​ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​បាងកក​គ្រប់​ជំនាន់​ទាំង​អស់ គឺ​មិន​ទុក​បណ្តោយ និង​មិន​អនុញ្ញាត​ឲ្យ​ខេត្ត​ទាំង ៣ នេះ​រស់នៅ​ដោយ​កសាង​ជោគវាសនា អនាគត​ដោយ​ខ្លួន​ឯង​ជា​ដាច់​ខាត។

បន្តិច​ម្តងៗ រដ្ឋាភិបាល​ថៃ​បាន​ផ្តើម​សាប​ព្រោះ​នយោបាយ វប្បធម៌ និង​អប់រំ​ទៅ​លើ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំង ៣នោះ។ សិស្ស​សាលា​មិន​អាច​និយាយ​គ្រាមភាសា​របស់​ពួក​គេ​បាន​ទៀត​ទេ។ កម្មវិធី​អប់រំ​បាន​ធ្វើ​ឡើង​ជា​ភាសា​ថៃ​ដែល​ជា​ភាសា​ផ្លូវការ​តែ​មួយ​គត់។ រដ្ឋាភិបាល​បាន​តែងតាំង​ចៅក្រម​ដើម្បី​ជំនួស​ឲ្យ​តុលាការ​ប្រពៃណី​តាម​បែប​សាសនា​អ៊ីស្លាម ។ល។ និង​។ល។ គឺ​ការ​បញ្ចូល​មនោគមន៍វិជ្ជា​ដោយ​បង្ខំ​បែប​ថៃ​សុទ្ធសាធ​នេះ​ដែល​បាន​បង្កើន​សម្លេង​តស៊ូ រើបម្រះ​ពី​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​កាន់​តែ​ខ្លាំង​ឡើងៗ។ ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​បាន​ផ្តើម​លេច​រូបរាង​ច្រើន​ក្នុង​ឆ្នាំ ១៩៦០ រួម​មាន អង្គការ​រួបរួម​រំដោះ​ប៉ាតានី រណសិរ្យ​អ៊ីស្លាម​រំដោះ​ប៉ាតានី ឬ​មួយ​ក៏​រណសិរ្យ​បដិវត្តជាតិ​ជា​ដើម។

ចលនា​ទាំង ៣ នេះ​កំពុង​បន្ត​មាន​សកម្មភាព​មក​ដល់​សព្វថ្ងៃ។ នៅ​ដើម​ទសវត្ស​ឆ្នាំ ២០០០ ការ​តស៊ូប្រដាប់អាវុធ​របស់​ពួក​ឧទ្ទាម​បាន​ស្ទុះ​កាន់​តែ​ខ្លាំង ពិសេស​ដើម​ឆ្នាំ ២០០៤ ដែល​ពួក​ឧទ្ទាម​ប្រមាណ​ជា ៣០នាក់​បាន​វាយចូល​បន្ទាយ​ទាហាន​រដ្ឋាភិបាល​ក្នុង​ខេត្ត​ណារ៉ាធីវ៉ាត​ដោយ​ប្រមូល​យក​បាន​អាវុធ​ចំនួន ៤០០ដើម គ្រាប់​រ៉ូកែត​ជា​ច្រើន​គ្រាប់ ព្រម​ទាំង​សម្លាប់​ទាហាន​រដ្ឋាភិបាល​បាន​ចំនួន ៤នាក់។ ទន្ទឹម​គ្នា​នេះ និង​ដើម្បី​បង្ក​ឲ្យ​មាន​ភាព​ចលាចល​កាន់​តែ​ខ្លាំង ពួក​ឧទ្ទាម​ក៏​បាន​ដុត​ចោល​សាលារៀន​ចំនួន ២១សាលារៀន។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៅ​ក្រុង​បាងកក​ក្តៅ​ស្លឹកត្រចៀក ហើយ​ក៏​បាន​ប្រកាស​ដាក់​ច្បាប់អាជ្ញាសឹក​លើ​ខេត្ត​ទាំង ៣ តាំង​ពី​នោះ​មក។

ជា​ទូទៅ ផ្ទាំងស៊ីប​វាយប្រហារ​របស់​ពួកឧទ្ទាម គឺ​ស្ថានប័ន​របស់​រដ្ឋ រួម​មាន​ស្ថាប័ន​យោធា និង​ស្ថាប័ន​ស៊ីវិល។ គិត​តាំង​ពី​ឆ្នាំ ២០០៤ មក មាន​គ្រូបង្រៀន​មិន​តិច​ជាង ៣០០នាក់​ត្រូវ​បាន​សម្លាប់ ហើយ​សាសនាព្រះពុទ្ធ​ដែល​ជា​សាសនា​របស់​រដ្ឋ​ក៏​មិន​អាច​គេច​ផុត​ពី​ផ្ទាំងស៊ីប​របស់​ពួក​គេ​ដែរ។ មាន​ព្រះសង្ឃ​ប្រមាណ​ជា ២០អង្គ​ត្រូវ​បាន​កាត់ ក ឬ​ដុត​ទាំង​រស់។ គោលដៅ​របស់​ពួកឧទ្ទាម គឺ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ និង​ចលាចល​ក្រោម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ប្រែ​ក្លាយ​តំបន់​ប៉ែកខាងត្បូង​ទៅ​ជា​តំបន់​ដែល​រដ្ឋអំណាច​នៅ​ក្រុង​បាងកក​មិន​អាច​គ្រប់គ្រង​បាន។ តើ​ការ​បះបោរ​របស់​ពួក​ឧទ្ទាម​មាន​លក្ខណៈ​នយោបាយ ឬ​មួយ​សាសនា?។ សម្រាប់​ពួក​ឧទ្ទាម​ជំនាន់​មុន គឺ​សាសនា​ដោយ​ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ថៃ​រក្សា​ទុក​នូវ​ប្រពៃណី ទំនៀមទម្លាប់​របស់​ពួក​គេ។ តែ​សម្រាប់​ពួក​ឧទ្ទាម​ជំនាន់​ថ្មី គឺ​នយោបាយ​ដោយ​ពួក​គេ​ចង់​បាន​ស្វយ័តភាព​សម្រាប់​ខេត្ត​ទាំង ៣។

តែ​យ៉ាង​ណា​ក៏​ដោយ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​បាងកក​បាន​ធ្វើ​មិន​ឮ និង​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​តាម​ការ​ទាមទារ​នេះ​ទេ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ថៃ​ក្នុង​ជំនាន់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ថែម​ទាំង​ចង្អុល​មុខ​ម៉ាឡេស៊ី​ពី​បទ​បាន​គាំទ្រ​ពួក​ឧទ្ទាម​ទៀត​ផង។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០០៧ ពោល​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ទើប​រដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុង​គូឡាឡាំពួរ​ចំ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​តំបន់ប៉ែកខាងត្បូង។ ពិត​ណាស់ រឿងរ៉ាវ​មួយ​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ថៃ តែ​ម៉ាឡេស៊ី​មិន​អាច​មើល​នឹង​ភ្នែក​បាន​ឡើយ​ចំពោះ​ភាព​វឹកវរ​នៅ​ជាប់​ព្រំដែន​ខ្លួន។

មែនទែន​ទៅ រដ្ឋាភិបាល​ថៃ​ក៏​ចង់​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ដែរ តែ​ហាក់​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ទុក​បណ្តោយ​ឲ្យ​វិបត្តិ​មួយ​នេះ​អូសបន្លាយ និង​ទុំជោរ​ខ្លាំង​ពេក។ សព្វថ្ងៃ ក្រុមឧទ្ទាម​ត្រូវ​បាន​បែកខ្ញែក​ជា​ច្រើន​ក្រុម​ដែល​រដ្ឋាភិបាល​ពិបាក​កំណត់​ថា តើ​ត្រូវ​ចរចា​ជាមួយ​ក្រុម ឬ​ចលនា​ណា ហើយ​នរណា​ជា​មេកើយ​ដៃគូ​ចរចា​ពិតប្រាកដ។ យ៉ាង​ណា​ក៏​ដោយ ដំណោះស្រាយ​តាម​ផ្លូវចរចា ឬ​តាម​ផ្លូវ​ផ្សេង​មិន​អាស្រ័យ​លើ​ភាគី​ម៉ាឡេស៊ី​ទេ តែ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ថៃ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ថៃ-ម៉ាឡេស៊ី

    ប្រមុខ​រដ្ឋាភិបាល​ថៃ និង​ម៉ាឡេស៊ី​ជួបគ្នា​ដើម្បី​និយាយ​ពី​បញ្ហា​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ

    ស្វែងយល់បន្ថែម

  • ជនភៀសខ្លួនភូមា

    ម៉ាឡេស៊ី​ ថៃ​ និង​​ឥណ្ឌូណេស៊ី ​សន្យា​​ជួប​គ្នា​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន

    ស្វែងយល់បន្ថែម

  • អាស៊ី​អាគ្នេយ៍

    ថៃ​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី ឈរអោប​ដៃ​ធ្វើ​មិនឃើញ​​​ជន​ភៀស​ខ្លួនតាម​ទូក

    ស្វែងយល់បន្ថែម

  • ឥណ្ឌូណេស៊ី

    តើ​អាស៊ី​អាគ្នេយ៍​​កំពុង​ប្រឈម​នឹង​បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍​តាម​ទូក ដូច​អឺរ៉ុប?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ