អ្នកណានឹងរងគ្រោះ នៅពេលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៥
អាមេរិក នៅថ្ងៃម្សិលមិញ បានចេញមុខជំទាស់ ប្រឆាំងនឹងសេចក្តីព្រាងរបស់រុស្ស៊ី ដែលមានគោលដៅ រក្សា ការពារសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលអាមេរិកបានប្រកាសពីគម្រោងដកខ្លួនជាឯកតោភាគី កាលពី កាលពីសប្តាហ៍។ នៅថ្ងៃម្សិលមិញដែរ ប្រទេសអឺរ៉ុប សមាជិកអង្គការអូតង់ បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន កុំឲ្យដកខ្លួនចេញពីសន្ធិសញ្ញា ដែលបានជួយកាត់បន្ថយការប្រឈមមុខដាក់គ្នា ដោយមហាអំណាចនុយក្លេអ៊ែរ កាលពីសម័យសង្រ្គាមត្រជាក់។
ប្រទេសរុស្ស៊ី នៅថ្ងៃម្សិលមិញបានដាក់ស្នើសេចក្តីសម្រេចព្រាង មួយ ទៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បី ការពារសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម។ បើសិនអង្គការសហប្រជាជាតិបោះឆ្នោត គាំទ្រ សេចក្តីសម្រេច ដែលស្នើឡើងដោយរុស្ស៊ី នោះ មានន័យថា ភាគីហត្ថលេខី អាមេរិក និងរុស្ស៊ី ត្រូវបន្តពិភាក្សា គ្នា ដើម្បីថែរក្សា និងអនុវត្តធ្វើតាមសន្ធិសញ្ញា ដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយ គ្នា កាលពីសម័យសង្រ្គាមត្រជាក់។ សេចក្តីព្រាងរបស់រុស្ស៊ី តាមពិតមានគោលដៅ ចង់ឲ្យគេថែរក្សា សន្ធិសញ្ញា ដែលមានគោលដៅ កាត់បន្ថយមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ប៉ុន្តែ តាមប្រភពមន្រ្តីនៅអង្គការសហប្រជាជាតិ អាមេរិកបានជំទាស់ មិនឲ្យមហាសន្និបាត អង្គការសហប្រជាជាតិ ពិភាក្សាសេចក្តីសម្រេច ដែលព្រាងស្នើឡើងដោយរុស្ស៊ី ក្នុងហេតុផលថាសេចក្តីព្រាងរបស់រុស្ស៊ី ត្រូវបានដាក់យឺតពេលទៅហើយ បើមើលទៅលើកាលវិភាគពិភាក្សារបស់អង្គសន្និបាតអង្គការសហប្រជាជាតិ។ មួយវិញទៀត អាមេរិក បរិហាររិះគន់រុស្ស៊ីផងដែរ ថា បានបញ្ចេញខ្លឹមសារ របស់អត្ថបទព្រាង នៃសេចក្តីសម្រេច ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដឹងមុន នឹងចែកចាយ ជូនដំណឹងទៅប្រទេសសមាជិកអង្គការសហប្រជាជាតិទៅទៀត។
នៅថ្ងៃសៅរ៍ទី ២០តុលា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសពីគម្រោងចង់ដកអាមេរិក ចេញពីសន្ធិសញ្ញាអន្តរជាតិ ស្តីពីអាវុធ នុយក្លេអ៊ែររយៈចម្ងាយមធ្យម។
អាមេរិកដកខ្លួន ដើម្បីមហិច្ឆតាយោធា
កន្លងមក គេធ្លាប់ជឿថា អាមេរិកបានប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ ដើម្បីដាក់សម្ពាធលើរុស្ស៊ី ដែលអាមេរិកចោទថា បានរំលោភកិច្ចព្រមព្រៀង តាមរយៈការលួចផលិតមីស៊ីល រយៈចម្ងាយមធ្យម។ អាមេរិកដែលធ្លាប់ចោទប្រកាន់រុស្ស៊ី ថា បានលួចផលិតមីស៊ីល រយៈចម្ងាយមធ្យម ដែលហាមឃាត់ដោយសន្ធិសញ្ញា បានព្រមានជាច្រើនដង ថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង ឆ្នាំ ១៩៨៧ ប៉ុន្តែ អាមេរិកមិនដែលបានធ្វើតាមពាក្យគំរាមនោះទេ។
អាមេរិកនៅក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ បានផ្លាស់ប្តូរយុទ្ធសាស្រ្តយោធារបស់អាមេរិក។ អាមេរិក លើកនេះ មិនបាននិយាយគំរាម ដើម្បី ឲ្យដាក់សម្ពាធឲ្យរុស្ស៊ីត្រលប់មកគោរព តាមកិច្ចព្រមព្រៀងនោះទេ។
បើគេតាមមើលសារ Twitter ជាហូរហែរបស់លោកដូណាល់ ត្រាំ គេឃើញថា ប្រធានាធិបតីអាមេរិករូបនេះ មិនដែលលាក់លៀមទេ ពីចេតនាចង់ពង្រឹងសព្វាវុធនុយក្លេអ៊ែររបស់អាមេរិក។ នៅពីរថ្ងៃក្រោយប្រកាសចង់ដកអាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធ នុយក្លេអ៊ែរ ចម្ងាយមធ្យម លោកដូណាល់ ត្រាំ បានសរសេរសារTwitter ថា អាមេរិកបានត្រៀមខ្លួនរួចហើយ ដើម្បីបង្កើន ពង្រឹងសព្វាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែង របស់ចិន ហើយនិងរុស្ស៊ី។
នៅក្នុងសន្ធិសញ្ញា គេមានចែងថា ភាគី ណាមួយ អាមេរិក ឬរុស្ស៊ី អាចដកខ្លួន នៅក្រោយការជូនដំណឹងជាមុន រយៈពេល ៦ខែ។ គេវាយតម្លៃ លោកចន បុលតុន ទីប្រឹក្សាផ្នែកសន្តិសុខជាតិ របស់លោកដូណាល់ ត្រាំ ធ្វើដំណើរទៅទីក្រុងម៉ូស្គូលើកនេះ ក៏ដើម្បី ជូនដំណឹងជាផ្លូវការទៅរុស្ស៊ី ដែលជាភាគីហត្ថលេខី នៃសន្ធិសញ្ញាស្តីពីអាវុធ នុយក្លេអ៊ែររយៈចម្ងាយមធ្យមនេះដែរ។ មន្រ្តីសេតវិមានមួយចំនួនបាននិយាយប្រាប់កាសែត New York Times អាមេរិកប្រហែលជាប្រកាសផ្លូវការតែម្តង ថា នឹងដើរចេញពីសន្ធិសញ្ញាស្តីពីមីស៊ីលបាញ់បានចម្ងាយមធ្យម នេះ នៅក្រោយ ពេល លោកដូណាល់ ត្រាំអាចជួប លោកវ៉្លាឌីមៀរ ពូទីន នៅក្នុងឱកាសពិធីបុណ្យខួប១០០ឆ្នាំ នៃ ការបិទបញ្ចប់ សង្រ្គាមលោកលើកទី១ ដែលត្រូវរៀបចំនៅទីក្រុងប៉ារីស នៅថ្ងៃទី ១១វិច្ឆិកាខាងមុខ។
បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា គឺប្រទេសអឺរ៉ុប ដែលប្រឈមគ្រោះថ្នាក់ខ្លាំង ជាងគេ
សន្ធិសញ្ញាទ្វេភាគីអាមេរិក និងសហភាពសូវៀត នៅឆ្នាំ ១៩៨៧បានធ្វើឲ្យរុស្ស៊ី យល់ព្រម ដកទៅវិញ មីស៊ីលរយៈចម្ងាយមធ្យម ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងដែលរុស្ស៊ី ដាក់បែរតម្រង់រួចហើយ សំដៅ រដ្ឋធានី របស់ប្រទេសអឺរ៉ុប។
បើសិនអាមេរិកដកខ្លួនមែន អ្នកដែលប្រឈមមុខ រងគ្រោះខ្លាំងជាងគេ គឺបណ្តាប្រទេសអឺរ៉ុប សមាជិករបស់អង្គការអូតង់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ប៉ុន្តែ មិនមែនអាមេរិកនោះទេ។ សន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើង ក្នុងបរិបទសង្រ្គាមត្រជាក់ មានគោលដៅ ហាមឃាត់ ផលិត និងប្រើប្រាស់ មីស៊ីល បាញ់ចេញពីដី ក្នុងរយៈចម្ងាយចន្លោះពី៥០០ទៅ ៥ពាន់គីឡូម៉ែត្រ។ មីស៊ីលរយៈចម្ងាយមធ្យម របស់រុស្ស៊ី គឺគ្មានគ្រោះថ្នាក់ គំរាមកំហែង ដល់ទឹកដីអាមេរិកនោះទេ ប៉ុន្តែ គឺទឹកដីអឺរ៉ុប ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។
ដូច្នេះ បើសិន អាមេរិកដកខ្លួន ចេញពីសន្ធិសញ្ញា នោះរុស្ស៊ី ក៏លែងគោរពធ្វើតាម សន្ធិសញ្ញាតទៅទៀតដែរ។ ដូច្នេះ គឺសន្តិសុខ របស់អឺរ៉ុបដែលនឹងរងការគំរាមកំហែងគ្រប់ពេលវេលាពីរុស្ស៊ី ជាពិសេស នៅក្នុងកាលៈទេសៈដែល អូតង់និងរុស្ស៊ី កំពុងតែតានតឹង ប្រឈមមុខដាក់គ្នា ខាងផ្នែកយោធា នៅតាមព្រំដែនអឺរ៉ុបខាងកើត។
នៅសប្តាហ៍នេះ ប្រតិកម្មទៅនឹងចេតនា ដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ ប្រធានាធិបតីរុស្ស៊ី លោកពូទីន និយាយព្រមានថា ប្រទេសនៅអឺរ៉ុប នឹងធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះថា អាមេរិក និងរុស្ស៊ី ដែលគ្មានចងដៃដោយសន្ធិសញ្ញា នឹងត្រលប់មកប្រើមីស៊ីល រយៈចម្ងាយមធ្យម វិញ។ ពាក្យគំរាមរបស់ប្រធានាធិបតីរុស្ស៊ី ដែលថ្នាក់ដឹកនាំអឺរ៉ុបមិនអាចព្រងើយកន្តើយបាន។ នៅថ្ងៃម្សិលមិញ នៅទីស្នាក់ការរបស់អង្គការអូតង់ នៅទីក្រុងព្រុចស៊ែល បណ្តាប្រទេសអឺរ៉ុបបានអំពាវនាវឲ្យអាមេរិក បន្តបញ្ចុះបញ្ចូលរុស្ស៊ី ឲ្យគោរពកិច្ចព្រមព្រៀង ជាជាងការដកខ្លួនចេញពីសន្ធិសញ្ញា ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ នោះ។
បើតាមភាគីអឺរ៉ុប បើសិនទៅរួច អាមេរិក អាចបញ្ចុះបញ្ចុលឲ្យចិន មួយទៀត ចូលរួមក្នុងសន្ធិសញ្ញា។ ចិនដែលគ្មានចាប់ចងដោយសន្ធិសញ្ញាឆ្នាំ ១៩៨៧ មានសេរីភាពផលិតបានច្រើន មីស៊ីលរយៈចម្ងាយមធ្យម ដែលអាមេរិកចាត់ទុកថា ជាគ្រោះថ្នាក់ សម្រាប់យុទ្ធសាស្រ្តយោធារបស់អាមេរិក នៅអាស៊ី ប៉ាស៊ីហ្វិក។
ដើម្បីផលប្រយោជន៍ បានមកពីមហិច្ឆតា យោធា និងដើម្បីគំរាមកំហែងរុស្ស៊ី លោកដូណាល់ ត្រាំ មិនរារែកនឹងដកខ្លួនចេញពីសន្ធិសញ្ញា នោះទេ។ នោះបើទោះបីជាជំហាន យុទ្ធសាស្រ្តរបស់លោក ធ្វើឲ្យប្រទេសសម្ព័ន្ធមិត្តត្រូវរងគ្រោះថ្នាក់ ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ