អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក នៅថ្ងៃ​ម្សិលមិញ បាន​ចេញ​មុខ​ជំទាស់ ប្រឆាំង​នឹង​សេចក្តីព្រាងរបស់​រុស្ស៊ី ដែល​មាន​គោលដៅ រក្សា ការពារ​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម ដែល​អាមេរិក​បាន​ប្រកាស​ពី​គម្រោង​ដកខ្លួន​ជា​ឯកតោភាគី កាលពី កាលពី​សប្តាហ៍។ នៅ​ថ្ងៃ​ម្សិលមិញដែរ ប្រទេស​អឺរ៉ុប សមាជិក​អង្គការ​អូតង់ បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ដែល​បាន​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​ដាក់គ្នា ដោយ​មហាអំណាច​នុយក្លេអ៊ែរ កាលពី​សម័យ​សង្រ្គាម​ត្រជាក់។

មីស៊ីល​របស់​រុស្ស៊ី​បាញ់​ក្នុង​សមយុទ្ធ​យោធា​របស់​រុស្ស៊ី កាលពី​ថ្ងៃទី ២៦ កញ្ញា ២០១៨
មីស៊ីល​របស់​រុស្ស៊ី​បាញ់​ក្នុង​សមយុទ្ធ​យោធា​របស់​រុស្ស៊ី កាលពី​ថ្ងៃទី ២៦ កញ្ញា ២០១៨ ©Russian Defence Ministry/Handout via REUTER
ផ្សាយពាណិជ្ជកម្ម

ប្រទេស​រុស្ស៊ី នៅថ្ងៃ​ម្សិលមិញ​បាន​ដាក់​ស្នើ​សេចក្តីសម្រេច​ព្រាង មួយ ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី ការពារ​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម។ បើសិន​អង្គការ​សហប្រជាជាតិ​បោះឆ្នោត គាំទ្រ សេចក្តីសម្រេច ដែល​ស្នើ​ឡើង​ដោយ​រុស្ស៊ី នោះ មានន័យថា ភាគី​ហត្ថលេខី អាមេរិក និង​រុស្ស៊ី ត្រូវ​បន្ត​ពិភាក្សា គ្នា ដើម្បី​ថែរក្សា និង​អនុវត្ត​ធ្វើ​តាម​សន្ធិសញ្ញា ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​ជាមួយ គ្នា កាលពី​សម័យ​សង្រ្គាម​ត្រជាក់។ សេចក្តីព្រាង​របស់​រុស្ស៊ី តាមពិត​មាន​គោលដៅ ចង់​ឲ្យ​គេ​ថែរក្សា សន្ធិសញ្ញា ដែល​មាន​គោលដៅ កាត់បន្ថយ​មីស៊ីល​រយៈចម្ងាយ​មធ្យម ដែល​អាច​មាន​ផ្ទុកក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ប៉ុន្តែ តាម​ប្រភព​មន្រ្តី​នៅ​អង្គការ​សហប្រជាជាតិ អាមេរិក​បាន​ជំទាស់ មិន​ឲ្យ​មហាសន្និបាត អង្គការ​សហប្រជាជាតិ ពិភាក្សា​សេចក្តីសម្រេច ដែល​ព្រាងស្នើ​ឡើង​ដោយ​រុស្ស៊ី ក្នុង​ហេតុផលថា​សេចក្តីព្រាង​របស់​រុស្ស៊ី ត្រូវ​បាន​ដាក់​យឺតពេល​ទៅហើយ បើមើលទៅលើ​កាលវិភាគ​ពិភាក្សា​របស់​អង្គសន្និបាត​អង្គការ​សហប្រជាជាតិ។ មួយវិញទៀត អាមេរិក បរិហារ​រិះគន់រុស្ស៊ី​ផងដែរ ថា បាន​បញ្ចេញ​ខ្លឹមសារ របស់​អត្ថបទ​ព្រាង នៃ​សេចក្តីសម្រេច ទៅ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី បាន​ដឹង​មុន នឹង​ចែកចាយ ជូន​ដំណឹង​ទៅ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ទៅទៀត។

នៅថ្ងៃសៅរ៍ទី ២០​តុលា ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រកាស​ពី​គម្រោង​ចង់​ដកអាមេរិក ចេញពី​សន្ធិសញ្ញា​អន្តរជាតិ ស្តី​ពី​អាវុធ នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម។

អាមេរិក​ដកខ្លួន ដើម្បី​មហិច្ឆតា​យោធា

កន្លងមក គេ​ធ្លាប់​ជឿ​ថា អាមេរិក​បាន​ប្រកាសចង់​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធនុយក្លេអ៊ែរ ដើម្បី​ដាក់សម្ពាធ​លើ​រុស្ស៊ី ដែល​អាមេរិក​ចោទថា បាន​រំលោភ​កិច្ចព្រមព្រៀង តាមរយៈការលួចផលិត​មីស៊ីល រយៈចម្ងាយ​មធ្យម។ អាមេរិក​ដែល​ធ្លាប់​ចោទប្រកាន់​រុស្ស៊ី ថា បាន​លួចផលិត​មីស៊ីល រយៈចម្ងាយ​មធ្យម ដែល​ហាមឃាត់​ដោយ​សន្ធិសញ្ញា បាន​ព្រមាន​ជាច្រើន​ដង ថា នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ឆ្នាំ ១៩៨៧ ប៉ុន្តែ អាមេរិក​មិនដែល​បាន​ធ្វើ​តាម​ពាក្យ​គំរាម​នោះទេ។

អាមេរិក​នៅក្នុង​អាណត្តិ​របស់​លោកដូណាល់ ត្រាំ បានផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​យោធា​របស់អាមេរិក។ អាមេរិក លើកនេះ មិន​បាន​និយាយ​គំរាម ដើម្បី ឲ្យ​ដាក់សម្ពាធ​ឲ្យ​រុស្ស៊ី​ត្រលប់​មក​គោរព តាម​កិច្ចព្រមព្រៀង​នោះទេ។

បើគេ​តាម​មើល​សារ Twitter ជា​ហូរហែ​របស់​លោកដូណាល់ ត្រាំ គេឃើញថា ប្រធានាធិបតី​អាមេរិករូបនេះ មិន​ដែល​លាក់លៀម​ទេ ពី​ចេតនា​ចង់​ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក។ នៅ​ពីរថ្ងៃ​ក្រោយ​ប្រកាស​ចង់​ដកអាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពីអាវុធ នុយក្លេអ៊ែរ ចម្ងាយ​មធ្យម លោកដូណាល់ ត្រាំ បាន​សរសេរ​សារ​Twitter ថា អាមេរិក​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បង្កើន ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង របស់​ចិន ហើយនិង​រុស្ស៊ី។

នៅក្នុង​សន្ធិសញ្ញា គេ​មានចែងថា ភាគី ណាមួយ អាមេរិក ឬ​រុស្ស៊ី អាច​ដកខ្លួន នៅក្រោយ​ការជូនដំណឹង​ជាមុន ​រយៈពេល ៦ខែ។ គេវាយតម្លៃ លោក​ចន បុលតុន ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ របស់​លោកដូណាល់ ត្រាំ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ូស្គូ​លើកនេះ ក៏​ដើម្បី ជូនដំណឹង​ជា​ផ្លូវការ​ទៅ​រុស្ស៊ី ដែល​ជា​ភាគី​ហត្ថលេខី នៃ​សន្ធិសញ្ញា​ស្តីពី​អាវុធ នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យមនេះដែរ។ មន្រ្តី​សេតវិមាន​មួយចំនួន​បាន​និយាយ​ប្រាប់​កាសែត New York Times អាមេរិក​ប្រហែល​ជា​ប្រកាស​ផ្លូវការ​តែម្តង ថា នឹង​ដើរ​ចេញ​ពី​សន្ធិសញ្ញា​ស្តី​ពី​មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម នេះ នៅ​ក្រោយ ពេល លោកដូណាល់ ត្រាំអាច​ជួប លោក​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ខួប​១០០​ឆ្នាំ នៃ ការបិទបញ្ចប់ សង្រ្គាម​លោកលើក​ទី១ ដែល​ត្រូវ​រៀបចំ​នៅទីក្រុង​ប៉ារីស នៅថ្ងៃទី ១១​វិច្ឆិកា​ខាងមុខ។

បើអាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា គឺប្រទេស​អឺរ៉ុប ដែល​ប្រឈម​គ្រោះថ្នាក់​ខ្លាំង ជាងគេ

សន្ធិសញ្ញាទ្វេភាគី​អាមេរិក និង​សហភាព​សូវៀត នៅ​ឆ្នាំ ១៩៨៧​បាន​ធ្វើ​ឲ្យ​រុស្ស៊ី យល់ព្រម ដកទៅវិញ មីស៊ីល​រយៈចម្ងាយ​មធ្យម ដែលមាន​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ និង​ដែល​រុស្ស៊ី ដាក់បែរ​តម្រង់រួចហើយ សំដៅ រដ្ឋធានី របស់​ប្រទេស​អឺរ៉ុប។

បើសិន​អាមេរិក​ដកខ្លួនមែន អ្នកដែល​ប្រឈមមុខ រងគ្រោះ​ខ្លាំង​ជាងគេ គឺ​បណ្តាប្រទេស​អឺរ៉ុប សមាជិក​របស់​អង្គការ​អូតង់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ មិនមែនអាមេរិក​នោះទេ។ សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ ដែល​ធ្វើ​ឡើង ក្នុង​បរិបទ​សង្រ្គាមត្រជាក់ មាន​គោលដៅ ហាមឃាត់ ផលិត និង​ប្រើប្រាស់ មីស៊ីល បាញ់​ចេញ​ពី​ដី ក្នុង​រយៈ​ចម្ងាយ​ចន្លោះ​ពី​៥០០​ទៅ ៥ពាន់​គីឡូម៉ែត្រ។ មីស៊ីល​រយៈចម្ងាយ​មធ្យម របស់​រុស្ស៊ី គឺ​គ្មាន​គ្រោះថ្នាក់ គំរាមកំហែង ដល់ទឹកដី​អាមេរិកនោះទេ ប៉ុន្តែ គឺ​ទឹកដីអឺរ៉ុប ដែល​មាន​ព្រំដែនជាប់​ជាមួយរុស្ស៊ី។

ដូច្នេះ បើសិន អាមេរិក​ដកខ្លួន ចេញពី​សន្ធិសញ្ញា នោះ​រុស្ស៊ី ក៏​លែង​គោរព​ធ្វើ​តាម សន្ធិសញ្ញា​តទៅទៀតដែរ។ ដូច្នេះ គឺ​សន្តិសុខ របស់​អឺរ៉ុប​ដែល​នឹង​រងការគំរាមកំហែង​គ្រប់​ពេលវេលា​ពី​រុស្ស៊ី ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល អូតង់​និង​រុស្ស៊ី កំពុង​តែ​តានតឹង ប្រឈម​មុខ​ដាក់​គ្នា ខាងផ្នែក​យោធា នៅ​តាម​ព្រំដែន​អឺរ៉ុប​ខាងកើត។

នៅ​សប្តាហ៍នេះ ប្រតិកម្ម​ទៅ​នឹង​ចេតនា ដកខ្លួន​របស់​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ ប្រធានាធិបតី​រុស្ស៊ី លោកពូទីន ​និយាយ​ព្រមានថា ​ប្រទេស​នៅ​អឺរ៉ុប នឹង​ធ្លាក់ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ព្រោះថា អាមេរិក និង​រុស្ស៊ី ដែល​គ្មាន​ចងដៃ​ដោយ​សន្ធិសញ្ញា នឹង​ត្រលប់​មក​ប្រើ​មីស៊ីល រយៈចម្ងាយ​មធ្យម វិញ។ ពាក្យ​គំរាម​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​ថ្នាក់ដឹកនាំ​អឺរ៉ុប​មិនអាច​ព្រងើយកន្តើយបាន។ នៅថ្ងៃ​ម្សិលមិញ នៅទីស្នាក់ការ​របស់អង្គការ​អូតង់ នៅ​ទីក្រុង​ព្រុចស៊ែល បណ្តា​ប្រទេសអឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​អាមេរិក បន្ត​បញ្ចុះបញ្ចូល​រុស្ស៊ី ឲ្យ​គោរព​កិច្ចព្រមព្រៀង ជាជាង​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ នោះ។

បើតាម​ភាគី​អឺរ៉ុប បើសិនទៅរួច អាមេរិក អាច​បញ្ចុះបញ្ចុល​ឲ្យ​ចិន មួយ​ទៀត ចូលរួម​ក្នុង​សន្ធិសញ្ញា។ ចិន​ដែល​គ្មាន​ចាប់ចង​ដោយ​សន្ធិសញ្ញា​ឆ្នាំ ១៩៨៧ មាន​សេរីភាព​ផលិត​បាន​ច្រើន មីស៊ីល​រយៈចម្ងាយ​មធ្យម ដែល​អាមេរិក​ចាត់ទុក​ថា ជា​គ្រោះថ្នាក់ សម្រាប់​យុទ្ធសាស្រ្ត​យោធា​របស់​អាមេរិក នៅ​អាស៊ី ប៉ាស៊ីហ្វិក។

ដើម្បី​ផលប្រយោជន៍ បាន​មក​ពី​មហិច្ឆតា យោធា និង​ដើម្បី​គំរាមកំហែង​រុស្ស៊ី លោកដូណាល់ ត្រាំ មិន​រារែក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា នោះទេ។ នោះបើទោះបី​ជា​ជំហាន យុទ្ធសាស្រ្ត​របស់​លោក ធ្វើ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ត្រូវ​រងគ្រោះថ្នាក់ ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ