អានតួអត្ថបទ
ថៃ

ក្នុងពេល​តែ​៤ថ្ងៃ វីដេអូ​ចម្រៀង Rap​ថៃ “ប្រទេស​ខ្ញុំមាន” ទាក់ទាញ​មនុស្ស​ជាង ៦លាននាក់

អាជ្ញាធរ​ថៃ​កំពុង​សិក្សា​ពិចារណា​ទៅលើ​ខ្លឹមសារ របស់​វីដេអូ​ចម្រៀង​ថៃ មួយ ដែល​សរសេរ​ឡើង​ដោយ​ក្រុមអ្នកចម្រៀង​ដែល​មាន​ឈ្មោះ​ថា ក្រុមRap ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ។ វីដេអូ​របស់​អ្នកចម្រៀង​Rap ថៃ ដែល​មាន​ឈ្មោះ ថា ប្រទេស​របស់ខ្ញុំ គឺ Praket Ku Mee ដែល​មាន​អត្ថន័យ​រិះគន់​របបសឹក​ថៃ បាន​ទាក់ទាញ​មនុស្ស​ឲ្យ​ចូល​មើល ជាង ៦លាននាក់ នៅក្នុងរយៈពេល តែ​បួនថ្ងៃ ដែល​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​នៅក្នុង​វិបសៃតិ៍​Youtube កាលពី​ថ្ងៃទី ២២​តុលា ដើម​សប្តាហ៍នេះ។

បទចម្រៀងថៃ "ប្រទេស​ខ្ញុំមាន" របស់​ក្រុមអ្នកចម្រៀងRap​ប្រឆាំង​អំណាចផ្តាច់ការ នៅ​ប្រទេស​ថៃ
បទចម្រៀងថៃ "ប្រទេស​ខ្ញុំមាន" របស់​ក្រុមអ្នកចម្រៀងRap​ប្រឆាំង​អំណាចផ្តាច់ការ នៅ​ប្រទេស​ថៃ ©iLAW facebook
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​ថៃ ជាទី ដែល​អាជ្ញាធរ ហាមឃាត់ មិន​ឲ្យ​មានការជួបជុំ តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំ ២០១៤ ក្រុមអ្នកចម្រៀង​Rapថៃ បាន​បង្កើត​ព្រឹត្តិការណ៍​រំជើបរំជួល​ក្នុង​ប្រទេស​ថៃ ជាមួយ វីដេអូ​ចម្រៀង រិះគន់​បរិហារ​នយោបាយ​ផ្តាច់ការ​របស់​របប​សឹកថៃ។ នៅក្នុង​ពេល​តែ​៤ថ្ងៃ ដែល​វីដេអូ ចម្រៀង Rap ដែល​មាន​ឈ្មោះ "ប្រទេស​ខ្ញុំ​មាន" ត្រូវ​បាន​ដាក់បង្ហោះ នៅ​Youtube មនុស្ស​ជាង ៦លាន ៤សែននាក់ បាន​ចុចចូល​មើល ហើយនិង​រាប់សែនបញ្ចេញយោបល់ ទាំងរិះគន់ ហើយ​និង​គាំទ្រ​របបសឹក។

ជោគជ័យ​របស់​ក្រុមអ្នកចម្រៀងRap ដែល​បាន​ប្រើ​សិល្បៈ ដើម្បី​រិះគន់​របបសឹក មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ នៅ​ស្ងៀម ព្រងើយ​កន្តើយយូរនោះទេ។ ឆ្លើយ​សំណួរ​របស់​អ្នកកាសែត របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ្នកនាំពាក្យ​របស់នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា បាន​អះអាងថា គេ​កំពុង​ស៊ើបអង្កេត ពិនិត្យ​មើល​ខ្លឹមសារ របស់​បទចម្រៀង ដើម្បី​ឲ្យច្បាស់​ថា វារំលោភ​ច្បាប់ ឧក្រិដ្ឋកម្មកុំព្យូទ័រ​ដែរឬទេ។ ប្រសិន​បើ​បទចម្រៀងនេះ រំលោភ​ច្បាប់ ដោយសារ​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត នោះ អ្នកដែល​ចែករំលែក នឹង​ប្រឈម​នឹង​ការផ្តន្ទាទោស​ទៅតាម​ច្បាប់ ពោល​គឺ​អាច​ជាប់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ។

ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ ធ្លាប់​បាន​រិះគន់​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​នេះ ថា ជា​ឧបករណ៍ នយោបាយ​ដែល​របបសឹក​ថៃ ប្រើ​សម្រាប់​បង្រ្កាប ក្រុមអ្នកប្រឆាំង​នឹង​ខ្លួន​នៅ​លើ​បណ្តាញ​អ៊ីនធ័រនែត។

នៅក្នុង​វីដេអូ​ពណ៌​ស ខ្មៅ រយៈពេល ជាង​៥នាទី អ្នកចម្រៀង​Rap​ថៃ ជាច្រើននាក់​បាន​ផ្លាស់ប្តូរ​វេនគ្នា​ចូល​ច្រៀង នៅ​មុខ​ក្រុមមនុស្ស យុវជន ដែល​មិនសប្បាយចិត្ត និង​ដែល​លើក​ដៃ​ស្រែក​តវ៉ា។ រូបភាព​ខ្លះ មាន​យោង​ដល់​ព្រឹត្តិការណ៍​បាញ់​បង្រ្កាប​សម្លាប់​និស្សិតថៃ កាលពី​ឆ្នាំ ១៩៧៦។ អ្នកចម្រៀងខ្លះ ដែល​មាន​កន្សែង​បិទមុខ ស្រែក​ច្រៀង​ទៅតាម​ចង្វាក់​Rap ថា ប្រទេស​របស់ខ្ញុំ​គឺ​ប្រទេស​ដែល​មនុស្ស​ត្រូវ​លេបទៅវិញ ពាក្យពិត ឬ​ក៏ហ៊ាន​លេបគ្រាប់សំណរ ឬ​ក៏ថា ប្រទេស​របស់ខ្ញុំ​ ៤ឆ្នាំ មកហើយ គ្មានបាន​រៀបចំ​ការបោះឆ្នោត​អ្វីទេ។

លោក​Jacoboi ស្ថាបនិក​ម្នាក់​នៃ​ក្រុមអ្នកចម្រៀង​Rap ប្រឆាំង​នឹង​អំណាចផ្តាច់ការ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​AFPនៅ​សប្តាហ៍នេះ ថា លោក​មិន​ខ្លាច​អាជ្ញាធរ​នោះទេ ព្រោះ​ពាក្យ​ដែល​គេ​សរសេរ យក​មក​ច្រៀង​រៀបរាប់​ក្នុង​បទចម្រៀង ជាអ្វី​ដែល​ក្រុម​សិល្បករ​បាន​លឺ និង​ឃើញ ប្រជាជនថៃ សរសេរ​នៅ​លើ​បណ្តាញ​សង្គម និង​នៅ​ក្នុងជីវិត​ជាក់ស្តែង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ