ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

តើ​សិង្ហបុរី​ដោះស្រាយ​បញ្ហា​គេហដ្ឋាន​របស់​ពលរដ្ឋខ្លួន​យ៉ាង​ដូច​ម្ដេច?​

តើ​សិង្ហបុរី​ដោះស្រាយ​បញ្ហា​គេហដ្ឋាន​របស់​ពលរដ្ឋខ្លួន​យ៉ាង​ដូច​ម្ដេច?​ កោះ​ Sentosa ជាកោះដែលអ្នក​ទេសចរ អ្នកមាន​ មកពីគ្រប់កន្លែង​​​ចូលចិត្ត​មក​លេង​ REUTERS/Edgar Su

    កាល​ពីអតីតកាល សិង្ហបុរី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ប្រឈម​នឹងវិបត្តិផ្ទះសំបែង​។ ក៏ប៉ុន្តែ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពលរដ្ឋសិង្ហបុរី ជាង៩០ភាគរយ ទូទាំងប្រទេស មានគេហដ្ឋានផ្ទាល់ខ្លួន។ តើរដ្ឋាភិបាលអន្តរាគមន៍ដោះស្រាយយ៉ាងដូចម្ដេច?

    គេហដ្ឋាន​សាធារណៈ ឬផ្ទះសាងសង់​ដោយរដ្ឋ ​ត្រូវ​បាន​ចាត់​ទុក​ជារឿយៗ​ថា គ្មាន​គុណ​ភាព​ និងស្ថិតនៅ​ក្នុង​តំបន់​សម្បូរ​ដោយ​​បទឧក្រិដ្ឋ។ ប៉ុន្តែ ​រឿង​នេះមាន​ស្ថានភាព​ខុស​គ្នា​ទាំង​ស្រុង សម្រាប់​ករណី ប្រទេស​សិង្ហបុរី។ ផ្ទះ​រដ្ឋ​មានសភាពស្អាត សុវត្ថិភាព និង​ត្រូវ​បាន​​ថែទាំជាប្រចាំ​ ​ដោយ​យក​ចិត្ត​ទុកដាក់។

    យោង​តាម​របាយការណ៍ស្ដីពីតំបន់​អាស៊ី​របស់​ការសែត The Bloomberg ក្នុង​ចំណោម​ពលរដ្ឋ​សិង្ហបុរី​​ដប់គ្រួសារ​ មាន​ប្រាំបីគ្រួសារ​ទៅហើយ​ ដែល​រស់​នៅ​ក្នុង​ផ្ទះសាងសង់​ដោយ​រដ្ឋ។ សិង្ហបុរី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួចណាស់​លើពិភព​លោក​ ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរ​តែ​គ្រប់​គ្រួសារ ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធ​​ផ្ទះសំបែងរបស់​ខ្លួន​។ មាន​លើស​ពី ៩០ភាគរយ​នៃ​គ្រួសារ​សិង្ហបុរី​ មាន​គេហដ្ឋានផ្ទាល់​ខ្លួន ដែល​បាន​ទិញ​ពីផ្ទះសាងសង់​ដោយរដ្ឋ និង​ឯកជន។

    តើសិង្ហបុរីដោះស្រាយបញ្ហាគេហដ្ឋានរបស់ពលរដ្ឋខ្លួនយ៉ាងដូចម្ដេច?

    នៅ​ឆ្នាំ​១៩៥៩ នៅ​ពេល​ដែល​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស បុរី​រដ្ឋ​មួយ​នេះ​បាន​ប្រឈម​នឹង​វិបត្តិ​ផ្ទះសំបែង ស្រប​ពេល​កំណើន​ប្រជាជន​កើន​ឡើង​យ៉ាង​គំហុក។ រហូត​ដល់​ឆ្នាំ​១៩៦០ នាយក​រដ្ឋមន្ត្រី​ដំបូងរបស់​សិង្ហបុរី​ លោក លី ក្វាន់​យូ និង​រដ្ឋាភិបាល​របស់​គាត់​បាន​បង្កើត ក្រុម​ប្រឹក្សាភិបាល​គេហដ្ឋាន និង​អភិវឌ្ឍ (Housing and Development Board)​ ដែល​ជា​ភ្នាក់ងារ​សាធារណៈ​មាន​បេសកកម្ម​កសាង​ផ្ទះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ។

    កំឡុង​ពេល​នោះ ពលរដ្ឋចំណាកស្រុក​យ៉ាង​ច្រើន​ រួម​មាន​ប្រជាជន​មកពី​ម៉ាឡេស៊ី កំពុង​រស់​​នៅ​សង្កាត់​ដែល​គ្មាន​អនាម័យ និង​គ្មាន​សណ្តាប់​ធ្នាប់។ ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកាន់ពូជសាសន៍​រវាង ជនជន​ជាតិចិន និងជន​ជាតិ​ម៉ាឡេ ក្រុម​ប្រឹក្សាភិបាល​គេហដ្ឋាន និង​អភិវឌ្ឍ ខិតខំ​ព្យាយាម​យ៉ាង​ខ្លាំង​ ធ្វើ​យ៉ាង​ណា​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​ចាកចេញ​ពី​តំបន់​​ទាំង​នោះ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​អភិវឌ្ឍ។ ក្រោយ​មក​ ហេតុការណ៍​ភ្លើង​ឆេះ​យ៉ាង​ធំ​ បាន​កើត​ឡើង​នៅ​កណ្តាល​សង្កាត់​នោះ នៅថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៦១។ ផ្ទៃដី​ប្រមាណ ៤០០ ពាន់ម៉ែត្រ​ការ៉េ​ត្រូវ​បាន​ឆេះ​ខ្ចេចខ្ចី។

    មនុស្ស​​បួន​នាក់​បាន​ស្លាប់ ខណៈ​ មនុស្ស​ប្រមាណ ១៦ ពាន់នាក់ គ្មាន​ផ្ទះសំបែង។ រដ្ឋាភិបាល​​បាន​ផ្តល់​ទីតាំ​ង​ស្នាក់​អាស្រ័យ​បណ្ដោះ​អាសន្ន ​ដោយ​ជោគជ័យ​ ទៅ​ឱ្យ​ជន​រងគ្រោះ​អគ្គិភ័យ​ទាំង​អស់​ ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ  និ​ងក្រោយមក រដ្ឋ​បាន​សាងសង់​ផ្ទះ​ថ្មី នៅ​ក្នុង​តំបន់​នោះ​ នៅ​ប្រាំ​ឆ្នាំ​ក្រោយ​។

    ប្រតិកម្មយ៉ាង​រហ័សរបស់រដ្ឋាភិបាល​របៀ​បនេះ​បានឈ្នះលើចិត្ត​ប្រជាជន និងបាន​ត្រួស​ត្រាយ​ផ្លូវ សម្រាប់គម្រោងសាងសង់លំនៅដ្ឋានសាធារណៈ នាពេលអនាគត។ សិង្ហបុរី ប្រាកដ​ណាស់ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួច​ណាស់ ​ដែល​មាន​ភ្នាក់ងារ​សាធារណៈ​អាច​បំពេញ​បេសកកម្ម​បាន​សម្រេច​យ៉ាង​នេះ​ ត្រឹម​គម្រោង​រយៈពេល​ ប្រាំ​ឆ្នាំ។

    នៅ​ឆ្នាំ​១៩៦៥ ក្រុម​ប្រឹក្សាភិបាល​គេហដ្ឋាន និង​អភិវឌ្ឍ បាន​គ្រប់គ្រង​សាង​សង់​ ជាង ៥១ ពាន់ផ្ទះ​ល្វែង​ ធ្វើ​ឱ្យ​​មនុស្ស​ទាំង ៤០០ ពាន់នាក់ (ចំនួន​ប្រហែល​ មួយភាគ​បួន​នៃ​ប្រជាជន​​សរុប) ​មាន​ផ្ទះ​សំបែង​ឡើង​វិញ ហើយ​បញ្ហា​កង្វះ​គេហដ្ឋាន​ត្រូវ​បាន​ដោះ​ស្រាយ។

    ក្រៅ​ពី​ជួល​ផ្ទះ​ល្វែង ក្រុម​ប្រឹក្សាភិបាល​គេហដ្ឋាន និង​អភិវឌ្ឍ ក៏​​បាន​ចាប់​ផ្ដើម​លក់​​ផ្ទះរដ្ឋ​ នៅ​ឆ្នាំ​១៩៦៤។ ក៏​ប៉ុន្តែ ប្រជាជន​សិង្ហ​បុរី​ត្រូវ​ទាម​ទារ​ឱ្យ​ធ្វើ​ការ​សន្សំ​ ប្រាក់​ខែ​របស់​ពួកគេ​មួយ​ផ្នែក​ នៅ​ក្នុង​គម្រោង​មួយ ​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ឈ្មោះ​ថា មូលនិធិបម្រុង​ចម្បង (Central Provident Fund)។

    ពេល​ដំបូង មូល​និធិ​នេះ​ ផ្តល់​ជូន​តែ​សម្រាប់​ពេល​ចូល​និវត្តន៍​ប៉ុណ្ណោះ តែ​ក្រោយមក នៅ​ឆ្នាំ​១៩៦៨ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​មូលនិធិ​នេះ សម្រាប់​ការ​ចំណាយ​​លើ​គេហដ្ឋាន ក្នុង​វត្ថុ​បំណង ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ច្រើន អាច​មាន​ផ្ទះ​សំបែង​ខ្លួន​ឯង។

    ខុស​ពី​បណ្តា​ប្រទេស​ដ៏ទៃ​ផ្សេង​ទៀត គេហដ្ឋាន​សាធារណៈរបស់​សិង្ហបុរី ​មិន​មែន​សម្រាប់​​តែ​​អ្នក​ក្រ​នោះទេ ក៏​ប៉ុន្តែ​វាស​ម្រាប់​មនុស្ស​ភាគ​ច្រើនក្នុង​សង្គម​ទាំងមូល។ ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ក្នុង​កម្រិត​ខ្ពស់​បំផុត​ណា​មួយ​ អាច​ទិញ​ប្រភេទ​អចលនទ្រព្យ ពី​ផ្ទះល្វែង​មាន​ពីរបន្ទប់ រហូត​ដល់ ខុន​ឌូ​ជាមួយ​ អ៊ាង​ហែល​ទឹក និង​កន្លែង​ហាត់​ប្រាណ។ ផ្ទះ​ទាំង​នោះ ជាទូទៅ មាន​តម្លៃទាប ២០ ទៅ​៣០ភាគរយ ជាង​ទីផ្សារ​ឯកជន។ ប៉ុន្តែ​ គេ​ត្រូវ​ធ្វើ​ការ​ស្នើសុំ និង​បញ្ជា​ទិញ​ដំបូង​សិន និង​ត្រូវ​រង់​ចាំ កំឡុង​ពីរបី​ឆ្នាំ ​ដើម្បី​បញ្ចប់​ការ​សាងសង់។ ផង​ដែរ គេ​មិនអាច​លក់​វា​បាន​ទេ រហូត​ដល់​គេ​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ យ៉ាង​ហោច​ណាស់ បាន​ប្រាំ​ឆ្នាំសិន។ សព្វ​ថ្ងៃ​នេះ ក្រុម​ប្រឹក្សាភិបាល​គេហដ្ឋាន និង​អភិវឌ្ឍ បាន​គ្រោង និង​សាងសង់ជាង មួយ​លាន​ផ្ទះល្វែង ពាសពេល​បុរីរដ្ឋ​មួយ​នេះ។

    ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​គេហដ្ឋាន​រដ្ឋ​បាន​កើន​ឡើង​ពី ៩​ភាគរយ​នៅ​ឆ្នាំ ១៩៦០ ដល់​​ ៨២​ភាគរយ​នៅ​ឆ្នាំ​២០១៦ ស្របពេល​ដែល​អត្រា​នៃ​ប្រជាពលរដ្ឋ​មាន​ម្ចាស់​កម្មសិទ្ធ​ផ្ទាល់​ខ្លួន ​បាន​កើន​ឡើង​យ៉ាង​រហ័ស ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច។

    គំរូ​ម៉ូឌែល​​គេហដ្ឋាន​សាធារណៈរបស់​សិង្ហបុរី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា គំរូម៉ូឌែល​មួយ​ក្នុង​ចំណោម​គំរូ​ម៉ូឌែលដ៏​ល្អ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​អ្នក​ខ្លះ​បាន​យល់​ឃើញ​ថា គំរូ​ម៉ូឌែល​នេះ​​ជា​មធ្យោបាយ​មួយ​ដើម្បី​ឃ្លាំមើល គ្រប់គ្រង​សង្គម។ ជា​ឧទាហរណ៍ រដ្ឋ​បាន​កំណត់​ចំនួន​​កូតា ដោយ​ត្រូវឱ្យ​គ្រួសារ​សិង្ហបុរី​រស់​នៅ​ចម្រុះ​គ្នា រវាង ប្រជាពលរដ្ឋ​មាន​ដើម​កំណើត​​​ចិន ឥណ្ឌា និង​ម៉ាឡេ នៅ​ក្នុង​ប្លុក​តែមួយ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា ឱ្យ​ពលរដ្ឋ​ទាំង​អស់​នោះ​ ចេះ​រស់​នៅ​ចុះ​សម្រុង​គ្នា និង​មិន​អាច​បង្កើត​បក្ស​ពួក​ប្រឆាំង​គ្នា​បាន។​

    ទោះ​ជាយ៉ាង​ណា គេ​នៅ​តែ​បន្តអង្កេត​ឃើញ​ពី​ ឆន្ទៈ​នយោបាយ​ដ៏​ខ្លាំង​ខ្លា និង​គោល​នយោបាយ​​ដ៏​មាន​ប្រសិទ្ធិភាព​របស់​រដ្ឋាភិបាល​សិង្ហបុរី ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​គេហដ្ឋាន​ និង​ការបង្កើន​សុខុមាលភាព​មនុស្ស​រាប់​លាន​នាក់៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ