ផ្កាយរណបសិក្សាពីអាកាសធាតុរបស់ចិននិងបារាំង បង្ហោះទៅអវកាសដោយជោគជ័យ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៨
ផ្កាយរណប ដែលជាគម្រោងរួមគ្នា រវាងចិន និងបារាំង ត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យនៅថ្ងៃចន្ទនេះ។ ផ្កាយរណបនេះត្រូវបានបាញ់ចេញពីមូលដ្ឋាននៃទីភ្នាក់ងារអវកាស Jiuquan ចិន ដោយប្រើរ៉ុកកែតរបស់ចិន។ ផ្កាយរណបនេះ មានបេសកកម្មសង្កេត និងប្រមូលទិន្នន័យទាក់ទងនឹងមហាសមុទ្រ ដើម្បីសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ម៉ោង៨និង៤១ ម៉ោងនៅប្រទេសចិន រ៉ុកកែតប្រវែង៤២ម៉ែត្រ ត្រូវបានបាញ់បង្ហោះចេញទៅលើផ្ទៃមេឃ ដូចដែលបានកំណត់ ពាំផ្កាយរណប CFOSat ទៅកាន់តារាវិថី ចម្ងាយ ៥២៩គីឡូម៉ែត្រពីភពផែនដី។ ជាផ្កាយរណបដំបូងដែលចិននិងបារាំងបានសហការផលិតរួមគ្នា។
ប្រតិបត្តិការអវកាសពីរប្រទេសជាលើកដំបូងនេះ មិនមែនជាគម្រោងសាមញ្ញធម្មតាទេ! នៅក្នុងវិស័យអវកាស ទីតាំងភូមិសាស្ត្រក៏ជាបញ្ហាត្រូវគិតគូរខ្លាំងដែរ ! ចិនមានកម្មវិធីអវកាសជឿនលឿនច្រើនមែន តែមានដៃគូតិចតួចណាស់ក្នុងប្រវត្តិអវកាសរបស់ខ្លួន។ ជាឧទាហរណ៍ជាក់ស្តែង ចិនមិនអាចធ្វើការជាមួយសហរដ្ឋអាមេរិកបានទេ ព្រោះសភាអាមេរិកបានហាមឃាត់ដាច់ខាតមិនឱ្យក្រុមហ៊ុនអវកាសអាមេរិកNasa ធ្វើការជាមួយភាគីចិនទេ !
នៅក្នុងបរិបទបែបនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលឃើញបារាំង ទៅគោះទ្វារហៅចិននៅឆ្នាំ២០០៦ ឱ្យមករៀបគម្រោងរួមគ្នានោះ។ សម្រាប់បារាំងនេះជាឱកាស ! បារាំងត្រូវការដៃគូមកសម្រេចគម្រោងដែលបារាំងមិនអាចធ្វើម្នាក់ឯងចេញ ! ដូច្នេះមានតែស្នើចិន ! ប៉ុន្តែ ដោយបញ្ហាវប្បធម៌ និងទីតាំងភូមិសាស្ត្រនៅឆ្ងាយពីគ្នា គេត្រូវការចំណាយពេលដល់ទៅ ១២ឆ្នាំ ទម្រាំរៀបផែនការបានសម្រេច និងបាញ់បង្ហោះគម្រោងផ្កាយរណបរួម បានដោយជោគជ័យនៅថ្ងៃនេះ។
CFOSat ផ្កាយរណបបានទៅដល់គន្លងតារាវិថី ដ៏ត្រឹមត្រូវ និងយ៉ាងពេញលេញ ! កាំជ្រួច Longue Marche 2C ធ្វើការបានល្អ ! នេះបើតាមទិន្នន័យដំបូង បង្ហាញនៅអេក្រង់ត្រួតពិនិត្យនៃមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសចិន Jiuquan។ លោក វូ យ៉ានហួ Wu Yan Huaប្រធានភ្នាក់ងារអវការចិនបានសម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រតិបត្តិការ និងជម្រើសយកបារាំងជាដៃគូ ដោយក្លែមពាក្យថា តាមធម្មតា តាមបែបគណិតវិទ្យា ១+១ ស្មើនឹងពីរ តែបើបារាំងបូកនឹងចិន គឺបានលទ្ធផលច្រើន !
ហេតុអ្វីបានជាចិនធ្វើការប្រៀបធៀបបែបនេះ ?! ព្រោះថា ក្រៅអំពីបេសកកម្មនយោបាយ ផ្កាយរណប CFOSat មានតួនាទីវិទ្យាសាស្ត្រធំធេងណាស់។ ផ្កាយរណបនេះមានកម្មវិធីសង្កេតនិងប្រមូលទិន្នន័យទាក់ទងនឹងមហាសមុទ្ទ ដោយប្រើឧបករណ៍ពីរបញ្ចូលគ្នា ៖ Swim ជាបេសកកម្មរបស់បារាំង ដែលត្រូវសិក្សាអំពីរលកសមុទ្ទ ឯខាងចិនទទួលបន្ទុកសិក្សាអំពីខ្យល់ ហៅថាSCAT។ ប្រៀបដូច យីងនិងយ៉ង់ ឧបករណ៍ទាំងពីរនេះនឹងជួយអ្នកស្រាវជ្រាវបានយល់កាន់តែច្បាស់អំពីយន្តការនៃចំណងបាតុភូត រលកនិងខ្យល់។
បើតាមការពន្យល់របស់នាយកកម្មវិធីសង្កេតផែនដី បើផ្ទៃសមុទ្ទមានរលកខ្លាំង នោះការប្តូរផ្លាស់ខ្យល់កាន់តែមានប្រសិទ្ធភាព។ ហើយការប្តូរផ្លាស់ជាប្រការដ៏សំខាន់ ដោយសារមហាសមុទ្ទជាចាត់ចែងសីតុណ្ហភាពនៃភពផែនដី- ជាអ្នកនាំនិងចែកចាយកម្តៅពីកន្លែងមួយទៅកន្លែងមួយ។ មហាសមុទ្ទក៏មានសមត្ថភាពដ៏ធំចំបងមួយក្នុងការស្រូបឧស្ម័នកាបូនិកក្នុងបរិយាកាសទៀត។
ដូច្នគេកំពុងរំពឹងលើបេសកកម្មរបស់ផ្កាយរណប CFOSat ដើម្បីបានយល់ច្បាស់អំពីបាតុភូតនេះ និងជាពិសេសបានយល់ថាតើសមុទ្ទស្រូបឧស្ម័នពុលកាបូនិកយ៉ាងដូចម្តេច។ ម្យ៉ាងទៀតថ្វីបើគេដឹងថា មហាសមុទ្ទជាអណ្តូងស្រូបឧស្ម័នកាបូនិកដ៏សំខាន់ ប៉ុន្តែគេកំពុងតែចាប់សង្ស័យថាមហាសមុទ្ទកំពុងបាត់បង់សមត្ថភាពនេះដែរ។ ដូច្នេះមានតែផ្កាយរណប CFOSat ទេដែលអាចជួយបំភ្លឺមនុស្សលោកបាន។
មានន័យថា បើនិយាយអំពីផលប្រយោជន៍ជាក់ស្តែង សម្រាប់មនុស្សលោក ផ្កាយរណបនឹងជួយឱ្យក្រុមអ្នកឧតុនិយមធ្វើការព្យាករអាកាសធាតុបានច្បាស់លាស់ជាងមុន និងអាចត្រៀមលក្ខណៈកាន់តែប្រសើរប្រឈមនឹងហេតុការណ៍ព្យុះសង្ឃរាកំណាចៗខ្លាំងបានជាមុន។ ប៉ុន្តែគេត្រូវរង់ចាំបន្តិចសិន ! អ្នកស្រាវជា្រវវិទ្យាសាស្ត្រអវកាសចិននិងបារាំង ត្រូវការសិក្សាអំពីទិន្នន័យថ្មីផ្តល់ដោយផ្កាយរណបសិន។ ហើយទាល់តែមួយខែទៀត ទើបអ្នកស្រាវជ្រាវអាចផ្ទៀងផ្ទាត់បានថាផ្កាយរណបពិតជាមានដំណើរការល្អ នៅក្នុងតារាវិថី និងចាប់ផ្តល់វិធានការដំបូងរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ