អានតួអត្ថបទ

ប្រទេសចិន​ អនុញ្ញាត​ឱ្យមាន​ការជួញដូរ​សត្វខ្លា​-រមាស​ តែមាន​​លក្ខខណ្ឌ

ប្រទេស​ចិន​ កាលពី​ថ្ងៃចន្ទ​ទី២៩​ តុលា​បាន​ប្រកាស​អនុញ្ញាត​ឱ្យមាន​ការជួញដូរ​សត្វខ្លា និង សត្វរមាស​ ប៉ុន្តែ​សម្រាប់​ប្រើ​តែ​ក្នុង​គោលបំណង​ទាក់ទង​នឹង​ការងារ​ វិទ្យាសាស្ត្រ​-វេជ្ជសាស្រ្ត​ និង​វប្បធម៌​ប៉ុណ្ណោះ​។ ការ​ប្រកាស​នេះ​ធ្វើឡើង​ ក្រោយពី​អាជ្ញាធរ​ចិន​រក​ឃើញថា ​ការលួចជួញដូរ​ប្រភេទសត្វ​កម្រ​ទាំងនេះ​ កំពុង​មាន​ការកើនឡើង ​នា​រយៈពេល​ចុងក្រោយនេះ​។

មន្ត្រីគយចិនឈរក្បែរស្នែងរមាស៣៣ក្បាល ដែលរឹបអូសបានកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១១។
មន្ត្រីគយចិនឈរក្បែរស្នែងរមាស៣៣ក្បាល ដែលរឹបអូសបានកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១១។ REUTERS/Bobby Yip/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ថា​ ការលួច​ជួញដូរ​ប្រភេទសត្វ​កម្រ​ ជារឿង​មិនអាច​លើកលែង​បានឡើយ​ ហើយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ នឹងអនុម័ត​លើការ​ដាក់​ពិន័យទោស​ថ្មីមួយ​ ទៅលើ​ជនល្មើស​ ក្នុងពេល​ចាប់ៗ​ខាងមុខនេះ​។

តែទោះជាយ៉ាងនេះក្តី​ អាជ្ញាធរចិន​ ក៏បាន​ប្រកាស​ឲ្យបន្តមាន​ទីផ្សារទិញ​-លក់​ សត្វរមាស​ និង​សត្វខ្លា​ផងដែរ​ ប៉ុន្តែ​ការអនុវត្តន៍​នេះ​ អាចធ្វើបាន​តែក្នុង​ករណីពិសេសៗ​ប៉ុណ្ណោះ​ ដែលក្នុងនោះ​រួមមាន​ ការប្រើប្រាស់​សម្រាប់​មន្ទីរពិសោធន៍​ខាងផ្នែក​វិទ្យសាស្ត្រ ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​ និង​ក្នុង​លក្ខខណ្ឌ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ​ គឺយក​ធ្វើជា​វត្ថុបុរាណ​។

ទាក់ទង​នឹងរឿងនេះ​ដែរ​ អ្នកអភិរក្សសត្វព្រៃ​ នាពេលថ្មីៗនេះ​ បានសម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការបន្តអនុញ្ញាត​ឱ្យមាន​ការជួញដូរ​សត្វខ្លា​សត្វរមាស​របស់​អាជ្ញាធរចិន​នេះ​។ ជាក់ស្តែង​ អ្នកភិរក្ស​សត្វព្រៃ​របស់​មូលនិធិ​សត្វព្រៃ​ពិភពលោក​ WWF ​បាន​លើកឡើងថា​ ការជួញដូរ​ក្នុង​រូបភាពណា​ក៏ដោយ​ វា​នឹង​ជំរុញឲ្យ​មានការបាត់បង់​ជីវិត​ប្រភេទសត្វ​កម្រទាំងនោះ​។ ហើយ​ក្នុង​បរិបទនេះ​ ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ​នឹងត្រូវ​ជួបឧបសគ្គ​។

គួរ​រឭកថា​ ប្រទេសចិន​បានផ្តើម​ហាមឃាត់​ការជួញដូរ​ឆ្អឹង​សត្វខ្លា​និងរមាស​ ដំបូង​ក្នុងឆ្នាំ​១៩៩៣​ និងបាន​ដាក់ហាមឃាត់​លើការ​លក់ភ្លុកដំរី​ ជាធរមាន​នៅក្នុង​ខែធ្នូ​ ឆ្នាំ ២០១៧​។ ប៉ុន្តែ​ទន្ធឹក​នៃ​ចរាចរណ៍​លក់ដូរ​តាម​ទីផ្សារ​ងងឹត​ នៅតែ​មានច្រើន​ ចូល​ក្នុង​ប្រទេសចិន​ពី​ប្រទេស​វៀតណាម​។ នេះ​បើយោងតាម​ការស៊ើបអង្កេត​ ដែល​បាន​ធ្វើឡើង​កាលពីឆ្នាំ​មុន​ ដោយ​ក្រុមអភិរក្ស​សត្វដំរី​។

សូមជម្រាប​ផងដែរ​ថា​ ភ្លុកដំរី​ ត្រូវបាន​គេចាត់ទុក​ថា​ជា​និមិត្ត​សញ្ញា​មួយ​ របស់​ប្រទេសចិន​។ មួយវិញទៀត​ បើទោះជា​អាជ្ញាធរចិន​ នៅក្នុងប៉ុ​ន្មានឆ្នាំ​ថ្មីៗនេះ​ បានខិតខំ​ប្រឹងប្រែង​បង្ក្រាប​ការ​លក់ដូរ​ផលិតផល​សត្វព្រៃ​ខុសច្បាប់ ​ដូចជា​ប្រភេទ​ភ្លុកដំរី ​​ខ្នាយ​រមាស​ យ៉ាងណា​ក៏ដោយ​ ក៏​ការលួច​ជួញដូរ​សត្វព្រៃ​ នៅតែ​បន្តកើត​ក្នុង​ស្រុកចិន​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ