ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាស៊ី

ចិន​បង្ហាញ​លើកដំបូង ស្ថានីយ៍​យាន​អវកាស​របស់ខ្លួន

media  
គំរូ​ស្ថានីយ៍​យានអវកាស​ចិន នៅក្នុង​ពិព័រណ៌​យន្តហោះ​នៅ​ខេត្ត​ក្វាងទុង​ប្រទេស​ចិន នៅ​ថ្ងៃទី ៦​វិច្ឆិកា ២០១៨ ©Courtesy of China Aerospace Science and Technology Corporation

ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារទី ៦​វិច្ឆិកា បាន​បញ្ចេញ​ឲ្យ​គេ​ឃើញ គំរូ​ស្ថានីយ៍​យាន​អវកាស ដែល​ចិន​គ្រោង​នឹង​បង្ហោះ​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ ២០២២។ យានអវកាស​របស់​ចិន ដែល​ជា​និមិត្តរូប​នៃ​មហិច្ឆតា​របស់​ចិន នៅក្នុង​ទីអវកាស មាន​គោលដៅ ទៅ​ជំនួស​កន្លែង​របស់​ស្ថានីយ៍​យាន​អវកាស​របស់​អន្តរជាតិ ISS ដែល​ដឹកនាំ​ដោយ​អាមេរិក និង​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម របស់ខ្លួន នៅ​ឆ្នាំ ២០២៤។

 

គំរូ ស្ថានីយ៍​យាន អវកាស​របស់​ចិន ត្រូវ​បាន​ដាក់​តាំង​បង្ហាញ នៅ ក្នុង​ពិព័រណ៌​យន្តហោះ ដែល​ចាប់​បើកទ្វារ តាំង​ពីថ្ងៃ​ចន្ទ​ម្សិលមិញ នៅទីក្រុង Zhuhai ក្នុង​ខេត្ត​ក្វាងទុង។ ស្ថានីយ៍​យានអវកាស​របស់​ចិន ដែល​មាន​ឈ្មោះថា Tiangong ឬ វិមានសួគ៍ មាន​កន្លែង​ស្នាក់នៅ និង​កន្លែង​ធ្វើការ​ពិសោធន៍​វិទ្យាសាស្រ្ត។ វា​អាច​ដាក់​មនុស្ស​ឲ្យ​រស់នៅ​ជាអចិន្ត្រៃយ៍​ចំនួន ៣នាក់ និងមាន​សមត្ថភាព ផ្ទុក​ទំងន់​រហូត​ដល់​ទៅ ៦០​តោន។ ស្ថានីយ៍​យាន​អវកាស​របស់​ចិន ដែល​បំពាក់​ដោយ​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ អាច​មាន​ជីវិត​ដំណើរការ​ក្នុង​ទីអវកាស​រយៈពេល ១៥ឆ្នាំ។ នេះបើតាម​បណ្ឌិតសភា ចិន​ខាងផ្នែក​បច្ចេកវិទ្យា​អវកាស ដែល​ជាអ្នកកសាង ស្ថានីយ៍​យានអវកាស វិមានសួគ៍។

តាម​គម្រោង​របស់​រដ្ឋាភិបាល​ចិន ការស្ថាបនា​ស្ថានីយ៍​យានអវកាស ដែល​មាន​មនុស្ស​រស់នៅ នឹង​ចាប់ផ្តើម​ពី​ឆ្នាំ ២០២០ មុន​នឹង​ស្ថានីយ៍​យានអវកាស​ទាំងមូល អាច​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ នៅ​ឆ្នាំ ២០២២។ គេ​អាច​និយាយ​បាន​ថា នៅ​ឆ្នាំ ២០២៤ ស្ថានីយ៍​យានអវកាស​របស់​ចិន នឹង​ក្លាយ​ជា​ស្ថានីយ៍​តែ​មួយ​គត់ ក្នុង​លោក ដែល​នៅ​ដំណើរការ​នៅក្នុង​ទីអវកាស ព្រោះថា ទីភ្នាក់ងារ​ណាសា របស់​អាមេរិក​បាន​ប្រកាស​រួចហើយថា នឹង​បិទបញ្ចប់​បេសកកម្ម​របស់​ស្ថានីយ៍​យាន​អវកាស​អន្តរជាតិ ISS ដែល​មាន​ការចូលរួម​ពី​ជប៉ុន រុស្ស៊ី កាណាដា និង​អឺរ៉ុប នៅ​អំឡុង​ឆ្នាំ ២០២៤។ ស្ថានីយ៍​យាន​អវកាស​របស់​ចិន​នឹង​ទៅ​ជំនួស​កន្លែង​របស់​ស្ថានីយ៍​យានអវកាស​អន្តរជាតិ ប៉ុន្តែ ជាមួយ​នឹង​ប្រវែង​ ១៧​ម៉ែត្រ ស្ថានីយ៍​យានអវកាស​ចិន នៅតូចណាស់ បើប្រៀបធៀប​នឹង​ស្ថានីយ៍​អន្តរជាតិ​ដែល​មាន​​ ប្រវែង ៧២ម៉ែត្រ។

នៅ​ខែ​ឧសភា នៅ​ការិយាល័យ​កិច្ចការ​អវកាស​របស់​អង្គការ​សហប្រជាជាតិ ទីភ្នាក់ងារ​អវកាស​ចិន បាន​ប្រកាស ស្វាគម គ្រប់ប្រទេស ដែល​ចង់​ធ្វើការ​ស្រាវជ្រាវ នៅក្នុង​ស្ថានីយ៍​យានអវកាស​របស់ខ្លួន។ ប្រទេស​ចិន​បាន​ប្រកាស​ផងដែរ បើកដៃ​ទទួល​យក​អវកាសយានិក​បរទេស ដែល​ចង់​ទៅធ្វើការ​នៅ​ក្នុងស្ថានីយ៍​យានអវកាស​របស់ខ្លួន។ តាម​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប គេ​បានបញ្ជូន​រួចហើយ អវកាសយានិក ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដើម្បី​អាច​ទៅ​ធ្វើការ នៅក្នុង​ស្ថានីយ៍​យានអវកាស​ចិន នៅ​ថ្ងៃ​ខាងមុខ។

សូមបញ្ជាក់ថា ចិន​ដែល​មាន​មហិច្ឆតា​បញ្ជូន​មនុស្ស​យន្ត​ទៅ​ឋានព្រះអង្គារ ហើយនិង​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ នៅ​អនាគត​ដ៏ខ្លី​ខាងមុខ បាន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធី​យានអវកាស​របស់ខ្លួន។ ស្ថានីយ៍​យានអវកាស​របស់​ចិន ដែល​មាន​ការចូលរួម​សហការ​សម្របសម្រួល​ពី​កងទ័ព​ចិន មាន​គម្រោង​ផងដែរ​នឹង​ដាក់បង្ហោះ ផ្កាយរណប​ដែល​នឹង​ធ្វើការ​សម្រាប់​ប្រយោជន៍ ប្រទេស​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ