អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពីថ្ងៃ​ចន្ទ ទី​៥​វិច្ឆិកា រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ខ្លួន គ្របដណ្តប់​ដោយ​ផ្សែងពុល​បរិយាកាស​ដ៏អាប់អួរ។ អ្វីដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង គឺ បរិមាណ​ផ្សែងពុល​បរិយាកាស​នឹង​កើនឡើង​ដល់​កម្រិតកំពូល ចាប់ពី​ថ្ងៃ​ពុធ​នេះ​តែម្តង ថ្ងៃ​ដែល​ប្រជាជន​ឥណ្ឌា​នៅ​តំបន់​ភាគខាងជើង​ប្រទេស ដុត​គ្រាប់ផាវ រាប់រយ​លានគ្រាប់ ដើម្បី អបអរ​ពិធី​បុណ្យ​ភ្លើង Diwali​ដែល​ជា​ពិធីបុណ្យ​សម្រាប់រំលឹក​ពី​ជ័យជំនះ​នៃ​ពន្លឺ​ទៅលើ​ភាពងងឹត ឬ​ការឈ្នះ​នៃ​អំពើល្អ​ទៅលើ​អំពើអាក្រក់​ជាដើម។ ជារៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ខែ​វិច្ឆិកា ក្រុងញូវដេលី និង​តំបន់​ភាគខាងជើង តែងតែ​រងប្រឈម​នឹង​ខ្យល់ពុល​បរិយាកាស។ ហេតុអ្វី​បាន​ជាដូច្នេះ? 

បុរសម្នាក់ដើរឆ្លងថ្នល់​ក្បែរ​ក្រសួងការពារជាតិ និង​ក្រសួង​មហាផ្ទៃ​ឥណ្ឌា ក្នុង​ទីក្រុង​ញូវដេលីដែ​ល​កំពុង​គ្របដណ្តប់​ដោយ​ផ្សែងពុល​បរិយាកាស​តាំង​ពីថ្ងៃ​ចន្ទទី ៥​វិច្ឆិកា ២០១៨
បុរសម្នាក់ដើរឆ្លងថ្នល់​ក្បែរ​ក្រសួងការពារជាតិ និង​ក្រសួង​មហាផ្ទៃ​ឥណ្ឌា ក្នុង​ទីក្រុង​ញូវដេលីដែ​ល​កំពុង​គ្របដណ្តប់​ដោយ​ផ្សែងពុល​បរិយាកាស​តាំង​ពីថ្ងៃ​ចន្ទទី ៥​វិច្ឆិកា ២០១៨ ©REUTERS/Altaf Hussain
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ញូវដេលី​បានវាស់​រកឃើញ​សារធាតុ ពុល​ល្អិតឆ្មារ ក្នុង​ខ្យល់បរិយាកាស មានចំនួន​ដល់ទៅ​៦២០​មីក្រូក្រាម​ក្នុង​ខ្យល់មួយម៉ែត្រគូប។ ជាបរិមាណ​ដ៏ច្រើន គឺ​ច្រើនលើស​ការកំណត់​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ថា គេ​អាច​ប្រឈម​នឹង​ខ្យល់ពុល​បរិយាកាស ត្រឹម​កម្រិត ២៥មីក្រូក្រាម​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ។

មាន​កត្តា​សំខាន់​ពីរ​ដែល ធ្វើ​រដ្ឋធានី​ញូវដេលី​របស់​ឥណ្ឌា​ស្រាប់តែ​ភ្លាមៗ ត្រូវ​គ្របដណ្តប់​ក្រាសឃ្មឹក​ដោយ​ផ្សែងពុល​បរិយាកាសនៅ​សប្តាហ៍នេះ។ ទី​មួយ​គឺ អាកាសធាតុ​ចុះ​ត្រជាក់ គ្មានខ្យល់បក់។ ទីពីរ គឺ​បូកបន្ថែម​ពីលើ ខ្យល់ពុល​បរិយាកាស​ដែល​បណ្តាល​មកពី​ផ្សែងឡាន ជាង​១០លាន​គ្រឿង នៅរដ្ឋធានី រោងចក្រ​អគ្គិសនី​ដើរដោយ​ធ្យូងថ្ម ហើយនិង​ការដុត​សំរាមរួចហើយនោះ ប្រជាកសិករ​ឥណ្ឌា ចាប់​ពី​ចុង​ខែ​តុលា កំពុង​ចាប់ផ្តើម​ប្រតិបត្តិការ ដើរ​ដុត​គល់​កញ្រ្ជាំងស្រូវ ដើម្បី​យកដី​ទៅ​ដាំដំណាំ​ស្រូវសាឡី។

គ្រាន់តែ​ដុតគល់​កញ្ជ្រាំងស្រូវ​សោះ ហេតុអ្វី ក៏​ក្រុង​ញូវដេលី ដែល​ជារដ្ឋធានី​សេដ្ឋកិច្ច បេះដូង​របស់​ឥណ្ឌា​បែរ​ជា​រង​អាប់អួរ ដោយ​ផ្សែងពុល​ដែល​បណ្តាល​មក​ពី​ផ្សែងដុតគល់កញ្រ្ជាំងស្រូវ​ទៅវិញ?

ត្រូវ​ដឹងថា ឲ្យ​តែ​ដល់​ចុងខែ​តុលា និង​ដើម​ខែ​វិច្ឆិកា ដែល​ជា​រដូវ​ត្រជាក់ ប្រជាកសិករ​ឥណ្ឌា ជាពិសេស នៅ​រដ្ឋ​ធំ​ពីរ​នៅ​ភាគខាងជើង​ឥណ្ឌា គឺ​រដ្ឋ ពុនចាប់ ហើយ​និង​ហាយ៉ាណា តែងតែ​ចាប់ផ្តើម​ដុត​គល់​កញ្ជ្រាំង​ស្រូវ ដើម្បី​យកដី​ទៅ​ដាំស្រូវ​សាឡី​វិញម្តង។ ទៅតាម​នយោបាយ​បដិវត្ត​បៃតង គឺ​កសិកម្ម​ឆ្លាស់វេនគ្នា ដែល​ឥណ្ឌា​ចាប់អនុវត្ត​តាំង​ពី​ឆ្នាំ ១៩៦០ ដើម្បី​លុបបំបាត់​ភាពអត់ឃ្លាន និង​ដើម្បី​ធានាផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស ប្រជាជន​នៅ​រដ្ឋ​កសិកម្ម​ពីរ គឺ ហាយ៉ាណា និង​ពុនចាប់ បាន​ដាំដំណាំ​ស្រូវ​ផលិត​ជា​អង្ករ នៅ​ខែ​កក្កដា និង​ចាប់ផ្តើម​ដាំដំណាំ​ស្រូវ​សាឡី វិញ ម្តង នៅ​អំឡុង​ខែ វិច្ឆិកា។ បញ្ហា​នៅ​ត្រង់ថា នៅលើ​ដីស្រែតែមួយ នៅក្រោយ​ពេល ម៉ាស៊ីន​កាត់​ច្រូត បោកបែន​ស្រូវ​ធ្វើការ​ចប់ កសិករ​ឥណ្ឌា​មិន​ដឹង​ធ្វើ​យ៉ាងណា​ជាមួយ គល់កញ្ជ្រាំងស្រូវ​ដ៏ខ្ពស់ៗ និង​មុតស្រួច ក្រៅតែ​ដើរដុត​ពេញ​វាលស្រែ។

គេ​វាយតម្លៃថា នៅ​រៀងរាល់​រដូវ​ដាស់ដី ដាំស្រូវ​សាឡី ប្រជាកសិករ​ឥណ្ឌា​ ២លាននាក់ ដុត​គល់កញ្រ្ជាំង​ស្រូវ​ប្រមាណ ២៣​លាន​តោន នៅលើ​ទំហំដីស្រែ ៨ម៉ឺន គីឡូម៉ែត្រ​ការ៉េ នៅក្នុង​តំបន់​ភាគខាងជើង​ឥណ្ឌា ដែល​ស្ថិតនៅ មិនឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ញូវដេលី។

ផ្សែង​ចេញ​មក​ពី​ភ្លើង​ដុត​កញ្ជ្រាំង​នេះ ពុល​ខ្លាំងណាស់ ព្រោះ​វា​លាយ​ច្របល់​ដោយ ឧស្ម័នពុល​កាបូន នីដ្រូសែន​ជាដើម។ ដោយ​ប្រើ​ផ្កាយរណប​សម្រាប់​តាមដាន​ទិន្នន័យ អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ហាវ៉ាដ របស់​អាមេរិក​បាន​វាយតម្លៃថា ពាក់កណ្តាល​នៃ​ផ្សែងបំពុល​បរិយាកាស​នៅ​ទីក្រុង​ញូវដេលី ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ គឺ​មាន​ប្រភព​មក​ពី​ការដុតគល់​កញ្រ្ជាំង​ស្រូវ​នេះឯង។ ញូវដេលី ដែល​មាន​ប្រជាជន​រស់នៅ ១៧​លាន​នាក់ ជាប់ចំណាត់​ថ្នាក់ទី ១១ ក្នុង​នាម​ជា​ទីក្រុង​ដែល​ផ្សែងពុល​ខ្លាំង ក្នុង​លោក ពោល​គឺ​នាំមុខ​ឆ្ងាយ​ប្រទេស​ចិន ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៧៥។ វិបត្តិ​ខ្យល់ពុល​បរិយាកាស​បាន​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់​ទាំង​សេដ្ឋកិច្ច (ប្រមាណ ៣ភាគរយ​នៃផលិតផល​ក្នុង​ស្រុក​សរុប) និងធនធាន​មនុស្ស។

នៅទីក្រុង​ញូវដេលី នៅពេល​ដែល​មាន​កើតវិបត្តិ​ផ្សែងពុល​ម្តងៗ ជាពិសេស នៅ​រដូវត្រជាក់ ពេលវេលា​ដែល​ផ្សែងពុល មិនហើរ​ឡើង​ទៅ​លើ​មេឃ និង​ដោយ​គ្មាន​ខ្យល់​បក់នោះ ផ្សែងពុល ដែល​គេ​ដកដង្ហើម​ស្រូប​ចូល​ក្នុង​សួត មាន​បរិមាណ​ស្មើ​នឹង​ផ្សែង​ បារី ១៨ដើម ដែល​គេជក់​ ក្នុង​រយៈពេល មួយថ្ងៃ។ សារធាតុ​ល្អិតឆ្មារ នៅក្នុង​ផ្សែងពុល បរិយាកាស​អាច​ជ្រាប​ចូលទៅក្នុង​សួត ទៅក្នុង​ឈាម​របស់​មនុស្ស។ វា​ប្រភព​បង្កគ្រោះថ្នាក់ខ្លាំង​ដល់​សុខភាព ដូចជា​ជម្ងឺ​គាំង​បេះដូង ឬ​មហារីកសួត ជាដើម សម្រាប់​អ្នកដែល​ស្រូប​ផ្សែងពុល​ខ្លាំងជាង។

គេ​វាយតម្លៃ​ថា ផ្សែងពុល​បរិយាកាស​ជា​ដើមហេតុ​សម្លាប់មនុស្ស​ពី ១ម៉ឺន ទៅ ៣ម៉ឺននាក់ ក្នុង​មួយឆ្នាំៗ នៅទីក្រុង​ញូវដេលី ចំណែក​នៅទូទាំង​ឥណ្ឌា ផ្សែងពុល​បរិយាកាស​នេះធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ ជិត ២លាននាក់ ក្នុង​មួយឆ្នាំៗ។ នេះ​បើតាម​ការសិក្សា​របស់​ព្រឹត្តិប័ត្រ​សុខភាព The Lancet ចេញផ្សាយ​កាលពីខែ​តុលា។

សរុប​សេចក្តី​មក​វិញ ញូវដេលី ទីក្រុង​បេះដូង​របស់​ឥណ្ឌា រងគ្រោះ ដោយសារ​តែ​ភាពរីកចម្រើន​របស់ខ្លួន ដូចជា​ការកើនឡើង​នៃ​ការប្រើប្រាស់​រថយន្ត​បញ្ចេញ​ឧស្ម័នពុល ការរដ្ឋាន​សំណង់ ឬ​រោងចក្រ​ឧស្សាហកម្ម ដើរដោយ​ថាមពល​បាន​មកពី​ធ្យូងថ្ម។ បន្ទាប់ពីនោះ រដ្ឋធានី​របស់​ឥណ្ឌា រងគ្រោះ ដោយសារ​បដិវត្តន៍​បៃតង នៅ​ក្នុង​បណ្តា​រដ្ឋ​ជិតខាង។ ប្រជាជន​ឥណ្ឌា នៅខេត្ត​ជិតខាង​ញូវដេលី អាច​ដាំ​ដំណាំស្រូវ ជាជង្រុក ផ្គត់ផ្គង់​អង្ករ​ដល់​ប្រជាជន​ទូទាំង​ប្រទេស មែនហើយ ប៉ុន្តែ ជាមួយគ្នានោះ នយោបាយ ចង់​ប្រមូលផល មិនឈប់ ដោយ​គ្មាន​ពិចារណា​ពី​ផលប៉ះពាល់ ដែល​កើតឡើង​ដោយសារ​​​ការដុត​គល់​កញ្រ្ជាំង រាប់​ម៉ឺនហិចតា គឺ​ប្រៀបបាន​ជា​កាំបិត​មុខពីរ​យ៉ាង​ដូច្នេះ​ឯង។ រដ្ឋាភិបាល​ខំប្រឹង​រិះរក​វិធីសាស្រ្ត ប្រើបច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ និន្នាការ​ដុតផ្សែងភ្លើង​គល់កញ្ជ្រាំងស្រូវ ប៉ុន្តែ គ្រឿង​ម៉ាស៊ីន​ស្នើ​ដោយ​រដ្ឋាភិបាល នៅ​តែ​ថ្លៃ និង​ស្មុគស្មាញ សម្រាប់​ប្រជាកសិករ​ឥណ្ឌា ដែល​យល់​ថា ការដើរដុត​គល់កញ្រ្ជាំងស្រូវ គឺ​​សាមញ្ញ និង​ងាយស្រួល ជាង អ្វីទាំងអស់។

ស្ថានភាព​ផ្សែងពុលនៅ​ឥណ្ឌា មិនងាយ​នឹង​អាច​ស្រាកស្រាន្ត​ចុះថយ ទោះបី រដ្ឋាភិបាល​ព្យាយាម​កាត់បន្ថយ​ផ្សែងពុល​ចេញមកពី​ការដុត​គល់កញ្រ្ជាំង។ រដ្ឋាភិបាល​ឥណ្ឌា នៅតែ​ត្រូវការ​ពឹងផ្អែក​ទៅលើ​ថាមពល​បាន​មក​ធ្យូងថ្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច។ ស្ថានភាព​ខ្យល់​ពុល​​បរិយាកាស​កាន់តែ​គ្រោះថ្នាក់ នៅថ្ងៃ​ពុធនេះ ព្រោះថា ទោះបី​ជា​ទីក្រុង ញូវដេលី អួរអាប់​ដោយ​ផ្សែងពុលហើយ នោះ ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់ ដែល​គោរព​បូជា​ខ្លាំង ពិធី​បុណ្យ​សាសនា កំពុង​ត្រៀម​រួចហើយ ដើម្បី​ដុតផាវ បញ្ចេញផ្សែងហ៊ុយទ្រលោម​ដើម្បី​អបអរពិធី​បុណ្យ​ហិណ្ឌូ បុណ្យ​ភ្លើង Diwali៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ