អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដក​តំណែង​មេដឹកនាំ​ហិរញ្ញវត្ថុ​នាពេលនេះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ម៉ូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​ប្រកាស​ដករដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​និង​នាយក​​ខុទ្ទកាល័យ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ ចេញ​ពី​​តំណែង និង​ដាក់​អ្នក​ថ្មី​មក​ជំនួស​​វិញ​ភ្លាម​ នៅ​ថ្ងៃ​សុក្រ​នេះ​។ ការ​ដោះដូរមេដឹកនាំកំពូល​​ហិរញ្ញវត្ថុ​នេះ ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​​បន្ថយ​ល្បឿន​ អត្រា​អ្នក​អត់ការងារ​ធ្វើ​ក៏​កើន​ឡើង​ខ្ពស់ និង​វិសមភាព​នៃ​ប្រាក់​ចំណូល។

លោក ម៉ូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង
លោក ម៉ូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង 路透社。
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​តាម​កញ្ចក់ទូរទស្សន៍​ អ្នក​នាំពាក្យ​វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ អំពី​ការ​ដក​លោក គីម ដុងយ៉ុង Kim Dong-yeon រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​នាយក​ខុទ្ទកាល័យទទួល​បន្ទុក​កិច្ចការ​នយោបាយ លោក ចង់ហាស៊ុង Jang Ha-sung ​ចេញ​ពី​តំណែង។ ​​ លោក ហុង ណាមគី Hong Nam-Ki ដែល​ជា​ឥស្សរជន​ជើង​ចាស់ ត្រូវ​កា្លយ​ជារដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថ្មី។ ចំណែក​តួនាទី​ជា​នាយក​ខុទ្ទកាល័យថ្មី​​ទទួល​បន្ទុក​យុទ្ធសាស្ត្រ​នយោបាយ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​លោក គីម សូហ៊ុន Kim Soo-Hyun ដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​ផ្នែក​កិច្ចការសង្គម។ ​ ​

មូលហេតុ​ផ្លូវការ​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ទេ ប៉ុន្តែ​​បើ​សារព័ត៌មាន​កូរ៉េខាងត្បូង ​មេ​ដឹកនាំ​កំពូល​ផ្នែក​ហិរញ្ញវត្ថុអស់​តំណែង​ទាំង​ពីរ មាន​ជម្លោះ និង​ទស្សនៈ​ខុស​គ្នា​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ស្តារ​កំណើន​សេដ្ឋកិច្ច​ជាតិ ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង។ ដើម្បី​ស្តារ​ស្ថានការណ៍ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ លោក គីម ដុងយ៉ុន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាលប្តូរ​នយោបាយ​ តែខាង​នាយក​ខុទ្ទកាល័យ ចង់​រក្សា​នយោបាយ​របស់​លោក​ប្រធានាធិបតី​ដដែល។

​ដូច្នេះ​ដើម្បី​ទប់​​កុំ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​​​រីក​រាល​ដាលកាន់​តែ​ធំ​​ក្នុងជួរ​រដ្ឋាភិបាល លោក ម៉ូន ចែអ៊ីន គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ត្រូវដក​តំណែង​អ្នក​ទាំង​ពីរ​ទេ។ នេះ​បើតាម​អ្នក​វិភាគ ដែល​យល់​ថា​ ជម្លោះ​រវាង​ឥស្សរជន​​ទាំង​ពីរ ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​​សម្រាប់​រដ្ឋាភិបាល​ទាំង​មូល​ ដែល​មិន​គួរ​មើល​ស្រាល​បាន​ឡើយ​។

​រដ្ឋាភិបាលកូរ៉េខាង​ត្បូង​ កំពុង​រងការ​រិះគន់​​​​ខ្លាំងស្រាប់ ! នយោបាយ​សេដ្ឋកិច្ច​របស់​លោកម៉ូន ចែអ៊ីន​ ​រង​ការប្រឆាំង​កាន់​តែ​​ខ្លាំងឡើងៗ​ ជា​ហេតុ​ធ្វើ​ប្រជាប្រិយភាព​របស់​លោក​​ធ្លាក់​ចុះ​ខ្លាំង ! មិន​ដូច​រូបភាព​​​​នៅ​លើ​ឆាក​អន្តរជាតិ ដែល​​លោកម៉ូនចែអ៊ីន មាន​ឈ្មោះ​បោះសំឡេង​ និង​បាន​ទទួល​ការ​អបអរ​ខ្លាំង​ចំពោះ​សកម្មភាព​អោបក្រសោប សន្តិនិយម​ជាមួយ​កូរ៉េខាង​ជើង​ឡើយ។

គំរូ​សេដ្ឋកិច្ច​បែង​ចែក​ផល​របស់​​​​លោក​ម៉ូន ចែអ៊ីន គ្មានផ្លែផ្កា

រដ្ឋាភិបាល​លោក​ម៉ូន​ចែអ៊ីន មាន​គោល​ដៅ​នយោបាយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ដោយ​ផ្អែក​លើ​ប្រាក់​ចំណូល ពង្រីកសេដ្ឋកិច្ច​ដោយ​ផ្តុំ​លើ​ការ​កែលម្អ​ថ្មី និង​សេដ្ឋកិច្ចប្រជាធិបតេយ្យ។ ពោល​គឺ​ជា​គំរូ​សេដ្ឋកិច្ច​ ដែល​​ផ្ទុយ​ស្រលះ​ទាំង​ស្រុង​នឹង​គំរូ​​សេដ្ឋកិច្ច​កាលពី​ពេល​មុន ដែល​ផ្តោតស្ទើរ​ទាំងស្រុង​​ទៅ​លើ​ការ​នាំ​ចេញ​និង ការ​​វិនិយោគ​ទ្រង់ទ្រាយ​ធំ​របស់​មហាក្រុមហ៊ុន​ជាតិ និង​ដែល​បាន​នាំ​កូរ៉េខាង​ត្បូង​ឱ្យ​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បួន​ប្រចាំ​អាស៊ី​ និង​ទី​១១​កំរិត​ពិភពលោក។​

ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​បែងចែក​ផល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដោយ​ប្រាក់​ចំណូល​ រដ្ឋាភិបាល​របស់​លោកម៉ូន ចែអ៊ីន បាន​បង្កើន​​ប្រាក់​ខែអប្បបរិមា​ កាត់​បន្ថយ​រយៈ​ពេល​ម៉ោង​ធ្វើការ និង​ប្តូរទម្រង់​នៃ​កិច្ចសន្យា​ការងារបណ្តោះ​អាសន្ន​ទៅ​ជា​កិច្ចសន្យាការងារ​​​គ្មាន​កំណត់​ពេល​វិញ​​​។ ប៉ុន្តែ​នយោបាយ​សេដ្ឋកិច្ច​ ផ្តោត​លើ​ចំណូលនេះ​មាន​​លទ្ធផល​ផ្ទុយ​ពី​ការ​សង្ឃឹម​ទុក ដោយ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យឺន​ទៅវិញ សម្រាប់​​អ្នក​ដែល​មាន​ចំណូល​ទាប​បំផុត​ និង​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​តូច​តាច​បណ្តេញ​បុគ្គលិក​ចោល។ ចំណែក​ក្រុមហ៊ុន​គ្រាក់ៗ​​រារែក​​ នឹងធ្វើ​វិនិយោគ នៅ​ពេល​ឃើញ​ចំណាត់ការ​ថ្មី​របស់​រដ្ឋាភិបាល។

នៅទី​បំផុត កាលពី​ខែមុន​ ធនាគារ​កណ្តាល​បាន​បញ្ចុះ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​មក​ត្រឹម​ ២,៧% ទល់​នឹង​កំណើន​ជាក់ស្តែងឆ្នាំ​២០១៧ ដល់​ទៅ​​៣,១%​។ ចំនួន​អ្នក​អត់​ការងារ​ធ្វើ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​២០១៨ ដោយ​រាប់​ឃើញ​មាន​ចំនួន អ្នក​​អត់ការងារ​ដល់ទៅ ៩,៤%​ ពោល​គឺ​ជា​អត្រា​ដ៏​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៩មក។ ហេតុដូច្នេះ​ហើយ​បាន​ការ​រិះគន់ និង​ប្រឆាំង​មាន​កាន់​តែ​ខ្លាំងឡើង​នោះ។

តែ​ជាមួយ​នឹង​ការ​ប្តូរ​ផ្លាស់​រដ្ឋមន្ត្រី​និង​នាយក​ខុទ្ទកាល័យ​ថ្មី រដ្ឋាភិបាល​នឹង​ប្តូរ​ផ្លាស់​​ទិសដៅ​​ដឹកនាំ​សេដ្ឋកិច្ច​ទេ។ ក្នុង​នាម​ជា​អ្នក​ឆ្វេង​កណ្តាល​និយម លោក​ ម៉ូន​ចែ​អ៊ីន​ ចង់​មានកំណើន​​សេដ្ឋកិច្ច​ជាតិ​មួយ​ដ៏​ត្រឹម​ត្រូវ ​មិន​ឱ្យ​ក្រុមហ៊ុន​​ធំៗ​យក​ចំណេញ​លើ​ក្រុមហ៊ុន​តូច​ លើអ្នក​​រក​ស៊ីត​ពីគេទេ។ ក្រុមហ៊ុន​យក្ស​កូរ៉េខាង​ត្បូង បាន​ស្រោច​ស្រង់​ប្រទេស​ពី​សង្គ្រាម​ឱ្យ​ក្លាយ​មហាអំណាច​សេដ្ឋកិច្ច​ឧស្សាហកម្ម​មែន តែ​មហា​​យក្ស​ទាំង​នោះ​ ដូច​យ៉ាង សាំងស៊ុង ហ៊ីយ៉ាន់ដៃ ក៏​ជាប់​ឈ្មោះ​ជា​​ បន្ថប់​របក​គំឃើញ​ថ្មីៗ បំបាក់​គូ​ប្រជែង​ និង​ពុករលួយ​​ ដើម្បី​ពង្រឹក​ពង្រីក​​ប្រយោជន៍​គ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ