អានតួអត្ថបទ
រុស្ស៊ី-អាហ្វហ្កានីស្ថាន

សន្និសីទអន្តរជាតិ នៅម៉ូស្គូ ដើម្បីស្វែងរកសន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន

រុស្ស៊ី-អាហ្វហ្កានីស្ថាន ថ្ងៃសុក្រ ៩ វិច្ឆិកា រុស្ស៊ី ធ្វើជាម្ចាស់ផ្ទះទទួល សន្និសីទ​អន្តរជាតិ​ស្តីអំពី​អាហ្វហ្កានីស្ថាន ដើម្បី រួមវិភាគទាន ទៅក្នុង​បុព្វហេតុ​បើកជា កិច្ចចរចា​ត្រង់​ផ្ទាល់ រវាង​រដ្ឋាភិបាលក្រុង កាប៊ូល និង​ពួកឧទ្ទាម តាលីបង់ ហើយ ស្វែងរកដំណោះស្រាយ​ដោយ​សន្តិវិធី ឲ្យ​ជម្លោះ​អាហ្វហ្កានីស្ថាន។  

ប្រធាន​គណៈប្រតិភូអាហ្វហ្កានីស្ថានលោក Hajji Din Mohammad (ឆ្វេង) រដ្ឋមន្រ្តីការបទេស​រុស្ស៊ី លោក Sergei Lavrov (កណ្តាល) និង​ Sher Mohammad Abbas Stanakzai, ប្រធាន​ក្រុមតាលីបង់​ប្រចាំ​នៅ​កាតា ចូលរួម​ក្នុង​សន្និសីទ​នៅទីក្រុង​ម៉ូស្គូ ថ្ងៃទី​៩​វិច្ឆិកា ២០១៨
ប្រធាន​គណៈប្រតិភូអាហ្វហ្កានីស្ថានលោក Hajji Din Mohammad (ឆ្វេង) រដ្ឋមន្រ្តីការបទេស​រុស្ស៊ី លោក Sergei Lavrov (កណ្តាល) និង​ Sher Mohammad Abbas Stanakzai, ប្រធាន​ក្រុមតាលីបង់​ប្រចាំ​នៅ​កាតា ចូលរួម​ក្នុង​សន្និសីទ​នៅទីក្រុង​ម៉ូស្គូ ថ្ងៃទី​៩​វិច្ឆិកា ២០១៨ ©REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ថ្លែងពេល​បើកសន្និសីទនេះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីជាម្ចាស់ផ្ទះ លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បាន​អំពាវនាវ បណ្តា​ភាគីដែលចូលរួម ក្នុងនោះមាន​គណៈប្រតិភូ តាលីបង់ផង ឲ្យគិត ជាបឋម គឺ អំពី ផលប្រយោជន៍ ប្រជាជន​អាហ្វហ្កានីស្ថាន មិនមែន ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ។ តាមសំដី​គាត់ ៖ យើង​ប្តេជ្ញា​ធ្វើ​រាល់​លទ្ធភាព ដែលយើងមាន ដើម្បីបើក​ទំព័រ​ថ្មី ក្នុងប្រវត្តិ​អាហ្វហ្កានីស្ថាន ដោយសារ​ការខំប្រឹងប្រែង​រួមគ្នា។ លោក ឡាវ្រ៉ូវ គូសបញ្ជាក់ថា ការចូលរួម​ក្នុងកិច្ចប្រជុំនេះ ទាំងភាគី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ទាំងភាគីតាលីបង់ មានន័យ ជា ”វិភាគទាន​សំខាន់​ផ្តល់ទៅក្នុង ការបង្កើត​លក្ខណៈ​អនុគ្រោះ សម្រាប់​បើកកិច្ចចរចាត្រង់ផ្ទាល់ រវាង ភាគី បដិបក្ខ។ លោកប្រមុខ​ការទូតរុស្ស៊ី សង្កេត​ឃើញថា ៖ គ្មាន​ជម្រើសណា​ផ្សេងឡើយ ក្រៅពី​ដំណោះស្រាយ តាមផ្លូវ​នយោបាយ ឲ្យអាហ្វហ្កានីស្ថាន និងតម្រូវជាចាំបាច់ ឲ្យមាន​ការខំខ្នះខ្នែង ដោយស្រាក់​កម្លាំងគ្នា ពីខាង បណ្តាប្រទេស​ដែលនៅ​ជិតខាង​នឹង​អាហ្វហ្កានីស្ថាន និង បណ្តា​ប្រទេស​ដៃគូនៅតំបន់។

មាន​ប្រទេស​ជាច្រើន ជាអាទិ៍ គឺ ចិន អ៊ីរ៉ង់ ឥណ្ឌា ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួគ្មេនីស្ថាន បានបញ្ជូន តំណាងខ្លួន ឲ្យមកចូលរួម​ក្នុង សន្និសីទនេះ។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា គឺ តំណាងម្នាក់​របស់​ស្ថានទូត​អាមេរិកាំង នៅម៉ូស្គូ ដែលចូលរួម​ក្នុង​សន្និសីទ​នេះ ដើម្បី “តាមដាន​អំពី​ការពិភាក្សា”។ អ្នកនាំពាក្យរង នៃ​ក្រសួង​ការបរទសអាមេរិក លោក Robert Palladino បានថ្លែង​ថា ៖ គ្រប់តែប្រទេស ត្រូវតែគាំទ្រ​ដល់​កិច្ចចរចា​ត្រង់ផ្ទាល់ រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង ពួកតាលីបង់ ដើម្បី នៅទីបំផុត ខ័ណ្ឌ​បញ្ចប់​សង្គ្រាម។ គាត់គូស​បញ្ជាក់ព្រម​ជាមួយនេះថា ទោះ​រដ្ឋាភិបាល​ណាក៏ដោយ បូកទាំងរដ្ឋាភិបាល​រុស្ស៊ីផង មិនត្រូវ​ជំនួសរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ឡើយ នាកិច្ច​ចរចាត្រង់​ផ្ទាល់ ជាមួយពួកតាលីបង់។

គណៈប្រតិភូរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ផ្សំឡើងពី តំណាង ៤ នាក់ នៃ ឧត្តមក្រុមប្រឹក្សា​ដើម្បី​សន្តិភាព  ជា អង្គការ​ទទួលបន្ទុក​ផ្សះផ្សារ​ ជាមួយ​ពួកបះបោរ -នេះបើតាម​សំដី​អ្នកនាំពាក្យ​គណៈប្រតិភូ លោក Sayed Ihsan Taheri ។

ចំណែក​អ្នកនាំពាក្យ​ភាគីតាលីបង់ បានឲ្យដឹងថា គណៈប្រតិភូ” ជាន់ខ្ពស់”ពួកគេ ដែល​វត្តមាន​នៅម៉ូស្គូ មានគ្នា ៥ នាក់ ដែល​តំណាងឲ្យ “ ការិយាល័យនយោបាយ” ហើយ​ក្នុង​ក្របខ័ណ្ឌនៃ សន្និសីទ នៅម៉ូស្គូ គេ នឹងពុំជួប​ចរចាអ្វី​ណា ជាមួយ គណៈប្រតិភូ រដ្ឋបាល​ក្រុងកាប៊ូលឡើយ។

ក្នុងសេចក្តីថ្លែងការណ៍​ផ្សព្វផ្សាយ​សប្តាហ៍​នេះ ភាគី​តាលីបង់ សង្កត់ធ្ងន់​ថា ៖ សន្និសីទ នៅម៉ូស្គូ ត្រូវតែ​បើកផ្លូវ ឲ្យមាន​ការពិភាក្សាស៊ីជម្រៅ ដើម្បីស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី​ឲ្យជម្លោះ​អាហ្វហ្កានីស្ថាន និង ខ័ណ្ឌ បញ្ចប់ ការកាន់កាប់អាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ