សិង្ហបុរី៖កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងអាស៊ានជាមួយដៃគូចាប់ផ្តើមដោយគ្មានវត្តមានលោកដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០២
ប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូលើកទី៣៣ រយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី១៣ ដល់ថ្ងៃព្រហស្បតិ៍ ទី១៥ វិចិ្ឆកា។ នៅក្នុងឱកាសនេះ មានកិច្ចប្រជុំកំពូល និងកិច្ចប្រជុំជាលក្ខណៈទ្វេភាគី ឬត្រីភាគីសរុបចំនួន ១២ ដែលបានគ្រោងទុក។ តែតួអង្គដែលគ្រប់គ្នាបានរង់ចាំ និងបែរជាបានអវត្តមាននៅក្នុងជំនួបកំពូលឆ្នាំ ២០១៨ នេះ គឺលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ លោកត្រាំដែលបានបញ្ជូនអនុប្រធានាធិបតីលោក Mike Pence ឲ្យមកចូលរួមវិញ។
បរិយាកាសទូទៅនៃកិច្ចប្រជុំកំពូលថ្ងៃទី១ ថ្ងៃអង្គារ ទី១៣ វិច្ឆិកាបានប្រព្រឹត្តទៅដូចដែលបានគ្រោងទុក។ ថ្ងៃទី១ ជាកិច្ចប្រជុំកំពូលរវាងប្រទេសសមាជិកអាស៊ានគ្នាឯងដែលចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ១០ រូប។ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានបើកធ្វើជាមួយនឹងការគោរពភ្លេងអាស៊ាន ការឡើងថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី សៀនឡុងក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងពិធីថតរូបជាលក្ខណៈគ្រួសាររវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១០ រូប។
បន្តពីសុន្ទរកថារបស់លោកលី សៀនឡុង ក៏មានសុន្ទរកថារបស់ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្រ្តីថៃ។ ចំណែកប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលផ្សេងទៀតក៏បានធ្វើបទអន្តរាគមន៍ដែរ តែខ្លីមានរយៈពេលពី ៤ ទៅ ៥នាទីក្នុងម្នាក់ៗ។ មានការកត់សម្គាល់ចំនួនពីរដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនៅទីនេះ ទី១ គឺអវត្តមានលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដោយលោកត្រាំបានបញ្ជូនលោក Mike Pence ដែលជាអនុប្រធានាធិបតីឲ្យមកចូលរួម និងទី២ គឺការពង្រឹងសន្តិសុខកម្រិតខ្ពស់ដោយរដ្ឋអំណាចសិង្ហបុរីបានដាក់ពង្រាយកម្លាំងទាហានជាង ១ ៦០០នាក់ និងកម្លាំងប៉ូលិសជាង ៥ ០០០នាក់។
ការពង្រឹងសន្តិសុខខ្ពស់ជារឿងមួយធម្មតា ព្រោះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងអាស៊ានជាមួយដៃគូឆ្នាំនេះចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលគ្រាក់ៗប្រមាណជា ២០នាក់។
អាស៊ានប្រឆាំងសង្រ្គាមពាណិជ្ជកម្ម និងនយោបាយការពារនិយម
នៅក្នុងវេទិកាសេដ្ឋកិច្ចក្នុងថ្ងៃចន្ទ ទី១២ វិច្ឆិកា ពោលមួយថ្ងៃមុនបើកកិច្ចប្រជុំកំពូលជាផ្លូវការ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីលី សៀនឡុងបានថ្លែងរិះគន់ខ្លាំងៗលើសង្គ្រាមពាណិជ្ជកម្ម និងនយោបាយការពារនិយមដែលកំពុងបន្តកើនឡើងនៅក្នុងលោក។ ទោះបីជាលោកលីសៀន ឡុងមិនបាននិយាយចំឈ្មោះបុគ្គល ឬប្រទេសណាមួយក៏ដោយក៏គេដឹងថា លោកចង់សំដៅលើលោកប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំដែលបានបញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយចិន និងកំពុងបន្តអនុវត្តនយោបាយគិតប្រយោជន៍អាមេរិកជាធំតាមរយៈពាក្យស្លោក « America first »។
លោកលីសៀន ឡុងបានព្រមានទុកជាមុនថា គំនាបនយោបាយនឹងបង្កឲ្យមានគម្លាតកាន់តែខ្លាំងរវាងប្រទេសនិងប្រទេស។ នៅក្នុងន័យនេះ នាយករដ្ឋមន្រ្តីសិង្ហបុរីបានជំរុញក្រុមអ្នកវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យបោះទុនវិនិយោគកាន់តែច្រើននៅក្នុងតំបន់ និងបង្ហាញពីភាពបើកចំហចំពោះគូប្រជែង។ ថ្នាក់ដឹកនាំអាស៊ានសង្ឃឹមលើកយកក្តីបារម្ភរបស់ខ្លួនទៅប្រាប់អាមេរិកផ្ទាល់នៅក្នុងជំនួបជាមួយលោកអនុប្រធានាធិបតី Mike Pence នាថ្ងៃព្រហស្បតិ៍ ទី ១៥ វិច្ឆិកាក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកលើកទី៦។
ចិនបញ្ជាក់ពីការបន្តនយោបាយបើកចំហសេដ្ឋកិច្ចកាន់តែធំ
ដោយមិននិយាយចំឈ្មោះប្រទេស បុគ្គល ឬភ្ជាប់ផ្ទាល់នឹងជម្លោះពាណិជ្ជកម្មដែលចិនកំពុងមានជាមួយអាមេរិក លោកនាយករដ្ឋមន្រ្តីលី ខឺជាំងបានបញ្ជាក់ច្បាស់ៗនាថ្ងៃចន្ទ ទី១២ វិច្ឆិកាថា ចិនមិនត្រឹមមិនបិទទ្វារសេដ្ឋកិច្ចទេ តែនឹងបើកចំហកាន់តែធំជាងសព្វថ្ងៃ។ ការលើកឡើងរបស់លោកលី ខឺជាំងបានសម្តីរបស់របស់លោកលី ខឺជាំងត្រូវបានចុះផ្សាយដោយកាសែតសិង្ហបុរី The Straits Times។ ទាក់ទងនឹងសេដ្ចកិច្ចដែរ តែស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់រួមរវាងអាស៊ាន និងប្រទេសដៃគូក្នុងតំបន់មានចិន ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង និងនូវែលហ្សេឡង់ត្រូវបានលោកលី ខឺជាំងអះអាងថា គេនៅមិនអាចសម្រេចកិច្ចព្រមព្រៀងបានក្នុងឆ្នាំ ២០១៨ នេះទេ។
លោកប្រមុខរដ្ឋាភិបាលចិនសង្ឃឹមនឹងសម្រេចបាននៅឆ្នាំ ២០១៩។ ការអះអាងរបស់លោកលី ខឺជាំងបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកចរចាលើកិច្ចព្រមព្រៀងនេះត្រូវការពេលចរចាបន្ថែមទៀត។ ដោយឡែកទាក់ទងនឹងសមុទ្រចិនខាងត្បូងត្រូវបាននាយករដ្ឋមន្រ្តីចិនបញ្ជាក់ក្នុងថ្ងៃអង្គារ ទី១៣ វិច្ឆិកាថា អាស៊ាន និងចិននឹងបន្តការចរចាដោយសង្ឃឹមនឹងរកបានក្រមប្រតិបត្តិមួយពីពេលនេះទៅ ៣ឆ្នាំខាងមុខ។ តាមលោកលី ខឺជាំង ក្រមប្រតិបត្តិមួយស្តីពីជម្លោះសមុទ្រខាងត្បូងរវាងចិន និងប្រទេសអាស៊ានមួយចំនួននឹងផ្តល់អំណោយផលដល់ការដោះដូរសេរីនៅក្នុងតំបន់។ គួររម្លឹកថាក្នុងខែសីហាកន្លងទៅ ចិន និងអាស៊ានបានព្រមព្រៀងគ្នាឯកសារការងារមួយក្នុងការបន្តកិច្ចចរចាដើម្បីឈានទៅសម្រេចឲ្យបាននូវក្រមប្រតិបត្តិមួយស្តីពីបញ្ហាសមុទ្រចិនខាងត្បូង។
កម្មវិធីសម្រាប់រវាងអាស៊ាន និងប្រទេសដៃគូ
កម្មវិធីសម្រាប់ថ្ងៃពុធ ទី១៤ និងថ្ងៃព្រហស្បតិ៍ ទី១៥ វិច្ឆិកាជាវគ្គនៃកិច្ចប្រជុំកំពូលរវាងអាស៊ាន និងក្រុមប្រទេសដៃគូ។ នៅថ្ងៃពុធ ទី១៤ វិច្ឆិកាជាកិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី២១ កិច្ចប្រជុំកំពូលអាស៊ាន កូរ៉េខាងត្បូងលើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន រុស្ស៊ីលើកទី៣ កិច្ចប្រជុំកំពូលអាស៊ាន ជប៉ុនលោកទី២១ និងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២។ ចំណែកនៅថ្ងៃព្រហស្បតិ៍ ទី១៥ វិច្ឆិកាដែលជាថ្ងៃចុងក្រោយ មានកិច្ចប្រជុំកំពូលជំនួបអាស៊ាន សហរដ្ឋអាមេរិកលើកទី៦ កិច្ចប្រជុំកំពូលអាស៊ាន បូកបី រួមមានចិន ជប៉ុន កូរ៉េខាងត្បូងលើកទី២១ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។ ក្រៅពីនោះ ក៏មានកិច្ចប្រជុំកំពូលក្រៅផ្លូវការចំនួនពីររវាងអាស៊ានជាមួយប្រទេសអូស្រា្តលី និងរវាងអាស៊ានជាមួយប្រទេសឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ