ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អាលីបាបា ហើយ​និង​ទំនិញ​ក្លែងក្លាយ ឬ​ទំនិញ​លួចចម្លង​តាមគេ

អាលីបាបា ហើយ​និង​ទំនិញ​ក្លែងក្លាយ ឬ​ទំនិញ​លួចចម្លង​តាមគេ ប៉ូលិស និង​មន្រ្តីចិនខាងផ្នែក​​ត្រួតពិនិត្យ គុណភាពរឹបអូស​ផលិតផល​ក្លែងក្លាយ​នៅទីក្រុង​ហុងកុង នៅ​ខែ សីហា ២០១៥ ©AFP PHOTO / Philippe Lopez

    អាលីបាបា មហាក្រុមហ៊ុន​ចិន លក់​ទំនិញ​តាម​អ៊ីនធ័រនែត​បាន​បំបែក​ឯតទគ្គកម្ម ខាង​លក់បាន​ចំណូល​ច្រើន​បំផុត ក្នុង​មួយថ្ងៃ។ ក្នុង​ថ្ងៃ​លក់​ពិសេស ថ្ងៃ១១ ខែ​១១ ក្រុមហ៊ុន អាលីបាបា​លក់​បាន​ទំនិញ ដែល​មាន​តម្លៃ​សរុប ២៧​ពាន់លាន​អឺរ៉ូ គឺ​កើនឡើង​ប្រមាណ ៥ពាន់​លាន​អឺរ៉ូ បើប្រៀបធៀប​នឹង​ថ្ងៃ​ពិសេស ដូចគ្នា​នេះ កាល​ពី​ឆ្នាំ មុន។ ក្រុមហ៊ុន​អាលីបាបា​បាន​បង្កើត​កន្លែង​លក់​ទំនិញ​នៅលើ​អ៊ីនធ័រនែត ដ៏​ធំ​ជាងគេ នៅក្នុង​ពិភពលោក ប៉ុន្តែ ជាមួយ​គ្នានោះ វា​ក៏​ជា​កន្លែង​ដែល​សំបូរ​លក់​ច្រើន​ផងដែរ ផលិតផល​ក្លែងក្លាយ ហើយ​និង​ទំនិញ​ដែល​លួច​ចម្លង​ពី​ផលិតផល​ដើម។

    ចិន​គឺ​ជា​ឋានសួគ៍​ផលិត និង​បញ្ចេញ​លក់​ទំនិញ​ក្លែងក្លាយ ដែល​បាន​បំផ្លាញ​ការងារ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន នៅ​អឺរ៉ុប និង​អាមេរិក​ខាតបង់ប្រាក់​រាប់ពាន់​លាន​អឺរ៉ូ។

     

    នៅថ្ងៃ​អាទិត្យ ទំនិញ​រាប់​លាន​មុខ​ត្រូវ​បានលក់​ដាច់ចេញ ពី​Taobao ដែល​ជា​កម្មវិធី​លក់ទំនិញ នៅលើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​អាលីបាបា។ ប៉ុន្តែ ក្នុង​ចំណោម​ផលិតផល​ដែល​ដាក់​លក់ តាម​ទូរស័ព្ទ​Taobao មាន​ផលិតផល​ជាច្រើន ដែល ក្លែងក្លាយ ឬ​ជា​ផលិតផល ដែលលួចចម្លង​តាម​ម៉ាកល្បី​របស់​អឺរ៉ុប ឬ​អាមេរិក។ ទឹកអប់ ម៉ាក Gogo Chenale ដែល​យក​ចម្លងតាម​ទឹកអប់​បារាំង​ដ៏ល្បី​ឈ្មោះ Coco Chanel ស្បែកជើង Ababis ដែល​ចម្លងចេញ​ពី​ស្បែកជើង​ក្រុមហ៊ុន​Adidas។ ផលិតផល​ក្លែងក្លាយ ផលិតផល​លួចចម្លង​តាម​ផលិតផល​ប្រណិតៗ ម៉ាកល្បីៗ កំពុង​ចរាចរណ៍​យ៉ាងចេញមុខមាត់ នៅលើ​ទីផ្សារ​អ៊ីនធ័រនែត​របស់​ក្រុមហ៊ុន​អាលីបាបា។ កាបូបស្បែក ដែល​ដូចបេះបិទ​ទៅនឹង​ផលិតផល​ម៉ាក​ប្រណិត​របស់​បារាំង ដូចជា​Louis Vittons ​លក់​ក្នុងតម្លៃ តែ​១៥អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​វិបសៃតិ៍​លក់​ទំនិញ​របស់​អាលីបាបា នៅពេល​កាបូប​Louis Vuitton ផលិតផល​ពិត​របស់​បារាំង មាន​តម្លៃ​រាប់ពាន់​អឺរ៉ូ​ឯណោះ។ នៅ​លើ​វិបសៃតិ៍​លក់ទំនិញ​របស់​Alibaba គេ​អាច​រក​ទិញ​អាវ​រូបក្រពើ​Lacoste តែ​ក្នុង​តម្លៃ៩អឺរ៉ូ​តែប៉ុណ្ណោះ។

    នៅ​ឆ្នាំ ២០១៦ អាមេរិក​បាន​ដាក់​បញ្ចូល​កម្មវិធី​លក់ផលិតផល​នៅតាម​ទូរស័ព្ទដៃ Taobao ទៅ​ក្នុង​បញ្ជីខ្មៅ នៃ​ក្រុមផ្សារ​ងងឹត ដែល​ល្បីឈ្មោះ​ខាងលក់​ផលិតផល​ក្លែងក្លាយ និង​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញា​របស់​អ្នកដទៃ។ កម្មសិទ្ធិ​បញ្ញា​នេះ​ជា​ចំណុច​សំខាន់​មួយ ដែល​អាមេរិក​ទាមទារ​ចង់បាន នៅមុន​ពេល​សម្រេច​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញចិន​នាំចូល​អាមេរិក ដែល​ជា​ដើមចម​នៃ​ការផ្ទុះឡើង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ។

    ពី​ចំណែក​ខាង​សហភាពអឺរ៉ុប​វិញ ការិយាល័យ​សហភាពអឺរ៉ុប​ដើម្បី​កម្មសិទ្ធិ​បញ្ញា​បាន​លើកឡើង​ថា ផលិតផល​ក្លែងក្លាយ បានបំផ្លាញ​ការងារ​ជាង ៤សែនការងារ​នៅអឺរ៉ុប ហើយ​និង​ធ្វើ​ឲ្យ​អឺរ៉ុបខាតបង់​ទឹកប្រាក់​ប្រមាណ ៦០ពាន់លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ។

    នៅក្នុង​របាយការណ៍​របស់ខ្លួន សម្រាប់​ឆ្នាំ ២០១៧ ​ទីភ្នាក់ងារ​ប៉ូលិស​អឺរ៉ុប បាន​រកឃើញ​ថា នៅឆ្នាំ​២០១៥ ៨៦ភាគរយ​នៃ​ផលិតផល​ក្លែងក្លាយ​ក្នុង​ពិភពលោក មាន​ប្រភព​ចេញមក​ពី​ប្រទេស​ចិន និង​កោះហុងកុង។ តាំង​ពី​សាប៊ូកក់សក់ សំលៀកបំពាក់ ផលិតផលម៉ាកប្រណិតៗ គ្រឿង​អេឡិចត្រូនិក ចំណីអាហារ​រហូត​ដល់​ថ្នាំពេទ្យ ក្លែងក្លាយ​ត្រូវ​បាន​ដាក់លក់​យ៉ាងចំហរ ទៅ​ដល់​ដៃ​របស់​អតិថិជន ដែល​មិនសូវ​យកចិត្ត​ទុកដាក់ ប្រយ័ត្ន​ពី​ផលិតផល​ក្លែងក្លាយ។ សម្រាប់​ប្រធាន​ទីភ្នាក់ងារ​ប៉ូលិស​អឺរ៉ុប លោក Rob Wainwright ផលិតផល​ក្លែងក្លាយ​មិនត្រឹម​តែ​បំផ្លាញ​សេដ្ឋកិច្ច​របស់អឺរ៉ុប​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​ប៉ះពាល់​ផងដែរ ទៅដល់​សុខភាព របស់​អ្នកប្រើប្រាស់។

    សូមអាន៖ របាយការណ៍៖​ជំនួញ​ផលិតផល​ក្លែងក្លាយ​ក្នុង​លោក​មាន​ទឹកប្រាក់​ជិត ៥០ម៉ឺនលានដុល្លារ​ក្នុង​១ឆ្នាំ

    ប្រធាន​របស់​សមាគម​បារាំង ដែល​ធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​ទំនិញក្លែងក្លាយ បាន​វាយតម្លៃថា ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម នៅ​ប្រទេសបារាំង​រងគ្រោះ​ដោយសារ​ការរំលោភ​កម្មសិទ្ធិបញ្ញា។ នៅពេល​ដែល​ក្រុមហ៊ុន​ធំៗ​ចំណាយ ប្រាក់​ប្រមាណ ១០ភាគរយ នៃ​​ទុនវិនិយោគ​សរុប​របស់ខ្លួន សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ទំនិញក្លែងក្លាយ ដែល​ជា​សត្រូវគ្រោះថ្នាក់ របស់​ផលិតផល​ម៉ាក​របស់ខ្លួន ក្រុមហ៊ុន​បារាំង​ធុនមធ្យម​វិញ បាន​រងគ្រោះ​ខាតបង់ រហូត​ត្រូវ​បិទទ្វារ ទៅវិញដោយសារ​តែ​ការលួចចម្លង​ម៉ាក ហើយ​និង​ផលិតផលក្លែងក្លាយ។

    នៅ​ថ្ងៃ​ចន្ទ សប្តាហ៍មុន នៅពេល​បើក​សម្ពោធ​ពិព័រណ៌​នៃការនាំចូល ប្រធានាធិបតី​លោក​ស៊ីជីនពីង បាន​សន្យា​បើកចំហ​ទីផ្សារ​សម្រាប់​ផលិតផល​បរទេស។ ដើម្បី​ទាក់ទាញ អ្នកវិនិយោគ​បរទេស ទៅ​ក្នុង​ប្រទេស​ចិន ប្រធានាធិបតី​ចិន​បានសន្យា​ផងដែរ​ថា នឹង​ពង្រឹង ការការពារ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន តាមរយៈ ការដាក់ពិន័យ​ធ្ងន់ធ្ងរ ដល់​អ្នកដែល​លក់​ផលិតផល​ក្លែងក្លាយ។ ក្រៅតែ​ពីប្រកាស​បង្កើត តុលាការ​ពិសេស​សម្រាប់​ជំនុំជម្រះ​ករណី​រំលោភ​កម្មសិទ្ធិបញ្ញា ច្បាប់​ថ្មី​មួយទៀត ដែល​នឹង​ចូលជា​ធរមាន ចាប់ពី​ខែ​មករា​ឆ្នាំ​ក្រោយ នឹង​ចាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​លក់​ទំនិញ​តាមអ៊ីនធ័រនែត​ដូចជា អាលីបាបា​ជាដើម ត្រូវ​តែ​បោសសម្អាត មិន​ឲ្យ​មាន​ផលិតផលក្លែងក្លាយ នៅលើ​ទីផ្សារ​អ៊ីនធ័រនែត​របស់ខ្លួន។

    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង បាន​ទទួល នៅ​ដើម​សប្តាហ៍នេះ ក្រុមហ៊ុន​អាលីបាបា​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បាន​ដាក់ប្តឹង​ចំនួន​៤៨​ករណី​ប្រឆាំង​នឹង​អ្នក​ដែល​លក់​ផលិតផល​ក្លែងក្លាយ​នៅលើ​ផ្សារអ៊ីនធ័រនែត​របស់​អាលីបាបា។

    ទៅតាម​ច្បាប់​ថ្មី​ស្តីពី​ពាណិជ្ជកម្ម​នៅលើ​អ៊ីនធ័រនែត វិបសៃតិ៍ ធំៗ ដូចជា​អាលីបាបា​នឹង​ជាអ្នកទទួលខុសត្រូវ ក្នុងករណី​ដែល​គេឃើញ​មាន​ចរាចរណ៍​ផលិតផលក្លែងក្លាយ នៅវិបសៃតិ៍​លក់ទំនិញ។

    សម្រាប់​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​នាំចេញ​ស្រា​បារាំង La Guyennoise ដែល​រងគ្រោះ​ដោយសារ​តែ ការលួចចម្លង ផលិត និង​ដាក់លក់​ស្រាក្លែងក្លាយ ក្រោមឈ្មោះ​ស្រាបារាំង ដល់ទៅ ៥លានដប ក្នុង​មួយឆ្នាំៗ នៅប្រទេស​ចិន ការទម្លាក់កំហុស ​ទំនួល​ខុសត្រូវ​ទៅលើ​វិបសៃតិ៍​លក់ទំនិញ តែម្នាក់ គឺ​គំនិតលាក់ពុត​សុទ្ធសាធ ព្រោះថា ដោយ​ពិតទៅ នៅ​តាម​ខេត្ត​ខ្លះ​របស់​ចិន គឺ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ដែល​ចូលរួម​ផ្សំគំនិត ស៊ុំគ្រលំជាមួយ​ក្រុមឧក្រិដ្ឋជន ដែល​លួចផលិត​ទំនិញ​ក្លែងក្លាយ ជា​បណ្តាញ។ នេះ​គេនៅមិនទាន់​និយាយ​ដល់​ចំណង់ចំណូលចិត្ត​របស់​ប្រជាជន​ចិន ដែល​ចង់​បានទំនិញ ម៉ាកល្បីៗ ប៉ុន្តែ ក្នុង​តម្លៃ​ថោក​នោះទេ។ ដរាបណា ផ្នត់គំនិត​របស់​ប្រជាជន​ចិន នៅមិនទាន់​ដូរ មិនទាន់យល់ និង​ផ្តល់​តម្លៃ​ដល់​កម្មសិទ្ធិ​បញ្ញា ដល់​គំនិត​ស្រាវជ្រាវ របស់​អ្នកដទៃ នោះ ការសន្យា​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​របស់​ប្រធានាធិបតី​ចិន គឺ​មាន​តែ​នៅលើ​ក្រដាស​តែប៉ុណ្ណោះ។


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • បារាំង

      អាំងទែប៉ូល៖រឹបអូសបានថ្នាំពេទ្យក្លែងក្លាយ ៩លានគ្រាប់នៅអាស៊ី

      ស្វែងយល់បន្ថែម

    • កម្ពុជា

      គ្រឿង​សំអាង “ក្លែងក្លាយ” ជិត​១០០​តោន​ត្រូវ​បាន​ដុត​ចោល

      ស្វែងយល់បន្ថែម

    • អង្គការសហប្រជាជាតិ

      របាយការណ៍​របស់​ ONU ​ស្តីពី​​ការ​រត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ ឈើ​ និង​ គ្រឿងញៀន​អេរ៉ូអ៊ីន​ខុសច្បាប់​

      ស្វែងយល់បន្ថែម

    • ជប៉ុន

      ប្រទេស​៣៧​រួមគ្នា​ដើម្បី​បង្កើត​សន្ធិសញ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ

      ស្វែងយល់បន្ថែម

    • កម្ពុជា

      លោក ​ស ខេង​ ជម្រុញ​ឲ្យ​សមត្ថកិច្ច​ប្រឹងប្រែង​បន្ថែម ​​ប្រឆាំង​​នឹង​​​​ផលិត​ផល​ខុស​ច្បាប់​​និង​​ក្លែងក្លាយ​

      ស្វែងយល់បន្ថែម

    • កម្ពុជា-សង្គម

      ផលិតផលក្លែងក្លាយជិត៦០តោនដែលប៉ះពាល់សុខភាព ត្រូវបានរឹបអូស

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ