ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​រិះគន់​សាជាថ្មី លោកស្រី​អ៊ុងសាន ស៊ូជី ក្នុងសំណុំរឿង​ជនជាតិ​រ៉ូហ៊ីងយ៉ា

media  
លោកស្រី​អ៊ុងសាន ស៊ូជី ដើរនាំមុខ​ដោយ​លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី មហាធៀរ សម្រាប់វេទិកា​មេដឹកនាំ​អាស៊ាន នៅថ្ងៃ​ទី ១៣​វិច្ឆិកា ២០១៨ ©REUTERS/Edgar Su

នៅ​ប្រទេស​សិង្ហបុរី ជាទី​លោក​ដែល​ចូលរួម​ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន កាលពី​ថ្ងៃ​អង្គារម្សិលមិញ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​មហាធៀរ មហាម៉ាត់ បាន​រិះគន់​ខ្លាំងៗ ជំហរ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ភូមា ក្នុង​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ សម្រាប់​ប្រមុខរដ្ឋាភិបាល​ម៉ាឡេស៊ី លោកស្រី​ស៊ូជី កំពុង​ព្យាយាម​និយាយ​ការពារ​អ្វី ដែល​គេ​មិនអាច​ការពារ បិទបាំង​បាន។

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​មហាធៀ មហាម៉ាត់ លែង​ខ្វល់​នឹង​ទម្លាប់​ប្រពៃណី​របស់ អាស៊ាន ដែល​រហូតមក តមសំដី មិន​លូកដៃ ចូល ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​តែ​មួយម៉ោង​មុន​ឡើង​ទៅ​ឈរ​ជិត លោកស្រី អ៊ុងសាន ស៊ូជី នៅលើ​វេទិកា​របស់​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​និយាយ​រិះគន់​ខ្លាំងៗ លោកស្រី​អ៊ុងសាន ស៊ូជី ដែល​មិន​ឃើញ​ចាត់​វិធានការ​អ្វី នៅពេល​កងទ័ព​បើកប្រតិបត្តិការ​បណ្តេញ​ជនជាតិ​រ៉ូហ៊ីងយ៉ា  កាន់​សាសនា​អ៊ីស្លាម ចេញពី​តំបន់​រ៉ាឃីន ភាគខាងជើង ភូមា។

នៅ​ចំពោះមុខ​អ្នកកាសែត នៅ​ថ្ងៃ​ម្សិលមិញ លោក​មហាធៀរ មហាម៉ាត់ ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​សំបូរ​រស់នៅ​ច្រើន​ដោយ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម បាន​និយាយ​ថា លោក​ខកចិត្ត​ខ្លាំងណាស់ នឹង​លោកស្រី​អ៊ុងសាន ស៊ូជី។ ដោយ​និយាយ​យោង​ដល់​លោកស្រី ស៊ូជី ដែល​ធ្លាប់​ជាប់ឃុំ​ក្នុង​គេហដ្ឋាន ក្រោមរបបសឹក​ភូមា លោក​មហាធៀរ​បាន​វាយតម្លៃ​ថា អ្នកដែល​ធ្លាប់​ជាប់ឃុំឃាំង​គួរ​តែ​យល់​ច្បាស់​ពីការឈឺចាប់ ហើយ​និង​មិនគួរ​យក​ការឈឺចាប់​ទាំងនោះ​មក​លេងសើច​នោះទេ។

លោក​មហាធៀរ មហាម៉ាត់ បាន​អំពាវនាវ​ផង​ដែរ ឲ្យ​ភូមា​ទទួល​យក​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជាជនជាតិ​របស់ខ្លួន គឺ​ដូចកាល​ដែល​ម៉ាឡេស៊ី​ធ្លាប់​បានធ្វើ​នៅក្នុង​អតីតកាល។ “នៅពេល​ ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៧ ពី​ចក្រភព​អង់គ្លេស ម៉ាឡេស៊ី បានទទួល​យក​ប្រជាជន​បរទេស ជាច្រើន​ជាតិសាសន៍។ ឥលូវនេះ ជនបរទេស​ទាំងនោះ​បាន​ក្លាយ​ជា​ជនជាតិ​ម៉ាឡេស៊ី និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​សង្គម​ម៉ាឡេស៊ី” នេះ​ជា​ប្រសាសន៍​របស់លោក​នាយករដ្ឋមន្រ្តី​មហាធៀរ។

នៅក្នុង​ស្រុក​ភូមា អ្នកគាំទ្រ​លោកស្រី​អ៊ុងសាន ស៊ូជី ជាច្រើន​បាន​និយាយ​ការពារ​ជ័យលាភី​ណូបែល​សន្តិភាព ថា លោកស្រី​មាន​ឥទ្ធិពល​តិចតួច​ទៅលើ​ពួក​កងទ័ព ដែល​នៅ​តែ​មាន​អំណាច​នយោបាយ ក្តោបក្តាប់​ខ្លាំង ក្នុង​ប្រទេស។ ប៉ុន្តែ សម្រាប់​អ្នករិះគន់​នៅបរទេស លោកស្រី​អ៊ុងសាន​ស៊ូជី បរាជ័យ​មិនអាច​ប្រមូល​សំឡេង​គាំទ្រ​ប្រជាធិបតេយ្យ​របស់​លោកស្រី ដើម្បី​ដាក់​គំនាប​ទៅលើ​កងទ័ព ដែលមន្រ្តី​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់​ថា បាន​អនុវត្ត​នយោបាយ​បោសសម្អាត​ជាតិសាសន៍ នៅ​រដ្ឋរ៉ាឃីន។ ដោយសារ​តែ​វិបត្តិ​រ៉ូហ៊ីងយ៉ានេះ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​ប្រកាស​ដកហូតមកវិញ រង្វាន់សិទ្ធិមនុស្ស​​ ពី​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​ហេតុផល​ថា លោកស្រី លែងជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម ភាពក្លាហាន និង​មោះមុត ក្នុង​ការការពារ​សិទ្ធិមនុស្ស​ដូចមុន​ទៀតហើយ។

នៅក្នុង​លិខិត​ផ្ញើ​ជូន​ទៅលោកស្រិ អ៊ុងសាន ស៊ូជី កាលពីថ្ងៃ​ចន្ទ អង្គការ​ Amnesty International​បាន​ពន្យល់ថា គេ​បាន​ដក​ហូតមកវិញ រង្វាន់ “ទូតមនសិការ” Ambassador of Conscience ពីលោកស្រី ដែល​គេ​បាន​ប្រគល់​ជូន​លោកស្រី កាលពី​ឆ្នាំ ២០០៩ នៅពេល​ដែលលោកស្រី កំពុង​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​នៅឡើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ