ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព
 
ជំនួបកំពូល​អាស៊ាន​នៅ​សិង្ហបុរី ​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព RFI/Khmer

នៅ​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា​នេះ​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និង​អាស៊ាន​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​ក្នុង​ប្រទេស​សិង្ហបុរី។ កិច្ចប្រជុំកំពូល​ថ្ងៃទី២ បាន​ផ្តោត​សំខាន់​លើ​កិច្ចប្រជុំកំពូល​រវាង​អាស៊ាន ចិន​លើក​ទី២១ អាស៊ាន កូរ៉េខាងត្បូង​លើកទី២០ អាស៊ាន រុស្ស៊ី​លើកទី៣ អាស៊ាន និង​ជប៉ុន​លើកទី២១ និង​កិច្ចប្រជុំកំពូល​ភាព​ជា​ដៃគូសេដ្ឋកិច្ច​តំបន់​ទូលំទូលាយ​លើកទី២។ ក្រៅ​ពី​កិច្ចប្រជុំកំពូល​ផ្លូវការ ក៏​មាន​កិច្ចប្រជុំកំពូល​ក្រៅផ្លូវការ​មួយ​ក្នុង​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា​រវាង​អាស៊ាន និង​ប្រទេស​អូស្តា្រលី។

សេចក្តីថ្លែងការណ៍​ផ្លូវការ​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ រវាង​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស​ក្នុង​ថ្ងៃ​អង្គារ ទី១៣ វិច្ឆិកា​បាន​ចែកចេញ​ជា ៥ជំពូក​ធំៗ។ ជំពូក​ទី១ ស្តីពី​សហគមន៍​សន្តិសុខ និង​នយោបាយ​របស់​អាស៊ាន ទី២ ស្តីពី​សហគមន៍​សេដ្ឋកិច្ច​របស់​អាស៊ាន ទី៣ ស្តីពី​សហគមន៍​សង្គម និង​វប្បធម៌​របស់​អាស៊ាន ទី៤ ស្តីពី​ទំនាក់ទំនង​រវាង​អាស៊ាន និង​អន្តរជាតិ និង​ជំពូកទី៥ ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ។

ក្នុង​បញ្ហា​សន្តិសុខ និង​នយោបាយ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​បញ្ជាក់​ការ​គាំទ្រ​ជា​ថ្មី​លើ​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣២ ក្នុង​ប្រទេស​សិង្ហបុរី​នា​ខែ​មេសា​កន្លង​ទៅ។ សេចក្តីថ្លែងការណ៍​ដែល​មេដឹកនាំ​អាស៊ាន​បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការណ៍​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​វាយប្រហារ​តាម​អ៊ីធឺណែត។ លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​លី សៀនឡុង​ដែល​ជា​ប្រធានផ្លាស់អាស៊ាន​ឆ្នាំ​នេះ​ធ្លាប់​បាន​ទទួល​ស្គាល់​ថា អាស៊ីអាគ្នេយ៍​កំពុង​ស្ថិត​ក្នុង​សន្តិភាព​មែន តែ​ក៏​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវនិយម​គ្រប់​ប្រភេទ​ដែរ។

នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច មេដឹកនាំ​អាស៊ាន​បាន​សាទរ​ពី​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​អាស៊ាន​ចំនួន ៥,៣% ក្នុង​ឆ្នាំ ២០១៧ ធៀប​នឹង​ឆ្នាំ ២០១៦ និង​ប្រមើលមើល​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ស្ថិត​នៅ​ស្ថិរ​ដែល​មាន​ចន្លោះ​ពី ៥,១ ទៅ ៥,២% សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩។ ចំណែក​ទឹកប្រាក់​វិនិយោគ​បរទេស​ផ្ទាល់​ក្នុង​តំបន់​អាស៊ាន​មាន​ជិត ១៣៧ ០០០លានដុល្លារ ក្នុង​នោះ​មាន ១៩,៤% ពី​បាន​ពី​ក្រុមអ្នក​វិនិយោគ​ក្នុង​តំបន់។ បន្ទាប់​មក ថ្នាក់ដឹកនាំ​អាស៊ាន​ក៏​បាន​សាទរ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺនែត​ដែល​ទើប​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន។ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​សម្រួល និង​បង្កើន​ការ​ទុកចិត្ត​នៅ​ក្នុង​ចរារណ៍​លុយ​រវាង​ធនាគារ និង​ធនាគារ​នៅ​ក្នុង​តំបន់​អាស៊ាន។ ទន្ទឹម​គ្នា​នេះ មេដឹកនាំ​អាស៊ាន​បាន​ឲ្យ​តម្លៃ​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិ​ពហុភាគី ពិសេស​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​បើក​ចំហ។

អាស៊ាន​ចង់​ឃើញ​សមុទ្រ​ចិនខាងត្បូង​ក្លាយ​ជា​តំបន់​សន្តិភាព

ទាក់ទង​នឹង​បញ្ហា​ភូមា មេដឹកនាំ​អាស៊ាន​បាន​សម្តែង​ក្តី​បារម្ភ​ពី​ស្ថានការណ៍​មនុស្សធម៌​នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន​ដែល​មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង​កន្លះលាននាក់​បាន​ភៀសខ្លួន​រត់​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុកបុកម្នេញ​របស់​ទ័ព​ភូមា។ ថ្នាក់​ដឹកនាំ​អាស៊ាន​បាន​លើក​បញ្ហា​នេះ​ទៅ​និយាយ​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន។ បន្ទាប់​មក មេដឹកនាំ​អាស៊ាន​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​រវាង​ភូមា និង​​បង់ក្លាដែស​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពួក​រ៉ូហ៊ីងយ៉ា​ឲ្យ​ត្រឡប់​ទៅ​ភូមា​វិញ។ ទន្ទឹម​គ្នា​នេះ មេដឹកនាំ​អាស៊ាន​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ទាក់ទង​នឹង​រឿង​រ៉ូហ៊ីងយ៉ា ពិសេស​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រត់ភៀសខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា។

នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាស៊ាន និង​អន្តរជាតិ មេដឹកនាំ​អាស៊ាន​បាន​សាទរ​លើ​ខួប​គម្រប់ ១៥ឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន ចិន និង​ខួប​គម្រប់ ៤៥ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន ជប៉ុន។ ក្រៅ​ពី​នោះ មេដឹកនាំ​អាស៊ាន​ក៏​បាន​ទទួល​ស្គាល់​ពី​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​លោក​ដោយ​មាន​ការ​រួម​សហការណ៍​ពី​អង្គការ​នានា ក្នុង​នោះ​ក៏​មាន​អាស៊ាន​មួយ​ដែរ។ និយាយ​ពី​បញ្ហា​តំបន់ និង​អន្តរជាតិ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​បញ្ហា​សមុទ្រចិនខាងត្បូង និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន ៤ គឺ​វៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ​ត្រូវ​បាន​អាស៊ាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​រក្សា និង​លើកដំកើង​សន្តិភាព សន្តិសុខ ស្ថិរភាព និង​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​ក្នុង​សមុទ្រចិន​ខាងត្បូង។

អ្វី​ដែល​អាស៊ាន​ចង់​បាន និង​ចង់​ឃើញ គឺ​ការ​ប្រែ​ក្លាយ​សមុទ្រ​ចិន​ខាង​តត្បូង​ទៅ​ជា​តំបន់​សន្តិភាព និង​ស្ថរិភាព។ នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​លើ​សេចក្តីថ្លែងការណ៍​ឆ្នាំ ២០០២ DOC និង​បាន​សាទរ​ពី​កិច្ចចរចា​ដែល​កំពុង​បោះជំហាន​ទៅ​មុខ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្រមប្រតិបត្តិ ឬ COC នា​ពេល​ឆាប់ៗ​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ មេដឹកនាំ​អាស៊ាន​ក៏​បាន​សាទរ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ប្រសើរ​ឡើង​រវាង​អាស៊ាន និង​ចិន។ ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង មេដឹកនាំ​អាស៊ាន​បាន​សាទរ​ជំនួបកំពូល​អន្តរកូរ៉េ​ចំនួន​ពីរ​លើក​ក្នុង​ខែ​មេសា និង​ខែ​កញ្ញា ព្រម​ទំាង​ជំនួបកំពូល​កូរ៉េខាងជើង អាមេរិក​ក្នុង​ខែ​មិថុនា​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ។ អាស៊ាន​បាន​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ប្រឹងប្រែង​បន្ត​ទៀត​ក្នុង​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​នៅ​លើ​ឧបទ្វីបកូរ៉េ។

សម្រាប់​អាស៊ាន ចិន​ជា​ដៃគូយុទ្ធសាស្រ្ត​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់

កិច្ចប្រជុំកំពូល​រវាង​អាស៊ាន​ជាមួយ​ចិន ជាមួយ​កូរ៉េខាងត្បូង និង​ជាមួយ​ជប៉ុន​ត្រូវ​បាន​គ្រប់​គ្នា​ចាប់​អារម្មណ៍ ណិង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ នេះ​ក៏​ដោយសារ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​សុទ្ធ​ជា​ប្រទេស​គូប្រជែង​គ្នា​នៅ​ក្នុង​តំបន់ និង​ជា​ក្រុមប្រទេសដៃ​គូ​របស់​អាស៊ាន​ដូច​គ្នា។ ក្រៅ​ពី​រម្លឹក​ខួប​គម្រប់ ១៥ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រវាង​អាស៊ាន ចិន មេដឹកនាំ​អាស៊ាន​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​ដែល​កើត​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ដែល​បាន និង​កំពុង​ចូលរួម​ចំណែក​នៅ​ក្នុង​បុព្វហេតុ​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ការ​ត​ភ្ជាប់ ចំណង​ការទូត និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន។ សម្រាប់​អាស៊ាន ចិន​គឺ​ជា​ដៃគូយុទ្ធសាស្រ្ត​មួយ​មិន​អាច​ខ្វះ​បាន ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

ដោយឡែក​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​លើ​សំណើ​រៀបចំ​កិច្ចប្រជុំ​រម្លឹក​ខួបអនុស្សាវរីយ៍​លើក​ទី៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន កូរ៉េខាងត្បូង​នៅ​ឆ្នាំ២០១៩ ស្វាគមន៍​លើ​គោលនយោបាយ​ទិសខាងត្បូង​ថ្មី​របស់​កូរ៉េខាងត្បូង​ក្នុង​បំណងលើក​កម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង និង​ស្វាគមន៍​លើ​ជំនួបកំពូល​អន្តរកូរ៉េ និង​ជំនួបកំពូល​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​ដែល​អាស៊ាន​ចាត់​ទុក​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​កសាង​សន្តិភាព​អចិន្រៃ្តយ៍ និង​ការ​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីកូរ៉េ។

រវាង​អាស៊ាន និង​ជប៉ុន ថ្នាក់ដឹកនាំ​អាស៊ាន​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​យ៉ាងខ្លាំង​ដែល​បាន​ឃើញ​កិច្ចសហប្រតិបត្តិការ​អាស៊ាន ជប៉ុន​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៤៥ ឆ្នាំ​កន្លង​មក។ នៅ​ក្នុង​ស្មារតី​នេះ មេដឹកនាំ​អាស៊ាន​ទាំង​អស់​បាន​គាំទ្រ​ឲ្យ​មាន​ការ​បន្ត​ធ្វើការ​យ៉ាង​ស្អិតរមួត​រវាង​សមាជិក​អាស៊ាន និង​ជប៉ុន​ដើម្បី​អនុវត្ត​ការ​កែសម្រួល​លើ​ផែនការ​អនុវត្ត​ចក្ខុវិស័យ​ស្តីពី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន​ដែល​បាន​អនុម័ត​កាល​ពី​ខែ​សីហា ឆ្នាំ២០១៧។ ទន្ទឹម​គ្នា​នេះ អាស៊ាន​មិន​ភ្លេច​សាទរ​ពី​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន ជប៉ុន​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ២១៧,៩ប៊ីលានដុល្លា​ក្នុងឆ្នាំ​២០១៧។

លើស​ពី​នេះ អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​ដ៏​សំខាន់របស់​ជប៉ុន​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​តាម​រយៈ​មូលនិធិ​ជប៉ុន​សម្រាប់​សមាហរណកម្ម​អាស៊ាន ក៏​ដូច​ជា​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​មេ​ត​ភ្ជាប់​អាស៊ាន ២០២៥ និង​ផែនការ​ការងារ​ទី៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ ២០១៦-២០២០ ដើម្បី​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុងតំបន់ ពិសេស​គាំទ្រ​ដល់​ការ​កសាង​ធនធានមនុស្ស​របស់​អាស៊ាន និង​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមា-ម៉ាឡេស៊ី

    នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​រិះគន់​សាជាថ្មី លោកស្រី​អ៊ុងសាន ស៊ូជី ក្នុងសំណុំរឿង​ជនជាតិ​រ៉ូហ៊ីងយ៉ា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

    ស្វែងយល់បន្ថែម

  • ចិន-អាស៊ាន

    ចិន និង​អាស៊ាន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា នៅ​សប្តាហ៍ក្រោយ

    ស្វែងយល់បន្ថែម

  • កម្ពុជា-នយោបាយ

    ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ គ្រោង​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​លើ​ការ​ធ្វើ​បច្ចាប័ន​និងផ្ទេរ​ទណ្ឌិត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ