អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ វិច្ឆិកា​នេះ​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និង​អាស៊ាន​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​ក្នុង​ប្រទេស​សិង្ហបុរី។ មាន​កិច្ចប្រជុំកំពូល​ចំនួន ៣ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ទី១ ជា​កិច្ចប្រជុំកំពូល​រវាង​អាស៊ាន សហរដ្ឋអាមេរិក​លើក​ទី៦ ទី២ ជា​កិច្ចប្រជុំកំពូល​អាស៊ាន​បូកបី​លើកទី២១ និង​ទី៣ ជា​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១៣។ កិច្ចប្រជុំកំពូល​ទាំង ៣ សុទ្ធ​តែ​សំខាន់​ដូច​គ្នា តែ​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា​ត្រូវ​បាន​គេ​ចាត់​ទុក​សំខាន់​ជាង​គេ ព្រោះ​មាន ១៨ប្រទេស​ចូលរួម ក្នុង​នោះ​មាន​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស​បូក ៨ប្រទេស​ដៃគូ​សន្ទនា។

Premier ministre thailande et premier ministre singapour au sommet asean à singapour 15/11/2018
Premier ministre thailande et premier ministre singapour au sommet asean à singapour 15/11/2018 Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋអាមេរិក​លើកទី៦ លោក​នាយករដ្ឋមន្រ្តី​លី សៀនឡុង​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹងមាំ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ក្នុង​នាម​ជា​ដែគូ​លំដាប់​ទី៣ ហើយ​ថា ការ​រួមចំណែក​របស់​សហរដ្ឋអាមេរិក​គឺ​ធំធេង​ណាស់ ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ។ ចំណែក​សុន្ទរកថា​របស់​លោក Mike Pence បាន​ចាប់​អារម្មណ៍​លើ​ប្រធានបទ​ច្រើន​ដែល​លាតសន្ធឹង​ឆ្ងាយ​ហួស​ពី​ព្រំដែន​អាស៊ាន​ទៅ​ទៀត។ ក្រៅ​ពី​បាន​ចាត់​ទុក​អាស៊ាន​ជា​ដៃគូ​យុទ្ធសាស្រ្ត​​មិន​អាច​ខ្វះ​បាន និង​មិន​អាច​ជំនួស​បាន លោក Mike Pence បាន​ប្រើ​ច្រើន​នូវ​ពាក្យ « ឥណ្ឌូប៉ាស៊ីហ្វ៊ិក » ដែល​អាមេរិក និង​ជប៉ុន​បាន​បង្កើត​រួម​គ្នា។

កន្លង​មក អាមេរិក​ច្រើន​ប្រើ​ពាក្យ​អាស៊ីប៉ាស៊ីហ្វិក តែ​ដោយ​ជប៉ុន​បាន​ប្រើ​ញឹកញាប់​នា​រយៈពេល​ចុង​ក្រោយ​នេះ អាមេរិក​ក៏​ចាប់​ផ្តើម​ប្រើ​ជា​ផ្លូវការ។ ឥណ្ឌូប៉ាស៊ីហ្វិក​មាន​បូក​បញ្ចូល​ប្រទេស​ឥណ្ឌា​ដែល​អាមេរិក និង​ជប៉ុន​ចង់​បន្ថែម​ទម្ងន់​ដើម្បី​ប្រឆាំង​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។ សុន្ទរកថា​របស់​លោក Pence បាន​វាយប្រហារ​លើ​ចិន ទោះ​លោក Pence មិន​បាន​និយាយ​ចំ​ឈ្មោះ​ចិន​ក៏​ដោយ​ដូច​ឃ្លា​ថា អនុត្តរភាព ការ​វាតទី និង​ការ​ឈ្លានពាន​នឹង​គ្មាន​កន្លែង​របស់​វា​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ទេ។

រីឯ​ពាក្យ​សមុទ្រ​ខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​ខ្លះ​ក៏​លោក Mike Pence មិន​បាន​ប្រើ​ដែរ តែ​បាន​ឆ្លៀត​សៀតស៊ក​ថា អាមេរិក​ប្តេជ្ញា​ការពារ​សេរីភាព​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ និង​បន្ថែម​ថា គ្រប់​ប្រទេស​ទាំង​អស់​អាច​ចូល​ខ្លួន​ទៅ​ក្នុង​ឥណ្ឌូប៉ាស៊ីហ្វិក​បាន តែ​ត្រូវ​គោរព​គ្នា​ទៅ​វិញ ទៅ​មក​ឲ្យ​ស្មើ​ភាព។ ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក Pence បាន​អំពាវនាវ​ឲ្យ​បន្ត​ដាក់​គំនាប​ដើម្បី​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។

អាស៊ាន​បូកបី​ទទួល​បាន​ប្រយោជន៍​ពាណិជ្ជកម្ម​ធំធេង​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ

នេះ​ជា​លើកទី២១ ដែល​កិច្ចប្រជុំកំពូល​អាស៊ាន​បូកបី ពោល​សមាជិក​អាស៊ាន ១០ប្រទេស​បូក​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ត្រូវ​បាន​រៀបចំ​ឡើង។ នៅ​ក្នុង​កិច្ចប្រជុំកំពូល អាស៊ាន​បូកបី​បាន​ទទួល​ស្គាល់​ថា​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​កន្លង​ទៅ កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ប្រទេស​មហាយក្ស​អាស៊ី​ទាំង ៣ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ស្ញប់ស្ញែង និង​អាច​នាំ​ឲ្យ​អាស៊ាន​បូកបី​ក្លាយ​ទៅ​ជា​តំបន់​ដ៏​វិបុលភាព​ជាង​គេ​មួយ​ក្នុង​លោក។ នៅ​ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​លី សៀនឡុង​បាន​ប្រាប់​ថា​ក្នុង​ឆ្នាំ ២០១៧ ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ប្រទេស​ទាំង ៣ មាន​ជាង ៨០០ ០០០លានដុល្លារ។

ទន្ទឹម​គ្នា​នេះ កិច្ចសហប្រតិបត្តិ​រវាង​អាស៊ាន និង​ប្រទេស​ទាំង​បី​ក៏​បាន​ផ្តោត​សំខាន់​លើ​ផ្នែក​ដែល​ទាក់ទង​ផ្ទាល់​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ដូច​យ៉ាង​ផ្នែក​អប់រំ ឬ​សន្តិសុខ​ចំណីអាហារ​ជា​ដើម។ នា​ឱកាស​កិច្ចប្រជុំកំពូល​លើកទី២១ ឆ្នាំ​នេះ អាស៊ាន​បូកបី​បាន​បន្ត​ផ្តោត​សំខាន់​លើ​បញ្ហា​សុខភាព​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ស៊ាំ​នៃ​ថ្នាំ​អង់ទីប៊ីយោទិក។ តែ​ទន្ទឹម​គ្នា​នេះ អាស៊ីបូកបី​ក៏​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​​បរិយាកាស​មិន​ល្អ​ដែល​កើត​ចេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម​សព្វថ្ងៃ។ នៅ​ក្នុង​ន័យ​នេះ លោក​លី សៀនឡុង​បាន​អំពាវនាវ​ដល់​សមាជិក​ទាំង​អស់​ឲ្យ​ប្រឹងប្រែង​ទ្វេដង​ក្នុង​ការ​ការពារ​កិច្ចព្រមព្រៀង​ពហុភាគី។

អាស៊ីបូព៌ា​ប្តេជ្ញា​បង្កើន​ជំនឿទុកចិត្ត​គ្រប់​កម្រិត​ដើម្បី​ប្រសិទ្ធិភាព​ខ្ពស់​

កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១៣ ដែល​មាន​សមាជិក ១៨ ប្រទេស គឺ​សមាជិក​អាស៊ាន ១០ប្រទេស​បូក​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រា្តលី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ពិភាក្សា​គ្នា​លើ​​ទិសដៅ​អនាគត​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ កិច្ចប្រជុំ​បាន​យល់​ឃើញ​ថា ការ​ពង្រឹង​ជំនឿទុកចិត្ត​លើ​គ្រប់កម្រិត​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​អាស៊ីបូព៌ា​មាន​ដំណើរការ​ដោយ​រលូន និង​កាន់​តែ​មាន​​ប្រសិទ្ធិភាព។ មាន​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​ដែល​បាន​អនុម័ត​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​ភេរវជន​បរទេស ឬ​មួយ​ស្តីពី​សន្តិសុខ​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន និង​សេដ្ឋកិច្ចឌីជីថល​ជា​ដើម។

ប្រទេស​សិង្ហបុរី​ផ្ទេរ​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ឲ្យ​ប្រទេស​ថៃសម្រាប់ឆ្នាំ ២០១៩

កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ។ ជោគជ័យ​សម្រាប់​ប្រទេស​សិង្ហបុរី​ដែល​បាន​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ដោយ​រលូន និង​គ្មាន​ឧប្បត្តិហេតុ​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ថ្នាក់ដឹកនាំ​គ្រប់រូប នៅ​ក្នុង និង​ខាង​ក្រៅ​នៃ​អាគារ​រៀបចំ​កិច្ចប្រជុំ​ក៏​ដូច​ជា​នៅ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរឹង​ជាមួយ​នឹង​វត្តមាន​កម្លាំង​ទាហាន និង​ប៉ូលិស​ជិត ៧ ០០០នាក់។

កិច្ចប្រជុំកំពូល​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី​លី សៀនឡុង។ នៅ​ក្នុង​ពាក្យ​ចុង​ក្រោយ​នៃ​សុន្ទរកថា លោក​លី សៀនឡុង​បាន​និយាយ​ជា​ភាសា​ថៃ​ថា សាវ៉ាត់ឌីខាប់។ សាវ៉ាត់ឌីខាប់​ដែល​លោក​លី សៀនឡុង​ចង់​និយាយ​សំដៅ​សមភាគី​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា​ដែល​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​នៅ​ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ