អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​ប្រកាស​ពី​ជោគជ័យ ក្នុង​ការធ្វើ​តេស្ត​សាកល្បង​អាវុធ​ដ៏ទំនើប

ទីក្រុង​ព្យុងយ៉ាង​បាន​ធ្វើតេស្ត​សាកល្បង​អាវុធ​យុទ្ធសាស្រ្ត​ដ៏ទំនើប​បំផុត។ តាម​ការចុះផ្សាយ​នៅថ្ងៃ​សុក្រនេះ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ដឹកនាំ​ដោយ​ផ្ទាល់ ការធ្វើតេស្ត​សាកល្បងអាវុធ នៅ​ថ្ងៃនេះ។ ការប្រកាស​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើង ធ្វើឡើង​នៅក្នុង​បរិបទ​មួយ ដែល​ការចរចា​កូរ៉េខាងជើង ហើយ​និង​អាមេរិក ស្តីពី​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង កំពុង​តែ​នៅ​ជាប់គាំង។ 

មេដឹកនាំ​កូរ៉េខាងជើង ឈរជុំជិត​ដោយ​មន្រ្តីកូរ៉េខាងជើង នៅក្នុង​រូបថត​របស់​KCNA ដែលចុះផ្សាយ​នៅថ្ងៃទី ១៦​វិច្ឆិកា
មេដឹកនាំ​កូរ៉េខាងជើង ឈរជុំជិត​ដោយ​មន្រ្តីកូរ៉េខាងជើង នៅក្នុង​រូបថត​របស់​KCNA ដែលចុះផ្សាយ​នៅថ្ងៃទី ១៦​វិច្ឆិកា ©Reuters via North Korea's Korean Central News Agency (KCNA).
ផ្សាយពាណិជ្ជកម្ម

នៅមុនបើកជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក នៅ​ខែ​មិថុនា កូរ៉េខាងជើង​បាន​ប្រកាសព្យួរ ការធ្វើតេស្ត​សាកល្បង មីស៊ីល ហើយនិង​គ្រាប់បែក​នុយក្លេអ៊ែរ។ ឥរិយាបថ​របស់​កូរ៉េខាងជើង​បាន​ជួយបន្ធូរបន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ រហូតជំរុញ​ឲ្យ​មាន​ជំនួប​កំពូល ទ្វេភាគី រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​ដល់​ទៅ ៣លើក ហើយ​និង​ជំនួបកំពូល​ជាលើកទី១ រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង។

ប៉ុន្តែ ការប្រកាស​ធ្វើតេស្ត​សាកល្បង អាវុធ​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រនេះ កំពុង​ធ្វើ​ឲ្យ​គេ​សង្ស័យ​ទៅលើ​ភាពអាប់អួរ នៃ​ការចរចា​រវាង​ភាគី​កូរ៉េ និង​អាមេរិក​របស់លោក​ដូណាល់ ត្រាំ។ ថ្មីៗ​នេះ ក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់ ថ្កោលទោស ការចរចា​បែប​អ្នកលេង​របស់ភាគី​អាមេរិក។ អាមេរិក​ដែល​បាន​ទាមទារ​ឲ្យ​កូរ៉េខាងជើង ត្រូវបំផ្លាញ​ចោល​អាវុធនុយក្លេអ៊ែរ ជាមុន​សិន មុន​នឹង​អាមេរិក​ដកចោលទៅវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច។

នៅក្នុង​សេចក្តីប្រកាស​របស់​ទីភ្នាក់ងារ​KCNA របស់​កូរ៉េខាងជើង គេ​បាន​បញ្ជាក់​ពីការធ្វើ​តេស្ត​សាកល្បង អាវុធ​យុទ្ធសាស្រ្ត ដ៏ទំនើប ដែល​ធ្វើ​ឲ្យ​គេជឿថា មិនមែន​ជា​មីស៊ីល ឬ​គ្រាប់បែក​នុយក្លេអ៊ែរ​នោះទេ។ ម្យ៉ាងទៀត ខុសពីទម្លាប់​រាល់ដង ទីភ្នាក់ងារ KCNA មិនបាន​ចុះផ្សាយ​រូបថត​ដែល​បញ្ជាក់​ពីការសាកល្បង​អាវុធនោះទេ។ គេ​គ្រាន់តែ​ឃើញ មន្រ្តី​កូរ៉េខាងជើង ឈរ​កត់ត្រា នៅជុំវិញ មេដឹកនាំ​គីម ជុងអ៊ុន​តែប៉ុណ្ណោះ។

ប៉ុន្តែ តាមអ្នកជំនាញ របស់សហព័ន្ធ​អ្នកវិទ្យាសាស្រ្ត​អាមេរិកាំង លោក Adam Mount គេត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច។ ការប្រកាស​ធ្វើតេស្ត​សាកល្បង​អាវុធ​ដ៏ទំនើប ដែល​មិនមែន​ជា​មីស៊ីល ប៉ុន្តែ វា​បញ្ជាក់​ឲ្យ​ឃើញថា ថ្វីបើ​កូរ៉េខាងជើង ផ្អាក​សកម្មភាព​ផលិតមីស៊ីល​ ដោយ​ស្ម័គ្រចិត្ត និង​មួយផ្នែក ប៉ុន្តែ កូរ៉េខាងជើង ក៏អាច​ចាប់ផ្តើមផលិត​ឡើងវិញ ហើយ​ក៏មិនចាំបាច់​ត្រូវផ្សព្វផ្សាយ​ឲ្យ​គេ​ដឹងដែរ។

ការប្រកាស​របស់​កូរ៉េខាងជើង ក្នុង​ការធ្វើតេស្ត​សាកល្បង អាវុធ​ដ៏​ទំនើប សម្រួចសម្រាំងលើកនេះ ធ្វើឡើង នៅក្រោយ​ការចុះផ្សាយ​របាយការណ៍មួយ​ របស់មជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលមានទីតាំង​នៅទីក្រុងវ៉ាស៊ីនតោន។ តាម​របាយការណ៍​របស់​អាមេរិក កូរ៉េខាងជើង មានមូលដ្ឋានមីស៊ីល ជាង២០កន្លែង ក៏ប៉ុន្តែ ក្នុងចំណោម​នោះ គឺមានយ៉ាងហោចណាស់​ ១៣កន្លែង ដែលកូរ៉េខាងជើង មិន​បានប្រកាសឲ្យគេដឹង​ឮ ជាសាធារណៈទេ។ មានទីតាំងខ្លះ ដែល​កំពុងតែ​ដំណើរការ និងមាន​សកម្មភាពជួសជុល រៀបចំកែលម្អ យ៉ាងសកម្មទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ