ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

ប្រជាជន​រ៉ូហ៊ីងយ៉ា​រីករាយត្រេកអរ ដែល​មាតុភូមិនិវត្ត​ទៅ​ភូមា​បរាជ័យ​ធ្លាក់ទឹក

media កុមារ​រ៉ូហ៊ីងយ៉ា​លើកក្រដាស​ដែល​សរសេរ​ថា ពួកគេ​នឹង​មិនត្រលប់ទៅ​ភូមាវិញទេ បើសិន​ភូមា​មិន​ផ្តល់​សញ្ជាតិ​ដល់ពួកគេ នៅថ្ងៃទី ១៥​វិច្ឆិកា ២០១៨ ©REUTERS/Mohammad Ponir Hossain

ប្រជាជន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ជំរំភៀសខ្លួន នៅ​បង់ក្លាដែស នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សូត្រធម៌ ថ្លែង​អំណរគុណព្រះ ដែល​បាន​ធ្វើ​ឲ្យ​ការបន់ស្រន់​របស់ពួកគេ​សម្រេច​ដូចក្តីប្រាថ្នា។ ប្រជាជន​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់គេច​ចេញពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង​ភូមា និង​កំពុងរស់នៅ​កកកុញ ក្នុងជំរំ​ភៀសខ្លួន ក្នុងទឹកដី​បង់ក្លាដែស ត្រេកអរ​នឹង​ការប្រកាស​របស់​អាជ្ញាធរ​បង់ក្លាដែស ដែលនៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​​សម្រេច​ផ្អាក​ដំណើរវិលត្រលប់​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា ទៅ​ទឹកដីភូមា នៅ​សប្តាហ៍នេះ។

ទៅតាម​កិច្ចព្រមព្រៀង ចុងក្រោយ នៅ​ថ្ងៃទី​៣០​តុលា អាជ្ញាធរ​បង់ក្លាដែស និង​ភូមា បាន​យល់ស្រប​គ្នា​ថា នឹង​រៀបចំ​ធ្វើ​មាតុភូមិនិវត្ត​ប្រជាជន​រ៉ូហ៊ីងយ៉ា ក្រុម​ដំបូងគេ នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកានេះ។ តាមការកំណត់​របស់​ភាគី​ភូមា និង​បង់ក្លាដែស ក្រុម​ប្រជាជន​រ៉ូហ៊ីងយ៉ា ដំបូងគេ​​ដែល​ត្រូវ​ធ្វើដំណើរ​ត្រលប់​ទៅ​ភូមា​វិញ នឹង​មាន​ចំនួន ជាង ២ពាន់នាក់ ពោល​គឺ ក្នុង​កម្រិត​ចំនួន ១៥០នាក់ ក្នុង​មួយថ្ងៃ។

ប៉ុន្តែ នៅថ្ងៃ​កំណត់​មកដល់ គឺ​នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលម្ង៉ៃនេះ នៅពេល​ដែល​ឡាន​ក្រុង​ត្រៀម​ចាំ​ទទួល​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រលប់ទៅ​ភូមា​វិញ គេ​គ្មាន​ឃើញ​លេចមុខ​មនុស្ស​ម្នាក់​នោះទេ។ លេខាអចិន្ត្រៃយ៍​របស់​ក្រសួងការបរទេស​ភូមា បាន​និយាយ​ប្រាប់​អ្នកកាសែត នៅថ្ងៃ​សុក្រ​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ ភូមា​នៅ​មិនទាន់​បាន​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពីខាង​ភាគី​បង់ក្លាដែស​នៅឡើយទេ។ មន្រ្តី​ភូមា លើក​ឡើង​ពី​ភាពទន់ខ្សោយ​របស់​បង់ក្លាដែស ប៉ុន្តែ បន្តថា ភូមា​នៅតែ​បន្ត​សហការ​ក្នុង​រឿង​រៀបចំ​ការវិលត្រលប់​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

បន្ទាប់ពី​បាន​លើកពេល​ជាច្រើន​ដង បង់ក្លាដែស បានរៀបចំ​ដំណើរ​ធ្វើមាតុភូមិនិវត្ត​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទៅតាម​ការស្ម័គ្រចិត្ត។ ប៉ុន្តែ ផែនការ​បញ្ជូនចេញ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ពីជំរំ​ភៀសខ្លួន នៅក្នុង​ទឹកដី​បង់ក្លាដែស ត្រូវ​បាន​លុបចោល​ទៅវិញ ដោយសារ​តែ​គ្មានជនជាតិ​រ៉ូហ៊ីងយ៉ា​ណាម្នាក់​ចង់​ត្រលប់​ទៅភូមា​វិញ។ តាមអ្នកទទួល​ខុសត្រូវ​របស់​ជំរំភៀសខ្លួន ម្នាក់ ក្នុង​ស្រុក Cox’s Bazar ជនជាតិ​រ៉ូហ៊ីងយ៉ា សុខចិត្ត​រស់នៅ​ក្នុង​លក្ខខណ្ឌ​ជីវិត​ដ៏លំបាក ក្នុង​ជំរំ ជាជាង ត្រលប់ទៅ​ភូមា ជាទី​ដែល​ពួកគេ​អាច​ប្រឈម នឹង​ការគំរាមកំហែង និង​អំពើហិង្សា​ពី​កងទ័ព​ភូមា។ ជនជាតិ​រ៉ូហ៊ីងយ៉ា​បានទាមទារ​ដាច់ខាត ឲ្យ​រដ្ឋាភិបាល ភូមា​ត្រូវ​ធានា​សន្តិសុខ ហើយ​និងសញ្ជាតិ​ភូមា បើសិន​ចង់​ឲ្យ​ពួកគេ​ត្រលប់​ចូល​ទៅភូមាវិញ។

នៅ​ថ្ងៃ​អង្គារ​ដើមសប្តាហ៍នេះ មន្រ្តី​អង្គការ​សហប្រជាជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន នៅ​បង់ក្លាដែស បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស ផ្អាក ផែនការ​ដឹកជញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅភូមា ក្នុង​ហេតុផល​ថា ប្រជាជន​រ៉ូហ៊ីងយ៉ា​នៅតែ​អាច​ប្រឈម​នឹង​ការកាប់សម្លាប់​សាជាថ្មី​នៅពេល​ពួកគេ​ត្រលប់​ទៅ​រស់នៅក្នុង​ទឹកដី​ភូមា។

សូមបញ្ជាក់ថា តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ ប្រជាជន​រ៉ូហ៊ីងយ៉ា​ប្រមាណ ៧សែននាក់ បាន​ ភៀសខ្លួន​ទៅ​នៅក្នុង​ទឹកដី​បង់ក្លាដែស បន្ទាប់​ពី​រត់គេចចេញ ពី​អំពើហិង្សា ប្រព្រឹត្ត​ដោយ​កងទ័ព​ភូមា នៅ​ក្នុង​រដ្ឋរ៉ាឃីន។ កងទ័ព​ភូមា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។ នៅ​ថ្ងៃ​ពុធ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence បាន​រិះគន់​ខ្លាំង​មេដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី ក្នុងសំណុំរឿង​ប្រជាជន​រ៉ូហ៊ីងយ៉ា និង​ថា អំពើហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ជារឿង​ដែល​គេ​មិនអាច​អត់អោន​ទោស​ឲ្យ​បានទេ។

ឆ្លើយទៅ​វិញ លោកស្រី អ៊ុងសាន ស៊ូជី​បាន​អះអាងថា ភូមា​ស្គាល់​បញ្ហា​របស់​ប្រទេស ជាងប្រទេស​ណាៗ​ទាំងអស់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ