ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC
 
អនុប្រធានាធិបតី​អាមេរិក​លោក​Mike Pence អវត្តមាន​ក្នុង​រូប​ថត​ថ្ងៃ​បើក​ជំនួប​កំពូល​APEC REUTERS/David Gray

នៅ​ថ្ងៃ​សៅរ៍​នេះ ពី​លើ​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា​អាប៉ិចAPEC ដែល​​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ប៉ាពូអាស៊ី​ ចិន និង​សហរដ្ឋ​អាមេរិក​បាន​លាត​ត្រដាង​វិសាលភាព​នៃ​ជំហរ​ខ្វែង​គ្នា។ នៅ​ក្នុង​សុន្ទរកថា​ ថ្លែង​ទៅ​កាន់​ក្រុម​និយោជក​ មុន​ការ​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ ប្រធានាធិបតី​ចិន និង​អនុប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ការ​វាយប្រហារ​គ្នាចំៗ មួយ​ចំនុច​ម្តងៗ ស្តី​អំពី​នយោបាយគាំពារ​ជាតិ​ឯង ស្តី​អំពី​ពាណិជ្ជកម្ម ...

ពី​លើ​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា​អាប៉ិចAPEC ​ ចិន និង​សហរដ្ឋ​អាមេរិក​បាន​លាត​ត្រដាង​វិសាលភាព​នៃ​ជំហរ​ខ្វែង​គ្នា ស្តី​អំពី​នយោបាយគាំពារ​ជាតិ​ឯង ស្តី​អំពី​ពាណិជ្ជកម្ម ...

នៅ​ក្នុង​សុន្ទរកថា លោកប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​ថ្លែង​បរិហារ​អំពី​នយោបាយ​គាំពារ​តែ​ជាតិ​ឯង​ទល់​នឹង​រាល់​ការ​ប្រកួត​ប្រជែង​បរទេស Protectionnisme និង​នយោបាយ​ គិត​តែ​ប្រយោជន៍​អាមេរិក​ជាមុន Américain first របស់​លោក​ត្រាំ ដោយ​អះអាង​ថា ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​​មិនគួរ​ត្រូវ​បាន​យក​ទៅ​បម្រើ​ ជា​ប្រយោជន៍​អត្មានិយម​ទេ។

“ការ​សាកល្បងលើក​​រនាំង ឬ បំបែក​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​ល្អិត​ល្មួត ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​សេដ្ឋកិច្ច និង​ប្រវត្តិសាស្ត្រ ! ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​ហើយ​ថា​គ្មាន​នរណា​ម្នាក់​ឈ្នះ​សង្គ្រាម​ទេ មិនថា​ជា​សង្គ្រាម​ត្រជាក់ ក្តៅ ឬ​ពាណិជ្ជកម្ម​ឡើយ ! ដូច្នេះ​ យើង​ត្រូវ​ចេះ ថា « ទេ » នឹង​ឯកតោភាគី​និយម និង​ការគាំពារ​តែ​ខ្លួន​ឯង”។ នេះគឺ​ជា​ពាក្យ​រិះគន់​អាមេរិក​​ដោយ​ចំ​​របស់​លោក ស៊ី ជីនពីង។

លោក​ប្រធានាធិបតី​ចិន បាន​ឆ្លៀត​ឱកាស​ការពារ​គម្រោង​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ ថា​ជា​កម្មវិធី​វិនិយោគ​អឺរ៉ុប-អាស៊ី ដែល​គ្មាន​បង្កប់ប្រយោជន៍​​ភូមិសាស្ត្រ​នយោបាយ បម្រើជនណា ឬ​បញ្ចៀសប្រទេសណា​ទេ និង​គ្មាន​ទេ​បង្កប់​ល្បិច​ដូច​ការ​ចោទ​ប្រកាន់​ប្រទេស​ខ្លះ​ឡើយ !

គ្រាន់​តែ​លោក​ស៊ី ជីនពីង បាន​បញ្ចប់​សុន្ទរកថា​របស់​លោក អនុប្រធានាធិបតី​អាមេរិក លោក ម៉ាយ ប៉េន Mike Pence បាន​ឡើង​វាយបក​វិញ​ ដោយ​ប្រកាស​ថា អាមេរិក​នឹង​បន្ត​ចាត់​​ វិធានការ​យក​ពន្ធគយ​រហូត​ណា​ទាល់​តែ​ប៉េកាំង​ប្តូរ​ទម្លាប់​ធ្វើ​ពាណិជ្ជកម្ម។ អាមេរិក​មិន​ប្តូរ​ឥរិយាបថ​ទេ ដរាប​ណា​ចិន​មិន​ព្រម​ប្តូរ​ចរិក​នោះ។

ទាក់ទង​នឹង​គម្រោង​ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ អនុប្រធានាធិបតី​អាមេរិក បាន​អំពាវនាវ​ហៅ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់ ឱ្យ​ងាក​មក​រក​អាមេរិក និង​កុំ​នាំ​គ្នា​ដើរ​លើ​ផ្លូវ​ឯកទិស ! របស់​ចិន ដែល​មាន​ចំណុច​ខ្មៅ​ច្រើន។ ដើម្បី​បញ្ជាក់​ថា​អាមេរិក​មិន​ដក​ខ្លួន​ចេញ​ពី​តំបន់ លោក​អនុប្រធានាធិបតី​អាមេរិក​ ក៏​បាន​ប្រកាស​អភិវឌ្ឍន៍​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ម្តុំ​កោះ​ប៉ាពូអាស៊ី​ជាមួយ​អូស្ត្រាលី។ អាមេរិក​បាន​ថែម​ទាំង​ឆ្លៀត​ជួប​ពិភាក្សា​ជាមួយ​តំណាង​ភាគី​តៃវ៉ាន់​ទៀត ដើម្បី​បញ្ឈឺ​ចិត្ត​ប៉េកាំង។

ចិន​បង្ហាញ​វត្តមាន​កាន់​តែ​ខ្លាំងឡើងៗ ឯ​អាមេរិក​ដក​ថយ​ទៅៗ !

APEC ជា​អង្គការ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សមាជិក​ចំនួន​២១​ប្រទេស រាប់​ទាំង​ចិន​និង​អាមេរិកផង។ នៅ​ឆ្នាំ​នេះ អ្នក​ដែល​លេច​ធ្លោ​ជាងគេ​ គឺ​លោក ស៊ី ជិនពីង។ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​ប៉ាពូអាស៊ី តាំ​ងពី​ថ្ងៃព្រហស្បតិ៍ និង​បានចូល​រួម​​​សម្ពោធ​មហាវិថី​ឯករាជ្យ​មួយ ដែល​ចិន​ជា​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​សាងសង់។ ប៉ាពូអាស៊ី បាន​លា​កម្រាល​ព្រំ​ ទទួល​ស្វាគមន៍​ គណៈប្រតិភូ​ចិនតែ​ម្តង។

ចំណែក​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់ ត្រាំ បាន​ជ្រើសរើស ​ធ្វើ​ជា​ឧបសគ្គ មិនអញ្ជើញ​មក​ចូល​រួម​ជំនួប​កំពូល​នេះ​ទេ ដោយ​ទុក​ភារៈ​ឱ្យលោក មាយ ប៉េន​ អនុប្រធានាធិបតី​​មក​ជា​តំណាង​វិញ។ លោក មាយ ប៉េន បាន​អញ្ជើញ​មក​ដល់​ប៉ាពូអាស៊ី តែ​មួយ​ម៉ោង​មុន​ឡើង​ថ្លែង​សុន្ទរកថា​ប៉ុណ្ណោះ និង​គ្រោង​​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះតែ​ប៉ុន្មាន​ម៉ោង មុន​នឹង​ប្តូរ​ចិត្ត​ព្រម​នៅ​មួយយប់លើ​កោះប៉ាពូអាស៊ី។ សូម្បី​​តែ​ក្នុង​រូបថត​ជួប​ជុំ​មុន​ជំនួប​កំពូល​ក៏​គ្មាន​រូប​លោក​​អនុប្រធានាធិបតី​ផង។

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​សម័យ​លោក​បារ៉ាក់​អូបាម៉ា យល់​ថា អវត្តមាន​របស់​លោក​ត្រាំ​ក្នុង​ជំនួប​កំពូល​នេះ ជា​ការ​ប្រទាន​ឱកាស​ដ៏​មហិមា​ឱ្យ​ចិន ក្នុង​ការ​ពន្លាត​វិសាលភាព​និង​ឥទ្ធិល​របស់​គេ​នៅ​ក្នុង​តំបន់​។

ម្យ៉ាង​វិញ​ទៀត ជំនួប​កំពូលឆ្នាំ​នេះ ទំនង​ជា​មិន​ត្រូវ​បាន​សម្រេចអ្វី​ដូច​មាន​ចែង​ក្នុង​របៀប​វារៈ ក្រៅ​អំពី​ការ​បង្ហាញ​វត្តមាន​ដើម្បី​បង្ហាញ​ឥទ្ធិពល​ទេ។ ជំនួប​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅក្នុង​ប្រទេស​ដែល​អសន្តិសុខ​ខ្លាំង ! គ្មាន​ការ​គំរាម​កំហែង​ភេរវនិយម​ពី​សំណាក់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ទេ តែ​ជា​អសន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​ក្រុមល្បី​ខាង​អារក​មនុស្ស។ បេសកកម្ម​ការ​ពារ​សន្តិសុខ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កង​កម្លាំង​បរទេស​។ អូស្ត្រាលី​បាន​ពង្រាយ​ទាហាន​ ១៥០០​នាក់ មាន​ទាំង​ទ័ព​ពិសេស យន្តហោះ​ប្រដេញ​និង​នាវា​សង្គ្រាម​ទៀត​ផង៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ