អានតួអត្ថបទ

APECបិទបញ្ចប់ជំនួបប្រចាំឆ្នាំដោយគ្មានលទ្ធផល

ជម្លោះ​ពាក្យ​សម្តី​រវាង​អាមេរិក​និង​ចិន បាន​ធ្វើ​ឱ្យ​ប្រមុខ​ដឹកនាំ នៃ​ក្រុម​​ប្រទេស​​នៅ​​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ របស់​​APEC បែក​បាក់​គ្នា។ នៅ​ក្នុង​ជំនួប​កំពូល​​ប្រចាំ​របស់​ខ្លួន​ឆ្នាំ​នេះ APEC​ មិន​អាច​​ចេញ​សេចក្តី​ថ្លែងការណ៍រួម​ ចុងក្រោយ​បាន​ទេ។ គឺ​មាន​ត្រឹម​តែ​ជា​សេចក្តី​ថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ ដែល​ជា​ប្រធាន​ផ្លាស់​វេន និង​ម្ចាស់​ផ្ទះ ទៅ​កាន់​អ្នក​សារព័ត៌មាន​តែ​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ក្នុង​ជំនួប​កំពូល​Apec ថ្ងៃទី ១៧ វិច្ឆិកា ២០១៨
ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ក្នុង​ជំនួប​កំពូល​Apec ថ្ងៃទី ១៧ វិច្ឆិកា ២០១៨ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយក្នុង​ប្រវត្តិAPEC ដែលមេដឹកនាំ​​ប្រទេស​ទាំង​២១​ នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក មិន​អាច​ព្រមព្រៀង​គ្នា​ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ចុងក្រោយ ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ថ្នាក់ដឹក​នាំ​ទាំង​អស់ បាន​សម្រេច​ត្រឹម​ឱ្យប្រធាន​ផ្លាស់​វេន​APEC ​ប៉ាពូអាស៊ីនូវែលហ្គីណេ ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ យ៉ាង​ខ្លី​បំផុត​មួយ​ ក្នុងនាម​សមាជិក​ទាំង​អស់ ជំនួស​សេចក្តី​ថ្លែងការណ៍​រួម​​ជា​ប្រពៃណី។ នាយក​រដ្ឋមន្ត្រី​កាណាដា ក៏​បាន​ទទួល​ស្គាល់​ថា មាន​ទស្សនៈ​វិស័យ​ខ្វែង​គ្នា​ខ្លាំង​ណាស់ ជាពិសេស​ទៅ​លើ​បញ្ហា​ពាណិជ្ជកម្ម​តែ​ម្តង។ ​

ចិននិង​​អាមេរិក ដែលសុទ្ធ​សឹង​ជា​សមាជិក​APEC និង​ដែល​កំពុង​មាន​សង្គ្រាម​​ពាណិជ្ជកម្ម​នឹង​គ្នា​ បាន​បន្ត​ជម្លោះ​ពាក្យ​សម្តីវាយប្រហារ​គ្នា​ តាម​រយៈ​សុន្ទរកថា​​ តាំង​ពី​​​មុន​បើក​ជំនួប​​ជា​ផ្លូវការ។ ប្រធានាធិបតី​ចិន ដែល​លេច​មុខ​ខ្លាំង បរិហារ​នយោបាយ​ជាតិ​និយម​របស់​អាមេរិក និង​លើក​តម្កើង​គម្រោង​វិនិយោគ​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ។ ឯ​លោក​​អនុប្រធានាធិបតី​អាមេរិក អំពាវនាវ​ហៅ​ប្រទេស​ក្នុង​តំបន់​ឱ្យ​ងាក​មក​ខាង​អាមេរិក និង​ កុំ​លង់​នយោបាយ​ការទូត​ជះ​លុយ​​របស់​ចិន។

​ប៉ាពូអាស៊ីនូវែលហ្គីណេ ដែល​ជា​ម្ចាស់​ផ្ទះរៀប​ចំ​ជំនួប​​ បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​​ដណ្តើម​ឥទ្ធិពល​គ្នា។ ចិន​បាន​បង្ហាញ​ស្នាដៃ​តាមរ​យៈ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ស្ថាបនា​ផ្លូវថ្នល់ សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​មុន​ថ្ងៃ​បើក​ជំនួប។ ឯ​អាមេរិក​ប្រកាស​រៀបចំ​​គម្រោង​ជាមួយ​អូស្ត្រាលី​ ជប៉ុន​និង​នូវែលហ្សេឡង់​ ផ្តល់​អគ្គីសនី​ឱ្យ​ពលរដ្ឋ​ប៉ាពូអាស៊ី ៧០%​​មាន​ភ្លើង​ប្រើប្រាស់។

ការ​ប្រកួត​ប្រជែងនេះ​បាន​បំផុស​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ចមក​លើ​ក្រុម​ប្រទេស​​APEC។ មេដឹកនាំ​ក្រុមហ៊ុន​សហគ្រាស​អន្តរជាតិ​គ្រាក់ៗ​ មិន​ស្តី​ជា​សាធារណៈ​ទេ តែ​បាន​លើក​អំពី​ក្តី​ព្រួយ​បារម្ភ​របស់​គេ​ថា​ហេតុ​អ្វី​ពិភពលោកដើរ​មក​ដល់​ចំណុចនេះ។ របៀប​វារៈ​ជា​ជំនួប​កំពូល​ក៏​ប្រែ​មក​ត្រឹម​ជា​ជំនួប​ប្រជុំ​ធម្មតា ដោយ​ហេតុ​រដ្ឋធានទី​របស់​ប៉ាពូអាស៊ី ល្បី​ខាង​មាន​អសន្តិសុខ​ អារក​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ