អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទទី ១៩ វិច្ឆិកា​នេះ តុលាការ​ហុងកុង​បាន​បើក​សវនាការ​ថ្មី​មួយ​ទៀត ដើម្បី​ជំនុំជម្រះ​ទោស​មេដឹកនាំ​​ចលនាទាមទារ​​ប្រជាធិបតេយ្យ​ ដែលជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​​បាតុកម្ម​ឆ័ត្រ​លឿង​ កាលពី​ឆ្នាំ​២០១៤។ បាតុកម្ម​ឆ័ត្រ​លឿង ដែល​បាន​ប្រមូល​ផ្តុំ​​និស្សិត​រាប់​រាយ​ពាន់​នាក់ និង​បាន​ធ្វើ​ឱ្យ​សង្កាត់​ពាណិជ្ជកម្ម​ហុងកុង​ជាប់​គាំង​អស់​រយៈ​ពេល​ជាង​ពីរ​ខែ។ ថ្ងៃ​នេះ រៀមច្បង​នៃ​ចលនា​ទាមទារ​ប្រជា​ធិបតេយ្យ​​ ​ចំនួន​៩​រូប បានក្លាយ​ជា​ជន​ជាប់​ចោទ។

សកម្មជន​ប្រជាធិបតេយ្យ​៩រូប ជា​ជន​ជាប់​ចោទ​ នៃ​តុលាការ​សាលា​ដំបូង​ហុងកុង
សកម្មជន​ប្រជាធិបតេយ្យ​៩រូប ជា​ជន​ជាប់​ចោទ​ នៃ​តុលាការ​សាលា​ដំបូង​ហុងកុង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ជន​ជាប់​ចោទ​​ចំនួន​៩​នាក់ ​បាន​បង្ហាញ​វត្តមាន​ នៅ​ក្នុង​សវនាការ​ថ្ងៃ​នេះ។ ទាំង​៩​នាក់ សុទ្ធ​តែ​មាន​ពាក់ព័ន្ធ​នឹង​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ ឈ្មោះ​ថា “Occupy Central with Love and Peace”។ ចលនា​ ​បាន​ទាក់ទាញ​បាតុករ​និស្សិត​រាប់រយ​​ពាន់​នាក់ ដើម្បី​​ទាមទារ​ឱ្យ​ហុងកុង​រៀប​ចំ​បោះឆ្នោត​​តាម​បែប​ប្រជាធិបតេយ្យ​ មិន​មែន​តាម​ការ​បញ្ជា​របស់​ប៉េកាំង​។

នៅ​ក្នុង​ចំណោម​ជនជាប់​ចោទ​ទាំង​៩​នាក់នោះ ​​បី​នាក់​ជា​​មេកើយវ័យ​ចំណាស់ ​របស់ ​ចលនា« Occupy Central » ៖ ទីមួយ​ គឺ​លោកសាស្ត្រាចារ្យ Benny Tai អាយុ​៥៤​ឆ្នាំ ។ លោក​គឺជាជន​ទី​មួយ​ដែលបាន​ផ្តួច​ផ្តើម​​គំនិត​ដំបូងគេ ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​កាន់កាប់​ដោយ​សន្តិវិធីមជ្ឈមណ្ឌល​/សង្កាត់​ពាណិជ្ជកម្ម​របស់​ហុងកុង។ ទីពីរ​គឺ​ប្រមុខ​សាសនា Chu Yiu-ming អាយុ​៧៤​ឆ្នាំ និង​ទីបី​គឺ​លោកសាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា Chan Kin-man អាយុ​៥៩​ឆ្នាំ។ កាលពីប៉ុន្មាន​​ថ្ងៃ​មុន លោក​បាន​ទៅ​បង្រៀនគួរ​បី​ម៉ោង ស្តីអំពីអំណាច​ផ្តាច់ការ​នៅ ចិន ដល់​​និស្សិត​នៅ​សាកលវិទ្យាល័យ​ Chinese University នៅ​​ហុងកុង ដែល​លោក​ធ្លាប់​ធ្វើការ​តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មាន​និស្សិត​ចូល​ស្តាប់​ដល់​ជាង​៦​រយនាក់។ នេះ​ទំនង​ជា​ការ​បង្រៀន​ជា​លើក​ចុងក្រោយ​របស់​លោក ព្រោះ​ម្យ៉ាង​លោក​បាន​បង្ខំ​ចិត្តដាក់ពាក្យ​​សុំ​ចូល​និវត្តន៍​មុន​អាយុ​ផង។

នៅ​ព្រឹក​មិញ​នេះ មាន​​សកម្មជន​ឆ័ត្រ​លឿង ​​ជា​ច្រើន​រយ​នាក់​បាន​ជូន​មេដឹកនាំ​ជនជាប់​មក​​តុលាការ ដោយ​កាន់​ឆ័ត្រ​លឿងក្នុង​ដៃផង។ ឆ័ត្រ​លឿង​បាន​ក្លាយ​​ជា​និម្មិត្តរូប​នៃ​ចលនា​បដិវត្ត​ តាំង​ពី​ឆ្នាំ​២០១៤​មក ដោយ​បាតុករ​បាន​ប្រើ​ឆ័ត្រ​នេះ​ដើម្បី​ទប់​ទល់​នឹង​​​ឧស្ម័ន​ចេញ​ទឹកភ្នែកដែល​ប៉ូលិស​បាញ់​បំបែក​ហ្វូងនិស្សិត។​

បរិយាកាស​នៅ​មុខ​តុលាការ​សាលា​ដំបូង Kowloon ហាក់​ដូច​ជា​តាន​តឹង លាយលំ​នឹង​​ទឹក​ចិត្ត​រន្ធត់​ក្តុកក្តួល​ណាស់ ព្រោះ​ជនជាប់​ចោទនេះ ត្រូវ​បានគេចាត់​ទុក​​​ថា​ជន​រងគ្រោះ ពោល​គឺ​ជា​វីរៈបុរស​។

៧ឆ្នាំ​ក្នុង​ពន្ធនាគារ

​តុលាការ​នឹង​បើក​សវនាការ​ រយៈ​​ពេល​បី​សប្តាហ៍ ដើម្បី​ជំនុំជម្រះ​អំពី​​តួនាទី​របស់​ជនជាប់​ចោទ ក្នុង​បាតុកម្ម​​បិទ​ខ្ទប់​សង្កាត់​ពាណិជ្ជកម្ម​ហុងកុង​ កាលពី​ឆ្នាំ​២០១៤ និង​​ជា​បាតុកម្ម​ដែល​បរាជ័យ​។ ជនជាប់​ចោទ​​អាចនឹងមាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ ហើយ​ជា​ទោស​ដែល​បូក​បន្ថែម​បាន​​ទៀត។

សម្រាប់​ជនជាប់​វ័យ​ចំណាស់​ទាំង​បី ពួកគាត់​រង​ការ​ចោទ​ប្រកាន់​បី​ចំណុច ៖ បំផុស​គំនិត​ឱ្យ​មាន​អសណ្តាប់​ធ្នាប់​សាធារណៈ ញុះញង់​អ្នក​ផ្សេង​ឱ្យបង្ក​បញ្ហា​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ញុះញង់​អ្នក​ផ្សេង​ឱ្យ​ហៅគ្នីគ្នា​មក​បង្ក​បញ្ហាដល់​សណ្តាប់ធ្នាប់​សាធារណៈ។

រដ្ឋ​អាជ្ញាហុងកុង លោក Andrew Bruce បាន​ឱ្យ​ដឹង​ទៀត​ថា ជនជាប់​ចោទ​ទាំង​នេះ បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ដែល​ប៉ះពាល់​ដល់​ការរស់​នៅ​របស់​ពលរដ្ឋ និង​បាន​គាំទ្រ​ការ​បិទ​ខ្ទប់​​ទីតាំង​និង​ផ្លូវ​សាធារណៈ​ដោយ​ខុស​ច្បាប់​​។

តុលាការ​ឯករាជ្យ ?

សវនាការ​កាត់ទោស​មេដឹកនាំ​ចលនា​បាតុកម្ម​ឆ័ត្រ​លឿង​ប្រព្រឹត្ត​​ទៅ​ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ចិន​ប៉េកាំង កំពុង​ចូល​ត្រួតត្រា​​កាន់​តែ​ខ្លាំង ឯ​សេរីភាពកាន់​រួញ​តូច​ទៅ​ៗ​នៅ​ហុងកុង។

ក្រោយ​ពីអង់គ្លេស​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ​​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​មាន​លក្ខន្តិកៈ​ពិសេស ជា​ដែនដី​របស់​ចិន​​វិញ​មែន តែ​មាន​ប្រព័ន្ធ​នយោបាយ​ខុស​គ្នា ក្រោមគោលការណ៍ ប្រទេស​មួយ​ប្រព័ន្ធពីរ។ នៅលើ​ក្រដាស​ហុងកុង​មាន​សិទ្ធិ​និង​សេរីភាពក្នុង​ការ​បញ្ចេញ​មតិ ដែល​ចិន​ដីគោក​​មិន​ធ្លាប់​ស្គាល់​ឡើយ។ ​​ប៉ុន្តែ​បន្តិច​ម្តងៗ ប៉េកាំង​បាន​ដាក់​បញ្ជា​កាន់​តែ​ច្រើន​ឡើង​ៗ​ថាហុងកុង​​អាច​ធ្វើ​នេះ ឬ​មិន​អាច​ធ្វើ​នោះ​បាន​នៅ ដោយ​មិន​ខ្វល់​អំពី​ច្បាប់​ក្នុង​តំបន់​ទេ ! ចិន​ដឹង​តែ​ម្យ៉ាង​គឺ​ចាប់​ឱ្យ​ធ្វើ​នូវ​អ្វី​ដែល​ប៉េកាំង​យល់​ថាទទួល​យក​បាន​តែ​ប៉ុណ្ណោះ។

ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ ទើប​គេ​ចាត់​ទុក​សវនការ​នេះ​ គឺ​ជា​រង្វាស់​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការនៅ​​ហុងកុង។ សម្រាប់​ជនជាប់​ចោទផ្ទាល់​​ ពួកគេ​សុទ្ធ​តែ​បានបញ្ជាក់​​អះអាងអំពី​ភាព​​គ្មានទោស​របស់​ខ្លួន​ នៅ​ចំពោះ​មុខ​តុលាការ​ ! តែ​បានត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ចូល​ពន្ធនាគារ​។ លោកសាស្ត្រាចារ្យ​ ចាន់គីមម៉ាន បានហាត់ពត់​លត់ដំ​ខ្លួន​ ទាំង​​ផ្លូវចិត្ត ទាំង​ផ្លូវកាយ រៀន​រស់​គ្មានដោយ​គ្មានផាសុក គ្មានម៉ាស៊ីន​ត្រជាក់​ ដើម្បី​ទម្លាប់​ខ្លួន​ពេល​នៅ​រស់​ក្រោយ​​ចំរ៉ឹងដែក។​

មាន​សកម្មជន​និស្សិត​ ក្មេងៗ​ជា​ច្រើន​នាក់ ត្រូវ​បាន​តុលាការ​​កាត់ទោស​ដាក់ពន្ធនាគារ និង​ខ្លះ​មិន​ឱ្យ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​មិន​ឱ្យ​ធ្វើ​ជា​តំណាង​រាស្ត្រ។

សមាគមន៍​អង្គការ​សិទ្ធិមនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​តុលាការ​ហុងកុង​លុប​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​នេះ​ចេញ។ Amnesty International ​ចាត់​ទុក​បទ​ចោទ​ប្រកាន់​នេះ​ថា​គួរ​ព្រឺខ្លាច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ