អានតួអត្ថបទ
ចិន-ហ្វីលីពីន

ហ្វីលីពីន សម្ព័ន្ធមិត្ត​របស់អាមេរិក ក្រាលកម្រាលព្រំ​ក្រហម​ទទួល​ប្រធានាធិបតី​ចិន

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បានធ្វើ​ដំណើរ ទៅដល់​ទីក្រុង​ម៉ានីល នៅថ្ងៃអង្គារ​នេះ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ ជាលើកទី១​របស់លោក នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ហ្វីលីពីន ក្នុង​អាណត្តិដឹកនាំ​របស់​លោក​ប្រធានាធិបតី ឌុយទែរតេ បាន​ព្យាយាម​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​មហាអំណាច​ចិន ប៉ុន្តែ ទាំង​ត្រដាបត្រដួស ដោយសារ​ជម្លោះ​ដណ្តើម​ទឹកដី នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ 

ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​ហ្វីលីពីន នៅថ្ងៃ​អង្គារ​ទី ២០​វិច្ឆិកា ២០១៨
ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​ហ្វីលីពីន នៅថ្ងៃ​អង្គារ​ទី ២០​វិច្ឆិកា ២០១៨ ©REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ី ជីនពីង ជា​ប្រធានាធិបតី​ចិន ទី១ ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយនេះ។ ក្រៅតែ​ពី​ហ្វីលីពីន​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ​ជម្លោះ​ដណ្តើមដីកោះ នៅ សមុទ្រ​ចិន​ខាងត្បូង រវាងចិន និង​ហ្វីលីពីន ជា​ដើមហេតុ​នៃអវត្តមាន​ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​ចិន នៅ​ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ ចាប់តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន នៅ​ឆ្នាំ ២០១៦ លោក​ឌុយទែរតេ ដែលបែរ បត់ក្បាល​នយោបាយ​ផ្ទុយ​ពី​មេដឹកនាំ​ហ្វីលីពីន​មុនៗ បាន​បើកដៃ ស្វាគម​ប្រទេស​ចិន ដោយ​បែរខ្នង​ដាក់​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត និង​អតីត​ម្ចាស់អាណានិគមនិយម​លើ​ហ្វីលីពីន។ លោក​ឌុយទែរតេ មិនត្រឹម​តែ​ជេរប្រមាថ​ប្រធានាធិបតី អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ លោក​នៅ បាន​ប្រកាស​ឲ្យ​ហ្វីលីពីន​បំភ្លេចចោល សាលក្រម​របស់​តុលាការអាជ្ញាកណ្តាល​អន្តរជាតិ នៅទីក្រុង​ឡាអេ ដែល​បាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្តី លើប្រទេស​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង។

ចាប់តាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឌុយទែរតេ ទៅ​ប្រទេស​ចិន ទីក្រុង​ប៉េកាំង ក្នុង​ចេតនា ស្វាគម​មេដឹកនាំ​ហ្វីលីពីន បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ និង​ប្រាក់កម្ចី ប្រមាណ ២៤​ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ ពីរ​ឆ្នាំ កន្លងផុត ការសន្យា​របស់​ប្រទេស​ចិន មាន​តែ​នៅ​លើ​ក្រដាស ព្រោះថា មាន​ទឹកប្រាក់​តិចតួចណាស់ ដែល​ចិន​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល។

សម្រាប់​អ្នកវិភាគ​នយោបាយ​ហ្វីលីពីន វិញ ចិន​បានបង្កក​ប្រាក់ជំនួយ និង​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន ដោយសារ​តែ​ជំហរ នយោបាយ​មិនទៀងទាត់​របស់​ប្រធានាធិបតី​ហ្វីលីពីន ដែល​បាន​បែរ​ត្រលប់​ទៅ​ត្រូវរ៉ូវ គ្នា​វិញ ជាមួយ​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ។ មួយវិញទៀត ម្តងម្កាល លោក​ឌុយទែរតេ នៅ​បាន​ដំឡើង​សំលេង​រិះគន់ ការសាងសង់ កោះសិប្បនិម្មិត្ត​របស់​ចិន នៅ​សមុទ្រ​ចិនខាងត្បូង។ គេ​វាយតម្លៃ​ថា ដោយ​ផ្តល់​ប្រាក់ជំនួយ និង​ប្រាក់កម្ចី​រាប់​ពាន់​លាន​ដុល្លារ ចិន​ចង់​បន្ធូរបន្ថយ​ភាពតានតឹង ជាមួយ​ហ្វីលីពីន ក្នុង​ជម្លោះ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ហ្វីលីពីន លោក​ Benjamin Diokno នៅ សប្តាហ៍មុន បាន​ពន្យល់​ពី​ការយឺតយ៉ាវ ដោយសារ​តែ​ភាគី​ចិន​មិន​ធ្លាប់​ស្គាល់ ប្រព័ន្ធ​ដាក់ដេញថ្លៃ គម្រោង​វិនិយោគ នៅក្នុង​ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ លោកសង្ឃឹម​ថា ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ម៉ានីល នឹង​ដាក់សម្ពាធ លើ​មន្រ្តី​ចិន ឲ្យ​ប្រញាប់​បញ្ជូន​កញ្ចប់​ប្រាក់ជំនួយ និង​ប្រាក់កម្ចី​ទៅតាម​ការសន្យា​កន្លងមក។

នៅក្នុង​ដំណើរទស្សនកិច្ច កាលពី​ខែមុន នៅ ទីក្រុង​ម៉ានីល រដ្ឋមន្រ្តីការបរទេស​ចិន​បាន​អះអាងថា ការវិនិយោគ​របស់​ចិន នៅ ហ្វីលីពីន​បាន​កើនឡើង ខ្លាំង នៅ​៦​ខែ​ដើមឆ្នាំនេះ នៅ ហ្វីលីពីន បន្ទាប់ពី កើនឡើង​ដល់​៦៧ភាគរយ កាលពី​ឆ្នាំមុន។ ប៉ុន្តែ សម្រាប់​ប្រធាន​វិទ្យាស្ថាន​ពិគ្រោះយោបល់​ពាណិជ្ជកម្ម​ហ្វីលីពីន អ្នកវិនិយោគ​ចិន​បាន​ចាក់លុយ​មែន នៅ ហ្វីលីពីន ប៉ុន្តែ សម្រាប់ កាស៊ីណូ ភ្នាល់ល្បែង តាមអ៊ីនធ័រនែត ការវិនិយោគ​ទៅលើ​អចលទ្រព្យ ផ្នែកសេវា ហើយ​និង​បោះទុន​វិនិយោគ ទៅលើ​ក្រុមហ៊ុន​ហ្វីលីពីន​ដែល​មាន​ស្រាប់ ប៉ុន្តែ គេ​កម្រ​នឹង​ឃើញ​ក្រុមហ៊ុន​ចិន វិនិយោគ​ទ្រង់ទ្រាយ​ធំ លើ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឬ​រោងចក្រ​នៅ​ហ្វីលីពីនណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ