លោក គីម ជុងយ៉ាង ជាតិកូរ៉េខាងត្បូងជាប់ឆ្នោតជាប្រធានអាំងទែរប៉ូលថ្មី
អាំងទែរប៉ូល មានប្រមុខដឹកនាំថ្មី ជាជនជាតិកូរ៉េខាងត្បូង ! ការបោះឆ្នោតជ្រើសរើសមេដឹកនាំស្ថាប័ន ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២១វិច្ឆិកា ២០១៨នេះ។ លោក គីម ជុងយ៉ាង (Kim Jong-yang) បានឈ្នះឆ្នោត ទល់នឹងបេក្ខជនជនជាតិរុស្ស៊ី លោក Alexandre Prokoptchouk។ លោក គីម ជុងយ៉ាង ត្រូវបំពេញតួនាទីជាប្រធានអាំងទែរប៉ូល សម្រាប់រយៈពេលពីរឆ្នាំ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
លោក គីម ជុងយ៉ាង បានទទួលនាទីជាប្រធានអាំងទែរប៉ូលស្តីទីភ្លាម តាំងពីប្រធានអាំងទែរប៉ូលពេញសិទ្ធ លោក ម៉េងហុងវៃ (Meng Hongwei) បានប្រកាសសុំលាលែងចេញតំណែងក្រោយពីជាប់ចោទពុករលួយនៅចិន និងបន្ទាប់ពីមានហេតុការណ៍ពីបាត់ខ្លួនយ៉ាងចម្លែកកាលពីដើមខែតុលា នៅពេលធ្វើដំណើរទៅកាន់ប្រទេសកំណើត (ចិន)។
ជួបប្រជុំគ្នាតាំងពីថ្ងៃអាទិត្យ នៅក្រុងឌូបៃ ប្រតិភូអាំងទែរប៉ូល បានសម្រេចបោះឆ្នោតជ្រើសរើស នៅថ្ងៃនេះ លោក គីម ជុងយ៉ាង ឱ្យទទួលតំណែងជាប្រធានអាំងទែរប៉ូលជាផ្លូវការ ផ្ទុយស្រឡះអំពីព័ត៌មានផ្តល់ដោយកាសែត The Times។ កាលពីសប្តាហ៍មុន សារព័ត៌មានThe Times បានចុះផ្សាយថាបើតាមប្រភពអង់គ្លេស បេក្ខជនអាឡិចសង់ ប្រូកូបឈូក (Alexandre Prokoptchouk) ជនជាតិរុស្ស៊ី មានប្រជាប្រិយភាពខ្លាំងជាង។
ប៉ុន្តែលោកឧត្តមសេនីយ៍វ័យ៥៦ឆ្នាំ ដែលជាអនុប្រធានអាំងទែរប៉ូលតាំងពីឆ្នាំ ២០១៦ ជាជនជាតិរុស្ស៊ី ! គំនិតរិះគន់ប្រឆាំងម៉ូស្គូបានផុសឡើង ! ក្លាយជាសំឡេងប្រឆាំងរារាំង បេក្ខភាពលោក ប្រូកូបឈូក។ ថ្វីបើតួនាទីជាប្រធានមានតម្លៃជាកិត្តិយសច្រើនជាងអំណាចប្រតិបត្តិមែន តែគេខ្លាចក្រែងរុស្ស៊ីទាញយកស្ថាប័នអន្តរជាតិមួយនេះមកធ្វើជាឧបករណ៍បម្រើប្រយោជន៍ក្រេមឡាំង។ ចំណែកឯបេក្ខភាពរបស់លោក គីម ជុងយ៉ាង វិញ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក្នុងអំឡុងមហាសន្និបាតរបស់ស្ថាប័ន។
នៅល្ងាចមិញ ប្រមុខការទូតអាមេរិក លោក Mike Pompeo បានប្រកាសដោយចំៗលើកទឹកចិត្ត ជាតិនិងអង្គការទាំងឡាយមានពាក់ព័ន្ធនឹងអាំងទែរប៉ូល ឱ្យ ជ្រើសរើសប្រធានដែលស្មោះត្រង់ ពោលគឺបោះឆ្នោតជូនលោក គីម ជុងយ៉ាង។ សមាជិកព្រឹទ្ធសភាអាមេរិកបួនរូប ក៏បានធ្វើសេចក្តីអំពាវនាវ នៅក្នុងលិខិតចំហមួយ ផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សុំឱ្យប្រតិភូ ទាំង១៩២ប្រទេស ជាសមាជិកអាំងទែរប៉ូលទាំងអស់ ច្រានចោលបេក្ខភាពរុស្ស៊ី។
“ហេតុការណ៍កន្លងមកថ្មីៗនេះបានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីបានរំលោភនីតិវិធីអាំងទែរប៉ូល ដោយទៅសំលុតរំខានក្រុមអ្នកប្រឆាំង” ! នេះបើតាមសារបន្ថែមរបស់អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីម្សិលមិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ