របាយការណ៍៖ អាមេរិកអាចនឹងចាញ់ បើសិនធ្វើសង្រ្គាមជាមួយ ចិន ឬរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥២
ឧត្តមភាពរបស់កងទ័ពអាមេរិក ដែលជាសរសរគ្រឹះសំខាន់ បញ្ជាក់ពីឥទ្ធិពលនិងមហាអំណាចយោធារបស់អាមេរិក នៅក្នុងពិភពលោក កំពុងធ្លាក់ចុះខ្លាំងដល់កម្រិតមួយដ៏គួរឲ្យគ្រោះថ្នាក់។ លទ្ធភាពរបស់អាមេរិកដើម្បីការពារសម្ព័ន្ធមិត្ត ប្រទេសដៃគូ ឬការពារផលប្រយោជន៍សន្តិសុខអាមេរិកខ្លួនឯង កំពុងតែធ្វើឲ្យគេសង្ស័យ។ ពោលគឺ អាមេរិកអាចពិបាកនឹងឈ្នះ ឬក៏អាចចាញ់ ក៏ថាបាន បើសិនអាមេរិកត្រូវប្រយុទ្ធ ធ្វើសង្រ្គាមជាមួយចិន ឬក៏រុស្ស៊ី។ នេះបើតាមរបាយការណ៍របស់គណៈកម្មការយុទ្ធសាស្រ្តការពារជាតិសម្រាប់អាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធសប្តាហ៍មុន។
គណៈកម្មការយុទ្ធសាស្រ្តការពារជាតិ ដើម្បី អាមេរិក គឺជាក្រុមអ្នកជំនាញ ខាងផ្នែកសន្តិសុខ ដែលសភាអាមេរិកាំងបានបង្កើតឡើង កាលពីឆ្នាំ មុន ដើម្បី សិក្សាពិនិត្យមើលឡើងវិញ សមត្ថភាពរបស់កងទ័ពអាមេរិក។ ក្រុមអ្នកជំនាញខាងផ្នែកសន្តិសុខជាតិអាមេរិក ត្រូវបានបង្កើតឡើង នៅមុនពេលក្រសួងការពារជាតិ ត្រូវបង្ហាញផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់អនាគតកងទ័ពអាមេរិក។ ក្រុមអ្នកជំនាញដែលមានគ្នីគ្នា ១២នាក់ ដឹកនាំដោយEric S.Edelman អតីតមន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ក្នុងអាណត្តិរបស់លោកប៊ូស ហើយនិងអតីតមេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោកGary Roughead។
នៅពេលដែលក្រុមអ្នកជំនាញ កោតសរសើរផែនការយោធារបស់រដ្ឋមន្រ្តីការពារជាតិ លោកJames Mattis ដែលផ្តោតសំខាន់យកចិន និងរុស្ស៊ី ជាសត្រូវ គំរាមកំហែងសន្តិសុខជាតិអាមេរិក នៅក្នុងរបាយការណ៍កម្រាស ៩៨ទំព័រ ដែលជាលទ្ធផលនៃការវិភាគ សិក្សាអស់រយៈពេល១ឆ្នាំ អ្នកជំនាញ ខាងផ្នែកសន្តិសុខជាតិ បានទាញសញ្ញាអាសន្ន ពីការធ្លាក់ចុះនៃលទ្ធភាព និងសមត្ថភាពយោធារបស់អាមេរិក ដើម្បីការពារសម្ព័ន្ធមិត្ត ឬដើម្បីការពារផលប្រយោជន៍ជាតិអាមេរិក។
តាមរបាយការណ៍របស់ក្នុងអ្នកជំនាញខាងលើ អាមេរិកអាចមានជនរងគ្រោះស្លាប់ច្រើន នៅក្នុងការប្រយុទ្ធនៅថ្ងៃខាងមុខ។ ដោយសារតែខ្វះសមត្ថភាព ហើយនិងការចុះរួមថយនៃយុទ្ធសាស្រ្តធ្វើសង្រ្គាម នៅចំពោះមុខចិន និងរុស្ស៊ី កងទ័ពអាមេរិកអាចពិបាកនឹងឈ្នះ ឬក៏អាចចាញ់សង្រ្គាម ជាមួយចិន ឬរុស្ស៊ី។ អ្នកជំនាញបានសង្កត់ធ្ងន់លើនិន្នាការសំខាន់ចំនួន ៦ ដែលធ្វើឲ្យកងទ័ពអាមេរិកត្រូវប្រឈមនឹងបរាជ័យធ្ងន់ធ្ងរ បើសិនអាមេរិកត្រូវធ្វើសង្រ្គាមជាមួយចិន ឬរុស្ស៊ី។ ទី១ ការវិលត្រលប់មកវិញ នូវប្រទេសមហាអំណាចយោធា ប៉ុន្តែ ផ្តាច់ការ ដូចជាចិន និងរុស្ស៊ី ដែលធ្លាប់ជាគូសត្រូវរបស់អាមេរិក នៅក្នុងសម័យសង្រ្គាមត្រជាក់។
២ ការកើនឡើង និងការពង្រីកកម្លាំងយោធា របស់ក្រុមប្រទេសដែលជាសត្រូវរបស់អាមេរិក នៅក្នុងតំបន់ ដូចជាអ៊ីរ៉ង់ ហើយនិងកូរ៉េខាងជើង។
៣ ការកើនឡើងនៃការគំរាមកំហែងរបស់ក្រុមជីហាត
៤ សត្រូវរបស់អាមេរិកបានបង្កើតតំបន់ប្រផេះ ដែលកាន់តែសាហាវជាងមុន។ តំបន់ប្រផេះចង់សំដៅដល់នយោបាយការទូត និងសេដ្ឋកិច្ច បែបចាប់បង្ខំ ការចុះផ្សាយព័ត៌មានក្លែងក្លាយ ការវាយប្រហារតាមអ៊ីនធ័រនែត ឬការបង្កើតសង្រ្គាមមិនផ្ទាល់ ដូចករណីលូកដៃរបស់រុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយនិងការលូកដៃរបស់អ៊ីរ៉ង់ ក្នុងសង្រ្គាមយេម៉ែន ឬស៊ីរីជាដើម។
ទី៥ ការរីកសាយភាយនៃបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត នៅគ្រប់ទីកន្លែង ជាពិសេសក្នុងវិស័យឯកជនដែលទៅបំផ្លាញ ផលប្រយោជន៍របស់អាមេរិក ហើយនិងបង្កើតហានិភ័យថ្មី
ទី៦ បញ្ហាថវិកាមិននឹងន៏ ហើយនិងការកាត់បន្ថយការវិនិយោគទៅលើវិស័យការពារជាតិអាមេរិក គឺជាឧបសគ្គធំមួយ ដែលបានបន្ទុចបង្អាក់ សមត្ថភាព និងបច្ចេកវិទ្យាយោធារបស់អាមេរិក។ អ្នកសរសេររបាយការណ៍បានចង្អុរ ទម្លាក់កំហុសលើនយោបាយកាត់បន្ថយថវិកាកងទ័ព ដែលចាប់មានតាំងពីឆ្នាំ ២០១១ នៅក្រោមអាណត្តិរបស់លោកអូបាម៉ា។ នៅពេលលោកដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកជំនាញកោតសរសើរ ដែល បានបង្កើនថវិកាការពារជាតិ ដល់ ៧៣៣ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ គេក៏បានព្រមានផងដែរ ដល់រដ្ឋបាលរបស់លោកដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យក្រសួងការពារជាតិកាត់បន្ថយចំណាយរបស់ខ្លួន ឲ្យមកនៅត្រឹមតែ ៧០០ពាន់លានដុល្លារវិញ នៅឆ្នាំ ២០១៩ ឆ្នាំក្រោយ។
នៅក្នុងឯកសារចុះផ្សាយនៅឆ្នាំ ២០១៦ ស្តីពីប្រទេសមហាអំណាចយោធា ទាំង១០នៅក្នុងលោក អ្នកជំនាញបានធ្វើការប្រៀបធៀបទៅលើធនធាន កម្លាំងយោធា ហើយនិងគ្រឿងសព្វាវុធ ដែលនៅក្នុងនោះអាមេរិកជាប់ចំណាត់ថ្នាក់លេខ១ បន្ទាប់មក គឺរុស្ស៊ី ចំណែកចិនជាប់ចំណាត់ថ្នាក់ទី៣។ អាមេរិក មានថវិកាយោធា ខ្ពស់កប់ពពក ច្រើនជាងគេ ដល់ ទៅ ជាង ៦០០ពាន់លានដុល្លារ ក្នុងពេលរុស្ស៊ីចំណាយតែ ៨៤ពាន់លានដុល្លារ ចំណែកចិន ចំណាយជាង ២០០ពាន់លានដុល្លារ។ បើនិយាយពីចំនួនកងទ័ពវិញ គឺចិននាំមុខគេ ជាមួយនឹងកងទ័ពជាង ២លាននាក់ នៅពេលអាមេរិក មានតែជាង ១លាននាក់ (១,៤លាននាក់) ចំណែករុស្ស៊ី មានទ័ពមិនដល់១លាននាក់ផង (៧សែន ៦ម៉ឺននាក់)។ អាមេរិកមានថវិកាកងទ័ពច្រើនដាច់គេឯង និងមានកងទ័ពច្រើន ជាងរុស្ស៊ី ប៉ុន្តែ ហេតុអ្វីបានជាអាមេរិក អាចចាញ់សង្រ្គាម នៅពេលប្រយុទ្ធជាមួយរុស្ស៊ីទៅវិញ?
តាមអ្នកជំនាញ សត្រូវទាំងឡាយរបស់អាមេរិក ដែលរាប់ទាំងរុស្ស៊ី និងចិន បានសិក្សាយុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់អាមេរិក ចាប់តាំងពីអាមេរិករងការវាយប្រហារភេរវកម្ម១១កញ្ញា នៅទីក្រុងញូវយ៉ក។ រុស្ស៊ី និងចិន បានរៀនសូត្រយកតាមយុទ្ធសាស្រ្ត យោធា និងជ័យជំនះរបស់អាមេរិក នៅក្នុងសង្រ្គាមនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ នៅ ពេលដែលអាមេរិកជាប់ដៃប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម អាមេរិក មិនបានអភិវឌ្ឍន៍សព្វាវុធថ្មីអ្វីទេ ជាពិសេស នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្ទុយទៅវិញ ប្រទេសគូប្រជែងរបស់អាមេរិកវិញ បានត្រៀមរៀបចំខ្លួន ធ្វើទំនើបកម្មយុទ្ធសាស្រ្តយោធាចាស់ៗផង ហើយនិងផលិតសព្វាវុធថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយផង ដើម្បីប្រជែងនឹងអាមេរិកនៅក្នុងជំនាញណា ដែលអាមេរិកធ្លាប់តែនាំមុខរហូតមក។
គេបានលើកយកឧទាហរណ៍ករណីអន្តរាគមន៍យោធារបស់រុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។ រុស្ស៊ីបានបញ្ចេញប្រើកាំភ្លើងធំដ៏ទំនើប ដែលអាចចាប់សញ្ញា និងបាញ់កម្ទេចរថក្រោះរបស់ទាហានអ៊ុយក្រែន។ កាំភ្លើងធំរុស្ស៊ីដែលបំពាក់ដោយប្រព័ន្ធការពារដ៏ទំនើប(ប្រឆាំងនឹងការតាមចាប់សញ្ញាអេឡិចត្រូនិក) ប្រឆាំងនឹងការចាប់សញ្ញារបស់រ៉ាដាអាមេរិក មានសមត្ថភាពផងដែរ ជួយបិទបំបាំងវត្តមានរបស់កម្លាំងទ័ពរុស្ស៊ី នៅ ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ គឺមីស៊ីលដ៏លឿនបំផុត ប្រព័ន្ធ ការពារពីការចាប់តាមដានរបស់រ៉ាដាអាមេរិក ដែលរុស្ស៊ី បំពាក់ឲ្យសឹងគ្រប់គ្រាប់មីស៊ីល ហើយនិងកាំភ្លើងធំរបស់ខ្លួន ដែលជាគ្រោះថ្នាក់ និងជាប្រភពព្រួយបារម្ភរបស់កងទ័ពអាមេរិក។
នៅក្នុងរបាយការណ៍ គេបានលើកឡើងពីសម្មតិកម្មនៃការផ្ទុះសង្រ្គាមចំនួន៥ ដែលនៅក្នុងនោះ អាមេរិកក្នុងស្ថានភាពសព្វថ្ងៃ គឺអាចចាញ់សង្រ្គាមតែម្តង បើសិនត្រូវប្រយុទ្ធជាមួយ ចិន ឬរុស្ស៊ី។ គេបានព្យាករពីការផ្ទុះសង្រ្គាមពីរ នៅឆ្នាំ ក្រោយ នៅឆ្នាំ ២០១៩ ដែលអាមេរិកអាចប្រឈមធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង និងនៅក្រោយពេលដែលរុស្ស៊ី អាចធ្វើសង្រ្គាមឈ្លានពានក្រុមប្រទេសបាល់ទិក ទាំងបី ដែលនៅជាប់ព្រំដែនរុស្ស៊ី គឺ លីទុយអានី ឡេតូនី និងអេស្តូនី។ សង្រ្គាមទីបីរបស់អាមេរិកអាចជាសង្រ្គាមអ៊ីនធ័រនែត ដែល នឹងផ្ទុះឡើងនៅឆ្នាំ ២០២០ កាលវេលាដែលអាមេរិក ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី។ ចំណែកនៅឆ្នាំ ២០២២ អាមេរិកអាចធ្វើសង្រ្គាមជាមួយចិន នៅពេលចិនចាប់ផ្តើមអនុវត្តនយោបាយអនុត្តរភាពទៅលើតំបន់សមុទ្រចិនខាងត្បូង ជាទី ដែលមានចរាចរឆ្លងកាត់ ទំនិញពាណិជ្ជកម្មរបស់អាមេរិក ប្រមាណ១៤ភាគរយ។ សង្រ្គាមទី៥របស់អាមេរិកជាមួយ ចិន អាចកើតឡើងសាជាថ្មី នៅឆ្នាំ ២០២៤ បើសិនចិនសម្រេចប្រើកម្លាំងយោធាដើម្បី វាយដណ្តើមយកកោះតៃវ៉ាន់មកធ្វើជាដែនដីផ្លូវការរបស់ចិន។
សម្រាប់អ្នកជំនាញ លទ្ធភាពផ្ទុះសង្រ្គាមជាមួយរុស្ស៊ី និងចិនអាចកើតមានគ្រប់ពេលវេលា ដូច្នេះ អាមេរិកមិនត្រូវព្រងើយកន្តើយនោះទេ។ អាមេរិក មិនត្រឹមតែ បណ្តុះបណ្តាល បំពាក់សព្វាវុធឡើងវិញឲ្យកងទ័ពអាមេរិក ហើយនិងរួមកម្លាំងដៃជាមួយសម្ព័ន្ធមិត្ត ដូចជានៅអឺរ៉ុប និងអាស៊ីនោះទេ។ អាមេរិកត្រូវប្រឹងប្រែងខ្លាំង ដើម្បីជំរុញ ការបង្កើតថ្មី និងសម្រួចសម្រាំងបច្ចេកវិទ្យាចុងក្រោយ ដូចជា បញ្ញាសិប្បនិម្មិត បណ្តាញយុទ្ធសាស្រ្តយោធាជំនាន់ចុងក្រោយ ដើម្បីបំពាក់ឲ្យកងទ័ពអាមេរិក ក្នុងទិសដៅ ធានា អាមេរិកនឹងនៅតែជាមហាអំណាចយោធា នាំមុខគេ និងឈ្នះសត្រូវ នៅក្នុងសមរភូមិសង្រ្គាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ