តើជនជាតិភាគតិចសង់ទីណែល ជាក្រុមដ៏គ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក មែនឬ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៩
នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរឥណ្ឌាកំពុងឈឺក្បាលមិនដឹងថាតើត្រូវប្រើវិធីណា ទើបអាចទៅយកសាកសពជនជាតិអាមេរិកម្នាក់ ដែលត្រូវបានក្រុមជនជាតិដើម សង់ទីណែល ប្រើព្រួញបាញ់សម្លាញ់។ ជនជាតិភាគតិចមួយក្រុមនេះ រស់នៅយ៉ាងឯកាបំផុត និងកាត់ពីផ្តាច់ទាំងស្រុងពីពិភពលោកខាងក្រៅ ពីវប្បធម៌អរិយធម៌លឿន នៅលើកោះNorth Sentinel ក្បែរកោះ Andaman et Nicobar របស់ឥណ្ឌា។ កោះសង់ទីណែល បានជាប់ឈ្មោះជាកោះដ៏សែនគ្រោះថ្នាក់បំផុតនៅលើពិភពលោក និងដែលអាជ្ញាធរឥណ្ឌាដាក់បម្រាមមិនឱ្យមនុស្សម្នាទូទៅ ធ្វើដំណើរទៅចូលក្បែរឡើយ។
មានអាយុ២៧ឆ្នាំ មានជំនឿស៊ប់ និងគោរពសាសនាគ្រិស្តយ៉ាងខ្ជាប់ខ្ជួន លោក John Cau ចង់នាំគ្រិស្តសាសនាទៅផ្សព្វផ្សាយដល់ជនជាតិសង់ទីណែល។ ព្រោះបើតាមកំនត់ហេតុផ្ទាល់ខ្លួន ដែលសារព័ត៌មានបរទេសបានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ លោកបានចាត់ទុកខ្លួនឯងជាបេសកកជនគ្រិស្តសាសនា។
លោកបានជួលទូកនេសាទជិះទៅកាន់កោះNorth Sentinel នៅថ្ងៃទី ១៦ វិច្ឆិកា។ ប៉ុន្តែគ្រាន់តែចុះពីទូក តែម្នាក់ឯង បានបន្តិច ជនជាតិភាគតិចរស់នៅកោះដ៏ឯកាបំផុតនោះ បានបាញ់ព្រួញជាច្រើនសំដៅជនចំណូលថ្មី។ ទោះជាត្រូវព្រួញហើយក៏ក៏លោកនៅបន្តដើរទៅមុខ។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះរៀបរាប់ប្រាប់AFP។
ប៉ូលិសឥណ្ឌាបានបើកអង្កេតភ្លាម ពីបទឃាតកម្មនិងបានចាប់អ្នកនេសាទចំនួន៧នាក់ ព្រោះច្បាប់ឥណ្ឌាបានហាមមិនឱ្យចូលកៀករំខានជនជាតិភាគតិចលើកោះសង់ទីណែលទេ។
ជនជាតិភាគតិចដ៏ឯកាបំផុតនៅលើពិភពលោក
ជនជាតិសង់ទីណែលនេះ ត្រូវបានគេចាត់ទុកក្រុមមនុស្សដើម ដែលរស់យ៉ាងឯកាបំផុត នៅលើពិភពលោក រស់គ្មានទំនាក់ទំនងសោះជាមួយពិភព និងអរិយធម៌ខាងក្រៅ។ ពួកគេមានគ្នាប្រមាណ១៥០នាក់ រស់នៅក្នុងលើកូនកោះមួយទំហំ ៧២គីឡូមែត្រការ៉េ ក្នុងសមុទ្ទAndaman ចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រពីកោះ Andaman et Nicobar របស់ឥណ្ឌា។
មានប្រភពមកពីអាហ្វ្រិក ជនជាតិសង់ទីណែលបានមករស់នៅលើកោះក្នុងសមុទ្ទអង់ដាម៉ង់ តាំងពី ៦ម៉ឺនឆ្នាំមុន ហើយរក្សារបៀបរបបរស់នៅដដែល ដោយគ្មានវិវឌ្ឍន៍លូតលាស់តាមពេលវេលាទេ។ ជនជាតិនេះរស់រំពឹងតែលើការនេសាទនិងបេះផ្លែឈើ តែវាយប្រហារដោយព្រួញនិងធ្នូរ ប្រឆាំងរាល់គ្រប់ជនមកក្រៅ។
អាជ្ញាធរឥណ្ឌាបានសាកល្បងជាច្រើនលើកច្រើនសារ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០និង៨០ ទៅភ្ជាប់ទំនាក់ទំនងជាមួយនឹងជនជាតិភាគតិចនេះក្តី តែបរាជ័យរហូត ! នៅទីបំផុត នៅឆ្នាំ១៩៩០ ឥណ្ឌាបានប្រកាសជាផ្លូវការ មិនទៅរំខានជីវិតរស់នៅរបស់ពលរដ្ឋលើកោះសង់ទីណែលទៀតឡើយ ហើយបានចេញបម្រាមមិនឱ្យពលរដ្ឋឬទេសចរទៅទាក់ទងជាមួយជនជាតិភាគតិចនេះឬទៅកៀកកោះនោះឡើយ ! ជិតបំផុតត្រឹម៥គីឡូម៉ែត្រ។ កោះសង់ទីណែល ស្ថិតក្នុងដែនរដ្ឋបាលឥណ្ឌា ប៉ុន្តែជាកោះស្វ័យត គ្មានប្រៀបឡើយ។
អ្នកស្រាវជ្រាវតែម្នាក់គត់ បានភ្ជាប់ទំនាក់ទំនងជាមួយសង់ទីណែល
ព័ត៌មានដ៏កម្រ ទាក់ទងនឹងជនជាតិភាគតិចជិតផុតពូជមួយក្រុមនេះ គឺបានមកពីអ្នកស្រាវជ្រាវនរវិទ្យាអង់គ្លេស លោក Trilokinath Pandit។ លោក Pandit (និងក្រុមការងារ) ជាមនុស្សតែម្នាក់គត់ដែលអាចសាងទំនាក់ទំនងជាមួយនឹងជនជាតិភាគតិចសង់ទីណែល។ លោកបានទៅជាន់ដីកោះសង់ទីណែល កាលពីឆ្នាំ១៩៦០ ប៉ុន្តែគេត្រូវរង់ចាំដល់ឆ្នាំ១៩៩១ ទើបឃើញមានសំណេររបស់លោកស្តីអំពីជនជាតិនេះ។
អ្នកស្រាវជ្រាវបានពន្យល់ថា “មិនដឹងដោយសារហេតុអ្វីទេ ស្រាប់តែមួយរំពេចភ្នែក ពួកសង់ទីណែលទម្លាក់អាវុធ (ព្រួញ)របស់ពួកគេ។ លោកនិងក្រុមការងារ អាចដើរជាន់ដីកោះបាន ដោយដោះសម្លៀកបំពាក់ចេញទាំងអស់ ដោះទាំងស្បែកជើង វែនតា ... និងបានចូលទៅមើលឃើញ និងថតរបៀបរស់នៅរបស់ពួកគេ។ លោក បណ្ឌិត បានសន្និដ្ឋានថា ជនជាតិសង់ទីណែល មិនស៊ីសាច់មនុស្សដូចដែលគេធ្លាប់មានជំនឿឡើយ។ ពួកគេរស់នៅរំពឹងតែលើការបរបាញ់ និងនេសាទ ហើយគ្មានមេកន្ទ្រាញ ឬមេធ្មប់អ្វីទាំងអស់។ គឺរស់ដូចកាលពីសម័យ១៥០០០ឆ្នាំមុន។
ប៉ុន្តែតាំងពីនោះមក រហូតមកទល់ថ្ងៃនេះ ជនជាតិសង់ទីណែល មិនបណ្តោយឱ្យអ្នកក្រៅណាម្នាក់ទៅក្បែរទឹកដីរបស់ពួកគេទៀតទេ។ កាលពីឆ្នាំ២០០៦ អ្នកនេសាទពីរនាក់ ធ្វេសប្រហែល គេងលក់ទូកអណ្តែតទៅទើលើកោះសង់ទីណែល ត្រូវជនជាតិភាគតិចនេះបាញ់ព្រួញសម្លាប់។ ឧទ្ធម្ភាចក្របានសាកល្បងទៅយកសពអ្នកទាំងពីរ តែត្រូវក៏ដកថយវិញដោយរងការបាញ់ព្រួញខ្លាំងពេក។
នៅឆ្នាំ២០០៤ ពេលមានគ្រោះស៊ូណាមី អាជ្ញាធរឥណ្ឌាបានហោះឆ្វែលពីលើ ដើម្បីធានាថាពួកគេមិនរងគ្រោះ ក៏ត្រូវស្វាគមន៍ដោយព្រួញដែរ។
បារម្ភអំពីការចម្លងរោគ
តាមការពិត អាជ្ញាធរឥណ្ឌាពិតជាអាចរុលចូលទៅយកសាកសពបាន និងកាត់ផ្តាច់ភាពឯការបស់សង់ទីណែលបាន ប៉ុន្តែផលវិបាកអាចមានធ្ងន់ធ្ងរ នៅពេលអរិយធម៌ពីរជួបគ្នា។
រស់នៅដាច់ពីមនុស្សជាតិ រាប់ពាន់ឆ្នាំ ជនជាតិភាគតិចមួយក្រុមនេះគ្មានប្រព័ន្ធការពារខ្លួនគ្រប់គ្រាន់សម្រាប់ការពារទល់នឹងភ្នាក់ងារមេរោគរបស់អ្នកក្រៅទេ ! វត្តមានរបស់អ្នកក្រៅអាចនាំមីក្រុម ដែលធ្វើឱ្យជនជាតិភាគតិចអាចរងគ្រោះដល់ស្លាប់ផុតពូជ។
ហេតុដូច្នេះហើយ បានជាអង្គការក្រៅរដ្ឋាភិបាលការពារជនជាតិភាគតិច បានបរិហារថា មរណភាពរបស់ជនជាតិអាមេរិក គឺជាសោកនាដកម្មសម្រាប់ជនជាតិដើមដែលមិនគួរកើតឡើងសោះ។ ឯខាងរដ្ឋាភិបាលឥណ្ឌាវិញ អ្នកទទួលខុសត្រូវកំពុងរង់ចាំស្តាប់អនុសាសន៍ពីក្រុមអ្នកស្រាវជ្រាវ និងនរវិទូ នូវអ្វីដែលគួរធ្វើ។
តាំងពីជាច្រើនឆ្នាំមកនេះ អាជ្ញាធរឥណ្ឌាបានធានាមើលថែសុខភាពជនជាតិសង់ទីណែល ពីចម្ងាយ ដាក់ទូកប្រចាំការក្នុងចម្ងាយឆ្ងាយល្មមពីកោះ ចាំសង្កេតមើលសកម្មភាពរបស់ជនជាតិភាគតិចនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ