អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ឥណ្ឌា​កំពុង​ឈឺក្បាល​មិន​ដឹង​ថា​តើ​ត្រូវប្រើ​​វិធី​ណា​ ទើប​អាច​ទៅ​យក​សាកសព​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ត្រូវបាន​​ក្រុម​ជនជាតិ​ដើម សង់ទីណែល ​ប្រើ​​ព្រួញ​​​បាញ់​សម្លាញ់។ ជនជាតិ​​ភាគ​តិច​មួយ​ក្រុម​នេះ​ រស់​នៅ​យ៉ាង​ឯកា​បំផុត និង​​កាត់​ពី​ផ្តាច់ទាំង​ស្រុង​​ពី​ពិភពលោក​ខាង​ក្រៅ ពី​វប្បធម៌​អរិយធម៌​លឿន នៅ​លើ​កោះNorth Sentinel ក្បែរ​កោះ ​Andaman et Nicobar ​របស់​ឥណ្ឌា។ កោះ​សង់ទីណែល បាន​ជាប់​ឈ្មោះ​ជា​កោះ​​ដ៏​សែន​គ្រោះ​ថ្នាក់​បំផុត​នៅ​លើ​ពិភពលោក និង​ដែល​អាជ្ញាធរ​ឥណ្ឌា​ដាក់​បម្រាម​មិន​ឱ្យ​មនុស្ស​ម្នា​ទូទៅ​ ធ្វើ​ដំណើរ​ទៅ​​ចូលក្បែរ​ឡើយ។

ជនជាតិ​ភាគ​តិច​ សង់ទីណែល ដែល​គេ​ថត​បាន​ពេល​មាន​ទំនាក់ទំនង​តែ​ម្តង​គត់​ជាមួយ​ពិភពលោក​ខាង​ក្រៅ
ជនជាតិ​ភាគ​តិច​ សង់ទីណែល ដែល​គេ​ថត​បាន​ពេល​មាន​ទំនាក់ទំនង​តែ​ម្តង​គត់​ជាមួយ​ពិភពលោក​ខាង​ក្រៅ Capture d'écran/Youtube
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​២៧​ឆ្នាំ មាន​ជំនឿ​ស៊ប់ និង​គោរព​​សាសនាគ្រិស្តយ៉ាង​ខ្ជាប់ខ្ជួន លោក​ John Cau ​ចង់​នាំ​គ្រិស្តសាសនា​ទៅ​ផ្សព្វផ្សាយ​ដល់​ជនជាតិ​សង់ទីណែល។ ព្រោះបើ​តាម​​កំនត់​ហេតុ​ផ្ទាល់​ខ្លួន​ ដែល​សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ លោក​​បាន​​ចាត់​ទុក​ខ្លួន​ឯង​ជា​បេសកកជន​គ្រិស្តសាសនា។

​លោក​បាន​ជួល​ទូក​នេសាទ​ជិះ​ទៅ​កាន់​កោះ​North Sentinel នៅថ្ងៃទី ១៦ វិច្ឆិកា។ ប៉ុន្តែ​គ្រាន់​តែចុះ​ពី​ទូក​ តែ​ម្នាក់​ឯង​ បាន​បន្តិច​ ជនជាតិ​ភាគ​តិចរស់​នៅកោះដ៏​ឯកា​បំផុត​នោះ ​បាន​បាញ់​ព្រួញ​​ជា​ច្រើន​សំដៅ​​ជន​ចំណូល​ថ្មី។ ទោះ​ជា​ត្រូវ​ព្រួញ​ហើយ​ក៏​ក៏​លោកនៅ​បន្ត​ដើរ​ទៅ​មុខ។ នេះ​បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀ​ប​រាប់​ប្រាប់​AFP។

ប៉ូលិស​ឥណ្ឌា​បាន​បើក​អង្កេត​ភ្លាម ពី​បទ​ឃាត​កម្ម​និ​ង​បាន​ចាប់​អ្នក​នេសាទ​ចំនួន​៧​នាក់ ព្រោះ​ច្បាប់​ឥណ្ឌា​បាន​ហាម​មិន​ឱ្យ​ចូល​កៀក​រំខាន​ជនជាតិ​ភាគ​តិច​លើ​កោះសង់ទីណែល​ទេ។

​ជនជាតិ​ភាគ​តិចដ៏ឯកា​បំផុត​នៅ​លើ​ពិភពលោក

ជនជាតិ​សង់ទីណែល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​​ក្រុម​មនុស្ស​ដើម ដែល​រស់​យ៉ាង​ឯកា​បំផុត នៅ​លើ​ពិភពលោក រស់​គ្មាន​ទំនាក់ទំនង​សោះ​ជាមួយ​ពិភព និង​អរិយធម៌​ខាង​ក្រៅ។ ពួកគេ​មាន​គ្នា​ប្រមាណ​១៥០​នាក់ រស់​នៅ​ក្នុង​លើ​កូន​កោះ​មួយ​​ទំហំ​ ៧២​គីឡូមែត្រ​ការ៉េ ក្នុង​សមុទ្ទ​Andaman ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ពី​កោះ Andaman et Nicobar របស់​ឥណ្ឌា។

មាន​ប្រភព​មក​ពី​អាហ្វ្រិក ជនជាតិ​សង់ទីណែល​បាន​មក​រស់​នៅ​លើកោះ​ក្នុង​សមុទ្ទ​អង់ដាម៉ង់ តាំង​ពី​ ៦​ម៉ឺន​ឆ្នាំ​មុន ​​ហើយ​រក្សា​​​របៀប​របប​រស់​នៅ​​ដដែល ដោយ​គ្មាន​វិវឌ្ឍន៍​លូត​លាស់​តាមពេលវេលា​ទេ។ ជនជាតិ​នេះ​រស់​រំពឹង​តែ​លើ​ការ​នេសាទ​និង​បេះ​ផ្លែឈើ តែ​វាយប្រហារ​ដោយ​ព្រួញ​និ​ងធ្នូរ ប្រឆាំង​រាល់​គ្រប់​ជន​មក​ក្រៅ។

អាជ្ញាធរ​ឥណ្ឌា​បាន​សាក​ល្បង​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០​និង​៨០ ទៅ​ភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​ជនជាតិភាគ​តិច​នេះ​ក្តី​ តែ​បរាជ័យ​រហូត ! នៅ​ទី​បំផុត នៅ​ឆ្នាំ​១៩៩០ ឥណ្ឌា​បាន​ប្រកាស​​​ជា​ផ្លូវការ​ មិន​ទៅ​រំខាន​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​លើ​កោះ​សង់ទីណែល​ទៀត​ឡើយ ហើយ​បាន​ចេញ​​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​ឬ​ទេសចរ​ទៅទាក់ទង​ជាមួយ​ជនជាតិ​ភាគ​តិច​នេះឬ​ទៅ​​​កៀក​កោះ​នោះ​ឡើយ ! ជិត​បំផុត​ត្រឹម​៥​គីឡូម៉ែត្រ។​ កោះ​សង់ទីណែល ស្ថិត​ក្នុង​ដែន​រដ្ឋបាល​ឥណ្ឌា ប៉ុន្តែ​ជា​កោះ​ស្វ័យត​ គ្មាន​ប្រៀប​ឡើយ។

​អ្នក​ស្រាវ​ជ្រាវ​តែ​ម្នាក់​គត់ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​​សង់ទីណែល​

ព័ត៌មាន​ដ៏​កម្រ​ ទាក់ទង​នឹង​ជនជាតិ​ភាគ​តិច​ជិត​ផុត​ពូជ​មួយ​ក្រុម​នេះ ​គឺបាន​មក​ពី​​​អ្នក​ស្រាវជ្រាវ​នរវិទ្យា​អង់គ្លេស​ លោក Trilokinath Pandit។ លោក Pandit (និង​​ក្រុមការងារ)​ ជាមនុស្ស​តែ​ម្នាក់​គត់​ដែល​អាចសាង​ទំនាក់ទំនង​ជាមួយ​នឹង​ជនជាតិ​ភាគ​តិច​សង់ទីណែល។ លោក​បាន​ទៅ​ជាន់​ដី​​កោះ​សង់ទីណែល កាលពី​ឆ្នាំ​១៩៦០ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​១៩៩១ ទើប​ឃើញ​មាន​សំណេរ​របស់​លោក​ស្តី​អំពី​ជនជាតិ​នេះ។

អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា “​មិន​ដឹង​ដោយ​សារ​ហេតុ​អ្វីទេ ស្រាប់​តែមួយ​រំពេច​ភ្នែក​ ​ពួក​សង់ទីណែល​ទម្លាក់​អាវុធ (ព្រួញ​)​របស់​ពួកគេ។ លោក​និង​ក្រុមការងារ អាច​ដើរ​ជាន់​ដី​កោះ​បាន ដោយ​ដោះសម្លៀក​បំពាក់​ចេញ​ទាំង​អស់ ដោះ​ទាំង​ស្បែក​ជើង វែនតា ... និង​បាន​ចូល​ទៅ​មើល​ឃើញ និង​ថត​​របៀប​រស់​នៅរបស់​ពួកគេ។ ​លោក​ បណ្ឌិត បាន​សន្និដ្ឋាន​ថា ជនជាតិ​សង់ទីណែល មិនស៊ីសាច់​មនុស្ស​ដូច​ដែល​គេ​ធ្លាប់​មានជំនឿ​ឡើយ។ ពួក​គេរស់​នៅ​រំពឹង​តែ​លើ​ការ​បរបាញ់​ និង​នេសាទ ហើយ​គ្មាន​មេកន្ទ្រាញ ឬ​មេធ្មប់​អ្វី​ទាំង​អស់។ គឺ​រស់​ដូច​កាលពី​សម័យ​១៥០០០​ឆ្នាំមុន។

ប៉ុន្តែ​តាំងពី​នោះ​មក​ រហូត​មក​ទល់​ថ្ងៃ​នេះ ជនជាតិ​សង់ទីណែល មិនបណ្តោយ​ឱ្យ​អ្នក​ក្រៅ​ណា​ម្នាក់​ទៅ​ក្បែរ​ទឹកដី​របស់​ពួក​គេ​ទៀត​ទេ។ កាលពី​ឆ្នាំ​២០០៦ អ្នក​នេសាទ​ពីរ​នាក់ ធ្វេសប្រហែល​ គេងលក់​ទូក​អណ្តែត​ទៅ​ទើ​លើ​កោះ​សង់ទីណែល ត្រូវ​​ជនជាតិ​ភាគតិច​នេះបាញ់​ព្រួញ​សម្លាប់។ ឧទ្ធម្ភាចក្រ​បាន​សាកល្បង​ទៅ​យក​សព​អ្នក​ទាំងពីរ តែ​ត្រូវ​ក៏​ដក​ថយ​វិញ​ដោយ​រងការ​បាញ់​ព្រួញ​ខ្លាំងពេក។

នៅ​ឆ្នាំ​២០០៤​ ពេល​មាន​គ្រោះ​ស៊ូណាមី អាជ្ញាធរ​ឥណ្ឌា​បាន​ហោះ​ឆ្វែល​ពី​លើ ដើម្បី​ធានា​ថា​ពួកគេ​មិន​រង​គ្រោះ​ ក៏​ត្រូវ​ស្វាគមន៍​ដោយ​ព្រួញ​ដែរ។

បារម្ភ​អំពី​ការចម្លង​រោគ

តាមការពិត​ អាជ្ញាធរ​ឥណ្ឌា​ពិត​ជា​អាច​រុល​ចូល​ទៅ​យក​សាកសព​បាន​ និង​កាត់​ផ្តាច់​ភាព​ឯកា​របស់​សង់ទីណែល​បាន ប៉ុន្តែ​ផលវិបាក​អាច​មាន​ធ្ងន់ធ្ងរ​ នៅ​ពេល​អរិយធម៌​ពីរ​ជួប​គ្នា​។

រស់​នៅ​ដាច់​​ពី​មនុស្សជាតិ​ រាប់​ពាន់​ឆ្នាំ ជនជាតិ​ភាគ​តិច​មួយក្រុម​នេះ​គ្មាន​ប្រព័ន្ធការពារ​ខ្លួន​​គ្រប់គ្រាន់​សម្រាប់​​ការពារ​ទល់​នឹង​ភ្នាក់ងារ​មេរោគ​របស់​អ្នក​ក្រៅ​ទេ ! វត្តមាន​របស់​អ្នកក្រៅ​អាច​នាំ​មីក្រុម ដែល​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិចអាច​រងគ្រោះ​ដល់​​ស្លាប់​ផុតពូជ។

ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ការពារ​ជនជាតិ​ភាគ​តិច​ បាន​បរិហារ​ថា មរណភាព​របស់​ជនជាតិ​អាមេរិក គឺ​ជា​សោកនាដកម្ម​សម្រាប់​ជនជាតិ​ដើម​ដែល​មិន​គួរ​កើត​ឡើង​សោះ​។ ឯ​ខាង​រដ្ឋាភិបាលឥណ្ឌា​​វិញ ​អ្នក​ទទួល​ខុស​ត្រូវកំពុង​​រង់ចាំ​ស្តាប់​អនុសាសន៍​ពី​​ក្រុម​អ្នក​ស្រាវជ្រាវ និង​​នរវិទូ ​នូវ​​អ្វី​ដែល​គួរ​ធ្វើ។

តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​ឥណ្ឌា​បាន​ធានា​មើលថែ​សុខភាព​ជនជាតិ​សង់ទីណែល ពី​ចម្ងាយ​ ដាក់​ទូក​ប្រចាំ​ការក្នុង​ចម្ងាយ​ឆ្ងាយ​ល្មម​ពី​កោះ​ ​ចាំ​សង្កេត​មើល​សកម្មភាព​​របស់​ជនជាតិ​ភាគ​តិច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ