អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

កាសែត៖ វ៉ាស៊ីនតោន​បញ្ចុះបញ្ចូល​ប្រទេស​សម្ព័ន្ធមិត្ត​កុំ​ឲ្យ​ប្រើ បចេ្ចកវិទ្យា​របស់​ក្រុមហ៊ុន​Huawei

អាជ្ញាធរ​អាមេរិកាំង​កំពុង​ព្យាយាម​ដើរ​បញ្ចុះបញ្ចូល ក្រុមហ៊ុន ទូរស័ព្ទ នៅក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក កុំ​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន ហួវៃ Huawei។ តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិកាំង Wall Street Journal ដែល​បាន​ដកស្រង់​ប្រភព ពី​មន្រ្តី​អាមេរិកាំង ក្រុងវ៉ាស៊ីនតោន​បារម្ភ​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចិន ហួវៃ អាច​ចូល​លួច​យកការណ៍​សម្ងាត់ ពី​បណ្តាញ​ទាក់ទង​យោធា​របស់​អាមេរិក នៅ​បរទេស ដូចជា​អាល្លឺម៉ង់ ជប៉ុន ឬ​អ៊ីតាលី​ជាដើម សម្រាប់​ក្រសួង​ការពារ​ជាតិ​ចិន។

ក្រុមហ៊ុន​ចិន​ហួវៃ​ក្នុង​ពិព័រណ៌​ក្រុង​ប៉េកាំង ថ្ងៃទី ២៦​កញ្ញា ២០១៨
ក្រុមហ៊ុន​ចិន​ហួវៃ​ក្នុង​ពិព័រណ៌​ក្រុង​ប៉េកាំង ថ្ងៃទី ២៦​កញ្ញា ២០១៨ ©REUTERS/Stringer ATTENTION EDITORS -
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ទូរស័ព្ទ ហួវៃ ត្រូវ​បាន​ហាមឃាត់ តិច ឬ​ច្រើន នៅទីផ្សារ អាមេរិក បន្ទាប់​ពី​របាយការណ៍​របស់​សភា​អាមេរិក​បាន​ចង្អុរ ចោទប្រកាន់​ថា ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខជាតិ​អាមេរិក។ គឺ​ក្នុង​ហេតុផល​សន្តិសុខ​ជាតិ​ដដែលនេះ​ឯង ដែល​មន្រ្តី​​អាមេរិកាំង​ខំប្រឹង​លើក​យក​មក​បញ្ចុះបញ្ចូល​បណ្តា​ក្រុមហ៊ុន​ទូរស័ព្ទ នៅ​ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត ឲ្យ​ឈប់​ប្រើ ឬ​ទិញ បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​ចិន ហួវៃ។

តាម​ការចុះផ្សាយ​របស់​កាសែត​Wall Street Journal កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិកាំង​កំពុង​ដើរ​ប្រជុំ​ជាមួយ​សមភាគី​និង​មេដឹកនាំ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ នៅក្នុង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក ដូចជា​អាល្លឺម៉ង់ អ៊ីតាលី ឬ​ជប៉ុន ជាទី​ដែល​កងទ័ព​អាមេរិកាំង​ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ ក្នុង​ស្រុក។

តាម​មន្រ្តីអាមេរិក នៅក្នុង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​មាន​ក្រុមហ៊ុន​ហួវៃ បោះទុន​វិនិយោគ​រួចហើយ​នោះ ការសហការ ទិញ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន ហួវៃ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុនហួវៃ ចូល​គ្រប់គ្រង​បណ្តាញ​ទូរគមនាគមន៍ ក្នុង​ស្រុក ដើម្បី លួច យកការណ៍​សម្ងាត់ សម្រាប់​ប្រយោជន៍​ក្រសួងការពារ​ជាតិ​ចិន។ អ្វី​ដែល​ធ្វើ​ឲ្យ​អាមេរិក​ខ្លាចខ្លាំង​ជាងគេ គឺ​បច្ចេកវិទ្យា​បណ្តាញ​ទូរស័ព្ទ​ជំនាន់​ទី៥ ​រឺ​ហៅកាត់​ថា​ ប្រព័ន្ធ​5G ដែល​ក្រុមហ៊ុន​ហួវៃ ប្រុង​នឹងដាក់​ឲ្យ​ប្រើប្រាស់ នាពេល​ខាងមុខ។ បណ្តាញ​ទូរស័ព្ទ​5G ត្រូវ​បាន​ស្គាល់​ថា មាន​ល្បឿន​កាន់​តែ​លឿន​រហ័ស ​ ដើម្បី​ឆ្លើយតប​ ទៅនឹង​ការ​រីកឡើង ​នៃ​ការប្រើប្រាស់​អ៊ីនធើនែត ព្រម​ទាំង​កម្មវិធី ​Applications នានា ​ដែល​ទំនើប​ថ្មី​ តែ​មាន​ទំហំ​ធំ។ ប៉ុន្តែ សម្រាប់​អាជ្ញាធរ​អាមេរិកាំង បណ្តាញទូរស័ព្ទ​ទំនើប​ចុង​ក្រោយ5 G នឹង​ជួយ​ឲ្យ​ចារកិច្ច​ចិន​អាច​ចូល​ទៅ​រំខាន​ឬ​ផ្តាច់​បណ្តាញទូរគមនាគមន៍​ក្នុងប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក។

ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន និង​ប្រទេស​សម្ព័ន្ធមិត្ត​ឈប់ប្រើប្រាស់​បណ្តាញបច្ចេកវិទ្យា​របស់​ហួវៃ អាមេរិក​មាន​គម្រោង​ផ្តល់​ជំនួយ​ថវិកា​ដល់​ប្រទេស ដែល​ចង់​អភិវឌ្ឍ​បណ្តាញ​ទូរស័ព្ទ​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវការ​ជំនួយ​របស់​ក្រុមហ៊ុន​ចិន។

ទាក់ទង​នឹង​ការចុះផ្សាយ​របស់​កាសែត​Wall Street Journal អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស ចិន​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នៅថ្ងៃ​សុក្រ​ម្សិលមិញថា ទីក្រុង​ប៉េកាំង​សង្ឃឹម​លើ​ប្រទេស​ដែល​ពាក់ព័ន្ធ ក្នុង​ការផ្តល់​បរិស្ថាន​វិនិយោគ​ដ៏ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​ចិន។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​វិញ ក្រុមហ៊ុន​ហួវៃ​បាន​អះអាង​ថា ក្រុមហ៊ុន​ឯករាជ្យ និង​មិន​ដែល​ប្រើប្រាស់​ឧបករណ៍ បច្ចេកវិទ្យា​របស់ខ្លួន ដើម្បី​ស៊ើបការណ៍​សម្ងាត់ ឬ​បំផ្លាញ បណ្តាញ​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​ដែល​ទិញប្រើបច្ចេកវិទ្យា របស់​ក្រុមហ៊ុន​ហួវៃ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ