អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

អង្គការ​យូណេស្កូ​យល់ព្រម​ចុះ « កីឡាចម្បាប់ » កូរ៉េ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក

នៅ​ថ្ងៃ​ចន្ទ ទី២៦ វិច្ឆិកា កីឡាចម្បាប់​កូរ៉េ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទៅ​តាម​សំណើ​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។ កាយវិការ​មួយ​នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​រំកិល​ខិត​ចូល​គ្នា​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ។ គួរ​រម្លឹក​ជូន​ថា មុន​នឹង​សម្រេច​ច្របាច់​បេក្ខជន​តែ​មួយ​រួម​គ្នា កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សំណើ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ការ​សុំ​បញ្ចូល​កីឡាចម្បាប់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

លោកស្រីអូដ្រេ អាហ្យូឡេ អគ្គនាយិកាអង្គការយូណេស្កូ
លោកស្រីអូដ្រេ អាហ្យូឡេ អគ្គនាយិកាអង្គការយូណេស្កូ 路透社。
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ កីឡាចម្បាប់​ដែល​កូរ៉េខាងជើង​ហៅ « Ssirum » និង​កូរ៉េខាងត្បូង​ហៅ « Ssireum » បាន​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គការ​យូណេស្កូ​សម្រាប់​កូរ៉េ​តែ​មួយ។ ការ​សម្រេច​របស់​អង្គការ​យូណេស្កូ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អាដហុក​នា​ក្នុង​កិច្ចប្រជុំ​ក្នុង​ប្រទេស​ម៉ូរីស។ លោកស្រី​អូដ្រេ អាហ្យូឡេ អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​ថ្លែង​ថា ការ​ដែល​កូរ៉េ​ទាំង​ពីរ​បាន​យល់ព្រម​ច្របាច់​បេក្ខជន​បញ្ជូល​គ្នា​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ថា កាយវិការ​មួយ​នេះ​ជា​សក្ខីកម្ម​ថ្មី​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ខ្លាំង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ។

អង្គការ​យូណេស្កូ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​ច្របាច់​បេក្ខជន​បញ្ចូល​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​ជា​លទ្ធផល​បាន​មក​ពី​ជំនួប​រវាង​លោកស្រី​អាហ្យូឡេ និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​ខែ​តុលា​កន្លង​ទៅ រួម​ទាំង​កិច្ចសន្ទនា​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង​នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។ គួរ​រម្លឹក​ជូន​ថា​កន្លង​មក ក្រុង​ព្យុងយ៉ាង និង​ក្រុង​សេអ៊ូល​បាន​ធ្វើ​សំណើ​ដាច់​ដោយឡែក និង​ប្រជែង​គ្នា​ក្នុង​ការ​បញ្ចូល​កីឡាចម្បាប់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

លោកស្រី​អូដ្រេ អាហ្យូឡេ​បាន​ទទួល​ស្គាល់​ពី​អំណាច​វប្បធម៌​ដូច​ជា​វ៉ិចទ័រ​សន្តិភាព និង​ជា​ស្ពាន​នៃ​ការ​បង្រួបបង្រួម​រវាង​ពលរដ្ឋ។ បន្ទាប់​ពី​កីឡាចម្បាប់ អង្គការ​យូណេស្កូ​កំពុង​ធ្វើ​ការងារ​លើ​គម្រោង​សំខាន់ៗ​ផ្សេង​ទៀត​ដែល​មាន​គោលដៅ​ផ្សះផ្សា​ឡើង​វិញ ពិសេស​ការ​សរសេរ​វចនានុក្រម​និរុត្តិសាស្រ្ត​កូរ៉េ​ដើម្បី​ស្រង់​ពាក្យ និង​ការ​ប្រ់​ភាសា​រវាង​ខាង​ជើង និង​ខាង​ត្បូង។ ក្រៅ​ពី​នេះ អង្គការ​យូណេស្កូ​នៅ​មាន​គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត ដូច​យ៉ាង​ការ​ចែកចាយ និង​ការ​គ្រប់គ្រង​ទឹក​រួម​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ខ័ណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ