ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
អាស៊ី

អាហ្វហ្កានីស្ថាន៖​លោកអង់តូនីញ៉ូ ហ្គូទែរស៍​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាពផ្ទាល់​ជាមួយ​ពួក​តាលីបង់

media  
ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ប្រទេស​អាហ្វហ្កានីស្ថាន​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី២៨ វិច្ឆិកា ២០១៨ Reuters

នៅ​ថ្ងៃ​ពុធ ទី២៨ វិច្ឆិកា លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ពួក​តាលីបង់​ឲ្យ​ផ្តើម​កិច្ចចរចា​សន្តិភាព​ផ្ទាល់​រវាង​គ្នា។ ប្រមុខ​អង្គការ​ពិភពលោក​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​​ឱកាស​នៃ​កិច្ចប្រជុំ​​អន្តរក្រសួង​ស្តីពី​ប្រទេស​អាហ្វហ្កានីស្ថាន​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ លោក​ហ្គូទែរស៍​បាន​យល់​ឃើញ​ថា ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ជា​រឿង​បន្ទាន់​បំផុត។ ការ​អំពាវនាវ​របស់​លោក​ហ្គូទែរស៍​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​អាច្រាហ្វ ហ្កានី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បង្កើត​ក្រុម​ចរចា​មួយ​ដែល​មាន​សមាជិក​ចំនួន ១២នាក់។

ក្រៅ​ពី​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បង្កើត​បាន​ក្រុម​ចរចា​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន ១២នាក់ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​អាច្រាហ្វ ហ្កានី​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ផែនទី​ចង្អុល​ផ្លូវ​មួយ​ដើម្បី​កិច្ចចរចា​សន្តិភាព​ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ដែរ។ លោក​ហ្កានី​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក​បាន​បង្កើត​ឲ្យ​មាន​រចនាសម្ព័ន្ធ និង​យន្តការណ៍​ចាំ​បាច់​មួយ​ចំនួន​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដោយ​មាន​ការ​ដាក់​បញ្ចូល​ពួក​តាលីបង់​អាហ្វហ្កានីស្ថាន​ទៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែ​មួយ។

ចំណែក​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​គូសបញ្ជាក់​ថា ឱកាស​ដ៏​កម្រ និង​ដ៏​ល្អ​បាន​ឈាន​មក​ដល់​ហើយ​ក្នុង​ការ​ផ្តើម​កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​ភាគី​អាហ្កហ្វានីស្ថាន និង​ភាគី​តាលីបង់​ដែល​គេ​មិន​ត្រូវ​ទុក​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ហ្គូទែរស៍​មិន​ភ្លេច​និយាយ​សរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព​នា​រយៈពេល​ចុង​ក្រោយ​របស់​ភាគី​ពាក់ព័ន្ធ ពិសេស​ភាគី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ដែល​យល់​ព្រម​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ។ ចំណាប់​អារម្មណ៍​ដ្រដៀង​គ្នា​នេះ​ក៏​មាន​ពី​សំណាក់​ប្រមុខ​ការទូត​អឺរ៉ុប​លោកស្រី​ហ្វេដេរីកា ម៉ូហ្កឺរីនី​ដែល​ថា វា​ល្មម​ដល់​ពេល​ដែល​ភាគី​អាហ្វហ្កានីស្ថាន និង​តាលីបង់​ចាប់​ផ្តើម​កិច្ចចរចា​សន្តិភាព​ពិតប្រាកដ។

ចំណែក​លោក​រដ្ឋមន្រ្តី​ការបរទេស​ស្វ៊ីស​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ប្រទេស​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​គូសបញ្ជាក់​ថា ប្រទេស​ស្វ៊ីស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​រៀបចំ​គ្រប់​កិច្ចចរចា​ទាំង​អស់​រវាង​ភាគី​ជម្លោះ​នៅ​អាហ្វហ្កានីស្ថាន។ ភាគី​តាលីបង់​ដែល​គ្មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ក្នុង​ទីក្រុង​ហ្សឺណែវ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ។ គួរ​រម្លឹក​ថា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពួក​តាលីបង់​បាន​លើកឡើង​ពី​កិច្ចប្រជុំ​យ៉ាង​តិច ៣ដង​ជាមួយ​ភាគី​អាមេរិក​ក្នុង​ប្រទេស​កាតា នោះ​បើ​ទោះ​បី​ជា​អាមេរិក​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​លើ​ព័ត៌មាន​នេះ​ក្តី។

យ៉ាង​ណា​ក៏​ដោយ លោក​ហ្សាល់ម៉េ ខាលីហ្សាដ ប្រេសិតអាមេរិក​ដើម្បី​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន​បាន​និយាយ​នា​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ​ដោយ​សង្ឃឹម​ថា កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ភាគី​អាហ្វហ្កានីស្ថាន និង​ពួក​តាលីបង់​នឹង​រក​ឃើញ​ក្នុង​រយៈពេល ៥ខែ​មុខ។ នៅ​ក្នុង​ន័យ​នេះ លោក​ខាលីហ្សាដ​បាន​ជំរុញ​ភាគី​ជម្លោះ​ទាំង​ពីរ​ឲ្យ​ឆក់​ឱកាស​ដើម្បី​នាំ​អាហ្វហ្កានីស្ថាន​ទៅ​រក​ផ្លូវ​សន្តិភាព និង​ផ្សះផ្សា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ