អានតួអត្ថបទ
កូរ៉េខាងជើង-វៀតណាម

ប្រមុខការបរទេស​កូរ៉េខាងជើង​ទៅ​សិក្សា​គំរូ​សេដ្ឋកិច្ច​របស់​វៀតណាម

លោក រី យុងហូ រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើង​បាន​ទៅដល់​ប្រទេស​វៀតណាម នៅថ្ងៃ​សុក្រនេះ និង​មាន​គម្រោង​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​វៀតណាម រួម​ទាំង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ព័ត៌មានវិទ្យា​ជាន់ខ្ពស់ របស់​ប្រទេស​កុម្មុយនិស្ត​វៀតណាម។ នេះ​បើតាម​ការចុះផ្សាយ​របស់កាសែត​រដ្ឋវៀតណាម។ តើ​អ្វីជា​គោលដៅ​នៃ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​កូរ៉េខាងជើង ទៅ​ប្រទេស​វៀតណាម។ 

រដ្ឋមន្រ្តីការបរទេស​វៀតណាម Pham Binh Minh (ស្តាំ) ចាប់ដៃ​ជាមួយ​ប្រមុខការបរទេស​កូរ៉េខាងជើង Ri Yong Ho (ឆ្វេង) ថ្ងៃទី ៣០​វិច្ឆិកា ២០១៨
រដ្ឋមន្រ្តីការបរទេស​វៀតណាម Pham Binh Minh (ស្តាំ) ចាប់ដៃ​ជាមួយ​ប្រមុខការបរទេស​កូរ៉េខាងជើង Ri Yong Ho (ឆ្វេង) ថ្ងៃទី ៣០​វិច្ឆិកា ២០១៨ ©MINH HOANG/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​ហាណូយ ប្រមុខ​ការបរទេស​កូរ៉េខាងជើង លោក​រី យុងហូ បាន​ជួប​ពិភាក្សា​ជាមួយ សមភាគី​វៀតណាម មុន​នឹង​គ្រោងជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក។ នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​វៀតណាម​លើកនេះ រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងជើង គ្រោង​ផង​ដែរ​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​តំបន់​ព័ត៌មានវិទ្យា​របស់វៀតណាម ហើយ​និង​ជួបប្រជុំ​ជាមួយ អ្នកជំនាញ​វៀតណាម​ខាងផ្នែក​កសិកម្ម។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ ប្រមុខការបរទេស​កូរ៉េខាងជើង ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី រៀនសូត្រ យកគំរូ​តាម​កំណែទម្រង់​សេដ្ឋកិច្ច Doi moi របស់​វៀតណាម ដែល​បាន​ជួយ​ប្រែក្លាយ​ប្រទេស​មួយ​នេះ ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ ដោយ​នៅ​តែ​រក្សា​របប​ដឹកនាំ​ឯកបក្ស កុម្មុយនិស្ត។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ វៀតណាម​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច កំណែទម្រង់​ទីផ្សារ តាមរយៈ ការបើកចំហរ ស្វាគម អ្នកវិនិយោគ​បរទេស ហើយ​និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម រហូត​ធ្វើ​ឲ្យ​វៀតណាម មាន​សេដ្ឋកិច្ច​រីកលូតលាស់លឿន ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ជារៀងរាល់ឆ្នាំ។ វៀតណាម​បាន​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដោយ​នៅតែ​អាច​បន្ត​រក្សា អំណាច​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត ជាមួយ​នឹង​អំណាចផ្តាច់ការ បិទសិទ្ធិ​សេរីភាព​របស់​ក្រុមអ្នកប្រឆាំង​រិះគន់។

វៀតណាម ធ្លាប់​ជា​ប្រទេស​ដែល​ប្រមុខការ​បរទេស​អាមេរិក លោក​Mike Pompeo ធ្លាប់​បាន​និយាយ​ប្រាប់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ឲ្យ​យក​គំរូតាម ព្រោះថា វៀតណាម មាន​សេដ្ឋកិច្ច​រីកចម្រើន និង​បាន​ប្រែក្លាយ ពី​សត្រូវ​មកជា​ដៃគូ ដ៏​សំខាន់​របស់​អាមេរិក។

សម្រាប់​អ្នកជំនាញ ក្នុង​នាមជា​ប្រទេស​កុម្មុយនិស្ត​ដូចគ្នា វៀតណាម​អាច​ជា​ប្រទេស ដែល​កូរ៉េខាងជើង ចង់យក​គំរូ ធ្វើតាម។ វៀតណាម និង​កូរ៉េខាងជើង បាន​ចាប់ផ្តើម​ចងសម្ព័ន្ធ​ការទូត​នឹង​គ្នា តាំង​ពី​ឆ្នាំ ១៩៥០ ប៉ុន្តែ ការដោះដូរ​សេដ្ឋកិច្ច​រវាងប្រទេស​កុម្មុយនិស្ត​ទាំងពីរ​នៅ​តែ​ទាប។ តាមទិន្នន័យ​របស់​ការិយាល័យ​រដ្ឋាភិបាល​វៀតណាម ការនាំចេញ​របស់​វៀតណាម ដែល​ភាគច្រើន ជា​ទំនិញបរិភោគ ទៅ​ប្រទេស​កូរ៉េខាងជើង មាន​តម្លៃ ជាង ៧លាន​ដុល្លារ កាលពី​២០១៧។

គេវាយតម្លៃដែរថា កូរ៉េខាងជើង ដែលធ្លាប់​ឯកោរ និង​មាន​សេដ្ឋកិច្ច​ចុះ​ទន់ខ្សោយ ដោយសារ​ទណ្ឌកម្ម របស់​អង្គការ​សហប្រជាជាតិ ក្នុង​រឿង​ផលិត​អាវុធ នុយក្លេអ៊ែរ កំពុង​ចង់ឆ្លៀត យក​ជំនួប​ជាប្រវត្តិសាស្រ្ត​ជាមួយ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ដើម្បី កសាង​ឡើងវិញ មុខមាត់​របស់ខ្លួន​ឡើងវិញ ក្នុង​ឆាកអន្តរជាតិ។

នៅ​មុន​ទៅប្រទេស​វៀតណាម ប្រមុខ​ការបរទេស​កូរ៉េខាងជើង លោក​រី យ៉ុងហូ ធ្លាប់ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី តួមេនីស្ថាន អាហ្សែបៃហ្សង់។ តាមអ្នកជំនាញ ការបង្កើន ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ជា​សញ្ញា​បញ្ជាក់ថា ក្រុងព្យុងយ៉ាង ចង់​បង្កើន បង្កើត​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច ជាមួយ ប្រទេស​ដទៃ ដើម្បី កាត់បន្ថយ ការពឹងផ្អែក​ទាំងស្រុង តែ​ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន​តែ​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ