ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
អាស៊ី

វៀតណាម​កាត់ទោស​ប្រហារជីវិត និង​ដាក់គុក ក្រុមជួញដូរ គ្រឿងញៀន និង​ក្រុមភ្នាល់ល្បែង​តាម​អ៊ីនធ័រនែត

media ដូច​នៅ​ប្រទេស​អាស៊ី​ដទៃទៀត ការភ្នាល់ល្បែង​ស៊ីសង​តាម​អ៊ីនធ័រនែត​កំពុង​រីកដុះដាលខ្លាំង​នៅ​វៀតណាម ©

អាជ្ញាធរ​វៀតណាម​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង តាំង​ពី​ក្រុមជួញដូរ​ថ្នាំញៀន រហូត​ដល់​ក្រុមភ្នាល់ល្បែង​ស៊ីសង តាមអ៊ីនធ័រនែត​ខុសច្បាប់។ នៅថ្ងៃ​សុក្រម្សិលមិញ តុលាការ​វៀតណាម នៅ​ខេត្ត ហាណាំ ភាគខាងជើង​វៀតណាម បាន​សម្រេច​កាត់ទោស​ប្រហារជីវិត ក្រុមជួញដូរ​គ្រឿងញៀន ៩នាក់ ចំណែក​តុលាការ​មួយផ្សេង​ទៀត នៅភាគខាងជើង​ដដែល បាន​សម្រេច​កាត់ទោស​មនុស្ស​៩០នាក់ ពីបទ​ជាប់ទាក់ទង​នឹង​ការភ្នាក់ចាក់ល្បែង តាមអ៊ីនធ័រនែត ដែល​នៅ​ក្នុង​នោះ មាន​២នាក់ ជា​មន្រ្តី​ប៉ូលិស​ជាន់ខ្ពស់​វៀតណាម ទទួល​បន្ទុក ការអនុវត្ត​ច្បាប់ លើ​ល្បែង​ស៊ីសង​តាម​អ៊ីនធ័រនែត។

 

នៅក្នុងចំណោម​មនុស្ស ៩១​នាក់ ដែល​ជាប់ចោទ ប្រព្រឹត្ត​បទល្មើស​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ីនធ័រនែត​តម្លៃ ៤២០​លាន​ដុល្លារអាមេរិក  ង្វៀន ថាន់ហា អាយុ ៦០ ឆ្នាំ បាន​ទទួល​ទោស​ធ្ងន់ជាងគេ ដោយ​ត្រូវជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ ​ពីបទរំលោភ​អំណាច និង​តួនាទី។ មុន​ត្រូវ​ចាប់ខ្លួន និង​ទទួល​ទោស​នៅតុលាការ នៅថ្ងៃម្សិលមិញ ង្វៀន ថាន់ហា ធ្លាប់ជា​ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ​វៀតណាម ដែល​ល្បី​ឈ្មោះ ខាង​រឹតបន្តឹង​លើ​ការភ្នាល់ល្បែង​តាម​អ៊ីនធ័រនែត ហើយ​និង​បាន​បិទ​វិបសៃតិ៍​ភ្នាល់​បាល់​ខុសច្បាប់ អស់​រាប់រយ វិបសៃតិ៍។ ចំណែក អ្នកផ្សំគំនិត​របស់​ង្វៀន គឺ លោក​ផាន់ វាន់វិញ ដែល​ជាអតីត​អគ្គស្នងការ​ប៉ូលិស​វៀតណាម ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៩ឆ្នាំ។

នៅក្នុង​សវនាការ សាក្សី​ម្នាក់​បាន​និយាយ​ប្រាប់​តុលាការ​ថា គេ​បាន​សូកប៉ាន់ លុយ​រាប់​ម៉ឺន​ដុល្លារ ហើយ​និង​នាឡិកាថ្លៃៗ ដល់ផាន់ វាន់វិញ។ លោក​វិញ ហើយ​និង​លោក​ថាន់ហា ជាមន្រ្តីជាន់ខ្ពស់​ពីរនាក់ ក្នុង​ចំណោម​មន្រ្តី​វៀតណាម​រាប់រយ​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ របស់លោក​ង្វៀន ភូជុង​អគ្គលេខាធិការ​បក្ស និងដែល​ទើប​បាន​ក្លាយ​ជា​ប្រធានាធិបតី វៀតណាម ថ្មីៗ។

ការភ្នាល់ល្បែង​ជា​រឿងខុសច្បាប់ នៅប្រទេស​វៀតណាម ជាទី ប្រជាជន​ក្នុង​ស្រុក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូលចាក់ល្បែង នៅ​តាម​កាស៊ីណូ។ ការនេះ​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ ងាក​ទៅ​រកភ្នាល់​ល្បែងតាមអ៊ីនធ័រនែត ដែល​កំពុង​រីកផុសផុល​ខ្លាំង​ក្នុង​ប្រទេស​វៀតណាម។

នៅថ្ងៃ​សុក្រ​ដដែល តុលាការ​មួយ​ទៀត នៅ​ភាគខាងជើង​វៀតណាម​បាន​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​ថ្នាំញៀន ៩នាក់ និង​បាន​សម្រេច​ផ្តន្ទាទោស មនុស្ស​៣នាក់ ផ្សេងទៀត ឲ្យ​ជាប់​ពន្ធនាគារ អស់មួយជីវិត ក្នុង​បទ​ជួញដូរ និង​លក់​ថ្នាំញៀន​ហេរូអ៊ីន។ វៀតណាម​មិនត្រឹមតែ​អនុវត្ត​ច្បាប់​តឹងតែង លើ​ឧក្រិដ្ឋជន​ថ្នាំញៀន​តែប៉ុណ្ណោះទេ។ នៅថ្ងៃ​សុក្រម្សិលមិញដែរ តុលាការ​នៅ​ខេត្ត​ដាក់ឡាក់ ភាគកណ្តាល​វៀតណាម បាន​សម្រេច​ដាក់ពិន័យ​ស្រ្តី​សរសេរ​ប្លុកម្នាក់ ឲ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ ៩ខែ ពីបទ​បំផ្លាញ និមិត្តរូប​របស់​ប្រទេស។ ង្វៀន ថឹកវី អាយុ ៣២​ឆ្នាំ ដែល​ជា​សហស្ថាបនិក​អង្គការ​ការពារ​សិទ្ធិស្រ្តី​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​ចាប់ឃុំខ្លួន​ក្នុង​គេហដ្ឋាន​តាំង​ពី​ខែ​សីហា បន្ទាប់ពី​បាន​បាច ថ្នាំពណ៌ស លើ​ទង់ជាតិ​វៀតណាម។ ស្រ្តី​សកម្មជន​ការពារ​សិទ្ធិមនុស្ស ខាងលើ បានអះអាងថា ដោយ​ធ្វើដូច្នេះ គាត់​ចង់​បរិហារ​រិះគន់ ទង់ជាតិ​ក្រហម ដែល​តំណាង​ឲ្យ​របបផ្តាច់ការ របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​កំពុង​ប្រឆាំងប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិមនុស្ស៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ