អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមពាណិជ្ជកម្ម៖​អាមេរិក និង​ចិន​បាន​ព្រមព្រៀង​ផ្អាក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​បណ្តោះអាសន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល G២០ ដែល​បាន​បើក​ធ្វើ​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។ ពាណិជ្ជកម្ម អាកាសធាតុ និង​អន្តោបរវេសន៍​ជា​ប្រធានរឿង​សំខាន់​ដែល​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ២០រូប​បាន​លើក​យក​ទៅ​ជជែក។ សេចក្តីប្រកាសព័ត៌មាន​រួម​មួយ​ត្រូវ​បាន​អនុម័ត​នៅ​នាទី​ចុង​ក្រោយ។ ដោយឡែក ជំនួប​ទ្វេភាគី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គ្នា​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​ជំនួបកំពូល G២០ គឺ​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ ជា​លទ្ធផល លោក​ត្រាំ និង​លោក​ស៊ី​បាន​ព្រមព្រៀង​ផ្អាក​សង្រ្គាមពាណិជ្ជកម្ម​រវាង​គ្នា​មួយ​រយៈ។

ជំនួបទ្វេភាគី​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ប្រទេស​អាហ្សង់ទីន ថ្ងៃទី១ ធ្នូ ២០១៨
ជំនួបទ្វេភាគី​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ប្រទេស​អាហ្សង់ទីន ថ្ងៃទី១ ធ្នូ ២០១៨ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ទម្រាំ​សម្រេច​បាន​នូវ​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ២០រូប​បាន​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ ក លើ​ចំណុច​ខ្វែង​គំនិត​គ្នា​រហូត​ដល់​នាទី​ចុង​ក្រោយ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម G២០ បាន​ចៀសវាង​ប្រើ​ពាក្យពេចន៍ និង​ដាក់​ប្រធានបទ​រស៊ើប​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ភាគី​ខ្លះ​ក្តៅក្រហាយ។ មាន​ប្រធានបទ​គោល​ចំនួន ៤ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់ G២០ គឺ​ពាណិជ្ជកម្ម អាកាសធាតុ អំពើពុករលួយ ភាព​ស្មើ​គ្នា​រវាង​បុរស និង​ស្រ្តី និង​រចនាសម្ព័ន្ធ។ តែ​ក្នុង​ចំណោម​ប្រធានរឿង​ទាំង​នេះ ពាណិជ្ជកម្ម និង​អាកាសធាតុ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​រស៊ើប​ខ្លាំង​ជាង​គេ។

ជា​ប្រធានបទ​រស៊ើបខ្លាំង​ព្រោះ​វា​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ក្នុង​លោក ពិសេស​ជាមួយ​ចិន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី និង​តាម​សំណើ​របស់​ភាគី​អាមេរិក សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បាន​ចៀសវាង​ការ​ប្រើ​ពាក្យ « ការពារនិយម » ចៀសវាង​ការ​ថ្កោលទោស​លើ​នយោបាយ​ការពារនិយម និង​បាន​ប្តូរ​ពី​ឃ្លា « តានតឹង​ពាណិជ្ជកម្ម » ទៅ​ជា​ឃ្លា « បញ្ហា​ពាណិជ្ជកម្ម » វិញ។ ទន្ទឹម​គ្នា​នេះ G២០ បាន​ទទួល​ស្គាល់​ថា ពាណិជ្ជកម្មពហុភាគី​នៅ​មិន​ទាន់​បាន​បំពេញ​តួនាទី​ពិតប្រាកដ​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ន័យ​នេះ G២០ បាន​អំពាវនាវ​រួម​គ្នា​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ប្រធានបទ​លំអិត​ស្តីពី​កំណែទម្រង់​នេះ​នឹង​ត្រូវ​បន្ត​ជជែក​គ្នា​នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។ ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែល​ភាគី​អាមេរិក​មិន​បាន​ចុះ​ហត្ថលេខា G២០ បាន​អំពាវនាវ​ឲ្យ​បន្ត​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥។

ចិន និង​អាមេរិក​មាន​ពេល ៣ខែ​ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល G២០ អាមេរិក និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្អាក​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​គ្នា​រយៈពល ៣ខែ។ ក្នុង​រយៈពេល ៣ខែ ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ត្រូវ​ចរចា​គ្នា​ដើម្បី​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា។ ដើម្បី​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា អាមេរិក និង​ចិន​បាន​សន្យា​បន្ត​ជជែក​គ្នា​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន ពិសេស​ស្តីពី​ការ​បញ្ជូន​បច្ចេកវិទ្យា​ដោយ​បង្ខំ និង​កម្មសិទ្ធិបញ្ញា។

បន្ទាប់​មក និង​បើ​តាម​រដ្ឋបាល​អាមេរិក ចិន​បាន​សន្យា​ទិញ​ផលិតផល​អាមេរិក ពិសេស​ផលិតផល​កសិកម្ម​នៅ​ក្នុង​បរិមាណ​មួយ​ដែល​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់។ បន្ទាប់​មក​ទៀត ចិន​បាន​សន្យា​ពង្រឹង​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​ប្រភេទ fentanyl ទៅ​កាន់​ទឹកដី​អាមេរិកាំង។ fentanyl ជា​អាភៀន​ដាំ​នៅ​អាស៊ី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រភេទអាភៀន héroïne ពី ៣០ ទៅ ៥០ដង និង​ខ្លាំង​ជាង​ប្រភេទ​អាភៀន morphine ពី ៥០ ទៅ ១០០ដង។ ក្នុង​ឆ្នាំ ២០១៧ អាភៀន fentanyl ឬ​អាភៀន​ដែល​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​នេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ចំនួន ២៨ ០០០នាក់។ សម្បទាន​ចុង​ក្រោយ​របស់​ចិន លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង Qualcomm នៅ​ចិន​ទិញ​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​ហូឡង់។

គម្រោង​ទិញ​នេះ​មាន​ទឹកប្រាក់​ជាង ៤០ ០០០លានដុល្លារ និង​ដែល​រដ្ឋាភិបាល​ចិន​បាន​បិទខ្ទប់​មក​ដល់​ពេល​នេះ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាមេរិក​ដែល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។ សរុប​មក​វិញ អាមេរិក និង​ចិន​មាន​ពេល ៣ខែ​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ បើ​ពុំ​នោះ​សោត​ទេ អាមេរិក​នឹង​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥% លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ក្នុង​ទឹកប្រាក់​ចំនួន ២០០ ០០០លានដុល្លារ។ គួរ​រម្លឹក​ថា​តាម​ធម្មតា ការ​ដំឡើង​ពន្ធ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ