សង្រ្គាមពាណិជ្ជកម្ម៖អាមេរិក និងចិនបានព្រមព្រៀងផ្អាកការប្រឈមមុខដាក់គ្នាជាបណ្តោះអាសន្ន
ចុះផ្សាយនៅថ្ងៃ៖
ជំនួបកំពូល G២០ ដែលបានបើកធ្វើរយៈពេល ២ថ្ងៃក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីនបានបិទបញ្ចប់នៅថ្ងៃសៅរ៍ ទី១ ធ្នូ។ ពាណិជ្ជកម្ម អាកាសធាតុ និងអន្តោបរវេសន៍ជាប្រធានរឿងសំខាន់ដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ២០រូបបានលើកយកទៅជជែក។ សេចក្តីប្រកាសព័ត៌មានរួមមួយត្រូវបានអនុម័តនៅនាទីចុងក្រោយ។ ដោយឡែក ជំនួបទ្វេភាគីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងជាងគ្នាក្នុងថ្ងៃបិទបញ្ចប់ជំនួបកំពូល G២០ គឺជំនួបរវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងសមភាគីចិនលោកស៊ី ជីនពីង។ ជាលទ្ធផល លោកត្រាំ និងលោកស៊ីបានព្រមព្រៀងផ្អាកសង្រ្គាមពាណិជ្ជកម្មរវាងគ្នាមួយរយៈ។
ទម្រាំសម្រេចបាននូវសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ២០រូបបានជជែកគ្នាយ៉ាងតឹងសរសៃ ក លើចំណុចខ្វែងគំនិតគ្នារហូតដល់នាទីចុងក្រោយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម G២០ បានចៀសវាងប្រើពាក្យពេចន៍ និងដាក់ប្រធានបទរស៊ើបខ្លះដែលអាចធ្វើឲ្យភាគីខ្លះក្តៅក្រហាយ។ មានប្រធានបទគោលចំនួន ៤ ដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ G២០ គឺពាណិជ្ជកម្ម អាកាសធាតុ អំពើពុករលួយ ភាពស្មើគ្នារវាងបុរស និងស្រ្តី និងរចនាសម្ព័ន្ធ។ តែក្នុងចំណោមប្រធានរឿងទាំងនេះ ពាណិជ្ជកម្ម និងអាកាសធាតុត្រូវបានគេចាត់ទុកជាប្រធានបទរស៊ើបខ្លាំងជាងគេ។
ជាប្រធានបទរស៊ើបខ្លាំងព្រោះវាជាបច្ចុប្បន្នភាពក្តៅគគុកនៅក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសមួយចំនួនក្នុងលោក ពិសេសជាមួយចិន។ តែទោះជាយ៉ាងនេះក្តី និងតាមសំណើរបស់ភាគីអាមេរិក សេចក្តីប្រកាសព័ត៌មានរួមបានចៀសវាងការប្រើពាក្យ « ការពារនិយម » ចៀសវាងការថ្កោលទោសលើនយោបាយការពារនិយម និងបានប្តូរពីឃ្លា « តានតឹងពាណិជ្ជកម្ម » ទៅជាឃ្លា « បញ្ហាពាណិជ្ជកម្ម » វិញ។ ទន្ទឹមគ្នានេះ G២០ បានទទួលស្គាល់ថា ពាណិជ្ជកម្មពហុភាគីនៅមិនទាន់បានបំពេញតួនាទីពិតប្រាកដក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនៅឡើយទេ។
នៅក្នុងន័យនេះ G២០ បានអំពាវនាវរួមគ្នាឲ្យធ្វើកំណែទម្រង់លើអង្គការពាណិជ្ជកម្មពិភពលោក ហើយប្រធានបទលំអិតស្តីពីកំណែទម្រង់នេះនឹងត្រូវបន្តជជែកគ្នានៅក្នុងជំនួបកំពូលឆ្នាំ ២០១៩ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ទាក់ទងនឹងបញ្ហាអាកាសធាតុដែលភាគីអាមេរិកមិនបានចុះហត្ថលេខា G២០ បានអំពាវនាវឲ្យបន្តគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥។
ចិន និងអាមេរិកមានពេល ៣ខែដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម
នៅក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងសមភាគីចិនលោកស៊ី ជីនពីងក្នុងក្របខ័ណ្ឌជំនួបកំពូល G២០ អាមេរិក និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្អាកសង្រ្គាមពាណិជ្ជកម្មរវាងគ្នារយៈពល ៣ខែ។ ក្នុងរយៈពេល ៣ខែ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវចរចាគ្នាដើម្បីរកឲ្យបាននូវកិច្ចព្រមព្រៀងស្ថាពរមួយស្តីពីទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា។ ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលអាចទទួលយកបានទាំងអស់គ្នា អាមេរិក និងចិនបានសន្យាបន្តជជែកគ្នាលើចំណុចខ្វែងគំនិតគ្នាមួយចំនួន ពិសេសស្តីពីការបញ្ជូនបច្ចេកវិទ្យាដោយបង្ខំ និងកម្មសិទ្ធិបញ្ញា។
បន្ទាប់មក និងបើតាមរដ្ឋបាលអាមេរិក ចិនបានសន្យាទិញផលិតផលអាមេរិក ពិសេសផលិតផលកសិកម្មនៅក្នុងបរិមាណមួយដែលនៅមិនទាន់បានកំណត់ច្បាស់លាស់។ បន្ទាប់មកទៀត ចិនបានសន្យាពង្រឹងលើយុទ្ធនាការប្រឆាំងនឹងការជួញដូរគ្រឿងញៀនប្រភេទ fentanyl ទៅកាន់ទឹកដីអាមេរិកាំង។ fentanyl ជាអាភៀនដាំនៅអាស៊ីដែលមានឥទ្ធិពលខ្លាំងជាងប្រភេទអាភៀន héroïne ពី ៣០ ទៅ ៥០ដង និងខ្លាំងជាងប្រភេទអាភៀន morphine ពី ៥០ ទៅ ១០០ដង។ ក្នុងឆ្នាំ ២០១៧ អាភៀន fentanyl ឬអាភៀនដែលមានឥទ្ធិពលប្រហាក់ប្រហែលនេះបានសម្លាប់ពលរដ្ឋអាមេរិកាំងចំនួន ២៨ ០០០នាក់។ សម្បទានចុងក្រោយរបស់ចិន លោកស៊ី ជីនពីងបានបញ្ជាក់ពីការត្រៀមផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុនអាមេរិកាំង Qualcomm នៅចិនទិញក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុនហូឡង់។
គម្រោងទិញនេះមានទឹកប្រាក់ជាង ៤០ ០០០លានដុល្លារ និងដែលរដ្ឋាភិបាលចិនបានបិទខ្ទប់មកដល់ពេលនេះដើម្បីប្រឆាំងនឹងរដ្ឋបាលអាមេរិកដែលបានដំឡើងពន្ធលើទំនិញចិននាំចូលអាមេរិក។ សរុបមកវិញ អាមេរិក និងចិនមានពេល ៣ខែដើម្បីធ្វើកិច្ចការទាំងអស់នេះ បើពុំនោះសោតទេ អាមេរិកនឹងដំឡើងពន្ធពី ១០ ទៅ ២៥% លើទំនិញចិននាំចូលអាមេរិកក្នុងទឹកប្រាក់ចំនួន ២០០ ០០០លានដុល្លារ។ គួររម្លឹកថាតាមធម្មតា ការដំឡើងពន្ធនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ