ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

លោកដូណាល់ ត្រាំ​សង្ឃឹម​ជួប​លោក​គីម ជុងអ៊ុន​លើកទី២​​នៅ​ខែ​មករា ឬ​កុម្ភៈ ឆ្នាំ ២០១៩

media  
特朗普与金正恩。 ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​កាល​ពី​ខែ​មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី 路透社。

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ពី​បំណង​ចង់​ជួប​មេដឹងនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ជា​ថ្មី​នៅ​ក្នុង​ខែ​មករា ឬ​កុម្ភៈ​ឆ្នាំ ២០១៩។ លោក​ត្រាំ​បាន​និយាយ​យ៉ាង​ដូច​នេះ​ជាមួយ​ក្រុម​អ្នកកាសែត​នៅ​ក្នុង​យន្តហោះ Air Force One ដែល​ដឹក​លោក​ពី​ប្រទេស​អាហ្សង់ទីន​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ។ អាហ្សង់ទីន​ដែល​លោក​ត្រាំ​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល G២០ រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​សុក្រ ទី៣០ វិច្ឆិកា​ដល់​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។ គួរ​រម្លឹក​ថា លោក​ត្រាំ និង​លោក​គីម​បាន​ជួប​គ្នា​ជា​ប្រវត្តិសាស្រ្ត​លើកទី១ កាល​ពី​ខែ​មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួប​ជា​ថ្មី​នឹង​ត្រូវ​រៀបចំ​នៅ​កន្លែង​ណា​ទេ។

លោក​ដូណាល់ ត្រាំ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ទីកន្លែង​ដែល​លោក​ចង់​មាន​ជំនួប​ជា​ថ្មី​ជាមួយ​លោក​គីម ជុងអ៊ុន​ទេ តែ​គ្រាន់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​បី​កន្លែង​ដែល​ត្រូវ​ជ្រើសរើស។ នៅ​ពេល​ដែល​អ្នកកាសែត​សួរ​ថា តើ​លោក​បាន​ត្រៀម​ខ្លួន​ទទួល​លោក​គីម ជុងអ៊ុន​នៅ​លើ​ទឹកដី​អាមេរិកាំង​ទេ។ លោក​ត្រាំ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា « បាទ នៅ​ពេល​ណា​មួយ »។ « យើង​យល់គ្នា​ល្អ​ណាស់ ហើយ​យើង​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា » នេះ​ជា​ការ​បន្ថែម​របស់​លោក​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ឱកាស​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាហ្សង់ទីន លោក​ត្រាំ​ក៏​បាន​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង​ដែរ។

អ្នកនាំពាក្យ​ប្រធានាធិបតី​អាមេរិក​លោកស្រី Sarah Sanders ឲ្យ​ដឹង​ថា លោក​ត្រាំ និង​លោក​ចៃអ៊ីន​បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដើម្បី​ចង់​ប្រាប់​របប​ក្រុង​ព្យុងយ៉ាង​ថា ការ​រំសាយ​នុយក្លេអ៊ែរ​ជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​កសាង​សន្តិភាព​ពិតប្រាកដ​នៅ​ឧបទ្វីប​កូរ៉េ។ គួរ​រម្លឹក​ថា ជំនួប​ជា​ប្រវត្តិសាស្រ្ត​លើកទី១ រវាង​លោក​ត្រាំ និង​លោក​គីម​កាល​ពី​ខែ​កុម្ភៈ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ផ្តោត​លើ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​កូរ៉េខាងជើង។ តែ​រហូត​មក​ដល់​ពេល​នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ហាក់​មិន​សូវ​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ទេ។ លើស​ពី​នេះ ភាព​តានតឹង​ក៏​ហាក់​កម្រើក​ឡើង​វិញ​រវាង​គ្នា។

ជាក់ស្តែង គម្រោង​ជំនួប​រវាង​ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​នា​ដើម​ខែ​វិច្ឆិកា​ត្រូវ​បាន​លុបចោល​ភ្លាមៗ ហើយ​កូរ៉េខាងជើង​បាន​ទាមទារ​ឲ្យ​អាមេរិក​បន្ថយ​ទណ្ឌកម្ម​លើ​ខ្លួន។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​បាន​រម្លឹក​ជា​ថ្មី​ពី​កិច្ចសន្យា​មួយ​ចំនួន​ដែល​លោក​ត្រាំ និង​លោក​គីម​សម្រេច​បាន​នៅ​ក្នុង​ជំនួប​កាល​ពី​ជាង ៥ខែ​មុន​ស្តីពី​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​បាលីស្ទិក​កូរ៉េខាងជើង​ជា​ស្ថាពរ រួម​ទាំង​ការ​កសាង​អនាគត​ប្រទេស​កូរ៉េខាងជើង​មួយ​ត្រចះត្រចង់​ផង។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​បន្ត​មាន​ភាព​ប្រទាញប្រទង់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​មក​ដល់​ពេល​នេះ​ក៏​ដោយសារ​តែ​ភាគី​ទាំង​ពីរ​បន្ត​មិន​ទុក​ចិត្ត​គ្នា។ គេ​នៅ​មិន​ទាន់​ដឹង​ថា បើ​មាន​ជំនួប​ជា​ថ្មី​រវាង​លោក​ត្រាំ និង​លោក​គីម​នា​ពេល​ខាង​មុខ តើ​ឥស្សរជន​ទាំង​ពីរ​នឹង​និយាយ​គ្នា​ពី​រឿង​អ្វី​ទេ។ អ្វី​ដែល​គេ​ដឹង​សម្រាប់​លោក​ត្រាំ ជំនួប​អាច​នឹង​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល និង​ជំនឿ​ទុក​ចិត្ត​បន្ថែម​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ដែល​លោក​ត្រាំ​ចង់​បាន នោះ​គឺ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​ទាំង​ស្រុង​របស់​កូរ៉េខាងជើង។ តើ​លោក​គីម​យល់ព្រម​ជួប​លោកត្រាំ​ជា​ថ្មី​ដូច​ដែល​លោក​ត្រាំ​សង្ឃឹម​ដែរ​ឬ​អត់។ នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​លោក​គីម​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ