អានតួអត្ថបទ
ចិន-ព័រទុយហ្កាល់

ព័រទុយហ្កាល់​បន្ត​ស្វាគមន៍​វិនិយោគ​របស់​ចិន​ដោយ​មិន​ឈឺ​ក្បាល​នឹង​ក្តីបារម្ភ​របស់​អឺរ៉ុប

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់​ដោយ​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​អង្គារ ទី៤ ធ្នូ។ គោលដៅ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​ទីក្រុង​លីសបោន លោក​ស៊ី ជីនពីង​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ព័រទុយហ្កាល់​លោក​ម៉ារសឺឡូ ដឺស៊ូសា និង​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​នៅ​ថ្ងៃ​ពុធ ទី៥ ធ្នូ ពិសេស​កិច្ចព្រមព្រៀង​ស្តីពី​ការ​តភ្ជាប់​កំពង់ផែ​ព័រទុយហ្កាល់ Sines នៅ​ប៉ែក​និរតី​ទៅ​នឹង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​ចិន។

លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង និង​សមភាគី​ព័រទុយហ្កាល់​លោកម៉ារសឺឡូ ដឺស៊ូសា
លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង និង​សមភាគី​ព័រទុយហ្កាល់​លោកម៉ារសឺឡូ ដឺស៊ូសា Reuters
ផ្សាយពាណិជ្ជកម្ម

បន្តិច​ម្តងៗ មាន​ប្រទេស​អឺរ៉ុប​ម្តង​មួយៗ​បាន​រត់​ទៅ​ឱប​ចិន ឬ​មួយ​ក៏​អាច​និយាយ​ផ្ទុយ​វិញ​ថា ចិន​បាន​ងាក​ទៅ​ក្រសោក​ប្រទេស​អឺរ៉ុប​ម្តង​មួយៗ ពិសេស​ប្រទេស​អឺរ៉ុប​ណា​ដែល​កំពុង​ជួប​វិបត្តិហិរញ្ញ និង​ត្រូវ​ការ​វិនិយោគ​ចិន ដូច​ប្រទេស​ក្រិក និង​ប្រទេស​ព័រទុយហ្កាល់​នៅ​ពេល​នេះ។ ជម្រើស​ងាក​រក​ព័រទុយហ្កាល់​មិនមែន​ជា​ជម្រើស​ចៃដន្យ​ឡើយ ព្រោះ​ជា​ប្រទេស​ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ល្អ​ណាស់​សម្រាប់​ភ្ជាប់​រវាង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​តាម​ផ្លូវគោក និង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​តាម​ផ្លូវសមុទ្រ នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​កាសែត​ព័រទុយហ្កាល់​ចេញ​ផ្សាយ​ថ្ងៃ​អាទិត្យ ទី២ ធ្នូ។

អ្វី​ដែល​ប្រមុខរដ្ឋ​ចិន​ចង់​និយាយ គឺ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ដែល​ចិន​ចង់​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក។ គម្រោង​មួយ​នេះ​របស់​ចិន​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​បែកបាក់ តែ​មាន​ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​បាន​យល់ព្រម​សហការណ៍​ជាមួយ​ចិន ដូច​ករណី​ប្រទេស​ក្រិក និង​ប្រទេស​អឺរ៉ុប​ខាង​កើត​មួយ​ចំនួន ហើយ​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត​ចេញ​មុខ​ជំទាស់​ដោយ​ខ្លាច​ចិន​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ទៅ​ប៉ែក​ខាង​លិច។ តែ​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់​លោក​អង់តូនីញ៉ូ កូស្តា​បាន​អះអាង​ច្បាស់ៗ​ថា ព័រទុយហ្កាល់​មិន​ខ្វល់ខ្វាយ​ពី​ប្រភព​វិនិយោគ​បរទេស​ទេ ទោះ​មក​ពី​ចិន ឬ​ពី​ប្រទេស​ផ្សេង និង​ថា សហភាព​អឺរ៉ុប​មិន​គួរ​ជ្រើស​ផ្លូវ​ការពារនិយម​ទេ។

គួរ​រម្លឹក​ថា ព័រទុយហ្កាល់​ដែល​រងគ្រោះ​ដោយ​វិបត្តិ​ប្រាក់បំណុល​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​ទទួល​ប្រាក់កម្ចី​ពី​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិចំនួន ៧៨ ០០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១១។ ជាមួយ​នឹង​ប្រាក់កម្ចី​នេះ រដ្ឋាភិបាល​ក្រុង​លីសបោន​បាន​ចាយវាយ​សន្សំសំចៃ និង​លក់​ក្រុមហ៊ុន​រដ្ឋ​មួយ​ទៅ​ឲ្យ​ឯកជន​គ្រប់គ្រង ពិសេស​អ្នកវិនិយោគ​ចិន។ តាំង​ពី​ពេល​នោះ​មក លុយវិនិយោគ​ចិន​បាន​ធ្វើ​ក្រុមហ៊ុនធំៗ រួម​ទាំង​ធនាគារ​ជា​ច្រើន​រួច​ផុត​ពី​ភាព​ក្សៃធន។ លោកស្រី​យូ ហ្ស៊ី អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល « Chatham House » ក្នុង​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា គេ​ត្រូវ​វិភាគ​លើ​វិនិយោគ​ចិន​នៅ​អឺរ៉ុប​តាម​ផ្លូវ​ពីរ វិនិយោគ​ខ្លះ​មាន​គោលដៅ​យុទ្ធសាស្រ្ត ហើយ​វិនិយោគ​ខ្លះ​ទៀត​មាន​គោលដៅ​ត្រឹមតែ​ចំណេញ​លុយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ