ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 09/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 09/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

ប្រធានាធិបតី​ចិន​ធ្វើដំណើរ​លើកទី១ ទៅ​ប៉ាណាម៉ា អតីត​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់

media  
ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​និង​ភរិយា​ថតរូប​ជាមួយ​ប្រធានាធិបតី​ប៉ាណាម៉ា លោក Juan Carlos Varela និង​ភរិយា Lorena Castilloនៅកំពង់ផែ ព្រែកជីកនៅទីក្រុង​​ប៉ាណាម៉ា ថ្ងៃ​ទី ៣​ធ្នូ ២០១៨ ©REUTERS/Carlos Jasso

ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បាន​បំពេញ​ទស្សនកិច្ច​ជាលើកទី១ នៅ​ប្រទេស​ប៉ាណាម៉ា ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់។ ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ចិន នៅ​ប៉ាណាម៉ា អាមេរិកកណ្តាល មាន​រយៈពេល ខ្លី មែន គឺ​តែ​១​ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែ ជា​ទស្សនកិច្ច​យុទ្ធសាស្រ្ត របស់​ចិន ដែល​ចង់​ពង្រីក​ឥទ្ធិពល​ទៅដល់​តំបន់​អាមេរិកកណ្តាល ដែល​ជា​ដែនដី​ក្រោមឥទ្ធិពល​របស់អាមេរិក​រហូតមក។

 

នៅក្នុង​ទស្សនកិច្ច​រយៈពេល​២៤ម៉ោង ដែល​បិទបញ្ចប់ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ចំនួន ២០ ជាមួយ​ប្រទេស​ប៉ាណាម៉ា ដែល​មានតាំង​ពី​ផ្នែក​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការទូត សហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍ ហើយ​និង​ពាណិជ្ជកម្ម​ជើងទឹក។

ឈរនៅក្បែរ​ប្រធានាធិបតី​ប៉ាណាម៉ា លោក​ស៊ី ជីនពីង​បាន​ប្រកាស​កោតសរសើរ​ដល់​ទំនាក់ទំនង​ទ្វេរភាគី ចិន-ប៉ាណាម៉ា- ដែល​បាន​រីកចម្រើន​ខ្លាំង តែ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះសោះ។ សម្រាប់​ប្រធានាធិបតី​ចិន ប៉ាណាម៉ា ហើយ​និង​ចិន​បាន​សន្យា​សហការគ្នា ដើម្បី​កសាង​រួមគ្នា ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ នៅ​តំបន់​អាមេរិកឡាទីន។

ប្រធានាធិបតី ប៉ាណាម៉ា ដែល​ទើបបាន​ផ្តាច់​ចំណងការទូត​ជាមួយ តៃវ៉ាន់ កាល​ពី​ឆ្នាំ​មុន បាន​ឆ្លើយតប​ ជា​វិជ្ជមាន​ទៅ​សមភាគី​ចិន ដោយ​ថា ប៉ាណាម៉ាគាំទ្រ​ការផ្តួចផ្តើម​របស់​ចិន ដែល​ចង់​តភ្ជាប់​បណ្តាញ​ក្នុង​ពិភពលោក។ តាម​លោកប្រធានាធិបតី Juan Carlos Varela ប៉ាណាម៉ា​ដែល​មានទីតាំង​នៅជាប់​មហាសមុទ្រ​ទាំងពីរ ប៉ាស៊ីហ្វិក និងអាត្លង់ទិក នឹង​ក្លាយ​ជា​ប្រទេស​ដៃ​ស្តាំ ពាណិជ្ជកម្ម ហើយ​និង​ជាច្រកទ្វារ​ចូល​របស់​ចិន ទៅ​តំបន់​អាមេរិក​កណ្តាល។

ស្ថិរភាព​នយោបាយ ហើយ​និង​ទីតាំង​ភូមិសាស្រ្ត​ដ៏​អំណោយផល​របស់​ប៉ាណាម៉ា ដែល​មាន​ព្រែកជីក អន្តរជាតិ​ជាទី​ដែល​មាន​ឆ្លងកាត់ កប៉ាល់ទំនិញ​ចំនួន ៥%​ក្នុង​ពិភពលោក ជា​ចំណុចទាក់ទាញ​ខ្លាំង ​សម្រាប់​ប្រទេស​ចិន ដែល​ចង់បាន​ប៉ាណាម៉ា ជា​ប្រទេស​គ្រឹះ​គោល​សម្រាប់​អភិវឌ្ឍ ផ្លូវ​សេដ្ឋកិច្ច​របស់​ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅ​អាមេរិកឡាទីន។ សម្រាប់​សេដ្ឋកិច្ចវិទូ Francisco Bustamante ចិន​មិនមែន​ជា​សង្គម​ដែល​គិត​ជួយ​ផ្នែក​មនុស្សធម៌​នោះទេ។ ចិន​ជា​ប្រទេស​ដែល​មាន​យុទ្ធសាស្រ្ត និង​មាន​គោលដៅ​ច្បាស់លាស់។ ចិន​ទៅ​ប៉ាណាម៉ា ក៏ដោយសារ​តែ ចិន​សំលឹង​ឃើញ​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ច្រកផ្លូវ​សេដ្ឋកិច្ច​របស់ខ្លួន។ ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដែល​ចិន​ចង់​បង្កើតថ្មី មួយទៀត នៅ​អាមេរិកឡាទីន ជាយុទ្ធសាស្រ្ត​របស់​ចិន ដែល​ចង់​ពង្រីកដែន​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​ពិភពលោក។

ប្រទេស​ចិន​បាន​ចរចា​ផង​ដែរ ចង់​បាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ ប៉ាណាម៉ា ដែល​សង្ឃឹម​ចង់​ឃើញ​ការវិនិយោគ​រាប់លាន​ដុល្លារ​របស់​ចិន សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ស្រុក។ មួយវិញទៀត ប៉ាណាម៉ា ដែល​គេ​ចោទ​ប្រកាន់​ថា ជា​ឋានសួគ៌ សម្រាប់​អ្នកគេចពន្ធ ក៏​កំពុង​ចង់​បាន​សម្ព័ន្ធមិត្ត​មួយផ្សេងទៀត​ក្រៅតែ​ពី​អាមេរិក។ ដោយពិតទៅ ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ទៅ​ប៉ាណាម៉ា ធ្វើឡើង​នៅតែមួយ​សប្តាហ៍​ក្រោយ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo បាន​និយាយ​ព្រមាន​ប៉ាណាម៉ា​ពីការដែល​ចិន ចង់​បោះទីតាំង​នៅក្នុង​តំបន់ ដែល​អាមេរិក​ចាត់ទុក​ចូល​ក្រោមដែន​ឥទ្ធិពល​របស់ខ្លួន។

សម្រាប់​សាស្ត្រាចារ្យ Carlos Guevara Mann ​ផ្នែកទំនាក់ទំនង​អន្តរជាតិ នៅ​សកលវិទ្យាល័យ ហ្វ្លរីដា វត្តមាន​របស់​ចិន នៅ​ប៉ាណាម៉ា គឺ​ចង់​បញ្ជាក់​ពីការឡើង​ឋានៈ​របស់​ចិន នៅក្នុង​ពិភពលោក ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ប្រយោជន៍​របស់​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ