ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ
 
ផ្សែង​ចេញពី​រោងចក្រ​អគ្គិសនី​ដើរដោយ​ធ្យូងថ្ម Belchatow Power Stationរបស់​ប៉ូឡូញ ដែល​ធំជាងគេ​នៅ​អឺរ៉ុបថ្ងៃទី ២៨​វិច្ឆិកា ២០១៨ ©REUTERS/Kacper Pempel

សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ លើកទី ២៤ កំពុង​រៀបចំធ្វើ នៅប្រទេស​ប៉ូឡូញ ជាទី​ដែល​អ្នកជំនាញ​បានជូនដំណឹងថា ការប្រែប្រួល​អាកាសធាតុ គឺ​ជា​ការគំរាមកំហែង​ធំ​សម្បើម​ដល់​ជីវិត​មនុស្ស​លើ​ផែនដី ​ធ្វើ​ឲ្យ​អរិយធម៌​របស់​មនុស្ស​ដួលរលំ ហើយ​ការផុតពូជ​នៃសម្បត្តិ​​ធម្មជាតិ​ក្នុង​ពិភពលោក​ទាំងមូល។ សន្និសីទ​លើកទី​២៤ នៅប្រទេស​ប៉ូឡូញ គេ​រំពឹង​ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​បង្កើន​ការចូលរួម​របស់​ខ្លួន​ក្នុងការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន។ ប៉ុន្តែ គេ​នឹង​អាច​ខកចិត្ត ព្រោះថា ប្រទេស​ហត្ថលេខី​មួយចំនួន មាន​តែ​គិត​ផ្ទុយ គឺ​ចង់​ដូរចិត្ត បន្ថយ​ការចូលរួម​របស់​ខ្លួន​ទៅវិញ។ ដូចប្រទេស​ហុងគ្រី​ដែល​បដិសេធ​មិន​លះបង់​ចោល​ថាមពល​មក​ពី​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូន​ច្រើនជាងគេ ប៉ូឡូញ​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​ស្តីពីអាកាសធាតុ​លើកទី ២៤​បាន​អះអាងថា ខ្លួន​នៅតែ​បន្តប្រើប្រាស់​ធ្យូងថ្ម សម្រាប់​រោងចក្រ​ផលិតអគ្គិសនី​ក្នុង​​ប្រទេស។ ហេតុអ្វីបានជាដូច្នេះ?

 

ធ្យូងថ្ម​បំពុល​បរិយាកាស។ ធ្យូងថ្ម​បញ្ចេញ​ឧស្ម័ន​កាបូន​ច្រើន​ជាងគេ ប៉ុន្តែ ក៏​ត្រូវ​គេ​​ប្រើ​ច្រើន​ជាង​គេ​ដែរ។​ ធ្យូងថ្ម បញ្ចេញ​ឧស្ម័ន​កាបូន ដល់​ទៅ​៤០ភាគរយ បើប្រៀបធៀប​នឹង​ប្រេង (៣៩%) ហើយ​និងឧស្ម័ន​​ហ្គាស​ (១៩%) ប៉ុន្តែ ធ្យូងថ្ម​នៅតែ​មធ្យោបាយ​សំខាន់ ដើម្បី​ផលិត​អគ្គិសនី​នៅក្នុង​ពិភពលោក។ រោងចក្រ​ប្រើ​ធ្យូងថ្ម​នៅតែដើរតួ​នាំមុខ​គេ​ក្នុង​ការផលិត​ថាមពល​អគ្គិសនី(៤០%)។ តាម​​ការប៉ាន់ប្រមាណ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ តម្រូវការ​​ធ្យូងថ្ម ដែល​បាន​កើនឡើងវិញ​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី​ធ្លាក់ចុះ​២ឆ្នាំ​ជាប់គ្នា នៅតែ​បន្តកើនឡើង​ទៀត ជាពិសេស​នៅអាស៊ី។

នៅ​ឆ្នាំ ២០១៧ តម្រូវការ​ធ្យូងថ្ម មាន​ប្រមាន​៥៣៥៧​លាន​តោន។ ចិនជា​ប្រទេស​អាស៊ីនាំមុខគេ​នៅក្នុង​ពិភពលោក​ខាង​​ប្រើធ្យូងថ្ម​សម្រាប់​រោងចក្រ​ផលិតថាមពល​អគ្គិសនី។ យ៉ាងណាក៏ដោយ តម្រូវការ​របស់​ប្រទេស​ចិន​នឹង​អាច​ថយចុះ​ ឬនៅ​នឹងថ្កល់​បើប្រៀបធៀប​នឹង​ឆ្នាំនេះ ដោយសារ​តែ​សម្ពាធ​​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ចង់​កែលម្អ​គុណភាព​ខ្យល់​បរិយាកាស នៅទីក្រុង និង​ចង់​ងាក​ទៅ​ប្រើ​ថាមពល​ដែល​បានមក​ពី​ឧស្ម័ន​ហ្គាស ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​តិចជាង ធ្យូងថ្ម ឬ ថាមពល​មិនចេះរីងស្ងួត ដូច​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ​ជាដើម។

នៅពេល​ដែល​ចិន​ហាក់​ចង់​បន្ថយ​តម្រូវការ​ធ្យូងថ្ម​សម្រាប់​ជា​ផលិត​ប្រភពថាមពល​ មហាយក្ស​មួយទៀត នៅអាស៊ី គឺឥណ្ឌា​ឯណោះវិញ នឹង​អាច​វ៉ា ដណ្តើម​យក​កន្លែង​របស់​ប្រទេស​ចិន ក្នុង​នាមជាប្រទេស​ដែល​ប្រើប្រាស់ធ្យូងថ្ម​ច្រើនជាងគេ​នៅពិភពលោក។ ប្រទេស​រីកចម្រើន​នៅ​អាស៊ី​ដទៃទៀត ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ឬ​វៀតណាម​ជាដើម ក៏​ស្ថិតនៅ ក្នុង​គន្លង​តែមួយ​របស់​ឥណ្ឌា។

សូមអាន៖ ឧស្សាហកម្ម​ធ្យូងថ្ម​ប្រភព​ចម្បង​នៃ​ការ​បង្ក​ឧស្ម័ន​ផ្ទះ​កញ្ចក់

តាមទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ជាច្រើន​យល់ថា ធ្យូងថ្ម​សំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយសារ​តែ​វា​សំបូរ ហើយ​និង​តម្លៃថោក។ ជារួម តម្រូវការ​ថាមពល​ធ្យូងថ្ម​នឹង​អាច​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ត្រឹម​៥៤០០​លាន​តោន នៅ​រវាង​ឆ្នាំ ២០៤០ ព្រោះថា តម្រូវការ​ថយចុះ​នៅ​ប្រទេស​ចិន នៅអឺរ៉ុប ហើយ​និង​សហរដ្ឋអាមេរិក នឹង​យក​ទៅ​ទូទាត់​វិញ ជាមួយ តម្រូវការកើនឡើង​របស់​ឥណ្ឌា ហើយ​និង​ប្រទេស​នៅអាស៊ីអាគ្នេយ៍។

បើសិន​តម្រូវការ​ធ្យូងថ្ម សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច​សំខាន់ តើ​ឯណា​ទៅ ការសន្យា​ក្នុង​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូន របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ? ប៉ូឡូញ​ផ្ទាល់ ដែល​ជាប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​សប្តាហ៍នេះ សារភាព​ថា ខ្លួន​ពិបាក​នឹងដើរចែកផ្លូវ​ជាមួយ​ធ្យូងថ្ម។ នៅ​ប៉ូឡូញ បើទោះបី​ជា​ផ្សែងពុល​ចេញមក​ពី​ការដុតធ្យូងថ្ម នៅ​រោងចក្រ​អគ្គិសនី ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ក្រហាយ​ភ្នែក រមាស់​ក ក្តី ប៉ុន្តែ ប្រជាជន​ប៉ូឡូញ មិនងាយ​នឹង​លះបង់​ចោល ធ្យូង​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ រហូត​ធ្វើ​ឲ្យ​ប៉ូឡូញ ក្លាយ​ជា​ប្រទេស​នាំមុខគេ​នៅ​អឺរ៉ុប ខាង​បញ្ចេញ​ឧស្ម័ន​កាបូនិក ដោយសារ​ធ្យូងថ្ម។

ដើម្បី​អាច​គោរព​តាម​ការសន្យា​របស់ខ្លួន នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ប៉ូឡូញ​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម ដើម្បី​ផលិត​ថាមពល​អគ្គិសនី ឲ្យ​មកនៅ​ត្រឹម​ ៣៩% នៅ​ឆ្នាំ ២០៣០។ នៅ​ចុងខែ​វិច្ឆិកា រដ្ឋមន្រ្តី​ថាមពល​របស់​ប៉ូឡូញ​បាន​ប្រកាសរួចហើយថា នៅ​ឆ្នាំ​២០៣០ ប៉ូឡូញ នឹង​អាចកាត់បន្ថយបាន ប៉ុន្តែ មក​នៅ​ត្រឹម​៦០% ប៉ុណ្ណោះ។ សម្រាប់​រដ្ឋមន្រ្តី​ថាមពល​ប៉ូឡូញ ប៉ូឡូញ​ប្រឆាំង​ដាច់ខាត មិន​សើរើ​គោលនយោបាយ​របស់​ខ្លួន ដើម្បី​អាច​ឲ្យ​សហភាព​អឺរ៉ុប ​សម្រេច​គោលដៅ កាត់បន្ថយ​ឧស្ម័ន​កាបូននោះទេព្រោះថា ធ្វើដូច្នេះ វា​នឹង​ជះផល​អវិជ្ជមាន​ទៅលើ​សេដ្ឋកិច្ច​របស់​ប៉ូឡូញ​ទាំងមូល។ ប៉ូឡូញ​នៅតែត្រូវការ​ធ្យូងថ្ម។ បើទោះបី​ជា​ការផលិត​ធ្យូងថ្ម​ថយចុះ នៅក្នុង​ប្រទេស ប៉ុន្តែ ប៉ូឡូញ នឹង​នាំចូល​ធ្យូងថ្ម ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវការ​ផលិត​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​ប៉ូឡូញ។

សម្រាប់​អ្នកការពារ​បរិស្ថាន ក្នុង​រឿងធ្យូងថ្ម ប៉ូឡូញ គ្មាន​យុទ្ធសាស្រ្ត​នោះទេ។ នោះ​ក៏ដោយសារ​តែ​ប្រយោជន៍​នយោបាយ។ គេ​វាយតម្លៃ​ថា ថាមពល​បាន​មកពី​ធ្យូងថ្ម មិន​ធ្វើ​ឲ្យ​រដ្ឋ​ចំណេញនោះទេ។ តាម​ស្ថាប័ន​សវនកម្ម​ប៉ូឡូញ វិស័យ​ឧស្សាហកម្ម​ផលិត​ធ្យូងថ្ម​របស់​ប៉ូឡូញ បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប្រមាណ ១៥ពាន់លាន​អឺរ៉ូ ក្នុងរយៈពេល​៨ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥។ គេ​ទាញ​ក្តីសន្និដ្ឋាន​ថា បើសិន​គេ​គិត​ទៅ​ដល់​ការចំណាយ សម្រាប់​ព្យាបាល​ជម្ងឺ ដោយសារ​ផ្សែងពុល រដ្ឋាភិបាល​ប៉ូឡូញ គួរ​តែ​ចំណាយ​ថវិកា​ទាំងនោះ​សម្រាប់​ផលិត​ប្រភព​ថាមពល​ថ្មី ដែល​មិន​បំពុល និង​បញ្ចេញឧស្ម័ន​កាបូន ដែល​ប្រភព​នៃ​ការឡើងកំដៅ​ផែនដី វិញ វា​ប្រសើរ​ជាង។

ដោយមើល​ឃើញថា នៅ​មានប្រទេស​ច្រើន ដែល​នៅតែ​ពឹងផ្អែក ច្រើន​លើ​ថាមពល​ដែល​បាន​មក​ពី​ធ្យូងថ្ម បើទោះបី​វា​បំពុលបរិយាកាស អ្នកជំនាញ​ខាង​បរិស្ថាន មាន​តែ​ខំ​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​គេ​គិតគូរ​ទៅ​ដល់​បច្ចេកវិទ្យា ដែល​គេ​ប្រើ​សម្រាប់​ចាប់ស្រូប​យក​ឧស្ម័ន​កាបូន​មក​ស្តុកទុក​ក្រោមដី។ រហូត​មក​ដល់​ពេល​នេះ គេ​មាន​រោងចក្រ​សំខាន់​ពីរកន្លែង មួយ​នៅ​កាណាដា និង​មួយទៀត នៅ​រដ្ឋតិចសាស់ របស់​សហរដ្ឋអាមេរិក ដើម្បី​ស្រូប​ចាប់​យក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស។ យ៉ាងណាក៏ដោយ ការប្រឹងប្រែង នៅ​មានកម្រិត និងតិចតួចណាស់ ព្រោះថា ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​ឧស្ម័ន​កាបូន​មាន​ច្រើន​ពេក រហូត​ទៅ​បង្កើត​ឲ្យ​ចេញ ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជាប្រភព​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ គេ​មាន​ផែនការ ស្រូប​ចាប់យក ឧស្ម័ន​កាបូន ឲ្យ​បាន ៣៥០​លាន​តោន ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ ប៉ុន្តែ នៅក្នុង​ការពិតជាក់ស្តែង គេ​មាន​សមត្ថភាព​ស្រូបចាប់​យក​ឧស្ម័ន​កាបូន បាន​តែ ២,៤លាន​តោន តែប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។ អ្វីដែល​គេ​និយាយ​ដោយ​សង្ខេបនៅពេលនេះ គឺ អត្មានិយម គិតតែ​ប្រយោជន៍​សេដ្ឋកិច្ច មាន​សារៈសំខាន់ ជាង​ជីវិត​មនុស្ស​លោក នៅលើ​ផែនដី ដែល​រង​ការគំរាមកំហែង មិនថា នៅពេលនេះ ឬ​ថ្ងៃ​អនាគត៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សន្និសីទ​អាកាសធាតុ​បិទ​បញ្ចប់ សម្ព័ន្ធ​ប្រឆាំង​នឹង​ថាមពល​ធ្យូងថ្ម​ត្រូវ​បាន​បង្កើត

    ស្វែងយល់បន្ថែម

  • ចិន​ផ្អាក​ការនាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាង​ជើង

    ស្វែងយល់បន្ថែម

  • សន្និសីទទីក្រុង​ប៉ារីស​​ស្តីពី​អាកាសធាតុ

    អ្នកវិនិយោគ​កាន់តែច្រើន​បែរខ្នង​ដាក់​ថាមពល​បាន​មក​ពី​ធ្យូងថ្ម

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ឥណ្ឌា​អភិវឌ្ឍន៍​ថាមពល​​ព្រះអាទិត្យ​ តែ​មិន​បោះបង់​ថាមពល​ធ្យូងថ្ម

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​មើល​របៀប​គ្រប់គ្រង​ធនធាន​រ៉ែធ្យូងថ្ម​របស់​ខ្លួន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ