ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​អំពាវនាវ​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ឲ្យ​បន្ត​ធ្វើ​ការ​រួម​គ្នា

media  
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​លោករី យ៉ុងហូ (រូបឆ្វេង) និង​​លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង ក្នុង​ទីក្រុង​ប៉េកាំង​ថ្ងៃទី ៧ ធ្នូ ២០១៨ Reuters

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​លោក​រី យ៉ុងហូ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​នា​ថ្ងៃ​សុក្រ ទី៧ ធ្នូ។ នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក​រី យ៉ុងហូ​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ដែល​នា​ឱកាស​នោះ លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ប្រាប់​លោក​យ៉ុងហូ​ថា ចិន​ចង់​ឃើញ​អាមេរិក និង​កូរ៉េខាងជើង​បន្ត​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ភាព​ធូរស្រាល។ គួរ​រម្លឹក​ថា ចិន​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច និង​ជា​ប្រទេស​បង្អែក​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​កូរ៉េខាងជើង។ តែ​មាន​ពេល​ខ្លះ ក្រុង​ប៉េកាំង​ក៏​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​ដែរ។

ព័ត៌មាន​ស្តីពី​ជំនួប​រវាង​លោក​ស៊ី ជីនពីង និង​លោក​រី យ៉ុងហូ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួរ។ ក្រៅ​ពី​បាន​សម្តែង​សេចក្តីសង្ឃឹម​ចង់​ឃើញ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​បន្ត​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឲ្យ​កិច្ចចរចា​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ​មាន​ដំណើរ​ទៅ​មុខ លោក​ស៊ី ជីនពីង​ក៏​បាន​បញ្ជាក់​ប្រាប់​លោក​រី យ៉ុងហូ​ថា លោក​ក៏​យល់​ពី​ក្តីព្រួយបារម្ភ​សមហេតុផល​របស់​ភាគី​នីមួយៗ​ដែរ។ លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​បាន​យល់​ពី​អ្វី​ដែល​លោក​ស៊ី ជីនពីង​ចង់​និយាយ និង​បាន​ឆ្លើយ​ធានា​ថា កូរ៉េខាងជើង​បន្ត​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

មុន​នឹង​ទទួល​ជួប​ដោយ​លោក​ស៊ី ជីនពីង លោក​រី យ៉ុងហូ​បាន​ទទួល​ជួប​ដោយ​សមភាគី​ចិន​លោក​វ៉ាង យី​ដែល​នា​ឱកាស​នោះ លោក​វ៉ាង យី​បាន​និយាយ​ប្រាប់​លោក​រី យ៉ុងហូ​ថា ចិន និង​កូរ៉េខាងជើង​ត្រូវ​បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េ​ក្លាយ​ជា​ឧបទ្វីប​គ្មាន​នុយក្លេអ៊ែរ។ វត្តមាន​របស់​ប្រមុខការទូត​កូរ៉េខាងជើង​លើ​ទឹកដី​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ភាពចម្រើន​តិចតួច​ក្នុង​ការ​អនុវត្ត​ពាក្យ​សន្យា​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ឯកភាព​នៅ​ក្នុង​ជំនួប​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

នៅ​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​កាល​ណោះ លោក​ត្រាំ និង​លោក​ជុងអ៊ុន​បាន​ព្រមព្រៀង​លើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ក្នុង​ការ​រំសាយនុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីបកូរ៉េ។ តែ​មក​ដល់​ពេល​នេះ របប​ក្រុង​ព្យុងយ៉ាង​ហាក់​នៅ​មិន​ទាន់​បាន​ចាត់​វិធានការ​អ្វី​ជា​ដុំ​កំភួន ហើយ​បែរ​ជា​បន្ត​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ធានា​ពី​សន្តិសុខ​ចំពោះ​ខ្លួន​ជា​មុន​សិន។ គ្រប់​គ្នា​សង្ឃឹម​ថា ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច និង​ជា​ប្រទេស​បង្អែក​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​កូរ៉េខាងជើង​នឹង​អាច​និយាយ​ជំនះ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ពន្លឿន​ការ​រំសាយ​នុយក្លេអ៊ែរ។ ចំណែក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាហ្សង់ទីន​ថា លោក​សង្ឃឹម​ជួប​លោក​គីម ជុងអ៊ុន​ជា​ថ្មី​នៅ​ខែ​មករា ឬ​កុម្ភៈ ឆ្នាំ ២០១៩៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ