ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?
 
ទីស្នាក់ការ​ក្រុមហ៊ុន Huawei នៅ​ក្រុង​ប៉េកាំង REUTERS/Thomas Peter

ក្នុង​ខណៈ​ដែល​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei ​ចាប់​ខ្លួន​នៅកាណាដា តាម​សំណើ​អាមេរិក​ កាលពី​ថ្ងៃ​ទី ១ ធ្នូ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ នៅ​ថ្ងៃ​សុក្រ​ទី ៧​ធ្នូ​នេះ​ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ប្រកាស​ហាមឃាត់​មិន​ឱ្យ​ប្រើ​គ្រឿង​បរិក្ខារ​របស់​ក្រុមហ៊ុន​Huawei ទៀត ចាប់​ពី​ថ្ងៃ​ចន្ទ​ទៅ។ បម្រាម​នេះ​ក៏​ធ្វើ​ឡើង​តាម​សំណើ​របស់​អាមេរិកដែរ។​ នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​។ ដោយ​គ្មាន​បង្អង់​ចិន បាន​បញ្ចេញ​ប្រតិកម្ម​តប ចោទ​អាមេរិក​ថា​កំពុង​​ស្វែង​រក​គ្រប់​វិធី​ទប់ស្កាត់​មិន​ឱ្យ​ក្រុមហ៊ុន​ចិន​Huawei រីក​សាយ​លើ​ពិភពលោក។

សវនាការ​លើក​ទីមួយ​​ថ្ងៃ​នេះ​ ឧទ្ទិស​ដល់​ការ​សម្រេច​ថា​តើ​គួរ​ដោះលែង​លោកស្រីប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei ឬ​យ៉ាងណា ? ​រដ្ឋ​អាជ្ញា​​កាណាដា​ចង់​ឱ្យ​តុលាការ​សម្រេច​រក្សា​​ឃុំ​ខ្លួន​លោកស្រី​ ម៉េង វ៉ាន់ចូវ ច្រើន​ជាង​ ព្រោះ​ដើម្បី​កុំ​ឱ្យ​លោកស្រី​អាច​រត់​គេច​ចេញ​ពី​កាណាដា​បាន។ តែ​បើ​តុលាការ​សម្រេច​ដោះលែង​លោកស្រី ក៏​ទំនង​ជា​ត្រូវ​មាន​លក្ខខណ្ឌ ខ្លាំង​និង​ច្រើន ដូច​ជា​ត្រូវ​បង់​ប្រាក់​រាប់សិប​លាន​ដុល្លារ និង​មិន​ឱ្យ​លិខិត​ឆ្លង​ដែន​ជា​ដើម។

ទាក់ទង​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅ​អាមេរិក​វិញ សំណុំ​រឿង​អាច​នៅ​វែង​ឆ្ងាយ​ និង​ស្មុគស្មាញ​ខ្លាំងជា​ពិសេស​ប្រសិន​បើ​លោកស្រី បដិសេធ​។ គេ​ធ្លាប់​ឃើញ​មាន​ករណី​ បដិសេធ​រួច​ម្តង​ហើយ។ នោះ​គឺ​ករណី​អ្នក​ជំនួញ​ចិន​ម្នាក់​ចាប់​ខ្លួន​នៅ​កាណាដា​ពីបទពុករលួយ​ ដែល​បាន​ប្រើ​ពេល​វេលាតវ៉ា​អស់​​រយៈ​ពេល​ ១២​ឆ្នាំ​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅ​ចិន។ តែ​ប្រសិន​បើ​លោកស្រី ម៉េង វ៉ានចូវ ព្រម​វិញ នោះកាណាដាដំណើរ​បែប​បទ​​បញ្ជូន​លោកស្រី​ទៅ​ឱ្យ​អាមេរិក​ប្រើ​ពេល​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ។

គ្រោះ​ជាន់​លើ​គ្រោះ ៖ ជប៉ុន ​អង់គ្លេស ប្រកាស​ឈប់​ប្រើ​សម្ភារៈ​បរិក្ខា​របស់​Huawei

ក្នុង​ខណៈ​ដែល​​ប្រធានផ្នែក​ហិរញ្ញវត្ថុ​កំពុង​ប្រឈម​នឹង​តុលាការ​កាណាដា ​ជប៉ុនបាន​ប្រកាស​​នៅ​ថ្ងៃ​សុក្រ​នេះ ​ធ្វើ​តាម​​សំណើ​របស់​អាមេរិក​ដែរ ដោយ​​ហាមឃាត់​មិន​ឱ្យ​ប្រើ​ផលិតផល​របស់​Huawei នៅ​ក្នុង​ប្រទេស។

​វិធានការ​ថ្មីរបស់​​រដ្ឋាភិបាល​ជប៉ុន​នឹង​មានសុពលភាព​ ចាប់​ពី​ថ្ងៃ​ចន្ទត​ទៅ ! ផលិតផល​ គ្រឿង​បរិក្ខា គ្រឿង​បំផ្លាស់​របស់​ក្រុមហ៊ុន​Huawei និង​សាខា ZTE មិន​អាច​ចូល​ធ្វើ​ចរាចរណ៍ លើ​ទីផ្សារ​សាធារណៈ​ជប៉ុន​បាន​ទៀត​ទេ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ តែ​បាន​គូស​បញ្ជាក់​ថា ជប៉ុន​មាន​ប្រតិបត្តិការ​ ​ស្អិត​ល្មួត​បំផុត ជាមួយ​អាមេរិក ក្នុង​វិស័យ​សន្តិសុខ​ព័ត៌មាន​វិទ្យា។ ​

ប៉ុន្មាន​មុន​ពេល​កាណាដា​ប្រកាស​ជូន​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​លោកស្រី​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​​Huawei ក្រុមហ៊ុន​ទូរគមនាគន៍​អង់គ្លេស BT ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​គេ​នឹង​ដក​ចេញ​រាល់​គ្រប់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​ចិន​នេះ​ ចេញពី​បណ្តាញទូរស័ព្ទ​ចល័ត​ 3G និង​ 4G ហើយ​ក៏​នឹង​មិន​ប្រើប្រាស់​បរិក្ខា​របស់​Huawei ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​5G ទេ​ទៅ​ថ្ងៃ​មុខ។

កាលពី​បី​បួន​ខែ​មុន ប្រទេស​នូវែលហ្សេឡង់ អូស្ត្រាលី ដែល​ខ្លាច​ចិន​ចូល​ជ្រៀត​ជ្រែក​ក្នុង​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ខ្លួន បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ប្រទេស កុំ​ប្រើ​គ្រឿង​របស់​Huawei ​ក្នុង​ប្រព័ន្ធ​5G។

Huawei ជា​រនុកក្នុង​​របស់​ប៉េកាំង ?

អាជ្ញាធរ​អាមេរិក​សង្ស័យ​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​លំដាប់ទីពីរ​របស់​ចិន Huawei នេះ គឺ​ជា​ភ្នាក់ងារ​ចារកិច្ច​របស់​របប​ក្រុង​ប៉េកាំង។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​ជាប់​សង្ស័យ​ថា បាន​នាំ​ចេញ​ យ៉ាង​ហោច​ តាំង​ពី​ឆ្នាំ​២០១៦​មក​ នូវ​ផលិតផល​អាមេរិកទៅអ៊ីរ៉ង់ និង​កូរ៉េខាង​ជើង រំលោភ​ទណ្ឌកម្ម និង​ច្បាប់​អាមេរិក។ សមាជិក​សភា​អាមេរិក​មួយ​ចំនួន​ សំឡឹង​ឃើញ​ក្រុមហ៊ុន​ចិន​មួយ​នេះ ថា​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​។ តាំង​ពី​ដើម​ឆ្នាំ​មក រដ្ឋាភិបាល​អាមេរិក​បាន​ស្នើ​ជា​ផ្លូវការ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​កុំ​បំពាក់​គ្រឿង​បរិក្ខា​ផលិត​នៅចិន។ នៅ​ថ្ងៃទី ១៤ កុម្ភៈ នាយក​FBI -CIA -NASA បាន​ទៅ​ប្រកាស​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា សុំណែនាំ​មិន​ឱ្យ​ពលរដ្ឋ​អាមេរិក​ប្រើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​Huawei នេះ​ទេ ព្រោះ​មាន​ហានិភ័យ​​ចារកិច្ច​ពី​សំណាក់​ប៉េកាំង។ នៅ​ថ្ងៃ​ទី ១៣ សីហា កន្លង​ទៅ អាមេរិក​បាន​ថែម​ទាំង​ចេញ​​បម្រាម​ហាមឃាត់​មិន​ឱ្យ​ប្រើ​បច្ចេកវិទ្យា​Huawei ក្នុង​គ្រប់​ប្រព័ន្ធ​ ​រដ្ឋាបាល​សាធារណៈ​សំខាន់​ៗ​។

សម្ព័ន្ធ Fives eyes

ការ​សង្ស័យចារកិច្ច​បាន​រីក​លូតលាស់​កាន់​តែ​ធំៗ​ឡើង រហូត​ដល់​ថ្នាក់​អាមេរិក បង្កើត​ឱ្យ​មាន​ជា​សម្ព័ន្ធសេវា​ចារកិច្ច​៥​ប្រទេស « Fives eyes » ដែល​រួម​មាន​ សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី​និង​នូវែលហ្សេឡង់។ សម្ព័ន្ធ​នេះ​បាន​សហការ​គ្នា​តាមដាន​ក្រែង​មាន​​ការ​​ជ្រៀត​ជ្រែក​របស់​ចិន​ក្នុង​វិស័យ​ទូរគមនាគមន៍ តាម​រយៈ​ក្រុមហ៊ុន​Huawei។ ហើយ​តាំង​ពី​លោក​ដូណាល់ ត្រាំ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី មក អាមេរិក​បាន​ជ្រើ​សរើស​ប្រធានបទ​នេះ​ជា​អាទិភាព​ដ៏​ចំបង​បំផុត ! ​ នាំ​មុខ​​ដោយ​វ៉ាស៊ីនតោន សម្ព័ន្ធ​​៥​ប្រទេស ក៏​នាំ​គ្នា​ធ្វើ​​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ប្រឆាំង​នឹង​ចិន តែ​ម្តង។

បារាំង​គ្មាន​ឈ្មោះ​ក្នុង​សម្ព័ន្ធ​Fives eyes មែន​ តែ​ក៏​សង្ស័យ​ថា​Huawei មាន​សកម្មភាព​ចារកិច្ច​ដែរ។ បារាំង​បាន​ដាក់​ឱ្យ​ដំណើរការ​វិធានការ​តាមដាន​តាំង​ពី​ឆ្នាំ​២០១៥​មក។ បារាំង​ពុំ​ដែល​​ធ្លាប់​ធ្វើ​សកម្មភាព​ដាក់​ក្រុមហ៊ុន​បរទេស​ឱ្យ​ស្ថិត​នៅក្រោម​ការ​តាមដាន​របស់​រដ្ឋ​ឡើយ​ពី​មុន​មក។ បារាំង សង្ស័យ​ថា​Huawei ចង់ជ្រៀត​ចូល​​មក​លួច​លទ្ធផល​ស្រាវជ្រាវ ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​​​5G ដ៏​មាន​អនាគត តាមរយៈ​ភាព​ជា​ដៃគូ​​​​គ្មាន​លំនឹង។

​ដោយ​សារតែ​ការ​សង្ស័យថា​ក្រុមហ៊ុន​Huawei ជា​ចារកម្ម​​របស់​រដ្ឋាភិបាល​ប៉េកាំង ទើប​Huawei ក្រុមហ៊ុន​​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខា​ទូរគមនាគមន៍​ស្ទើរ​ជាប់​លំដាប់​លេខ​មួយ​នៅ​លើ​ពិភពលោកត្រូវ​ជាប់​ជុច​នៅ​ថ្ងៃ​នេះ។ ជា​ការ​សង្ស័យ​ដល់​ថ្នាក់​ចាប់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ​បាន​ធ្វើ​ឱ្យ​ចិន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ ចោទ​អាមេរិក​ថា​មាន​ចរិក​យូកូម​ ធ្វើ​អ្វី​គ្រប់​យ៉ាង ក្នុង​បំណង​តែ​មួយ​គឺ​បង្អាក់ក្រុមហ៊ុន​ទូរគមនាគមន៍​​ចិន​មិន​​រីក​សាយ​លើ​ពិភពលោក ព្រោះ​ក្រុមហ៊ុន​នេះ​រីក​ចម្រើន​ខ្លាំង​និង​មាន​បច្ចេកវិទ្យា​ប្រកួត​ប្រជែង​ខ្លាំង​តែ​ប៉ុណ្ណោះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ​ត្រូវបាន​ចាប់ខ្លួន​នៅ​កាណាដា

    ស្វែងយល់បន្ថែម

  • ចិន-សហរដ្ឋអាមេរិក

    កាសែត៖ វ៉ាស៊ីនតោន​បញ្ចុះបញ្ចូល​ប្រទេស​សម្ព័ន្ធមិត្ត​កុំ​ឲ្យ​ប្រើ បចេ្ចកវិទ្យា​របស់​ក្រុមហ៊ុន​Huawei

    ស្វែងយល់បន្ថែម

  • អូស្ត្រាលីមិនឱ្យHuawei ចូល​ទីផ្សារ​ទូរគមនាគមន៍​5G​របស់​ខ្លួន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ