អានតួអត្ថបទ

HCR ៖ រ៉ូហ៊ីងយ៉ា ដែល​គេ​ចាប់​បញ្ជូន​ទៅ​​ជំរំ​​ភូមា​វិញ ត្រូវការ​ជំនួយ​ជា​បន្ទាន់

ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា ដែល​បាន​ជួល​មេខ្យល់ឱ្យ​នាំ​រត់​គេច​ពី​ជំរំ​នៅ​ភូមា តែ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បាន​នៅ​សមុទ្ទ​និង​បញ្ជូន​មក​កន្លែង​ដើម​វិញ កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ! ព្រោះ​ពួក​គេ​អស់​ទាំង​ថវិកា និង​ទាំង​របប​អាហារ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ឧត្តម​ស្នងការ​​ការពារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ។

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា នាំ​គ្នា​រត់​តាម​ទូក​សំដៅ​បង់ក្លាដែស​ (រូបថតឯកសារ)
ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា នាំ​គ្នា​រត់​តាម​ទូក​សំដៅ​បង់ក្លាដែស​ (រូបថតឯកសារ) REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

ក្រោយ​វិបត្តិសហគមន៍​ដ៏​ហិង្សា នៅ​ឆ្នាំ​២០១២ ដែលរាលដាល​ជា​បោស​សម្អាត​ជាតិ​ពិន្ធុ និង​ដែល​​បាន​ជំរុញ​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ទាំង​ហ្វូងៗ​នាំ​គ្នា​រត់​គេច​ខ្លួន​ ទៅ​បង់ក្លាដែសមក ​សព្វថ្ងៃ​នេះ មាន​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ប្រមាណ​ ១២ម៉ឺន​នាក់ កំពុង​បន្ត​រស់​ក្នុង​ជំរំ​ដ៏​តូច​ចង្អៀត​​បំផុត​​នៅភូមា។ ជា​ជំរំ​បណ្តោះ​អាសន្ន​ទេ ប៉ុន្តែបើ​​គិត​សរុប​ទៅ​វា​ឡើង​ដល់​រាប់​ឆ្នាំ​ទៅ​ហើយ ! ហើយ​ទទួល​បាន​ការ​ថែទាំ​សុខភាព អប់រំ និង​សិទ្ធិ​ប្រកប​របប​យ៉ាង​ត្រដាប​ត្រដួស​។

រដូវ​ប្រាំង​បាន​មក​ដល់​ ផ្ទៃ​សមុទ្ទ​​​ចាប់​ស្ងប់ស្ងាត់​ សកម្មភាព​រត់​ភៀស​ខ្លួន​ តាម​ផ្លូវ​ទឹក​ តាម​ទូក​ សំដៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ បាន​ចាប់​ផ្តើម។ នៅ​សប្តាហ៍​នេះ មាន​កូន​ទូកដឹក​ជនរ៉ូហ៊ីងយ៉ា​​មួយ​គ្រឿង​បាន​សម្រេច​ទិសដៅ ទៅ​ដល់​កោះ​អាឆេ ក្រុង​ភាគ​ខាង​ជើង​កោះ​ស៊ូមាត្រា ដែល​ល្បី​ខ្លាំង​ជា​កោះ​អ៊ីស្លាម​អភិរក្ស​និយម។

ប៉ុន្តែ​មាន​ទូក​ជា​ច្រើន​ទៀត​ត្រូវ​បាន​ ស្ទាក់​ចាប់​បាន នៅ​ក្នុង​ផ្ទៃ​ទឹក​ភូមា និង​ដោយ​អាជ្ញាធរ​ភូមា ហើយ​​អ្នក​ដំណើរ​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំងអស់​​ត្រូវ​បាន​បញ្ជូន​ឱ្យ​ត្រលប់​ចូល​ជំរំ​វិញ។ គឺ​ជន​រ៉ូហ៊ីងយ៉ា​ទាំង​នេះ​​ឯង​ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់។ ព្រោះ​ពួកគេ​មួយភាគ​ធំ បាន​លក់​អស់​ទ្រព្យ​សម្បត្តិ​ ដើម្បី​ប្រមូល​លុយ​ទៅ​បង់​ឱ្យ​ខ្យល់នាំ​រត់តាម​ទូក។ ថ្លៃ​ឈ្នួល​សម្រាប់​ម្នាក់ៗ​អាច​ឡើង​ដល់​៧០០​ដុល្លារ។ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នក​នាំពាក្យ​​នៃ​ភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ HCR។

អ្នកកាសែត​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញត​ចូល​ទៅ​​ក្នុង​ជំរំ​នោះ​ឡើយ ក្រៅ​អំពី​នៅ​ពេល​មាន​កម្មវិធី​ចុះ​សួរ​សុខទុក្ខ​មួយ​ភ្លែត​​ដែល​រដ្ឋាភិបាល​ភូមា​បាន​រៀប​ចំ​ឡើង។ ប៉ុន្តែ​បើ​តាម​យុវជន​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​ក្នុង​ជំរំ​ក្បែរ​ក្រុង​Sittwe រដ្ឋធានី​របស់​រដ្ឋ​រ៉ាឃីន បាន​រៀប​រាប់​ប្រាប់​AFPថា គេ​បាន​បង្ខំ​ចិត្ត​លក់​សំបុត្រ​បើក​របប​អាហារ​ ដើម្បី​បង្គ្រប់​លុយ​ឱ្យ​គេនាំ​រត់​ចេញ​ពី​ជំរំ។ ដូច្នេះពេល​គេ​ចាប់​បញ្ជូន​មក​វិញ ពួក​គេ​ពិត​ជា​គ្មាន​អ្វី​ទទួល​ទាន ហើយ​ក៏មិន​អាច​ទារ​លុយ​មក​វិញ​បាន​ដែរ។

មេ​ប៉ូលិស​រដ្ឋ​រ៉ាឃីន បាន​ប្រកាស​ចាប់​ខ្លួន​មេខ្យល់​៦​នាក់ តែ​ទទួល​ស្គាល់​ថា​មិន​អាច​គ្រប់​គ្រង​តំបន់​បាន​ទាំង​ស្រុង​ទេ។ សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៥ មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​បាន​សាក​ល្បង​រត់​តាម​ទូក​។ តែ​ឆ្នាំ​ទំនង​ជា​ពុំ​មាន​ច្រើន​ទេ នេះ​បើ​តាម​គំនិត​របស់​អ្នក​សង្កេត​ការណ៍​ជា​ច្រើន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ