ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

មេដឹកនាំ​អ៊ីរ៉ង់​ចោទប្រកាន់​អាមេរិក​ថា ជា​ភេរវនិយម​សេដ្ឋកិច្ច

media ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី ©REUTERS/Brendan Mcdermid

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅ​ថ្ងៃសៅរ៍​ម្សិលមិញ បាន​ចោទប្រកាន់​វ៉ាស៊ីនតោន​ថា ជា​ភេរវនិយម​សេដ្ឋកិច្ច។ សម្រាប់​ប្រមុខរដ្ឋ​អ៊ីរ៉ង់ ទណ្ឌកម្ម​ដ៏អយុត្តិធម៌ និង​ខុសច្បាប់​របស់​អាមេរិក ទៅលើ​អ៊ីរ៉ង់ គឺ​ជា​ឧទាហរណ៍​ដ៏ច្បាស់ក្រឡែត​នៃ​អំពើភេរវនិយម។ ថ្លែង​នៅក្នុង​សន្និសីទ​ដើម្បី ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ដែល​មាន​ចូលរួម ដោយ​ប្រធាន​សភា​ចិន អាហ្វហ្កានីស្ថាន រុស្ស៊ី តួកគី និង​ប៉ាគីស្ថាន ប្រធានាធិបតី អ៊ីរ៉ង់​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​រងការដាក់​សម្ពាធ ឬ​រងទណ្ឌកម្ម​ពីអាមេរិក រួមកម្លាំង​គ្នា​ជាមួយ​អ៊ីរ៉ង់ ដើម្បី ទប់ទល់​នឹង​អាមេរិក​របស់​លោកដូណាល់ ត្រាំ។

 

នៅចំពោះមុខ​ប្រធាន​សភា ចិន ប៉ាគីស្ថាន តួកគី និង​រុស្ស៊ី ប្រធានាធិបតី អ៊ីរ៉ង់​បាន​ថ្លែង​សង្កត់ធ្ងន់​ថា ក្រុមប្រទេស​ដែល​កំពុង​ចូលរួម​នៅក្នុង​សន្និសីទ ថ្នាក់តំបន់​ នៅ​ប្រទេស​អ៊ីរ៉ង់  នៅថ្ងៃ​សៅរ៍ម្សិលមិញ គឺ​ភាគច្រើន កំពុង​តែ​រង​ប៉ះពាល់ ដោយសារ​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់។

នៅ​ខែ​ឧសភា​ឆ្នាំនេះ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​សម្រេច​ជា​ឯកតោភាគី ដើរចេញ​ពីកិច្ចព្រមព្រៀង ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បាន​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​លើ​របប​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​កំពុង​តែ​មាន​សេដ្ឋកិច្ច ដើរអូសជើង​រួចទៅហើយ នោះ។ ក្រៅតែ​ពីដាក់ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ អាមេរិក​បាន​ព្រមាន​ផងដែរ ដាក់ពិន័យ​ទៅលើ​ប្រទេស ឬ​ក្រុមហ៊ុន​ណា​ដែលរំលោភ​បម្រាម​របស់​អាមេរិក ដោយ​លួច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់។ នៅ​ថ្ងៃទី១​ធ្នូ កន្លងទៅ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យាចិន Huawei ដែល​រង​ការចោទ​ប្រកាន់​ពីអាមេរិក ថា បាន​លួចធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ដោយ​បន្លំ គេច​ចេញ​ពី​ទណ្ឌកម្ម​របស់​អាមេរិក ត្រូវ​បាន​អាជ្ញាធរ​កាណាដា ចាប់ខ្លួន ទៅតាម​ដីកា​របស់​អាមេរិក។

មួយវិញទៀត រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​សម្រេច​បន្ថែម​ទណ្ឌកម្ម​ថ្មី ទៅ​លើ​ប្រទេស​រុស្ស៊ី នៅក្នុង​សំណុំរឿង​កាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែនទៅ​ធ្វើ​ជា​ដែនដី​របស់​រុស្ស៊ី កាលពី​ឆ្នាំ ២០១៤។ តួកគី​វិញ ក៏ធ្លាប់​រងទណ្ឌកម្ម​សេដ្ឋកិច្ច​មួយផ្នែក​របស់​អាមេរិក​ដែរ នៅឆ្នាំនេះ ដោយសារ​តួកគី​ចាប់ដាក់​ឃុំ គ្រូគង្វាល​គ្រឹស្តសាសនា អាមេរិកាំង។

ចុងក្រោយ ប៉ាគីស្ថាន ដែល​ចូលរួម​នៅក្នុង​សន្និសីទ​នៅ​ប្រទេស​អ៊ីរ៉ង់ នៅថ្ងៃ​ម្សិលមិញ ក៏ចូល​ក្នុង​សំណាញ់​ដាក់​សំពាធ​ពី​អាមេរិក ដែល​បាន​សម្រេច​លុបចោល​ជំនួយ​យោធា រាប់រយ​លាន​ដុល្លារ ក្នុង​បទចោទប្រកាន់ថា អ៊ីស្លាម៉ាបាត ធូររលុង មិន​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាមប្រដាប់អាវុធ ជ្រុលនិយម នៅ​ប៉ាគីស្ថាន។

សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ ភេរវនិយម​សេដ្ឋកិច្ច​របស់​អាមេរិក គឺ​សំដៅ​បង្កើត​ការភ័យខ្លាច នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ និង​ធ្វើ​ប្រទេស​ផ្សេងទៀត​ភ័យខ្លាច ឈប់ ធ្វើ​ជំនួញ ជាមួយ​ប្រទេស​ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដូចជា​អ៊ីរ៉ង់​ជាដើម។ “យើងកំពុង​ប្រឈម​នឹង​ការរំលោភ ដែល​មិនត្រឹម​តែ​គំរាមកំហែង​ដល់​ឯករាជភាព និង​អត្តសញ្ញាណ​របស់យើង​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​កំពុង​ធ្វើ​បំផ្លាញ កាត់ផ្តាច់​ទំនាក់ទំនង ដែល​អ៊ីរ៉ង់ និង​ប្រទេស​ដទៃ​ធ្លាប់​មាន​អស់​ជាយូរឆ្នាំ​មកហើយ។ នៅពេល​អាមេរិក​ដាក់​សំពាធ​លើ​ពាណិជ្ជកម្ម​ចិន គឺ​យើង​ទាំងអស់​គ្នា​ដែល​រងគ្រោះ” នេះជា​ការលើកឡើង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ នៅចំពោះ​មុខ​ថ្នាក់ដឹកនាំ​ចិន ដែល​ជា​អតិថិជន​ទិញប្រេង​ច្រើនជាងគេ​របស់​អ៊ីរ៉ង់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ