ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
អាស៊ី

ថៃ៖​របបសឹក​បាន​បើក​ផ្លូវ​ឲ្យ​គណបក្សនយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​នយោបាយ​ឡើងវិញ

media  
លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ Reuters

នៅ​ក្នុង​ប្រទេស​ថៃ របបសឹក​ដែល​បាន​កាន់​អំណាច​តាំង​ពី​ជាង ៤ឆ្នាំ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ត្រៀម​ចូលរួម​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៩។ សេចក្តីប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាសែតផ្លូវការ​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ ទី១១ ធ្នូ។ គួរ​រម្លឹក​ថា សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដែល​របបសឹក​បាន​ហាម​ឃាត់​ត្រូវ​បាន​ក្រុម​អ្នកនយោបាយ​មក​ពី​គ្រប់និន្នាការ​ទាមទារ​អស់​ជា​ច្រើន​ខែ​កន្លង​មក។ ចំណែក​គម្រោង​រៀបចំ​បោះឆ្នោត​សភា​ដែល​របបសឹក​បាន​សន្យា​ក៏​ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​ដង​ដែរ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​របបសឹក​នឹង​រៀបចំ​ការ​បោះឆ្នោត​សភា​នៅ​ដើម​ឆ្នាំ ២០១៩ ដូច​ដែល​ខ្លួន​បាន​សន្យា​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​បោះឆ្នោត សកម្មភាព​នយោបាយ​ត្រូវ​បាន​របបសឹក​អនុញ្ញាត​ឲ្យ​មាន​ឡើង​វិញ ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ក្រៅ​ពី​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា គេ​សង្កេត​ឃើញ​មាន​វត្តមាន​គណបក្ស​ថ្មីៗ​ជា​ច្រើន​ទៀត ដូច​យ៉ាង​គណបក្ស​សៀម ឬ​គណបក្ស​ឯកភាព​ប្រទេស​ថៃ​ជា​ដើម។ តែ​អ្វី​ជា​ការ​កត់សម្គាល់ គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ចូល​ក្នុង​ឆាកនយោបាយ​ច្រើន​ជា​គណបក្ស​មាន​ទំនោរ​រក​របបសឹក។

ដោយឡែក គណបក្ស​ភឿថៃ​ដែល​បាន​គ្របដណ្តប់​ជីវិតនយោបាយ​ថៃ​តាំង​ពី​ជាង ២០ឆ្នាំ​ហាក់​កំពុង​ចុះ​ខ្សោយ​ឥទ្ធិពល​នា​ពេល​បច្ចុប្បន្ន។ មូលហេតុ គឺ​មក​ពី​មាន​មេដឹកនាំ​ល្បីៗ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស។ លោកស្រី​យីងឡាក់​ដែល​រដ្ឋាភិបាល​របស់​លោកស្រី​ត្រូវ​បាន​របបសឹក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ក្នុង​ឆ្នាំ ២០១៤ កំពុង​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស។ បងប្រុស​របស់​គាត់ គឺ​លោក​ថាក់ស៊ីន​ក៏​កំពុង​ភៀសខ្លួន​រស់នៅ​បរទេស​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី រចនាសម្ព័ន្ធ​របស់​គណបក្ស​ភឿថៃ​នៅ​បន្ត​មាន និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ឆាកនយោបាយ​ថៃ​សព្វថ្ងៃ។

ក្រៅ​ពី​មេ​ក្រុមប្រឆាំង​ជា​ប្រពៃណី​ចេញ​មក​ពី​គណបក្ស​ភឿថៃ ឬ​គណបក្ស​ផ្សេង គេ​សង្កេត​ឃើញ​មាន​វត្តមាន​មេប្រឆាំង​ជំនាន់​ថ្មី​ជា​ច្រើន​រូប​ផ្សេង​ទៀត ពិសេស​សេដ្ឋី​លោក​ថាណាថន ជួងរុងរឿង​ដែល​មាន​អាយុ ៣៩ឆ្នាំ និង​ដែល​ទើប​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ « Future Forward » ឬ « អនាគត​ទៅ​មុខ »។ តែ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ សេដ្ឋី​អ្នកនយោបាយ​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម Facebook ដោយ​ចោទ​របបសឹក​ពី​បទ​បំភិតបំភ័យ​គូប្រជែង​នយោបាយ​នៅ​មុន​បោះឆ្នោត។

គួរ​បញ្ជាក់​ថា មុន​នឹង​សម្រេច​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ពិតប្រាកដ របបសឹក​បាន​អូសបន្លាយ​ពេល​ដើម្បី​រៀបចំ​ជើងព្រួល និង​ប្រើ​គ្រប់​វិធីសាស្រ្ត​ទាំង​អស់​ដើម្បី​រារាំង និង​បញ្ចុះ​ឥទ្ធិពល​របស់​ក្រុមប្រឆាំង។ ជាក់ស្តែង ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ ២០១៦ ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ដោយ​មិន​បាច់​បោះឆ្នោត និង​បង្កើន​ការ​គ្រប់គ្រង​លើ​ក្រុម​អ្នកតំណាងរាស្រ្ត​ជា​ដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ