ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាស៊ី

អាមេរិក​ដាក់​ទណ្ឌកម្ម​អ្នក​ទទួល​ខុសត្រូវ​កូរ៉េ​ខាងជើង​បី​នាក់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស

media លោក Choe Ryong Hae ជំនិត​របស់​លោក​គីម ជុងអ៊ុន​ ជាប់​ទណ្ឌកម្ម​អាមេរិក​ពីបទ​រំលោភ​សិទ្ធិមនុស្ស

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើអ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​របស់​កូរ៉េខាង​ជើង ចំនួន​បី​រូប ពី​បទ​រំលោភ​សិទ្ធិមនុស្ស។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ហរិញ្ញវត្ថុ។ វិធានការ​នេះ​ធ្លាក់​មក​ជួន​ចំពេល​​ដែល​ក្រសួង​ការ​បរទេស​អាមេរិក​ទើប​ចេញ​របាយការណ៍​ប្រចាំ​ឆ​មាស​ស្តី​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកូរ៉េខាង​ជើង។

នៅ​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​ទាំង​បីរូបដែល​ជាប់​ទណ្ឌកម្ម​អាមេរិក​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ម្នាក់​គឺលោក Ryong Hae-choe។ ​លោក Ryong Hae-choe ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក គីម ជុងអ៊ុន​ និង​ជា​មេ​ដឹកនាំ​នាយកដ្ឋានត្រួត​ពិនិត្យ​និង​រៀបចំ​បក្សពលករ​កូរ៉េខាង​ជើង ដែល​ជា​បក្ស​កាន់​អំណាច​​។ ពីរនាក់​ទៀត គឺលោក ក្យុង ថែកជុង Kyong Thaek-jong រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ និង លោក ក្វាង ហូប៉ាក Kwang Ho-pak ប្រធាន​នាយកដ្ឋានឃោសនា​។

ជា​មួយ​ទណ្ឌកម្ម​នេះទ្រព្យ​ធន​របស់​អ្នក​ទាំង​បី​នឹង​ត្រូវ​បង្កក និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាមេរិក​។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នកទាំង​បី​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​ជន​ណា​ម្នាក់​ដែល​រស់​នៅលើ​ទឹក​ដី​អាមេរិក​ឡើយ។ នេះ​បើ​តាម​ការ​លម្អិត​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដែល​ពន្យល់​ថា​ចំណាត់ការ​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​កូរ៉េខាង​ជើង​នេះ ជា​ចម្លើយ​តប​ទៅ​នឹង​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​ចាប់​ពិរុទ្ធ​ដែល​​របប​ព្យុងយ៉ាង​បាន​ប្រព្រឹត្ត​កន្លងមក។

នៅ​ក្នុង​របាយការណ៍​ ​ក្រសួងហិរញ្ញវត្ថុ​បាន​រំលឹក​អំពី​ករណី​​ធ្វើ​​បាប​ជនជាប់​ទោស​នៅ​កូរ៉េខាង​ជើង និង​ករណី​ Otto Warmbier និស្សិត​​​អាមេរិក​ ស្លាប់​កាលពី​ខែ​មិថុនា​២០១៧ ក្រោយ​ពី​ព្យុងយ៉ាង​បាន​ចាប់​ឃុំ​ឃាំង​អស់​រយៈ​ពេល​១៧​ខែ។

កូរ៉េខាង​ជើង​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ខ្លាំង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ប្រហារ​ជីវិត​មនុស្ស​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់ ចាប់​មនុស្ស​ដាក់ពន្ធនាគារ​ដោយ​អាង​អំណាច ចាប់​រំលោភ​បំពាន បង្ខំ​ឱ្យ​ស្ត្រី​រម្លូតកូន​ រង​ការ​បំពាន​ផ្លូវ​ភេទ​ដោយ​ហិង្សា។ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​​អាមេរិកបន្ថែម​ពី​លើ​ការ​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆមាស​ស្តី​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅកូរ៉េខាង​ជើង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ